សុខភាពកុមារគឺសំខាន់បំផុតសម្រាប់ការរីកលូតលាស់ និងវិវឌ្ឍន៍ទៅមុខទាំងសុខភាពរាងកាយ និងសតិបញ្ញាស្មារតី ផ្សេងៗជាច្រើនទៀតរបស់កុមារ។ ដូច្នេះហើយមាតាបិតាគ្រប់រូបត្រូវធ្វើយ៉ាងណាដើម្បីឱ្យកូនៗរបស់លោកអ្នកទទួលបាននូវសុខភាព ល្អ មានការលូតលាស់ល្អ និងទៅតាមក្រឹត្យក្រមនៃការលូតលាស់ជាធម្មតារបស់កុមារទូទៅ។ ការរីកលូតលាស់របស់កុមារវាអាស្រ័យ ទៅតាមអាយុកាលរបស់កុមារ គ្រាន់តែពេលកើតមកភ្លាមមានការលូតលាស់ខុសគ្នា និងពេលដែលកុមារមានអាយុច្រើនតែប៉ុណ្ណោះ។
ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង ឯកទេសរោគកុមារនៃមន្ទីរពេទ្យកុមារជាតិ មកធ្វើការបកស្រាយយ៉ាងក្បោះក្បាយអំពីបញ្ហាការលូតលាស់ប្រក្រតីរបស់កុមារ។
ការលូតលាស់ប្រក្រតីរបស់កុមារ
ការលូតលាស់ប្រក្រតីរបស់កុមារ ជាការរីកលូតលាស់យ៉ាងត្រឹមត្រូវមួយរបស់កុមារទៅតាមអាយុកាល ចាប់តាំងតែពី ពេលកើតរហូតដល់ពេលមានអាយុពេញវ័យ។ ការលូតលាស់នេះវាអាស្រ័យទៅដោយការយកចិត្ដទុកដាក់មើលថែរក្សារបស់មាតា បិតាផងដែរ ត្រូវមានអនាម័យ និងផ្ដល់ចំណីអាហារឱ្យបានគ្រប់គ្រាន់ នេះជាកត្ដាមួយសំខាន់សម្រាប់អាណាព្យាបាលគ្រប់រូប ដែលបានផ្ដល់ឱ្យកូនគ្រប់ៗរូប។
កុមារត្រូវមានការលូតលាស់យ៉ាងដូចម្ដេចខ្លះ?
កុមារគ្រប់រូបមានការលូតលាស់មិនដូចគ្នាទេ មានកុមារខ្លះមានការរីកលូតលាស់ឆាប់រហ័សលឿនជាងធម្មជាតិ។ ឯកុមារ ខ្លះទៀតមានការរីកលូតលាស់យឺតជាងធម្មតា និងមានកុមារមួយចំនួនទៀតនោះរឹតតែមានការលូតលាស់យឺតមែនទែន ស្ទើរតែគ្មាន ការលូតលាស់ទាល់តែសោះ។ ការលូតលាស់របស់កុមារមានជាដំណាក់ៗ ទៅតាមអាយុកាលរបស់គេ។
1 . ទារកអាយុចាប់ពី១ខែដល់២ខែ ៖ គេមានកម្លាំងរាងកាយពេញបរិបូរ ដែលអាចជំរុញឱ្យគេអាចងើបក្បាលរួច នៅពេលដែលអ្នកម្ដាយដាក់គេឱ្យដេកផ្កាប់ ថែមទាំងចេះក្ដាប់ដៃនៅពេលដែលយើងដាក់វត្ថុអ្វីមួយចូលទៅក្នុងដៃរបស់គេ។ គេចេះសម្លឹងមើលអ្វីៗ ដែលមានបញ្ចេញសម្លេង ឬអ្វីដែលគេមិនធ្លាប់បានឃើញ និងស្ដាប់ពីមុន ជាពិសេសគឺសម្លេង។
2 . ទារកអាយុ៣ខែដល់៤ខែ ៖ គេចេះអង្គុយត្រង់ក្បាល ចេះញញឹម ចេះចាប់កាន់របស់នានាបាន ខំប្រឹងស្ដាប់ពេលដែល មានសម្លេងអ្វីមួយមកក្បែរ។ គេចេះនិយាយពាក្យពីរម៉ាត់ជាប់ៗគ្នាដូចជាម៉ាក់ម៉ាក់ ឬប៉ាប៉ា ស្គាល់ពីសមាជិកគ្រួសារ ចេះចំណាំមនុស្សក្នុងគ្រួសារ ជាពិសេសគឺឪពុកម្ដាយ។
3 . កុមារអាយុ៦ខែ ៖ គេដុះធ្មេញដំបូងដែលគេហៅថាជាធ្មេញទឹកដោះ ហើយធ្មេញនេះបើដុះគ្រប់នោះវាមានចំនួនដល់ទៅ២០ធ្មេញ រយៈពេលនៃការដុះធ្មេញទឹកដោះនោះមានចំនួន៣០ខែឯណោះ។
4 . កុមារអាយុ១ឆ្នាំ ៖ គេចេះដើរបានដោយមានអ្នកជួយកាន់ដៃគេ ប៉ុន្ដែចំពោះកុមារខ្លះទៀតគេអាចដើរបានដោយមិន ចាំបាច់មានអ្នកជួយដឹកដៃទេ។ គេចេះជួយខ្លួនឯងបានដោយពេលខ្លះមិនចាំបាច់ពឹងម្ដាយរបស់គេទេ ថែមទាំងចេះធ្វើត្រាប់តាមយើង ទៀតផង ហើយចេះបោះរបស់របរផ្សេងៗចោល និងចេះប្រើពាក្យបីម៉ាត់ជាប់ៗគ្នាថែមទៀតផង។
ការរីកលូតលាស់នៃរាងកាយកុមារ
- ធ្មេញ ៖ ធ្មេញជាប់លាប់ជាធ្មេញដែលមានចំនួន២៨ធ្មេញ និងបន្ថែមចំនួន៤ធ្មេញទៀតដែលជាធ្មេញថ្គាម តែវាមិនស្ថិតស្ថេរទេ វាអាចនឹងបាក់ទៅវិញនៅថ្ងៃណាមួយ។
- ទំហំក្បាល ៖ ជាធម្មតាក្បាលរបស់កុមារមានទំហំត្រឹមតែ៣០សង់ទីម៉ែត្រប៉ុណ្ណោះ នៅពេលដែលកុមារកើតមកភ្លាម។ ពេលដែលគេមានអាយុបាន៦ខែ ទំហំក្បាលរបស់គេអាចកើនឡើងដល់៤៣សង់ទីម៉ែត្រ និងនៅពេលដែលគេមានអាយុ១ឆ្នាំ ការរីក លូតលាស់របស់គេក៏មានការប្រែប្រួលទៅតាមអាយុកាលរបស់គេដែរ ធ្វើឱ្យទំហំក្បាលរបស់គេឡើងដល់៤៥សង់ទីម៉ែត្រ។ ហើយ រហូតទៅដល់គេឈានដល់វ័យចំណាស់ ការរីកលូតលាស់មិនសូវជាមានការប្រែប្រួលប៉ុន្មានទេគឺត្រឹមតែ៥៥សង់ទីម៉ែត្រតែប៉ុណ្ណោះ។
- កម្ពស់កុមារ ៖ នៅពេលទើបនឹងកើតមកភ្លាម គេមានកម្ពស់ប្រមាណជា៥០សង់ទីម៉ែត្រ ហើយមានការរីកលូតលាស់ ២.៥សង់ទីម៉ែត្រទៀតក្នុងមួយខែ ក្នុងដំណាក់កាល៦ខែដំបូង។ នៅពេលគេមានអាយុចាប់ពី៦ខែឡើងទៅដល់អាយុ១ឆ្នាំ គេមានការលូតលាស់តែ២សង់ទីម៉ែត្រប៉ុណ្ណោះក្នុងមួយខែ។ ពេលអាយុចាប់ពី១ឆ្នាំទៅដល់៩ឆ្នាំ គេលូតលាស់បានតែ១សង់ទីម៉ែត្រទេក្នុងមួយខែ។
- ទម្ងន់ខ្លួនរបស់កុមារ ៖ ជាធម្មតាចំពោះកុមារដែលមានអាយុ៥ខែ គេត្រូវមានទម្ងន់ខ្លួនស្មើនឹង២ដងនៃទម្ងន់ខ្លួនពេល កើត។ បើគេមានអាយុ១ឆ្នាំនោះ គេត្រូវមានទម្ងន់ស្មើនឹង៣ដងនៃទម្ងន់កើត ហើយនៅពេលដែលគេមានអាយុពី២ឆ្នាំទៅ៣ឆ្នាំ គេមានទម្ងន់៤ដងនៃទម្ងន់កើត និងជាចុងក្រោយគឺគេមានអាយុចាប់ពី៦ទៅ៧ឆ្នាំ គេមានទម្ងន់ស្មើនឹង៦ដងនៃទម្ងន់កើត។
ប្រការគួរចៀសវាងចំពោះកុមារ
កុមារភាគច្រើនតែងតែធ្វើអ្វីមួយទៅតាមចិត្ដខ្លួនដែលចង់ធ្វើ ពេលខ្លះទង្វើទាំងអស់នោះអាចប៉ះពាល់សុខភាពគេក៏ថាបាន។ ដូចនេះអាណាព្យាបាលមិនត្រូវបណ្ដែតបណ្ដាយកូនជ្រុលពេកទេ ត្រូវព្យាយាមតាមដានកូនគ្រប់ពេលវេលាទាំងរបបចំណីអាហារ និង អនាម័យ។ ណែនាំកូនកុំឱ្យលេងច្រើនពេក ត្រូវខិតខំព្យាយាមប្រាប់គេឱ្យបរិភាគអាហារដែលមានសារជាតិចិញ្ចឹមដល់សារពាង្គកាយ គេ និងអាចធ្វើឱ្យគេមានការលូតលាស់ល្អ សុខភាពរាងកាយល្អជាដើម។
ដំបូន្មានអ្នកជំនាញ
ការលូតលាស់របស់កុមារមានសារៈសំខាន់ខ្លាំងណាស់ លោកអ្នកជាអាណាព្យាបាលត្រូវតែយកចិត្ដទុកដាក់ចំពោះរឿង នេះ។ បើការលូតលាស់របស់កូនលោកអ្នកមិនប្រក្រតីទេនោះ លោកអ្នកអាចនាំយកកូនមកកាន់មន្ទីរពេទ្យ ដើម្បីពិគ្រោះយោបល់រក ចំណុចណាមួយដែលសមហេតុផលបំផុតសម្រាប់កូនៗរបស់លោកអ្នក។
បណ្ដាំផ្ញើ ៖ ទាក់ទងនឹងការលូតលាស់ខុសប្រក្រតីរបស់ទារក ទស្សនាវដ្ដី សុខភាពយើង នឹងបន្ដលើកយកមកជម្រាបជូននៅលេខ ក្រោយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply