ចង់បាន​កូនប្រុស ឬ​កូនស្រី?(ត)

លោកអ្នក​បានជ្រាប​រួចមក​ហើយ អំពី​ការ​កំណត់​ភេទ​របស់​បុត្រធីតា ថាជា​ស្រីឬ​ជាប្រុស ដោយ​ក្រូម៉ូសូម ហើយ​នៅពេល ណានោះ។ ចំណេះ​ដឹង​ទាំងនេះ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ស្វែងយល់ និង​អនុវត្ដ​វិធីសាស្ដ្រ​សម្រាប់​ចំណង់​បាន​កូនប្រុស និង​កូនស្រី និង​បច្ចេកទេស​ទទួលបាន​កូនប្រុស និង​កូនស្រី​តាម​ចំណង់​ដែល​ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដ​លើកមក​ជម្រាប​ជូន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ភេទរបស់​កុមារក្ដី របស់​ទារក​ឬរបស់​អំប្រ៊ីយ៉ុង​ក្ដី សុទ្ធតែ​ត្រូវបាន​កំណត់​ឡើង​ពេលដែល​មេជីវិត​ទាំងពីរ​ដែលជា​អូវុល និង ស្ពែមម៉ាតូសូអ៊ីដ​ជួបចាប់​យកគ្នា។ ព្រោះថា​ពេលនោះ​ក្រូម៉ូសូមអ៊ិច​របស់​ស្ដ្រី​ជាម្ដាយ​បានភ្ជាប់​ខ្លួនទៅ​នឹង​ក្រូម៉ូសូមអ៊ិច និង​អ៊ីក្រិច របស់ ស្ពែមម៉ាតូសូអ៊ីដ​របស់​បុរស​ជាឪពុក។ សម្ព័ន្ធ​ក្រូម៉ូសូមអ៊ិចអ៊ិច​ផ្ដល់​កំណើតជា​កូនស្រី រីឯ​សម្ព័ន្ធភាព​អ៊ិចអ៊ីក្រិច​ផ្ដល់​កំណើត​ជាកូនប្រុស។ បើ​ពិនិត្យ​ទៅលើ​បាតុភូត​នេះ អាច​សន្និដ្ឋាន​បានថា កត្ដា​មួយចំនួន​ដែលកើត​មានមុន​ការបង្ក​កំណើត​អាច​កំណត់​ភេទរបស់​ទារកបាន។

មូលហេតុ​ចង់បាន​កូនប្រុស ឬ​កូនស្រី

នៅ​ប្រទេស​កម្ពុជា​យើង មិនទាន់​មាន​ច្បាប់​ទាក់ទង​នឹងការ​ចង់បាន​កូនប្រុស​ឬកូនស្រី​នេះនៅ​ឡើយទេ។ នៅ​ប្រទេស លូតលាស់ ជម្រើស​ភេទ​របស់​ទារក​ជាជម្រើស​ស្របច្បាប់ ក្នុង​ករណី​ប្ដីប្រពន្ធ​ទាំងពីរ​នាក់ មាន​នរណា​ម្នាក់​មានជម្ងឺ​សួពូជ​ទាក់ទង​នឹងភេទ​ ដូចជា​ក្នុងករណី​ជម្ងឺ​សួពូជ​ដែល​ទាក់ទង​នឹងហ្សែន​របស់​ក្រូម៉ូសូមអ៊ិច បុរសមាន​ក្រូម៉ូសូមអ៊ិច​តែមួយ រីឯ​ស្ដ្រីមាន​ក្រូម៉ូសូមអ៊ិច​ពីរ ជាដើម។ ព្រោះថាក្រៅ​ពីតួនាទី​កំណត់​ភេទ ក្រូម៉ូសូម​ភេទ និង​ជាពិសេស​ក្រូម៉ូសូមអ៊ិច មាន​ហ្សែន​អត្ដចរិត​ជាច្រើន​ដែលដាច់​ដោយឡែក​ពីភេទ។ បុរស​ជាឪពុក​ផ្ដល់​ក្រូម៉ូសូមអ៊ិច​ទៅឱ្យ​កូនស្រី ប៉ុន្ដែ​ពិតជា​មិនអាច​ផ្ដល់ដល់​កូនប្រុស​នោះទេ រីឯ​ស្ដ្រី​ជាម្ដាយ​វិញអាច ចម្លង​ហ្សែន​មិន​ប្រក្រតី​របស់​ក្រូម៉ូសូមអ៊ិច​ទៅទាំង​កូនស្រី​ទាំង​កូនប្រុស។

ជម្ងឺ​ទាំងនេះ​អាចកើត​ឡើងលើ​តែកូនប្រុស​ដែល​ទទួល​ក្រូម៉ូសូមអ៊ិច ដែលមាន​ហ្សែន​មិន​ប្រក្រតី។ ស្ដ្រីម្នាក់​ដែលមាន​ហ្សែន នេះ ក្នុង​ចំណោម​ក្រូម៉ូសូម​ណាមួយ​នៃ​ក្រូម៉ូសូមអ៊ិច​ទាំងពីរ​មិនមាន​ជម្ងឺ​នេះទេ ប៉ុន្ដែ​គាត់អាច​ជាអ្នក​ចម្លង។ ពោល​គាត់អាច​ចម្លង​ជម្ងឺ នោះទៅ​កូនប្រុស​របស់គាត់​ដែលអាច​មាន​អត្រា​ខ្ពស់។

សព្វថ្ងៃ​នេះមាន​ជម្ងឺ​សួពូជ​ជាច្រើន​ទាក់ទង​នឹងភេទ​ដែលគេ​បាន​រកឃើញ។ ហើយ​ជម្ងឺ​សួពូជ​ដែលកើត​មាន​ញឹកញាប់​ជាងគេ បំផុត​គឺជម្ងឺ​អេម៉ូភីលីអា និងបេ ឬជម្ងឺ​ឈាម​ក្រកក​(ក្នុងចំណោម​ក្មេងប្រុស​១ម៉ឺននាក់ មាន១នាក់​កើត) និងជម្ងឺ​សាច់ដុំ​សួពូជ (ក្នុងចំណោម​ក្មេងប្រុស​៥ពាន់នាក់ មាន​១នាក់​កើត)។

ក្នុង​ករណី​ជម្ងឺ​សួពូជ​ទាំងនេះ ចំណង់​ចង់បាន​កូន គឺ​ជម្រើស​កូនស្រី។ ព្រោះថា​បើកូនប្រុស​អាចងាយ​មានជម្ងឺ​សួពូជ​ទាំងនេះ។ នេះជា​មូលហេតុ​វេជ្ជសាស្ដ្រ ក្នុងការ​ជ្រើសរើស​កូនប្រុស និង​កូនស្រី។ នៅមាន​មូលហេតុ​បុគ្គល​ឬគ្រួសារ​ផងដែរ ក្នុងការ​ជ្រើសរើស​កូន ប្រុសឬ​កូនស្រី។

មូលហេតុ​បុគ្គល និង​គ្រួសារ

គូស្រករ​ឬប្ដីប្រពន្ធ​ខ្លះចង់​បានកូន​ប្រុស ហើយ​គូស្រករ​ខ្លះទៀត​ចង់បាន​កូនស្រី​ជាង។ គូនីមួយៗ​មាន​ចំណង​ផ្ទាល់ខ្លួន។ ចំណង់​កូនប្រុស​ឬកូនស្រី​អាចកើត​មានឡើង​អាស្រ័យទៅ​លើ​ជាតិសាសន៍ ពូជអម្បូរ ជំនឿ និង​កត្ដា​ផ្សេងៗ​ទៀត។ យ៉ាងណា​ម៉ិញ ជនជាតិ​ចិនចង់​បានកូន​ប្រុសជាង​កូនស្រី ដោយ​ហេតុផល​កាន់​ត្រកូល តពូជពង្ស និងមាន​អំណាច​សម្រាប់​គ្រួសារ​វង្សត្រកូល។ រីឯ​គ្រួសារខ្មែរ​ខ្លះចង់​បានកូនស្រី​ជាងកូនប្រុស​ជាដើម។ ដោយសារ​ថា កូនស្រី​ល្បីឈ្មោះ​ថាស្រួល​ចិញ្ចឹម និងស្រួល​អប់រំ​ជាងកូន​ប្រុស ព្រមទាំង​ជិតស្និទ្ធ​ជាមួយ​ឪពុកម្ដាយ និង​សាច់ញាតិ​ខាងម្ដាយ​ជាង ប៉ុន្ដែ​ឆ្ងាយពី​សាច់ញាតិ​ខាងឪពុក​បន្ដិច​ជាដើម។ ដោយឡែក​កូនប្រុស ឆ្លាត និង​អាចជួយ​កិច្ចការ​ធ្ងន់បាន​ល្អជាង​កូនស្រី​ជាដើម។ ទាំងនេះ​គ្រាន់តែ​ជាចំណង់​បាន និងការ​យល់ឃើញ​ខុសៗគ្នា ប៉ុន្ដែ​អ្វីដែលសំខាន់​គឺជម្រើស​ត្រឹមត្រូវ​របស់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Categories: , ,