កែវភ្នែកប្រៀបដូចជាពេជ្រមានតម្លៃសម្រាប់មនុស្សគ្រប់គ្នា ដែលត្រូវយកចិត្ដទុកដាក់ថែរក្សាឱ្យបានល្អ។ មានបញ្ហាជា ច្រើនដែលស្ថិតនៅជុំវិញខ្លួនយើង ងាយនឹងបង្កឱ្យមានបញ្ហាដល់ភ្នែក ដូចជាខ្យល់ កម្ដៅថ្ងៃ ផ្សែង ធូលីដីជាដើម។ ភ្នែកស្ងួតជា បញ្ហាមួយដែលបង្កឡើងដោយមូលហេតុជាច្រើនដែលទាក់ទងទៅនឹងបរិយាកាស និងសុខភាព។ មនុស្សមួយចំនួនផលិតទឹកភ្នែកមិន បានគ្រប់គ្រាន់សម្រាប់កែវភ្នែក នាំឱ្យភ្នែកស្ងួតដែលបណ្ដាលឱ្យកើតជម្ងឺភ្នែកស្ងួត។
ដើម្បីធ្វើការបកស្រាយពីជម្ងឺភ្នែកស្ងួតជូនប្រិយមិត្ដអ្នកអានឱ្យបានជ្រាប ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាស ជាមួយលោកវេជ្ជបណ្ឌិត ដោ សីហា ឯកទេសផ្នែកជម្ងឺភ្នែកនៃមន្ទីរពេទ្យព្រះអង្គឌួង។
ជម្ងឺភ្នែកស្ងួតជាអ្វី?
ជម្ងឺភ្នែកស្ងួតតែងតែកើតមានចំពោះមនុស្សគ្រប់វ័យទាំងក្មេងចាស់ប្រុសស្រី ប៉ុន្ដែភាគច្រើនយើងសង្កេតឃើញមានកើតចំពោះមនុស្សស្រីវ័យចំណាស់ដែលបន្ទាប់ពីអស់រដូវ ជាងមនុស្សវ័យដទៃទៀត។ ជម្ងឺនេះចែកចេញជាដំណាក់កាលស្រាល និងដំណាក់ កាលធ្ងន់ ដែលបណ្ដាលមកពីមូលហេតុមួយចំនួន។
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺភ្នែកស្ងួត
ទឹកភ្នែកបានផលិតដោយក្រពេញទឹកភ្នែកសំខាន់ពីរ គឺមួយជារន្ធដែលបញ្ចេញទឹកភ្នែកដោយសន្សឹមៗ និងរន្ធមួយទៀត បញ្ចេញមកក្នុងបរិមាណច្រើននៅពេលមានអារម្មណ៍ខឹង ឬរំជួលចិត្ដ។ ជម្ងឺភ្នែកស្ងួតបណ្ដាលមកពីមូលហេតុជាច្រើន។
1 . កត្ដាបរិស្ថាន ៖ លោកអ្នកដែលធ្វើការនៅក្នុងកន្លែងដែលមានសំណើមទាប ដូចជាក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ បើករហូត គឺងាយធ្វើឱ្យរំហួតកើនឡើងដែលបណ្ដាលឱ្យស្ងួតភ្នែក។ កម្ដៅថ្ងៃ ខ្យល់ ផ្សែង ធូលីដី ក៏ជាបញ្ហាដែលធ្វើឱ្យភ្នែកស្ងួតផងដែរ។
2 . ថ្នាំមួយចំនួន ៖ ជម្ងឺភ្នែកស្ងួតក៏អាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំផ្ដាសាយ ថ្នាំជម្ងឺបេះដូង លើសឈាម ថ្នាំបន្ថយការឈឺចាប់ និងថ្នាំងុយគេងជាដើម។ ការទទួលទានដំណេកមិនគ្រប់គ្រាន់ក៏អាចបណ្ដាលឱ្យមានជម្ងឺស្ងួតភ្នែកទៀតផង។
3 . បញ្ហាជម្ងឺទូទៅ ៖ អ្នកជម្ងឺដែលមានជម្ងឺឈឺសន្លាក់ដៃជើង គឺក្រៅពីការឈឺសន្លាក់ហើយក៏បណ្ដាលឱ្យមានការស្ងួតមាត់ផង និងភ្នែកផង។
រោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យ
អ្នកដែលមានជម្ងឺស្ងួតភ្នែកមានអាការដូចជាក្ដៅគ្រាប់ភ្នែក មានអារម្មណ៍មានកម្ទេចដីក្នុងភ្នែក មានអារម្មណ៍ចាញ់ពន្លឺ ហៀរទឹកភ្នែកញឹកញាប់ រោយភ្នែក ស្រវាំងភ្នែក ចុកក្នុងភ្នែក និងក្រហមភ្នែក។ ទាំំងអស់នេះគឺជារោគសញ្ញាដែលបញ្ជាក់ពីជម្ងឺភ្នែកស្ងួត។ ចំពោះការធ្វើរោគវិនិច្ឆ័យជម្ងឺនេះគ្រូពេទ្យព្យាបាលអាចដឹងថា ជម្ងឺភ្នែកស្ងួតស្ថិតនៅកម្រិតណា គឺដោយសារការពិនិត្យនឹង ឧបករណ៍វាស់ទឹកភ្នែកឱ្យដឹងពីចំនួនដែលទឹកភ្នែកហូរ និងមានការពិនិត្យមើលកញ្ចក់ភ្នែកដោយវិធីផ្សេងៗទៀត។
ផលប៉ះពាល់របស់ជម្ងឺភ្នែកស្ងួត
ការប៉ះពាល់នៃជម្ងឺភ្នែកស្ងួតគឺចែកចេញជាបួនដំណាក់កាល។ នៅដំណាក់កាលទី១បណ្ដាលឱ្យភ្នែកស្ងួតធម្មតាដែលធ្វើឱ្យ ហៀរទឹកភ្នែក និងចុករោយភ្នែក។ នៅដំណាក់កាលទី២ក៏ដូចនៅដំណាក់កាលដំបូងដែរ តែដំណាក់កាលទី៣ និងទី៤គឺមានការប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកជម្ងឺ គឺធ្វើឱ្យភ្នែកស្ងួតខ្លាំងពិបាកក្នុងការធ្វើការងារ ឆាប់ចុករោយភ្នែកនិងមិនអាចទ្រាំទ្រនិងចំហាយ ខ្យល់ខ្លាំង។ ហើយអ្នកជម្ងឺភ្នែកស្ងួតងាយប្រឈមមុខនឹងជម្ងឺភ្នែកក្រហម ប្រតិកម្មរមាស់ភ្នែក រោយគ្រាប់ភ្នែក និងពិបាកក្នុងការមើលឆ្ងាយ។ កាលណាភ្នែកស្ងួតខ្លាំងមេរោគងាយនឹងធ្វើឱ្យរលាកហើយឈឺ និងបង្កឱ្យដំបៅ ដូចនេះបើមិនធ្វើការព្យាបាលទាន់ពេល វេលានោះទេ គឺអាចបណ្ដាលឱ្យពិការភ្នែកតែម្ដង។
ការព្យាបាលជម្ងឺភ្នែកស្ងួត
ចំពោះការព្យាបាលស្ថិតក្នុងដំណាក់ធម្មតា អ្នកជម្ងឺត្រូវទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ឧស្សាហ៍លុបមុខ។ ហើយបើ ឈានដល់ដំណាក់កាលទី២ត្រូវប្រើថ្នាំជាតិទឹកភ្នែកសិប្បនិម្មិត វាជាប្រភេទថ្នាំជួយឱ្យភ្នែកយើងមានសំណើមដែលអាចប្រើប្រាស់ទៅ តាមកម្រិតនៃជម្ងឺភ្នែកស្ងួត។ ក្នុងដំណាក់កាលធ្ងន់ធ្ងរវិញ ត្រូវប្រើជែលដែលជាប្រភេទថ្នាំម្យ៉ាងខាប់ដើម្បីជាការព្យាបាល នៅពេល ភ្នែកស្ងួតខ្លាំង។ យើងអាចជ្រើសរើសការប្រើប្រាស់ថ្នាំប្រភេទម្យ៉ាងដែលជួយឱ្យការផលិតទឹកភ្នែកកើនឡើង។ ការព្យាបាលមួយវិញទៀតគ្រូពេទ្យព្យាបាលត្រូវញ៉ុករន្ធទឹកភ្នែកដើម្បីកុំឱ្យហូរទៅក្នុងច្រមុះ ព្រោះដើម្បីជំនួយឱ្យមានភាពសើមនៅក្នុងភ្នែក។ គ្រូពេទ្យ ព្យាបាលធ្វើការព្យាបាលទៅតាមកម្រិតធ្ងន់ធ្ងរនៃជម្ងឺភ្នែកស្ងួតទៅតាមមូលហេតុផ្សេងៗនៃជម្ងឺនេះ។ អ្នកដែលមានអាការស្ងួតភ្នែក កម្រិតធ្ងន់ធ្ងរត្រូវមកពិនិត្យតាមដានតាមការណាត់ជួបរបស់ក្រុមវេជ្ជបណ្ឌិតឱ្យទៀងទាត់ពេលវេលា ដើម្បីចៀសវាងឈានទៅដល់ការ ពិការភ្នែក។
វិធីការពារជម្ងឺភ្នែកស្ងួត
លោកអ្នកគប្បីត្រូវទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ឧស្សាហ៍លុបលាងមុខរាល់ពេលមានអារម្មណ៍ថាស្ងួតភ្នែក ចៀសវាង ភ្នែកត្រូវខ្យល់ និងកម្ដៅថ្ងៃខ្លាំងពេកដែលបណ្ដាលភ្នែកឆាប់ស្ងួត។ រៀងរាល់ពេលធ្វើដំណើរ គប្បីពាក់មួកការពារដែលមានរបាំំងការពារភ្នែក ឬវ៉ែនតាដើម្បីការពារកុំឱ្យខ្យល់ប៉ះភ្នែកខ្លាំង។ ត្រូវទទួលទានទឹកដែលមានសារជាតិរ៉ែឱ្យបានគ្រប់គ្រាន់ ហើយទទួលទាន បន្លែបៃតង ដូចជាស្លឹកម្រុំ ស្លឹកបាស និងត្រួយល្ពៅជាដើមហើយនឹងសាច់ផងដែរ បើផ្លែឈើគឺត្រូវបរិភោគដូចជាស្វាយ ល្ហុងទុំ ឬខ្នុរជាដើម។
ដំបូន្មានអ្នកជំនាញ
យើងម្នាក់ៗគប្បីថែរក្សាសុខភាពឱ្យបានល្អបំផុត ជាពិសេសគឺសុខភាពភ្នែក។ នៅពេលដែលយើងមានជម្ងឺភ្នែកស្ងួតនេះមិន ត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ គឺធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ត្រូវចំណាយពេលវេលា និងថវិកាផងដែរ។ ដូចនេះ ត្រូវធ្វើយ៉ាងណាការពារកុំឱ្យវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរឱ្យសោះ នៅពេលដែលមានបញ្ហាភ្នែកស្ងួតនៅកម្រិតមិនទាន់ធ្ងន់ធ្ងរ គប្បី មកធ្វើការពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply