នៅក្នុងទសវត្សរ៍ទី១៩៥០ បារីជាធាតុផ្សំសំខាន់សម្រាប់ភាពសង្ហា និងមន្ដស្នេហ៍របស់វីរបុរសហូលីវូដ។ ជក់បារីស្ដែងឡើង នូវលក្ខណៈបុរសភេទ មោទនភាព និងអំណាច។ នៅប្រទេសកម្ពុជាយើងក៏បានចម្លងនូវវប្បធម៌“បារីជាមន្ដស្នេហ៍” បុរសមានបារីជក់ឡូយណាស់។ ប៉ុន្ដែថ្មីៗនេះបារីបានក្លាយទៅជាអ្នកជាប់ចោទអំពីការបង្កឧក្រិដ្ឋកម្មជាជម្ងឺតម្កាត់ជាច្រើន។ ទស្សនាវដ្ដី សុខភាព យើង ធ្លាប់បានលើកមកជម្រាបជូនហើយ អំពីបារីបង្កវិបត្ដិផ្លូវភេទ រហូតអាចធ្វើឱ្យលិង្គងាប់ទៀតផង។
ជក់បារីជាមោទនៈភាពដ៏មហិមារបស់បុរសភេទថាឡូយ និងជាកូនប្រុសដើមទ្រូងប្រាំហត្ថពិតៗ។ នេះជាការយល់ខុសធ្ងន់ធ្ងរណាស់។ ព្រោះថាជក់បារីអាចធ្វើឱ្យមានអារម្មណ៍ឬផ្លូវចិត្ដតានតឹង ធ្មេញពណ៌លឿង និងក្លិនមាត់អាក្រក់ទៅវិញទេ។ បើបែប នេះមែនជក់បារីប្រៀបដូចជាកំពុងដុតខ្លួនឯងអ៊ីចឹង។
បារីកាត់បន្ថយមហិទ្ធិឫទ្ធិផ្លូវភេទ
ថ្នាំជក់ឬបារី ក៏ដូចជាកត្ដាបង្កផ្សេងៗទៀត ជាតិខ្លាញ់កូឡេស្ដេរ៉ុល ជម្ងឺសួពូជ ឬជម្ងឺលើសឈាម សុទ្ធតែអាចបង្កជាជម្ងឺ សរសៃឈាមអាកទែរ ដែលទីបំផុតឈានទៅរកវិបត្ដិផ្លូវភេទ។ ប៉ុន្ដែតើវាអាចជាកត្ដាបង្កគ្រោះថ្នាក់ ធ្វើឱ្យលិង្គងាប់ដែរឬទេ?
ការសិក្សាជាច្រើនបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងចម្ងល់មួយនេះ។ នៅខែវិច្ឆិកា ឆ្នាំ២០០១ ការវិភាគអំពីការសិក្សា ស្រាវជ្រាវទាំងឡាយដែលបានបោះពុម្ពផ្សាយអំពីប្រធានបទនេះ បានធ្វើឡើងក្នុងគោលបំណងស្វែងរកការពិត។ លទ្ធផលនៃក្រុម ការងារនេះបានបង្ហាញថា ការញៀនបារីបង្កឥទ្ធិពលអវិជ្ជមានជាជម្ងឺសរសៃឈាមកូរូនែ(សរសៃឈាមទៅចិញ្ចឹមសាច់បេះដូង) និង ជម្ងឺលើសឈាមទៅលើភាពអាចឱ្យលិង្គឡើងរឹងបានល្អ និងរក្សាភាពរឹងបានយូរ។ ទំនួលខុសត្រូវពិតប្រាកដរបស់ថ្នាំជក់ត្រូវបន្ដស្រាវជ្រាវ ដើម្បីកំណត់តទៅទៀត។ ប៉ុន្ដែថ្នាំជក់អាចមានសកម្មភាពពាក់ព័ន្ធដោយផ្ទាល់ទៅលើស្រទាប់អង់ដូតេលីយ៉ូមរបស់សរសៃឈាម ដោយបញ្ចេញសារធាតុពង្រីកសរសៃយ៉ាងសកម្មទៅលើបាតុភូតធ្វើឱ្យលិង្គឡើងរឹង។ ដូច្នេះទោះបីជាគ្មានដំបៅសរសៃឈាមក្ដី ក៏អ្នកជក់បារីអាចមានវិបត្ដិលិង្គមិនឡើងរឹងផងដែរ។
នៅខែមីនា ឆ្នាំ២០០២ បុរសដែលមានអាយុច្រើនជាង១៨ឆ្នាំ ចំនួនជាង២០០០នាក់ត្រូវបានសាកសួរសម្ភាសនៅក្នុងក្រប ខ័ណ្ឌការសិក្សាមួយរបស់អ៊ីតាលី។ លទ្ធផលបានបង្ហាញថា កំណើតនៃវិបត្ដិលិង្គមិនឡើងរឹងនេះមានអត្រាខ្ពស់ដល់ទៅ៧០%ក្នុង ចំណោមអ្នកកំពុងជក់បារី ហើយនិង៦០%ក្នុងចំណោមអ្នកដែលធ្លាប់ជក់បារី។ លើសពីនេះទៅទៀត ការញៀនបារីបង្កើនឡើងនូវ ឥទ្ធិពលទៅលើការឡើងរឹងនៃលិង្គ ដោយសារជម្ងឺបេះដូងសរសៃឈាម ជម្ងឺប្រព័ន្ធប្រសាទ ឬជម្ងឺទឹកនោមផ្អែម។
