ផ្នត់គំនិតរបស់មាតាបិតាទូទៅ មានតែទស្សនៈអវិជ្ជមានចំពោះសកម្មភាពកុមារលេងកម្សាន្ដ ដូចជាការគូររូប ការរៀនសូត្រ និងការរស់នៅរបស់កុមារ។ មាតាបិតាមួយចំនួនតែងតែដាក់បន្ទុក និងប្រៀនប្រដៅឱ្យកុមារធ្វើតាម ដោយពុំបានគិតគូរ អំពីរបៀបលើកទឹកចិត្ដដែលធ្វើឱ្យកុមារមានទំនួលខុសត្រូវនៅឡើយ។ ការខិតខំអប់រំកុមារវាជារឿងសំខាន់ តែលោកអ្នកគួរគប្បី យល់នូវវិធីសាស្ដ្រដែលល្អមកប្រើ ទើបជាការប្រសើរសម្រាប់កូនៗរបស់លោកអ្នក។
សារៈសំខាន់នៃសកម្មភាពគូររូបចំពោះសុខភាពផ្លូវចិត្ដកុមារ
ការគូររូប និងការផាត់ពណ៌ គឺជាសកម្មភាពមួយយ៉ាងប្រសើរបំផុត ជួយឱ្យកុមារអាចអភិវឌ្ឍន៍ និងពង្រឹងផ្នែកចិត្ដគំនិត និងស្មារតីរបស់ពួកគេ រួមទាំងផ្សារភ្ជាប់នឹងសកម្មភាពមួយយ៉ាងស្ទាត់ជំនាញជាបណ្ដើរៗក្នុងការប្រើប្រាស់ម្រាមដៃ ភ្នែក និងការគិតគូរ។ ការច្នៃប្រឌិត ជាពិសេសសកម្មភាពគូររូបគឺជាឱកាសដ៏ល្អបំផុតដែលបង្កលក្ខណៈឱ្យកុមារបានបញ្ចេញនូវអារម្មណ៍ និងគំនិត របស់ពួកគេ តាមរយៈការប្រើប្រាស់ខ្មៅដៃគូសវាសជារូបផ្សេងៗនៅលើក្រដាសសមួយផ្ទាំង។ នៅក្នុងសហគមន៍កម្ពុជាយើង គេច្រើន មានផ្នត់គំនិតថាការឱ្យកុមារគូររូបតាមរូបភាពចម្លងណាមួយ ហើយរិះគន់កុមារ ប្រាប់កុមារថាកន្លែងនេះខុស កន្លែងនោះខុស និង កន្លែងនេះផាត់ពណ៌អ៊ីចេះ កន្លែងនោះផាត់ពណ៌អ៊ីចុះ។ តែការគិតសកម្មភាព និងទង្វើទាំងនេះមានអត្ថប្រយោជន៍ចំពោះកុមារ និងជួយឱ្យកុមារមានភាពស្ទាត់ជំនាញក្នុងការគូររូប។ ការធ្វើនេះពុំមានការខុសឆ្គងអ្វីឡើយ ក៏ប៉ុន្ដែវាក៏មិនមានសារៈប្រយោជន៍ច្រើន ដល់ផ្លូវចិត្ដកុមារនោះទេ។ ចំពោះការគូររូបដោយសេរីមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុខភាពផ្លូវចិត្ដរបស់កុមារ។ ការគូររូបតាម ចំណង់ចំណូលចិត្ដរបស់កុមារ អាចជួយឱ្យកុមារបញ្ចេញនូវអារម្មណ៍តានតឹងទាំងឡាយ តាមរយៈខ្មៅដៃ ខ្មៅដៃពណ៌ និងក្រដាសស។ ទោះបីជាលទ្ធផលនៃគំនូរនោះមានភាពក្រវេមក្រវាមមើលមិនយល់ក៏ដោយ ប៉ុន្ដែវាជាគំនូរមួយដ៏ល្អបំផុត ពីព្រោះថាកុមារបានបញ្ចេញភាពតានតឹងរបស់ខ្លួនក្រៅតាមរយៈគំនូរ ប្រសើរជាងការខ្ទប់អារម្មណ៍ទាំងនោះនៅក្នុងចិត្ដ។ ប្រសិនបើយើងមានភាពប៉ិន ប្រសប់ក្នុងការសន្ទនាជាមួយកុមារទៀតនោះ យើងនឹងអាចយល់បានយ៉ាងច្រើនអំពីអារម្មណ៍របស់កុមារនៅលើគំនូរនោះ ជួនកាល វាជាការរីករាយ ការតានតឹង ការខ្លាច ឬការតក់ស្លុតចំពោះអ្វីមួយដែលគេធ្លាប់ឃើញផ្ទាល់ភ្នែក និងឮតាមរយៈអ្វីមួយជាប្រយោល ដែលកុមារត្រូវការបញ្ចេញអារម្មណ៍ទាំងអស់នោះមកខាងក្រៅ តាមរយៈសកម្មភាពគូររូបនេះឯង។
ការគាំទ្រកុមារឱ្យបណ្ដុះនូវភាពក្លាហាន និងការទទួលខុសត្រូវ
នៅក្នុងជីវិតប្រចាំថ្ងៃរបស់កុមារ ភាពក្លាហាន និងភាពរស់រវើកក្នុងការធ្វើសកម្មភាពផ្សេងៗបានកើតឡើងដោយសារកត្ដា វិវឌ្ឍន៍ធំធាត់ផ្នែកសរីរាង្គកាយ និងប្រាជ្ញាស្មារតីរបស់កុមារ ផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបរិយាកាសជុំវិញខ្លួន រួមមានបរិយាកាសគ្រួសារ និងបរិយាកាសសង្គមក្នុងមជ្ឈដ្ឋានសហគមន៍ដែលកុមាររស់នៅ។ សេចក្ដីក្លាហានរបស់កុមារបានកើត ចេញអំពីភាពមានទំនុកចិត្ដចំពោះខ្លួនឯងផ្ទាល់របស់កុមារ ក៏ដូចជាការលេង និងការធ្វើសកម្មភាពរួមជាមួយបងប្អូន មិត្ដភក្ដិរបស់គេ ក៏ដោយ គឺជាកត្ដាមួយយ៉ាងសំខាន់បំផុត ដែលអាចជួយដល់កុមារ បណ្ដុះនូវទំនុកចិត្ដចំពោះខ្លួនឯង និងការទទួលខុសត្រូវបន្ដិចម្ដងៗ ជាបណ្ដើរៗ ផ្អែកទៅតាមការរីកចម្រើននៃវ័យរបស់ពួកគេ។ ហើយប្រការនេះគឺជាជំហានចាប់ផ្ដើមឈានទៅដល់ការបណ្ដុះនូវភាពទទួលខុសត្រូវចំពោះខ្លួនពួកគេជាបណ្ដើរ។
ការជួយគាំទ្រ និងលើកទឹកចិត្ដរបស់មនុស្សធំចំពោះកុមារឱ្យហ្វឹកហាត់ធ្វើសកម្មភាព និងរៀនដោះស្រាយបញ្ហាបន្ដិចបន្ដួច ដែលកើតឡើងជុំវិញខ្លួន នៅពេលដែលកុមារធ្វើសកម្មភាពផ្សេងៗ ឬការកម្សាន្ដជាប្រការមួយដែលសំខាន់បំផុត ដែលគាំទ្រឱ្យកុមារ បណ្ដុះនូវទំនុកចិត្ដ និងការទទួលខុសត្រូវចំពោះខ្លួនពួកគេផ្ទាល់ ក្នុងសកម្មភាពគ្រប់យ៉ាង និងឈានទៅមុខ ធ្វើឱ្យកុមារបង្កើននូវការ ទទួលខុសត្រូវទាំងឡាយរបស់ពួកគេនាពេលអនាគត។
នៅពេលដែលកុមារកំពុងលេងកម្សាន្ដ ឬធ្វើសកម្មភាពជារឿយៗ កុមារតែងតែជួបនូវបញ្ហាផ្សេងៗ។ ហើយជាទូទៅកុមារ ពុំទាន់មានទំនុកចិត្ដលើខ្លួនឯងក្នុងការដោះស្រាយចំពោះបញ្ហាទាំងអស់នោះទេ វាតែងតែត្រូវការជំនួយពីមនុស្សធំជានិច្ច។ នៅក្នុងករណីនេះ បើសិនជាពុំចាំបាច់ យើងពុំគួរសម្រេចចិត្ដជួយដោះស្រាយបញ្ហាទាំងអស់នោះឱ្យកុមារភ្លាមៗនោះទេ ដូចដែលបានសរសេរ នៅខាងដើម គឺយើងគួរលើកទឹកចិត្ដឱ្យកុមារធ្វើសកម្មភាពដោយខ្លួនឯង។ នៅពេលដែលកុមារដោះស្រាយបញ្ហានោះបានយ៉ាងជោគជ័យ ទោះបីជាពុំបានគ្រប់១០០ភាគរយក៏ដោយ ការលើកសរសើរជាការចាំបាច់បំផុតដែលកុមារចង់ឱ្យគេទទួលស្គាល់នូវកិច្ចការដែលខ្លួនគេធ្វើ។ នៅពេលដែលយើងលើកទឹកចិត្ដកុមារឱ្យធ្វើសកម្មភាពអ្វីមួយ យើងត្រូវប្រុងប្រយ័ត្នចៀសវាងការលើកទឹកចិត្ដនោះឱ្យប្រែទៅជាការបង្ខិតបង្ខំមួយដល់កុមារ ដើម្បីឱ្យគេធ្វើកិច្ចការអ្វីមួយជាកិច្ចការដែលកុមារស្ទាក់ស្ទើរក្នុងការធ្វើ ពីព្រោះវាពុំមានទំនុកចិត្ដ លើខ្លួនឯងក្នុងការធ្វើកិច្ចការនោះ។ ការជំរុញទឹកចិត្ដបែបបង្ខិតបង្ខំឱ្យកុមារធ្វើសកម្មភាពមួយដែលពុំមានទំនុកចិត្ដក្នុងការធ្វើ អាចបង្ក ឱ្យមានការភ័យខ្លាច ឬស្លុតចិត្ដ ឈានទៅដល់ធ្វើឱ្យមានការបាក់ស្បាត និងបាត់បង់ទំនុកចិត្ដលើខ្លួនឯង។ ទោះបីជាកុមារបានធ្វើ សកម្មភាពនោះដោយជោគជ័យក៏ដោយ។ ចំណែកឯការបន្ដុះបង្អាប់ ទោះបីជួនកាលក្នុងបំណងលេងសើចក៏ដោយ អាចធ្វើឱ្យកុមារតូច ចិត្ដចំពោះខ្លួនឯង បូករួមនឹងការប្រញាប់ប្រញាល់ជួយដោះស្រាយបញ្ហាកុមារ នៅពេលកុមារជួបឧបសគ្គបន្ដិចបន្ដួចក្នុងការរស់នៅ របស់ពួកគេ គឺជាសកម្មភាពអវិជ្ជមានមួយដែលឈានទៅកាត់ផ្ដាច់បទពិសោធន៍ក្នុងការដោះស្រាយបញ្ហារបស់គេផ្ទាល់ និងការរីក ចម្រើនផ្នែកចិត្ដគំនិតរបស់ពួកគេ។ ការប្រញាប់ប្រញាល់ជួយដោះស្រាយបញ្ហារបស់កុមារ អាចនិយាយបានថាជាកាយវិការសប្បុរស មួយបង្ហាញនូវភាពអាណិតអាសូរ សេចក្ដីស្រឡាញ់ និងជួយដល់កុមារក៏ពិតមែន។ ប៉ុន្ដែវាជាការមើលស្រាលដល់សមត្ថភាពរបស់ កុមារដោយអចេតនា និងពុំជួយធ្វើឱ្យកុមារបណ្ដុះនូវទំនុកចិត្ដចំពោះខ្លួន ឈានទៅបង្កើតនូវភាពក្លាហាន និងការទទួលខុសត្រូវចំពោះពួកគេ ក្នុងការដោះស្រាយបញ្ហា។
បណ្ដាំផ្ញើ
ការប្រៀនប្រដៅ និងការអប់រំកុមារជាប្រការមួយដែលល្អប្រសើរសម្រាប់មាតាបិតាគ្រប់រូប ក៏ប៉ុន្ដែលោកអ្នកត្រូវតែចេះ ស្វែងយល់អំពីទឹកចិត្ដរបស់កូន។ សូមបង្រៀនពួកគេដោយសេចក្ដីស្រឡាញ់ និងការលើកទឹកចិត្ដចំពោះសកម្មភាពវិជ្ជមានទាំងឡាយ របស់ពួកគេ ដើម្បីឱ្យកុមារមានភាពកក់ក្ដៅ និងទំនុកចិត្ដលើខ្លួនឯង។
Leave a Reply