ជាមួយនឹងការមកដល់នៃរដូវវស្សាជាពេលដែលករណីជម្ងឺគ្រុនចាញ់ជាធម្មតាបានកើនឡើងនោះ។ រដ្ឋាភិបាលជាថ្មីម្ដងទៀត បានចាប់ផ្ដើមបញ្ចេញមុងជាច្រើនរថយន្ដដើម្បីទប់ស្កាត់ជម្ងឺនេះមិនឱ្យកើនឡើងថែមទៀត។ មានមុងសរុបចំនួន៥៧១.០០០ នឹងត្រូវបានចែកជូនរួមជាមួយនឹងមុងអង្រឹង៨៧.០០០ផងដែរ។ ខេត្ដដំបូងចំនួន១០នៅក្នុងបញ្ជី មានខេត្ដបាត់ដំបង ខេត្ដកំពត ខេត្ដប៉ៃលិន ខេត្ដបន្ទាយមានជ័យ ខេត្ដពោធិ៍សាត់ ខេត្ដកំពង់ស្ពឺ ខេត្ដកោះកុង ខេត្ដឧត្ដរមានជ័យ ខេត្ដព្រះវិហារ ខេត្ដសៀមរាប ភាគច្រើនជាខេត្ដដែលស្ថិតនៅតាម ឬក្បែរព្រំដែនថៃ។
បង្កើនការទប់ស្កាត់ជម្ងឺគ្រុនចាញ់
ដោយលើកឡើងពីការរាលដាលដ៏ខ្លាំងនៃជម្ងឺគ្រុនចាញ់របស់តំបន់ លោកវេជ្ជបណ្ឌិត ដួង សុជាតិ ប្រធានមជ្ឈមណ្ឌលជាតិ ជម្ងឺគ្រុនចាញ់បានមានប្រសាសន៍ថា “នៅតាមបណ្ដោយព្រំដែនគឺជាគោលដៅរបស់យើង”។ ព្រំដែនក៏ជាកម្មវត្ថុនៃការព្រួយបារម្ភផងដែរ ដោយសារតែមានការលេចឡើងនៃប្រភេទជម្ងឺគ្រុនចាញ់ដែលធន់នឹងថ្នាំ។ ការដឹកជញ្ជូនមុងទៅខេត្ដចំនួន៤នៅក្នុងចំណោម ខេត្ដទាំង១០នេះបានចាប់ផ្ដើមធ្វើតាំងពីមុនថ្ងៃបុណ្យចូលឆ្នាំមកហើយ។ ខេត្ដជាអាទិភាព៦ទៀតដែលនៅសល់នឹងទទួលបានមុងនៅ ប៉ុន្មានសប្ដាហ៍ខាងមុខនេះ ហើយខេត្ដដទៃទៀតនឹងទទួលបានជាបន្ដបន្ទាប់។ ជាមួយនឹងអង្រឹងមានមុងប្រហែល៣១០.០០០ ត្រូវបាន គេជ្រលក់ថ្នាំភរេមតេហរិន ដែលមានប្រសិទ្ធភាព ទាំងធ្វើឱ្យសត្វល្អិតមិនហ៊ានមកជិត និងជាថ្នាំសម្លាប់សត្វល្អិតផងដែរ។ វាជាមុង ការពារសត្វល្អិតដែលប្រើបានយូរ ហើយអាចប្រើបានជាង៣ឆ្នាំ។ ថវិកាភាគច្រើនសម្រាប់មុងនៅក្នុងឆ្នាំនេះបានមកពីមូលនិធិពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ របេង និងជម្ងឺគ្រុនចាញ់។
គោលដៅរបស់រដ្ឋាភិបាលគឺត្រូវឱ្យមានមុងមួយក្នុងប្រជាជនកម្ពុជាពីរនាក់ ហើយមុងអង្រឹងមួយក្នុងមួយគ្រួសារ។ វេជ្ជបណ្ឌិត ដួង សុជាតិ បានមានប្រសាសន៍ថា លោកគិតថានឹងមានមុងគ្រប់គ្រាន់នៅក្នុងខេត្ដតាមបណ្ដោយព្រំដែនថៃ ដើម្បីឈានទៅ ដល់គោលដៅនោះ ប៉ុន្ដែមិនមែននៅក្នុងបណ្ដាខេត្ដភាគខាងកើតរបស់ប្រទេសកម្ពុជានោះទេ។
លក្ខណៈទូទៅនៃជម្ងឺគ្រុនចាញ់
គ្រុនចាញ់ជាជម្ងឺមួយដែលឆ្លងតាមរយៈមូសដែកគោលញី ដែលបានខាំជញ្ជក់ឈាមមនុស្សឈឺ។ ឈាមនោះបានធ្វើការ វិវឌ្ឍន៍នៅក្នុងខ្លួនមូសញី ហើយវាបានបន្ដខាំចម្លងមកមនុស្សជាធម្មតាម្នាក់ទៀត។ ពេលវេលាដែលមូសដែកគោលញីចូលចិត្ដខាំ គឺចាប់ពីពេលព្រលប់ទៅទាល់នឹងព្រឹកព្រលឹម។ គ្រុនចាញ់កើតនៅលើមនុស្សគ្រប់វ័យ ហើយប្រភេទក្រុមដែលងាយទទួលរងគ្រោះ ដោយជម្ងឺគ្រុនចាញ់បំផុត គឺកុមារ មនុស្សចាស់ជរា ស្ដ្រីមានផ្ទៃពោះ និងមនុស្សមិនដែលកើតជម្ងឺគ្រុនចាញ់់។
ទោះបីគ្រុនចាញ់ជាជម្ង្ងឺកាចសាហាវ តែវាអាចការពារនិងព្យាបាលបាន។ វិធីដែលកម្មវិធីជាតិណែនាំឱ្យប្រើ និងសក្ដិសម បំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ គឺការគេងនៅក្នុងមុង ឬគេងត្រូវដាក់មុងដែលមានជ្រលក់ថ្នាំ។ សូមបញ្ជាក់ថា ថ្នាំការពារមូសដែល ជ្រលក់នេះមិនមានធុំក្លិន ឬប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទេ ហើយវាអាចការពារមូសមិនឱ្យចូលមកជិតបាន ទោះបីអ្នកដាក់ដៃ នៅក្បែរមុងក៏ដោយ តែវាត្រូវការជ្រលក់សាឡើងវិញពេលជាតិថ្នាំអស់ប្រសិទ្ធភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply