ជារៀងរាល់ឆ្នាំមានស្ដ្រីប្រហែល៥១៥.០០០នាក់បានស្លាប់ដោយសារបញ្ហាដែលទាក់ទងទៅនឹងការមានផ្ទៃពោះ និងការសម្រាលកូន។ ហេតុនេះនៅពេលដែលស្ដ្រីទាំងអស់បានពិនិត្យច្បាស់លាស់អំពីការមានផ្ទៃពោះហើយនោះ អ្វីដែលត្រូវធ្វើជាបន្ដនៅ ក្នុងកំឡុងនោះគឺការថែរក្សាសុខភាពរបស់ខ្លួនក៏ដូចជាទារកក្នុងផ្ទៃដែរ។ ជាមួយគ្នានេះអាហារដែលសម្បូរទៅដោយជីវជាតិចិញ្ចឹម ដើម្បីការលូតលាស់របស់ទារកជារឿងចាំបាច់ដែលម្ដាយគ្រប់រូបត្រូវព្យាយាមបំពេញបន្ថែម។
កាលពីលេខមុនលោកអ្នកនាងទាំងអស់បានជ្រាបរួចហើយអំពីចំណុចមួយចំនួនដែលជាការប្រែប្រួលនៅពេលមានផ្ទៃពោះ នៅពេលនេះសូមបន្ដជ្រាបអំពីការថែទាំសុខភាពរបស់ស្ដ្រីនៅពេលមានផ្ទៃពោះជាបន្ដទៅទៀត។
សុខភាពរបស់ស្ដ្រីមានផ្ទៃពោះ
វេលានេះអាចចាត់ទុកជាពេលដែលត្រូវមានការថែទាំសុខភាពប្រកបដោយការយកចិត្ដទុកដាក់ ជាពិសេសសម្រាប់ស្ដ្រី ដែលកំពុងត្រៀមធ្វើជា ម្ដាយរបស់គេនៅពេលប៉ុន្មានខែខាងមុខនេះ។ ហេតុនេះគ្រប់ស្ដ្រីទាំងអស់នៅពេលសង្ស័យថាខ្លួនមានផ្ទៃពោះ ត្រូវប្រញាប់ទៅពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីឱ្យយ៉ាងប្រាកដថា ខ្លួនកំពុងមានផ្ទៃពោះពិតប្រាកដមែន។ បន្ទាប់ពីនោះ ការតាមដានសុខភាពជាប្រចាំចាំបាច់ត្រូវធ្វើឱ្យបានទៀងទាត់ ដោយផ្ដោតសំខាន់ទៅលើប្រការមួយចំនួនដូចខាងក្រោម។
1 . ការថែទាំសុខភាពគួរទៅមន្ទីរពេទ្យ ៖ នៅពេលទៅដល់មន្ទីរពេទ្យ ស្ដ្រីនឹងទទួលបានការពិនិត្យយ៉ាងត្រឹមត្រូវពីសំណាក់គ្រូពេទ្យជំនាញនូវបញ្ហាមួយចំនួន។
- ពិនិត្យភាពលូតលាស់ផ្ទៃពោះ កម្ពស់ស្បូនសមស្របជាមួយអាយុនៃគភ៌
- ពិនិត្យតាមដាននូវសញ្ញាគ្រោះថ្នាក់ទាំងឡាយដែលអាចកើតមាននៅពេលសម្រាល ដើម្បីជាព័ត៌មានឱ្យស្ដ្រីអាចទៅមន្ទីរ ពេទ្យទាន់ពេលវេលា
- ពិនិត្យមើលសម្ពាធឈាម ទឹកនោមដែលអាចជាសញ្ញាគ្រោះថ្នាក់ទាំងម្ដាយ និងទារក
- ពិនិត្យជម្ងឺខ្វះឈាមក្រហម ព្រមទាំងការផ្ដល់ថ្នាំគ្រាប់ជាតិដែក
- ពិនិត្យរកការឆ្លងនៃជម្ងឺណាមួយក្នុងពេលមានផ្ទៃពោះ ជាពិសេសជម្ងឺរលាកតម្រងនោម និងជម្ងឺកាមរោគ ដើម្បីព្យាបាលឱ្យទាន់ពេលវេលា
- ចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺតេតាណូស ដើម្បីបង្ការម្ដាយ និងទារកដែលទើបនឹងកើតពីជម្ងឺតេតាណូស។
ការតាមដានសុខភាពជាប្រចាំនេះ គ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់គួរតែអនុវត្ដឱ្យបានយ៉ាងតិចណាស់ពីរដង ឬក៏គោរពទៅ តាមការណាត់ជួបរបស់គ្រូពេទ្យ។ ប្រសិនបើមានករណីណាមួយមិនប្រក្រតី សូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ទោះបីមិនមានការណាត់ ជួបក៏ដោយ។
2 . ការថែទាំសុខភាពដោយចំណីអាហារ ៖ នៅពេលមានផ្ទៃពោះស្ដ្រីត្រូវការជាចាំបាច់នូវអាហារដែលល្អបំផុត ដែលអាចរកបាន ដូចជាទឹកដោះគោ ផ្លែឈើ បន្លែ សាច់ត្រី ស៊ុត គ្រាប់ធញ្ញជាតិ និងសណ្ដែក។ អាហារទាំងអស់នេះមានសុវត្ថិភាព សម្រាប់ បរិភោគនៅពេលមានផ្ទៃពោះ។ ស្ដ្រីមានអារម្មណ៍ថាមានកម្លាំង និងមានសុខភាពល្អជាងមុននៅពេលមានផ្ទៃពោះ ប្រសិនបើស្ដ្រី ទាំងនោះបរិភោគអាហារដែលសម្បូរទៅដោយជាតិដែក និងអាស៊ីតហ្វូលិក។ អាហារដែលមានជីវជាតិទាំងនោះ មានដូចជាសាច់ត្រី ស៊ុត បន្លែ ដែលមានស្លឹកពណ៌បៃតង និងផ្លែឈើពណ៌ទឹកក្រូច ឬពណ៌លឿង និងបន្លែផ្សេងៗ ដើម្បីការពារឬព្យាបាលជម្ងឺស្លេកស្លាំង។ ស្ដ្រីមានផ្ទៃពោះអាចបំផ្លាញសុខភាពខ្លួនឯង និងសុខភាពទារកក្នុងផ្ទៃដោយការជក់បារី ឬក៏ការរស់នៅក្នុងបរិស្ថានអ្នកជក់បារី ដែលអាចឱ្យទារកដែលកើតមកមានទម្ងន់មិនគ្រប់ទម្ងន់ ថែមទាំងប្រឈមមុខនឹងជម្ងឺក្អក ផ្ដាសាយ រោគរលាកបំពង់ក រោគរលាកសួត ឬក៏មានបញ្ហាផ្លូវដង្ហើមជាដើម។ ម្យ៉ាងទៀតការទទួលទានគ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំគ្មានវេជ្ជបញ្ជា ក៏អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ទារកផងដែរ។
3 . ការតាមដានការលូតលាស់របស់ទារកក្នុងផ្ទៃ ៖ រយៈពេលមានផ្ទៃពោះគ្រប់ស្ដ្រីទាំងអស់ត្រូវមានការស្វែងយល់ក៏ដូចជាសិក្សាបន្ថែមទៀតពីសំណាក់គ្រូពេទ្យជំនាញអំពីប្រការគួរប្រតិបត្ដិផ្សេងៗ ជាពិសេសការយល់ដឹងអំពីការវិវឌ្ឍន៍និងការប្រែប្រួល របស់ទារកក្នុងផ្ទៃពោះ។ ជាទូទៅនៅពេលចាប់ផ្ដើមមានផ្ទៃពោះដំបូង ស្ដ្រីខ្លះអាចមានអាការចាញ់កូនតែម្ដង ខ្លះទៀតអាចដល់ខែទី២ ឬទី៣ទើបចាញ់ ឬក៏អ្នកខ្លះមិនចាញ់តែម្ដង។ រយៈពេលនៃការចាញ់កូនអាចមានយ៉ាងយូរត្រឹមតែខែទី៥ប៉ុណ្ណោះ ជាករណីកម្រដែល ស្ដ្រីខ្លះចាញ់កូនដល់ពេលសម្រាលនោះ។ ពេលឈានដល់ខែទី៤ ឬទី៥ ទារកក្នុងផ្ទៃអាចផ្ដើមកម្រើក ប្រសិនបើទារកក្រកម្រើក ពេលនោះស្ដ្រីជាម្ដាយត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ក្រែងទារកមានបញ្ហាមិនប្រក្រតី។ ដោយឡែកនៅខែទី៦ ឬទី៧ ទារក ចាប់ផ្ដើមបង្វិលក្បាលចុះក្រោមដើម្បីត្រៀមសម្រាល(ការសម្រាលទារកចេញក្បាលមកមុន)។ ខណៈនេះដែរ អ្នកម្ដាយត្រូវទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលថាតើទារកបានបង្វិលក្បាលត្រឹមត្រូវហើយឬនៅ។ បើមិនបង្វិលទេនោះ ទារកនឹងសម្រាលដោយច្រាសជើង (សម្រាលក្បាលចេញមកតាមក្រោយ)។ សុករបស់ទារកប្រក្រតីឬអត់? ព្រោះអាចមានករណីសុកញំងមាត់ស្បូន ដែលចាំបាច់ត្រូវតែ មានការសង្គ្រោះពីគ្រូពេទ្យជំនាញ។ មួយវិញទៀត បរិមាណនៃទឹកភ្លោះក៏ជារឿងសំខាន់ដែលត្រូវមានការត្រួតពិនិត្យផងដែរ។ ជាមួយគ្នានេះ សញ្ញានៃការសម្រាលមុនខែរបស់ទារកក៏ត្រូវតែតាមដាន។
បណ្ដាំផ្ញើ
បញ្ហាទាំងអស់ដែលលើកមកជម្រាបជូនខាងលើនេះ ទស្សនាវដ្ដី សុខភាពយើង សង្ឃឹមថានឹងក្លាយចំណុចពញ្ញាក់អារម្មណ៍ របស់ស្ដ្រីទាំងឡាយដែលមានបំណងចង់ក្លាយជាម្ដាយរបស់គេឱ្យមានការថែទាំ និងតាមដានសុខភាពជាប្រចាំ។ ព្រោះថានៅក្នុង ដំណាក់កាលនេះទារកក្នុងផ្ទៃពឹងផ្អែកទាំងស្រុងទៅលើការប្រតិបត្ដិរបស់លោកស្រីអ្នកនាងជាម្ដាយ។ សូមរងចាំអាននូវប្រការមួយ ចំនួនទៀត ចាំបាច់សម្រាប់ស្ដ្រីដែលមានផ្ទៃពោះនៅលេខក្រោយទៀត។
(សូមបន្ដអាននៅលេខក្រោយ)
Leave a Reply