គ្រុនឈីក គឺជាប្រភេទជម្ងឺដែលបានកប់បាត់ចំនួន៤០ឆ្នាំ ហើយបានបន្តផ្ទុះឡើងវិញនៅដើមឆ្នាំ២០១២នេះ នៅតាមបណ្តាខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋជាច្រើននាក់នៅតាមខេត្តមួយចំនួន បានធ្លាក់ខ្លួនឈឺដោយសារជម្ងឺគ្រុនម្យ៉ាងហៅថា ជម្ងឺគ្រុនឈីក (CHIKV)។ ក្នុងរយៈ៥ខែដើមឆ្នាំ២០១២ មានអ្នកជម្ងឺជាង ៥ ៥០០នាក់ហើយដែលធ្លាក់ខ្លួនឈឺដោយសារជម្ងឺនេះ។
ជម្ងឺគ្រុនឈីក កំពុងរាលដាលនៅក្នុងខេត្តមួយចំនួន ដូចជាខេត្តតាកែវ កំពង់ចាម កំពង់ស្ពឺ ព្រះវិហារ និងរាជធានីភ្នំពេញ។ នៅក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកភូមិឈើលំ ដែលកើតជម្ងឺនេះបានអះអាងថា គាត់គ្រុនក្ដៅខ្លាំង ហើយចេញកន្ទួលពេញខ្លួន ឈឺចុកក្នុងឆ្អឹងខ្លាំង និងដើរស្ទើរមិនរួច ព្រោះតែហើមសន្លាក់។ លោក ឈួង បូណាត រស់នៅភូមិឈើលំ បានថ្លែងថា ក្នុងគ្រួសារគាត់មានមនុស្ស៥នាក់ បានកើតជម្ងឺគ្រុនឈីកទាំងអស់គ្នា៖ «ឃើញគេឈឺពីមុនហ្នឹង គេហៅពេទ្យមណ្ឌលមកចាក់ទៅគេជា។ ដល់ខ្ញុំឈឺក្រោយគេខ្ញុំក៏ហៅពេទ្យមណ្ឌលមកចាក់ដែរ។ ពេលចាក់ហើយមួយថ្ងៃ២ថ្ងៃ ឃើញចេញមកគេហៅថា ដូចស្អូច»។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអាស៊ីសេរី។
អ្នកស្រី សុំ សុខន រស់នៅឃុំមហាឫស្សីបានថ្លែងថា គាត់និងកូនដែលធ្វើការនៅរោងចក្រកាត់ដេរ បានកើតជម្ងឺគ្រុនឈីកនេះ។ បច្ចុប្បន្នគាត់នៅហើមសន្លាក់ជើង មិនទាន់អាចដើរបានស្រួលទេ៖ «ឈឺទៅចាប់ផ្ដើមឈឺខ្លួនហ្នឹងតែម្ដង ឈឺសន្លាក់ដៃជើង ឈឺក្បាល ក្តៅ រងាចង់ញាក់»។
រីឯនៅខេត្តតាកែវឯណោះវិញ ពលរដ្ឋនៅភូមិថ្កូវ ឃុំជីខ្មារ ស្រុកទ្រាំង បានអះអាងថា ជាងកន្លះខែមកនេះអ្នកភូមិដែលមានអាយុចាប់ពី ១៤ឆ្នាំ ដល់២០ឆ្នាំ បានកើតជម្ងឺគ្រុនឈីក។ ប៉ុន្តែគ្មានអ្នកជម្ងឺស្លាប់នោះទេ ព្រោះគ្រូពេទ្យរដ្ឋ និងឯកជន មានជំនាញក្នុងការព្យាបាលជម្ងឺគ្រុនឈីក៖ «គ្រុនឈីកហ្នឹងមានអាការៈក្ដៅ ហើយឈឺសន្លាក់ដៃជើង។ ដល់ពេលវាក្ដៅពេក ចេញពងក្រហមៗ។
នៅក្នុងប្រទេសកម្ពុជា ជម្ងឺគ្រុនឈីក បានកើតឡើងជាថ្មីនៅក្នុងឃុំពេជមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីដើមឆ្នាំ២០១២ ក្រោយពីជម្ងឺនេះបានកើតឡើងនៅក្នុងអំឡុងឆ្នាំ១៩៦១។ បើតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ជម្ងឺគ្រុនឈីក បង្កមកពីមេរោគម្យ៉ាងឈ្មោះ ជីគុនគុនយ៉ា (virus Chikungunya)។ មេរោគនោះមិនបង្កឲ្យអ្នកជម្ងឺឈឺធ្ងន់ធ្ងរទេ គ្រាន់តែក្ដៅខ្លួនខ្លាំង និងឈើចាប់ក្នុងសាច់ដុំ ហើមសន្លាក់ដៃជើង និងចេញកន្ទួលក្រហមតូចៗពេញខ្លួន។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ ប្រធានមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ បារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្ត បានឲ្យដឹងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១២ មានអ្នកជម្ងឺដោយសារគ្រុនឈីកចំនួន ៥ ៥៧០នាក់ បានទទួលការព្យាបាលជាសះស្បើយ។ លោកថា គ្រូពេទ្យមណ្ឌលសុខភាព អាចផ្ដល់ថ្នាំបំបាត់ក្ដៅខ្លួន និងចាក់សេរ៉ូមដល់អ្នកជម្ងឺ។ លោកបានបន្ថែមថា ក្រសួងសុខាភិបាលមិនទាន់ចាត់ទុកជម្ងឺគ្រុនឈីក ជាជម្ងឺគ្រោះថ្នាក់ដល់ប្រកាសអាសន្ននោះទេ តែតម្រូវឲ្យគ្រប់មណ្ឌលសុខភាពត្រូវរាយការណ៍មួយខែម្ដងពីតួលេខអ្នកជម្ងឺ។ លោកបានថ្លែងថា៖ «៥ខែដើមឆ្នាំគិតត្រឹមចុងខែ ៥ អ៊ីចឹងនៅខេត្តកំពង់ស្ពឺ មានដល់ទៅ ២.៤១៩នាក់ នៅច្រើនស្រុក ស្ទើរតែគ្រប់ស្រុក មិនមែនតែស្រុកគងពិសីទេ។ ហើយនៅខេត្តព្រះវិហារ មាន២ ៤៧៨នាក់។ ខេត្តកំពង់ចាម មាន ២១៥នាក់ ត្រឹមចុងខែ៥នោះ។ រីឯខេត្តតាកែវមាន៤២៦នាក់ ហើយក្រោយមកថ្មីៗ ឃើញនៅរាជធានីភ្នំពេញនេះ មាន៣០នាក់»។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ បានណែនាំថា ជម្ងឺគ្រុនឈីកគ្មានវ៉ាក់សាំងចាក់ការពារទេ។ វិធីការពារជម្ងឺគ្រុនឈីក គឺធ្វើរបៀបដូចគ្នានឹងវិធីការពារជម្ងឺគ្រុនឈាមដែរ។ ពលរដ្ឋត្រូវកាប់ព្រៃស៊ុបទ្រុបក្បែរផ្ទះ សម្អាតផ្ទះ និងភូមិឋាន ដោយលុបដី សម្រាមសើម បំបាត់ជម្រកមូសខ្លា បំផ្លាញពងមូសក្នុងថូផ្កា ពាងទឹក សំបកកង់ឡានចាស់ៗ កន្លែងស្តុកអេតចាយជាដើម និងត្រូវសម្រាកក្នុងមុង។ លោកវេជ្ជបណ្ឌិតបន្ថែមថា មូសវាបានចេញខាំមនុស្សនៅមុនថ្ងៃរះ១ម៉ោង និងក្រោយថ្ងៃលិច ១ម៉ោង៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២
Leave a Reply