អត្រាលិង្គងាប់មានកំណើនខ្ពស់ក្នុងចំណោមអ្នកជក់បារី
ទោះបីជាជម្ងឺលើសឈាម និងការញៀនបារីត្រូវបានចោទប្រកាន់ថា ជាកត្ដាបង្កវិបត្ដិមុខងារលិង្គមិនឡើងរឹងក្ដី ក៏សព្វថ្ងៃនេះមិនទាន់មានការសិក្សាស្រាវជ្រាវណាមួយដែលបានកំណត់អំពីឥទ្ធិពលរបស់បារីទៅលើអ្នកដែលមានជម្ងឺលើសឈាមនៅឡើយទេ។ លោក ចន ស្ពែនហ្គល និងក្រុមការងាររបស់គាត់មកពីសកលវិទ្យាល័យវកហ្វូរ៉េស បានសាកសួរអ្នកជម្ងឺចំនួន៥៩នាក់ អំពីអនាម័យ ជីវិតរស់នៅ។ ក្នុងចំណោមមនុស្សគំរូទាំងនោះ មានអ្នកជម្ងឺ១៥នាក់បានធ្វើរោគវិនិច្ឆ័យឃើញមានវិបត្ដិមុខងារលិង្គមិនឡើងរឹង។ ក្នុងចំណោមពួកគាត់ទាំងនោះ អត្រាអ្នកជក់បារី និងអ្នកធ្លាប់ជក់បារីមានបរិមាណខ្ពស់បំផុត។ ជាអាទិលទ្ធផលនៃការស្រាវជ្រាវនេះ គឺ័
- អ្នកជក់បារីមានអត្រាកំណើនគ្រោះថ្នាក់បង្កជាវិបត្ដិមុខងារលិង្គមិនឡើងរឹងដល់ទៅ២៧ដងឯណោះ
- អតីតអ្នកជក់បារីមានអត្រាកំណើនទាបជាង បើប្រៀបធៀបជាមួយអ្នកជក់បារី ប៉ុន្ដែក៏មានអត្រាកំណើនខ្ពស់ដល់ទៅ១១ ដងផងដែរ បើប្រៀបធៀបជាមួយអ្នកមិនជក់បារី។
នៅប្រទេសបារាំង មានបុរសប្រមាណជា១០%មានកើតវិបត្ដិមុខងារលិង្គមិនឡើងរឹង។ គ្រាន់តែវិបត្ដិមុខងារលិង្គមិនឡើងរឹងនេះ ច្រើនតែកើតមានឡើងដោយដើមហេតុចម្រុះ ឬកត្ដាជាច្រើន។ សូមបញ្ជាក់ថាផលប៉ះពាល់វែងឆ្ងាយដែលបណ្ដាលមកពីបារី នេះអាចបង្កជាវិបត្ដិនៃការបន្ដពូជ(ការមានកូន)ផងដែរ។
បណ្ដាំផ្ញើ ៖ សូមសម្រេចចិត្ដដោយខ្លួនឯង តើគួរជ្រើសរើសយកបារីឬសុខភាព ជាពិសេសសុខភាពផ្លូវភេទ? មានតែលោកអ្នកទេ ដែលត្រូវអនុវត្ដដើម្បីខ្លួនឯង។ ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដលើកនូវរឿងរ៉ាវផ្សេងទៀត ដែលទាក់ទងនឹងសុខភាពបុរស និងសុខភាពផ្លូវភេទរបស់បុរសនៅលេខក្រោយៗទៀត។ តែបើចង់ដឹងព័ត៌មានលម្អិតអំពីបញ្ហាលិង្គមិនឡើងរឹងនេះ សូមសួររកអាន សៀវភៅ “លិង្គងាប់ បញ្ហាបុរស រឿងរ៉ាវគ្រួសារ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ វាជាសៀវភៅអប់រំសុខភាពផ្លូវភេទដំបូងគេនៅកម្ពុជា ដែលមានលក្ខណៈអប់រំ និងវិទ្យាសាស្ដ្រ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply