សម្រាម និងកាកសំណល់ត្រូវបានគេសន្និដ្ឋានថា គឺជាប្រភពនៃមេរោគដែលអាចបណ្ដាលឱ្យកើតមាននូវជម្ងឺផ្សេងៗជា ច្រើន ជាពិសេសជម្ងឺសើស្បែក។ ម្យ៉ាងវិញទៀតវាក៏ជាបុព្វហេតុដែលធ្វើឱ្យសោភ័ណភាពទីក្រុង ភាពស្រស់ស្អាតនៃបរិស្ថានរស់នៅ ជុំវិញធ្លាក់ចុះផងដែរ។ អាស្រ័យហេតុនេះ ដោយមើលឃើញពីផលប៉ះពាល់ទាំងអស់នេះហើយ សម្រាប់ការចេញផ្សាយលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកពីវិធីសាស្ដ្រកាត់បន្ថយកាកសំណល់ ប្រមូល និងដឹកជញ្ជូនមកជម្រាបជូនបន្ដទៅទៀត។
ខាងក្រោមនេះគឺជាចំណេះដឹងបន្ថែមមួយចំនួន សម្រាប់លោកអ្នកក្នុងការកាត់បន្ថយសម្រាម និងទុកដាក់កាកសំណល់ ងាយស្រួលនៅពេលធ្វើការប្រមូល និងដឹកជញ្ជូន។
ការប្រមូល និងដឹកជញ្ជូន
ការប្រមូល និងការដឹកជញ្ជូនសំណល់រឹងមានភាពស្មុគស្មាញ និងសាំញ៉ាំដោយសារការបញ្ចេញសំណល់មាននៅគ្រប់ទីកន្លែង ទាំងអស់ រួមទាំងលំនៅដ្ឋាន ទីផ្សារ រោងចក្រ សហគ្រាស ផ្លូវថ្នល់ និងទីសាធារណៈផ្សេងៗទៀត។ ការប្រមូលសំណល់រឹងគឺផ្សាភ្ជាប់ ទៅនឹងការដឹកជញ្ជូនផងដែរ។ ចំណែកឯមធ្យោបាយ និងវិធីសាស្ដ្រក្នុងការប្រមូលគឺមានការប្រែប្រួលទៅតាមទីតាំង និងស្ថានភាពនៃ កន្លែងបង្កើតសំណល់នោះ។ បណ្ដាប្រទេសមួយចំនួននៅអាស៊ីបានអនុវត្ដវិធីសាស្ដ្រផ្សេងៗគ្នាក្នុងការប្រមូល ដូចជាការប្រមូលនៅតាម លំនៅដ្ឋាន ការប្រមូលតាមសហគមន៍ និងការប្រមូលតាមចិញ្ចើមថ្នល់។
- ការប្រមូលតាមលំនៅដ្ឋាន ៖ សេវាកម្មនៃការប្រមូលសំណល់ គឺប្រមូលនៅតាមផ្ទះនីមួយៗរបស់ប្រជាពលរដ្ឋ។
- ការប្រមូលតាមសហគមន៍ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅតាមទីតាំងស្ដុករួមនៅតាមសហគមន៍។
- ការប្រមូលតាមដងផ្លូវ ៖ សេវាកម្មនៃការប្រមូលសំណល់ចូលទៅប្រមូលនៅទីតាំងស្ដុកផ្សេងៗនៅតាមដងផ្លូវ។
លើសពីនេះទៅទៀត ដើម្បីឱ្យការប្រមូល និងដឹកជញ្ជូនសំណល់រឹងឱ្យបានស្អាតតាមកន្លែងបង្កើតសំណល់រឹង គឺត្រូវអនុវត្ដតាម លក្ខណៈមួយចំនួនដូចខាងក្រោម ៖
1 . តាមលំនៅដ្ឋាន ៖
- ក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំណល់ ត្រូវធ្វើការប្រមូលឱ្យបានទៀងទាត់ពេលវេលា និងមានកម្មវិធីប្រមូលជាក់លាក់ ព្រមទាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាប។
- ចំនួនជើងដែលត្រូវធ្វើការប្រមូល ត្រូវអនុវត្ដឱ្យបានសមរម្យដែលធានាពុំឱ្យមានការកកស្ទះ ឬសេសសល់ឡើយ។
- ក្រុមហ៊ុនប្រមូលត្រូវរៀបចំជាសេចក្ដីជូនដំណឹង ឬគោលការណ៍នានាទាក់ទងទៅនឹងការអនុវត្ដការប្រមូលរបស់ខ្លួនដោយ ផ្សព្វផ្សាយដល់ប្រជាជន និងអាជ្ញាធរនៅគ្រប់តំបន់ ដែលក្រុមហ៊ុនទទួលខុសត្រូវក្នុងការប្រមូល។
2 . តាមទីសាធារណៈ និងទីផ្សារ ៖
- ត្រូវធ្វើការប្រមូល និងបោសសម្អាតជារៀងរាល់ថ្ងៃ ដើម្បីចៀសវាងការកកស្ទះសំណល់តាមដងផ្លូវទីសាធារណៈ ឬតាមសួនច្បារ។ ក្នុងករណីទីលានចាក់សំណល់នៅឆ្ងាយក៏ត្រូវធ្វើការប្រមូលយកទៅចាក់នៅកន្លែងស្ដុកបណ្ដោះអាសន្ន ដែលមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថាន។
- ក្នុងករណីសម្រាមពេញធុងដែលដាក់តាមដងផ្លូវ ត្រូវប្រមូលចេញដោយប្ដូរធុងថ្មី ឬបង្វិលធុងចាស់ដែលទទេមកដាក់នៅ កន្លែងដដែលវិញ។ ក្នុងនេះផងដែរ ក៏ត្រូវបំផុសប្រជាពលរដ្ឋឱ្យជួយថែរក្សាធុងសម្រាមសាធារណៈ។
3 . មធ្យោបាយ និងដឹកជញ្ជូន
- ប្រើប្រាស់រថយន្ដមានទ្រុងជិត ហើយពេលដឹកជញ្ជូនត្រូវគ្របពីលើការពារការធ្លាក់រាយប៉ាយតាមផ្លូវ។
- ផ្ទុកចំណុះសមស្រប ដោយមិនឱ្យលើសចំណុះ ការពារមានបញ្ហាផ្សេងៗកើតមានក្នុងពេលធ្វើការដឹកជញ្ចូន។
- មានមធ្យោបាយគ្រប់គ្រាន់ក្នុងការដឹកជញ្ជូន ដោយគិតទៅដល់ពេលមានបញ្ហាខូចគ្រឿងចក្រ។
- ត្រូវធ្វើការដឹកជាសំណល់ឱ្យអស់តាមកម្មវិធីដែលបានកំណត់ប្រចាំថ្ងៃ។
- ក្នុងពេលដឹកជញ្ជូន ត្រូវរក្សាភាពស្ងប់ស្ងាត់តាមដែលអាចធ្វើទៅបាន។
ការកែច្នៃសំណល់
ការកែច្នៃសំណល់រឹង គឺសំដៅលើសកម្មភាពទាំងឡាយដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណ ឬគុណភាពនៃសំណល់រឹង ដើម្បី សម្រាលដល់ការធ្វើប្រព្រឹត្ដកម្មសម្អាត ឬការបោះចោលសំណល់រឹងនៅទីលាន។ ការកែច្នៃសំណល់ចែកចេញជាដំណាក់កាលដូចតទៅ ៖
1 . ការកាត់បន្ថយបរិមាណសំណល់ ៖ ចំពោះការកាត់បន្ថយបរិមាណសំណល់ឱ្យនៅមានចំនួនតិច គឺយើងអាចធ្វើទៅបាន គ្រប់គ្នា ទាំងរដ្ឋាភិបាល ទាំងសហគ្រាសពាណិជ្ជកម្ម ទាំងប្រជាពលរដ្ឋ។
ចំពោះពលរដ្ឋគ្រប់រូប ៖
- យើងត្រូវយកថង់ ឬសម្ភារៈសម្រាប់ច្រកឥវ៉ាន់នៅពេលយើងទៅផ្សារទិញសម្ភារៈផ្សេងៗ
- ចៀសវាងការជ្រើសរើសសម្ភារៈ ឬរបស់ដែលត្រូវបោះចោល
- ជ្រើសរើសសម្ភារៈ ឬរបស់របរមិនមានការវេចខ្ចប់ច្រើន
- ជ្រើសរើសសម្ភារៈ ឬរបស់ដែលអាចបញ្ជូនត្រឡប់ទៅឱ្យម្ចាស់ដើម ឬងាយស្រួលក្នុងការកែច្នៃឡើងវិញ
- ជួសជុលសម្ភារៈបាក់បែក ឬខូចឡើងវិញក្នុងករណីអាចធ្វើទៅបាន
- ចូលរួមក្នុងការអនុវត្ដន៍សកម្មភាពកែច្នៃសំណល់ជាមួយក្រុម ឬអាជ្ញាធរមូលដ្ឋានរបស់ខ្លួន
- ចូលរួមចំណែកជាមួយការប្រមូលសំណល់អាចកែច្នៃបានដែលបានអនុវត្ដដោយរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។
ចំពោះសកម្មភាពពាណិជ្ជកម្ម ៖
- ប្រើប្រាស់សម្ភារៈងាយស្រួលក្នុងការកែច្នៃ ឬដំណើរការផលិត និងបោះបង់ចោល
- កែសម្រួលចង្វាក់ផលិតកម្ម ដើម្បីកាត់បន្ថយផលិតផលដែលនឹងបង្កើតសំណល់
- ប្រើផលិតផលមានសញ្ញាសម្គាល់ ដែលផ្ដល់នូវព័ត៌មានអំពីសម្ភារៈប្រើរួច អាចកែច្នៃបាន
- ណែនាំឱ្យមានការវេចខ្ចប់ឱ្យសមស្រប និងការកែច្នៃសម្ភារៈវេចខ្ចប់ និងបង្កើតប្រអប់ ឬកន្លែងដែលមានសុវត្ថិភាពសម្រាប់ ធ្វើការញែកសម្ភារៈអាចកែច្នៃបានចេញពីសំណល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រមូលឱ្យមានប្រសិទ្ធភាពនៅប្រភពដែលបានបែងចែកសំណល់ហើយ។
ចំពោះរដ្ឋាភិបាល ៖
- បង្កើនការផ្ដល់ព័ត៌មានជាសាធារណៈ និងកម្មវិធីនៃសកម្មភាពអប់រំប្រជាពលរដ្ឋ និងអ្នកជំនួញ
- អនុវត្ដការប្រមូលសំណល់ដែលអាចកែច្នៃបាន ដូចជាក្រដាស ដប កំប៉ុងជាដើម
- រដ្ឋាភិបាលត្រូវលើកស្ទួយដល់ការប្រើប្រាស់ផលិតផលកែច្នៃនៅក្នុងការិយាល័យរបស់ស្ថាប័នរដ្ឋ។
បណ្ដាំផ្ញើ
ទោះបីនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនទទួលបន្ទុកលើការដើរប្រមូល និងដឹកជញ្ជូនសម្រាមយ៉ាងណាក៏ដោយ។ នៅពេល ដែលមានការបង្កើតនូវសម្រាម ឬសំណល់ ត្រូវចេះរៀបចំទុកដាក់ និងបែងចែកនូវប្រភេទសំណល់ឱ្យបានត្រឹមត្រូវទើបជាការប្រសើរ ដើម្បីងាយស្រួលក្នុងការបំផ្លាញចោល និងកែច្នៃឱ្យមានប្រយោជន៍ឡើងវិញ។
(សូមអានបន្ដនៅលេខក្រោយ)
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply