សុភាពនារីគ្រប់រូបរមែងតែងតែប្រាថ្នាចង់បាននូវរូបសម្រស់ដ៏ស្រស់ស្អាតផូរផង់ គួរជាទីទាក់ទាញភ្នែករបស់អ្នកផងទាំងពួង។ នៅក្នុងនោះ សក់ក៏ជាចំណែកមួយយ៉ាងសំខាន់នៅក្នុងការជួយលើកកម្ពស់សម្រស់របស់លោកអ្នកផងដែរ។ នៅពេលដែលមាន សរសៃសក់ទន់ភ្លឺរលោង វែងត្រង់ល្អ និងមានទម្ងន់ នោះសម្រស់របស់លោកអ្នកពិតជាស្រស់ស្អាតបានថែមមួយកម្រិតទៀតជាមិន ខានឡើយ។ ដូច្នេះបញ្ហានៃការថែរក្សាសក់ឱ្យមានសុខភាពល្អ និងស្រស់ស្អាត គឺជាក្ដីបារម្ភមួយដែលគួរតែយកចិត្ដទុកដាក់។
ដើម្បីជាជំនួយដល់លោកអ្នកនាងកញ្ញានៅក្នុងការថែរក្សាសក់វែងឱ្យនៅតែស្រស់ស្អាតជាប់ជានិច្ចបាននោះ ទស្សនាវដ្ដី សុខ ភាពយើង បានជួបសម្ភាសជាមួយអ្នកនាង ស្រីម៉ៅ អ្នកជំនាញនៅក្នុងហាងកែសម្ផស្សតារាពិភពលោក។
របៀបថែរក្សាសក់វែង
វិធីសាស្ដ្រនៅក្នុងការថែរក្សាសក់វែងឱ្យនៅតែមានសភាពស្រស់ស្អាត និងមានសុខភាពល្អគួរជាទីគយគន់នោះ ត្រូវបានបែងចែក និងអនុវត្ដខុសប្លែកពីគ្នាទៅតាមប្រភេទ និងសុខភាពសរសៃសក់នីមួយៗ។ វិធីសាស្ដ្រទាំងនោះរួមមានដូចនៅខាងក្រោម នេះ ៖
1 . ប្រភេទសក់ស្ងួត ៖ ប្រភេទសរសៃសក់ស្ងួត គឺជាករណីមួយដែលគួរតែមានការយកចិត្ដទុកដាក់បំផុត ព្រោះសរសៃសក់ស្ងួតងាយនឹងបែកចុង ឬបាក់ជាកំណាត់ៗបាន ជាហេតុដែលតម្រូវឱ្យមានការថែទាំជាចាំបាច់។ ចំពោះសក់ប្រភេទនេះ ដំបូងឡើយ លោកអ្នកត្រូវជ្រើសរើសយកប្រភេទសាប៊ូកក់សក់ណាមួយដែលត្រូវទៅនឹងសភាពស្បែកក្បាល និងសរសៃសក់របស់លោកអ្នក។ ចូរធ្វើការកក់លាងសម្អាតសរសៃសក់រៀងរាល់២ថ្ងៃម្ដង។ ក្រោយពីបានធ្វើការកក់សក់រួចរាល់ ចូរប្រើប្រេងបន្ទន់សក់ដើម្បីធ្វើឱ្យសក់ មានសភាពទន់ភ្លឺរលោងល្អ។ លើសពីនេះទៅទៀត ក្នុងរយៈពេលមួយសប្ដាហ៍ចាំបាច់ត្រូវធ្វើការអប់សក់ម្ដង ប្រយោជន៍ដើម្បីថែរក្សា និងការពារសរសៃសក់ដ៏វែងស្រឡូន ទន់រលោង និងមានទម្ងន់របស់លោកអ្នកឱ្យនៅតែស្រស់ស្អាតជាប់ជានិច្ច។
2 . ប្រភេទសក់ប្រេង ៖ បើទោះបីជាសរសៃសក់របស់លោកអ្នកជាប្រភេទសរសៃសក់ដែលមានសំណើមជាប់ជានិច្ចយ៉ាង ណាក៏ដោយ ប៉ុន្ដែលោកអ្នកត្រូវដឹងថា សក់ដែលសម្បូរទៅដោយប្រេង ងាយនឹងមានជម្ងឺបំផុត។ ព្រោះជាតិសំណើមនៃប្រេងដែល មាននៅសរសៃសក់អាចមានប្រតិកម្មជាមួយធូលី ឬកំអែលនៅលើស្បែកក្បាល ដែលបណ្ដាលឱ្យកើតជាអង្គែ ឬរមាស់បាន។ ចំពោះ សក់ប្រភេទនេះ អ្នកនាងកញ្ញាគួរតែធ្វើការកក់លាងសម្អាតយ៉ាងហោចណាស់ឱ្យបានបីដងក្នុងមួយសប្ដាហ៍ និងធ្វើការអប់សក់ រៀងរាល់មួយសប្ដាហ៍ម្ដង ដើម្បីជួយថែបំប៉នសុខភាពសរសៃសក់ឱ្យបានល្អ មើលទៅនៅតែស្រស់ស្អាតជាប់ជានិច្ច។ សូមចៀសវាង ការប្រើប្រេងបន្ទន់សក់ញឹកញាប់ពេក ព្រោះអាចធ្វើឱ្យសក់ងាយជាប់ធូលី ដែលជាហេតុធ្វើឱ្យកើតមាននូវអង្គែនៅលើស្បែកក្បាល និងខូចសុខភាពសរសៃសក់។
ប្រការគួរចៀសវាងក្នុងការថែរក្សាសក់វែង
ការថែរក្សា និងការការពារសរសៃសក់វែងឱ្យមានសុខភាពល្អ រឹងមាំ មានទម្ងន់ ភ្លឺទន់រលោង និងមានសំណើមជាប់ជានិច្ចនោះ អ្នកនាងកញ្ញាត្រូវតែចេះជ្រើសរើសនូវប្រភេទផលិតផលណាដែលត្រូវនឹងសរសៃសក់ ត្រូវប្រើប្រេងបន្ទន់សក់ និងអប់សក់ជា ប្រចាំ។ ហើយសូមចៀសវាងការលាបចាហួយឬជែល ព្រោះវាអាចបណ្ដាលឱ្យសក់របស់លោកអ្នករឹង និងបែកចុងបានយ៉ាងងាយ។ ម្យ៉ាងទៀតគួរចៀសវាងការច្នៃម៉ូតសក់ញឹកញាប់ ព្រោះការច្នៃម៉ូតសក់ភាគច្រើនតម្រូវប្រើនូវសាប្រាយ (Spray) ដែលជាដើមចម បណ្ដាលឱ្យមានការប៉ះពាល់ទៅដល់សុខភាពរបស់សរសៃសក់។ កម្ដៅថ្ងៃក៏ជាមូលហេតុដែលធ្វើឱ្យសក់ខូចផងដែរ។ ដូច្នេះគួរការពារ កុំឱ្យសក់ត្រូវកម្ដៅខ្លាំងពេក។ លើសពីនេះទៅទៀតគួរចៀសវាងនូវការនិយមប្ដូរពណ៌ញឹកញាប់ពេក។
Leave a Reply