ជម្ងឺ​ចង់ក្លាយជា​តារា

ពាក្យថា​តារា​នៅក្នុង​វិស័យ​សិល្បៈ​បានធ្វើ​ឱ្យ​យុវវ័យ​ភាគច្រើន​ជ្រួល​ច្របល់​ចង់បាន​ដូចអ្នក​ដែលល្បី។ ហេតុនេះ​ទើប​ពួក ទាំងនោះ​តែងតែ​ស្រវា​ចង់បាន​ឱកាស​ដែលអាច​នាំពួកគេ​ទៅកាន់​ផ្លូវដែល​ក្លាយទៅ​ជាតារា។ មាន​យុវវ័យ​ចង់ក្លាយ​ទៅជា​តារា​ជាច្រើន នោះ​បញ្ជាក់​វិស័យ​សិល្បៈ​កំពុងតែ​រីកចម្រើន ប៉ុន្ដែក៏​មានផល​ប៉ះពាល់​បន្ទាប់​បន្សំ​មួយចំនួន​ផងដែរ។ មាន​ប្រការ​មួយចំនួន​ដែលបង្កឱ្យចិត្ដ​យុវវ័យ​ទាំងនោះ​ចង់ក្លាយ​ទៅជា​តារា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បើតាមការ​ស្ទាបស្ទង់​មួយបាន​បង្ហាញថា​មានយុវវ័យ​មួយចំនួន​កំពុងតែ​ជួបប្រទះ​នឹងជម្ងឺ​ចង់ក្លាយ​ជាតារា ដែលជម្ងឺ​នេះបាន ឆ្លង​រាលដាល​យ៉ាង​គំហុក ជាពិសេស​សម្រាប់​យុវវ័យ​នៅតាម​ទីក្រុង។ ភាពកក្រីក​នៅ​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះមាន​ភាព គគ្រឹកគគ្រេង​យ៉ាង​សម្បើម។ ហេតុផល​មួយចំនួន​ត្រូវបាន​គេរកឃើញ​ដែលញ៉ាំង​ឱ្យយុវវ័យ​ខ្មែរមួយ​ចង់ក្លាយ​ជាតារា។

មូលហេតុ​ដែលចង់​ក្លាយជា​តារា

តារាមាន​ន័យថា​ផ្កាយ​ដែលស្ថិត​នៅពិភព​ផ្សេងៗ​ពីមនុស្ស​លោក ហេតុនេះ​ហើយអ្នក​ដែលតាំង​ខ្លួនជាផ្កាយ​តែងចង់​បាននូវ ភាព​ខ្ពង់ខ្ពស់​ផុតពី​មនុស្ស​ទាំងឡាយ។ មាន​ហេតុផល​មួយចំនួន​ដែល​នាំឱ្យ​យុវវ័យ​ខ្មែរ​មួយចំនួន​ចង់ឡើង​ញ័រខ្លួន ដើម្បី​ក្លាយជា​តារា ហេតុផល​ទាំងអស់​នោះរួម​មាន ៖

1 . ចង់បង្ហាញ​នូវសមត្ថភាព​ដែលខ្លួន​មាន ៖ ការងារ​សិល្បៈ​មិនមែន​នរណា​ក៏អាច​មាន​សមត្ថភាព​នោះ។ ការច្រៀង ការរាំ និងការ​សម្ដែង សុទ្ធតែ​ត្រូវ​ទាមទារ​នូវ​ទេពកោសល្យ​ពីកំណើត ការតស៊ូ​ហាត់រៀន​ជាដើម។ ហេតុនេះ​ហើយការ​បង្ហាញ​អ្នកដទៃ ពីអ្វី​ដែលខ្លួន​អាចធ្វើ​បានជា​រឿងដែល​គួរជាទី​មោទនៈ​បំផុត។ ដោយ​យល់ពី​កត្ដា​​​​​​​​​​​​​​​​​​​​​​​​​​ចិត្ដសាស្ដ្រ​ទាំងអស់​នេះហើយ ទើប​បច្ចុប្បន្ន​នេះ ស្ថានីយ​ទូរទស្សន៍​ជាច្រើន​បានព្យាយាម​បង្កើត​កម្មវិធី​ដែល​ទាក់ទង​ទៅនឹង​សិល្បៈនេះ ដូចជា​ការប្រឡង​ចម្រៀង សម្ដែង រាំ កំប្លែង ស្រីស្រស់​ប្រុសស្អាត​ជាដើម។ ទាំងនេះ​ហើយ​ដែលធ្វើ​ឱ្យយុវវ័យ​កាន់តែ​ឆាប់​សម្រេច​នូវបំណង​ប្រាថ្នា​របស់​ពួកគេ។

2 . ការងារ​សិល្បៈ​ងាយ​រកលុយ និងមាន​សេរីភាព ៖ សិល្បៈជា​ប្រភេទ​ការងារ​ស្រាល ធ្វើការ​តិចបាន​ប្រាក់ច្រើន ដូចជា ការឡើង​ច្រៀង​តាមកញ្ចក់​ទូរទស្សន៍ ឬកម្មវិធី​ផ្សេងៗ គ្រាន់តែ​ចំណាយ​ពេលមួយ​ម៉ោងឬ​ពីរម៉ោង​ក៏បាន​ប្រាក់ច្រើន។ រហូត​មកដល់ ពេលនេះ​តាមការ​ទទួល​ព័ត៌មាន​បាន សិល្បករ​ខ្លះមាន​តម្លៃខ្លួន​រាប់ពាន់​ដុល្លារ​ក្នុងមួយ​កម្មវិធី ថែមទាំង​មានឱកាស​ទទួលកាដូ​ពីអ្នក គាំទ្រ​ទៀតផង។ គ្មាន​ការងារ​ណាស្រួល​មិនហត់ បាន​សប្បាយ បានល្បី ហើយបាន​លុយច្រើន​បែបនេះ។ ម្យ៉ាង​បើនិយាយ​ពីសេរីភាព នោះគឺ​ងាយស្រួល​ណាស់ ទោះបីជា​ធ្វើការ​មិនសូវ​ទៀងពេល ចង់ឈប់​សម្រាក​មួយសប្ដាហ៍ ឬច្រើន​ជាងនេះ​ក៏ពុំចាំបាច់ទៅ​សុំការ អនុញ្ញាត​ពីនរណា​ដែរ។ ហើយ​បើអ្នក​សិល្បៈ​កាន់តែ​ល្បីកាន់​តែឡូយ ព្រោះ​ការងារ​នឹងរត់​មករក​ដោយ​ខ្លួនឯង ជួនកាល​មានគេមក តាម​អង្វរឱ្យ​ធ្វើទៀតផង។

3 . មាន​ឱកាស​បាន​គូស្នេហ៍​ជាអ្នក​មាន ៖ ការដែល​ធ្វើជា​កណ្ដុរ​ធ្លាក់ក្នុង​ធុងអង្ករ​នរណាក៏​ចង់បាន​ដែរ តែឱកាស​នេះមួយ ចំនួនធំ​ត្រូវបាន​អ្នកដែល​ជាតារា​ស្រវាយក​ទៅគ្មាន​សល់ទុក​សម្រាប់អ្នក​ដែលជា​មនុស្ស​ធម្មតា​នោះឡើយ។ ជាតារា​ក្នុងពិភព​សិល្បៈ រូប​សម្រស់​ស្រស់ស្អាត និង​សង្ហាបាន​ក្លាយជា​ចំណាប់​អារម្មណ៍​របស់អ្នក​មានលុយ​ទាំងឡាយ មិនថា​ប្រុសឬ​ក៏ស្រីឡើយ ព្រោះ​ពួកគេ មានលុយ​តែខ្វះ​ប្រុស ឬ​ស្រីស្អាត​មកជួយ​ចាយតែ​ប៉ុណ្ណោះ។ ហេតុនេះ​ហើយ​ទើបតារា​សិល្បៈ​មួយចំនួន​បានក្លាយ​ទៅជាទាសករ​ស្នេហា សម្រាប់​ពួកអ្នក​មានលុយ​ទាំងនោះ។

4 . មាន​ឱកាស​បាននៅ​ជិតតារា​នៅក្នុង​ដួងចិត្ដ ៖ បើ​គ្រាន់តែ​ជាមនុស្ស​សាមញ្ញម្នាក់​ពេលបាន​ជួបតារា​ប្រាកដ​ជាមាន អារម្មណ៍​រំភើប​តាមសម្លឹង​មិនដាក់​ភ្នែក​នោះទេ។ ប៉ុន្ដែ​នៅពេល​ដែល​ក្លាយទៅ​ជាតារា​ដូចគ្នា​ពួកគេ​អាចមាន​ឱកាស​ធ្វើ​ការងារ​ជាមួយ គ្នា ប្រាស្រ័យ​ទាក់ទង​គ្នា​តាមរយៈ​ការងារ ជួនកាល​បើនិយាយ​ពីលទ្ធភាព​បង្កើត​ចំណង​ស្នេហា​នោះក៏​មានឱកាស​ច្រើនជាង​អ្នកធម្មតា ច្រើន​ណាស់។

៥ . ក្លាយជា​មនុស្ស​ពិសេស ៖ ដោយសារ​មានភាព​ល្បី​តាមរយៈ​ការងារ​សិល្បៈ ទើបឱ្យ​គ្រប់តារា​ទាំងអស់​នៅពេល​ដែល ចូលរួម​ក្នុង​កម្មវិធី​អ្វីមួយ​តែងតែ​មានភាព​លេចធ្លោ​ជាងគេ ហើយ​ត្រូវបាន​គេស្វាគមន៍​ជាមនុស្ស​ពិសេស ឬជា​ភ្ញៀវសំខាន់​ទៀតផង។ កេរ្ដិ៍ឈ្មោះ និងភាព​ល្បីល្បាញ​នេះបាន​ដក់ជាប់​ក្នុងអារម្មណ៍​ទស្សនិកជន​រហូត បើទោះ​បីតារា​រូបនោះ​បានស្លាប់​បាត់បង់​ជីវិត​ហើយ​ក៏ពិតមែន តែស្នាដៃ​បាន​បន្សល់ទុក​មិនអាច​បំភ្លេច​បានឡើយ ជាក់ស្ដែង​ដូចជា​អ្នក​ចម្រៀង​ជំនាន់មុន លោក ស៊ិន ស៊ីសាមុត អ្នកស្រី រស់ សេរីសុធា​ជាដើម សុទ្ធតែ​បានបន្សល់​ទុកនូវ​កេរ្ដិ៍ឈ្មោះ​មិន​​​​​​​​​​​​​​​​​​​​​​​​​អាច​បង់បាត់​ទៅតាម​ម្ចាស់ឡើយ ពោលគឺ​ម្ចាស់ស្លាប់​ចោលស្នាដៃ។

កត្ដា​ប្រឈមមុខ​នៅពេល​ក្លាយជា​តារា

ក្រៅពី​ផលប្រយោជន៍​ដែលត្រូវ​គេសម្លឹង​ឃើញដូច​ដែលពោល​រៀបរាប់​ខាងលើ​រួចមក។ មានកត្ដា​មួយចំនួន​ទៀត​ដែលត្រូវ បាន​បំភ្លេច ឬធ្វើ​ជាភ្លេច​នៅពេល​ដែលគេ​ចង់ក្លាយ​ទៅជា​តារា ដូចជា ៖

  • ការ​រៀនសូត្រ​មិនចប់​ចុងចប់​ដើម ៖ តាមការ​សង្កេតជា​ទូទៅ​មិនសូវ​មាន​តារាណា​ដែលអាច​បញ្ចប់​ការសិក្សា​របស់ខ្លួន​បាន ជោគជ័យ​នោះទេ។ ព្រោះតែ​ពួកគេ​បានលូក​ដៃក្នុង​ការងារ​សិល្បៈ​ច្រើនជាង​ការរៀ​​​ន​សូត្រ រហូត​ពួកគេ​ខ្លះបាន​លះបង់​ការសិក្សា​ចោល តែម្ដង។ ហេតុនេះ​ហើយ​នៅពេល​ការងារ​សិល្បៈ​របស់​គេបរាជ័យ គេមិន​មាន​លទ្ធភាព​ទៅ​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត​អ្វីផ្សេង​ទៀត ឡើយ។ បើមាន​ឱកាស​ក្លាយជា​តារាល្បី​នោះមិន​សូវ​ចោទជា​បញ្ហាទេ គេអាច​រកប្រាក់​ចំណូល​បានច្រើន តែបើជា​តារា​បន្ទាប់បន្សំ ទេនោះពិតជា​ពិបាកហើយ​អាចទី​បញ្ចប់​នៅសល់​តែសម្បក​ខ្លួន។
  • ហ៊ាន​បោកប្រាស់​ខ្លួនឯង និង​ភូត​កុហក ៖ មានតារា​មិនតិចទេ​បានក្លាយ​ជាមនុស្ស​ដែលចេះ​កុហក​បោកប្រាស់ ព្រោះអ្នក​ខ្លះ មិនចង់​ឱ្យគេ​ដឹងពី​អតីត​កាល​របស់ខ្លួន​(អ្នកខ្លះ​ធ្លាប់មាន​ប្ដី មានសង្សារ មានកូន កើតចេញ​ពីគ្រួសារ​អ្នកក្រីក្រ​ជាដើម) ព្យាយាម​រៀប ឫកពា​ជាអ្នក​ថ្លៃថ្នូរ។ ជីវិត​ឯកជន​គ្មាន​សេរីភាព ព្រោះបាន​ក្លាយខ្លួន​ជាអ្នក​ល្បី​ត្រូវខ្លាច​គ្រប់យ៉ាង ខ្លាចគេ​និយាយ​មិនល្អ​ពីខ្លួន ខ្លាច​បាត់បង់​ប្រជា​ប្រិយភាព​ជាដើម។
  • លង់ខ្លួន​ព្រោះ​ស្នេហា ៖ ភាព​ល្បីល្បាញ​ដែល​យុវវ័យ​ទាំងឡាយ​ប៉ងប្រាថ្នា​អាច​​​​​​​​​​​​ហុចផល​មកវិញ​មិន​ប្រសើរ​ក៏មាន​ដែរ ក៏ ព្រោះតែ​ស្នេហា។ តារា​មួយចំនួន​ព្រោះតែ​ចង់បាន​ប្រាក់ ចង់បាន​កិត្ដិយស​លឿនពេក ទើបអាច​នាំគ្នា​យកប្រាណ​ទៅប្ដូរ​ជាមួយ​អ្នក​ដែល មានលុយ មាន​អំណាច​មួយចំនួន​ដែលត្រូវ​បានគេ​ជឿថា​អាចជួយ​ឱ្យ​ពួកគេ​សម្រេច​នូវ​បំណង​ប្រាថ្នា​នេះ។ ជា​លទ្ធផល អ្នកខ្លះក៏ជោគជ័យ អ្នកខ្លះ​ទៀត​អាចត្រូវ​រងសង្គ្រាម​ស្នេហា​ត្រីកោណ ស្នេហ៍មិន​គាប់ចិត្ដ មាន​កេរ្ដិ៍ឈ្មោះ​មិន​ប្រសើរ​ជាដើម។

បណ្ដាំ​ផ្ញើ

នៅមាន​កត្ដាជាច្រើន​ទៀត​ដែលអាច​កើតមាន​ចំពោះ​ក្រុមតារា​ដែល​កំពុងតែ​ស្ថិតក្នុង​ពិភព​ស្រមៃ​នោះ។ ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​មកបង្ហាញ​ជូនតែ​ប៉ុណ្ណេះ ក្នុង​គោល​បំណង​ចង់ឱ្យ​យុវវ័យ​ដែលមាន​បំណង​ក្លាយជា​តារា ត្រិះរិះ​ពិចារណា ដោយ​ខ្លួនឯង។ ពោល​បែបនេះ​មិនមែន​មានន័យ​ថាការងារ​សិល្បៈ​មិនល្អ​នោះទេ អាស្រ័យ​ទៅលើ​បុគ្គល​ផ្ទាល់តែ​ប៉ុណ្ណោះ​ដែលមាន​ការ ពិចារណា​មុននឹង​សម្រេចចិត្ដ​ធ្វើអ្វី​មួយ។ ការងារ​អ្វីក៏ល្អ​ប្រសើរ​សម្រាប់​មនុស្ស​ដែរ បើ​មនុស្ស​ឱ្យតម្លៃ​ទៅលើវា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *