គ្រាន់តែឮពាក្យថាមហារីក ត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាជម្ងឺមិនធម្មតាគួរឱ្យភ័យខ្លាច។ ជម្ងឺនេះជាជម្ងឺដែល គ្មាននរណាម្នាក់អាចមើលស្រាលបានឡើយ។ ព្រោះវាជាជម្ងឺបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេល វេលា។ នៅប្រទេសកម្ពុជា គេសង្កេតឃើញថាជម្ងឺមហារីកបំពង់អាហារច្រើនកើតនៅលើបុរសច្រើនជាងស្ដ្រី ដោយសារតែបុរសបានអនុវត្ដនូវកត្ដាមួយចំនួនដែលជាមូលហេតុបង្កឱ្យកើតមានជម្ងឺមហារីកបំពង់អាហារ។
ទស្សនាវដ្ដី សុខភាពយើង បានអញ្ជើញលោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកព្យាបាលជម្ងឺមហារីកនៃមន្ទីរពេទ្យ មិត្ដភាពខ្មែរសូវៀតធ្វើការបកស្រាយបំភ្លឺនូវប្រធានបទស្ដីពីជម្ងឺមហារីកបំពង់អាហារជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែងយល់។
ជម្ងឺមហារីកបំពង់អាហារ ជាអ្វី?
មហារីកបំពង់អាហារគឺជាដុំសាច់ដែលដុះរីកធំឡើងៗ ហើយមានការវិវត្ដន៍លឿនខុសប្រក្រតីកើតនៅលើបំពង់អាហារ បណ្ដាលឱ្យជិតបំពង់អាហារ បង្កើតជាមហារីកបំពង់អាហារ។
មូលហេតុបង្កមហារីកបំពង់អាហារ
គេសង្កេតឃើញថា ជម្ងឺមហារីកបំពង់អាហារច្រើនកើតនៅលើបុរសច្រើនជាងស្ដ្រី។ មូលហេតុដែលនាំឱ្យកើតមានជម្ងឺនេះ ដោយសារតែកត្ដាមួយចំនួនដូចតទៅ។
- បារី និងស្រា ៖ ការជក់បារីផង និងក្រេបសុរាផង ធ្វើឱ្យកើតជម្ងឺមហារីកបំពង់អាហារក្នុងអត្រាខ្ពស់
- ឈឺក្រពះ ៖ ការឈឺក្រពះដែលចាប់ផ្ដើមដំបូងមានអាការភើ ដោយសារទឹកអាស៊ីតចេញពីក្រពះឡើងមកក្រៅតាមបំពង់ អាហារដែលមានក្លិនជូរ ហើយភើជាញយដង មិនព្រមទៅធ្វើការព្យាបាលដោយចាត់ទុកថា ភើនេះជាភើធម្មតា។ រួចក៏ទុកភើនេះរាប់ ខែរាប់ឆ្នាំ នាំឱ្យទឹកអាស៊ីតក្រពះហូរកាត់តាមបំពង់អាហារញយដង ធ្វើឱ្យបំពង់អាហារមានការរលាករ៉ាំរ៉ៃកើតទៅជាជម្ងឺមហារីកបំពង់អាហារ។
- បំពង់អាហារមិនប្រក្រតីតាំងពីកំណើត ៖ អ្នកខ្លះកើតមកមានភាពបម្រែបម្រួលមិនប្រក្រតីខាងបំពង់អាហារ ដោយសារបំពង់អាហារមិនសូវធ្វើចលនា ជាហេតុធ្វើឱ្យបំពង់អាហារកើតជម្ងឺមហារីក
- ភាពបម្រែបម្រួលហ្សែន ៖ ដោយសារតែហ្សែនមានបម្រែបម្រួលមិនប្រក្រតីនៅក្នុងខ្លួន ធ្វើឱ្យការលូតលាស់ធ្វើចលនា មិនធម្មតាមានតាំងពីចាប់កំណើតនៅក្នុងផ្ទៃ ជាហេតុងាយកើតជម្ងឺមហារីកបំពង់អាហារ។
- ចំណីអាហារ ៖ ការទទួលទានត្រីងៀត ឬត្រីប្រឡាក់ផ្សេងទៀត និងត្រីឆ្អើរក៏បណ្ដាលឱ្យកើតជម្ងឺមហារីកបំពង់អាហារដែរ។ ដោយសារត្រីប្រឡាក់ ឬត្រីងៀតទាំងនោះផ្សំឡើងពីអំបិល និងប្រូតេអ៊ីនសាច់ត្រីហាលថ្ងៃ បានចាប់យកវីតាមីនឌីពីកាំរស្មីព្រះអាទិត្យ បណ្ដាលទៅជាសារធាតុគីមីដែលមានឈ្មោះនីត្រូហ្សាមីន ដែលងាយធ្វើឱ្យបំពង់អាហារ ក្រពះ និងពោះវៀនធំកើតជម្ងឺមហារីក។
រោគសញ្ញាមហារីកបំពង់អាហារ
នៅដំណាក់កាលដំបូង ជម្ងឺមហារីកបំពង់អាហារមិនបានបញ្ចេញនូវអាការ ឬរូបភាពណាមួយឱ្យលោកអ្នកបានដឹងទេ។ ប៉ុន្ដែជម្ងឺនេះបានលេចធ្លោនូវរោគសញ្ញាមួយចំនួនដែលស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរទៅវិញ។ រូបភាពដែលស្ដែងចេញនោះ មានដូច ជា ៖
- ទទួលទានបាយ ឬទទួលទានចំណីអាហារណាដែលរឹង មានការអួលរហូតធ្វើឱ្យអួលរបស់រាវ ដូចជាទឹកជាដើម
- មានការចុកអួលនៅខាងក្រោយសន្ទះទ្រូង
- ទទួលទានអាហារអ្វីចេះតែក្អួត
- និងអាចមានការក្អួតចេញឈាម។
ផលប៉ះពាលនៃមហារីកបំពង់អាហារ
ប្រសិនបើលោកអ្នកកើតមានជម្ងឺមហារីកបំពង់អាហារ ប្រាកដជាធ្វើឱ្យលោកអ្នកមានរាងកាយស្គមស្គាំង ព្រោះស្រកទម្ងន់ ដោយសារតែញ៉ាំអ្វីមិនបាន ធ្វើឱ្យទឹកមុខស្លេកស្លាំង គ្មានកម្លាំងកំហែង។ ម្យ៉ាងទៀត បើបំពង់អាហារមានជម្ងឺអាចមានការរីករាល ដាលទៅដល់សួតដែលស្ថិតនៅសងខាងបំពង់អាហារ បណ្ដាលឱ្យមានក្អួតធ្លាក់ឈាម និងឆាប់ហត់។ មិនតែប៉ុណ្ណោះមានការរីករាល ដាលទៅដល់ថ្លើម ជាហេតុធ្វើឱ្យខូចមុខងារនៃថ្លើម រួចក៏បណ្ដាលឱ្យមនុស្សស្លាប់។ ថ្លើមមានមុខងារប្រៀបដូចទៅនឹងក្រសួងហិរញ្ញវត្ថុ ដែលជាអ្នកបែងចែកថាមពលអាហារទៅឱ្យកោសិកាទាំងអស់។ ដូចនេះបើមុខងារនៃថ្លើមខូច ធ្វើឱ្យកោសិកាទាំងអស់មិនបានទទួល ចំណីអាហារ ហើយជាតិពុលមានពេញនៅក្នុងឈាម បណ្ដាលឱ្យមនុស្សស្លាប់។
វិធីបង្ការមហារីកបំពង់អាហារ
ដូចដែលបានរៀបរាប់ជូនខាងលើរួចមកហើយថា ការជក់បារី និងក្រេបសុរា ជាមូលហេតុបង្កឱ្យបំពង់អាហារមានជម្ងឺមហារីក។ ដូចនេះប្រសិនបើលោកអ្នកកុំជក់បារី និងក្រេបសុរា គឺជាវិធីទប់ស្កាត់ដ៏ប្រសើរមួយមិនឱ្យកើតមានជម្ងឺ។ បើមានអាការភើវិញ ត្រឹម២ ឬ៣ដងក្នុង១ថ្ងៃ ត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាម ដើម្បីធ្វើការព្យាបាល ព្រោះវាជារោគសញ្ញាដំបូងរបស់ជម្ងឺក្រពះ។ ព្រោះកាលណាលោកអ្នកបណ្ដោយឱ្យភើនេះកើតឡើងជាញឹកញាប់ យូរៗទៅធ្វើឱ្យបំពង់អាហារទៅជារលាករ៉ាំរ៉ៃកើតជាជម្ងឺមហារីកបំពង់អាហារ។ មធ្យោបាយដ៏ល្អមួយទៀត គឺលោកអ្នកគួរឧស្សាហ៍ទៅមន្ទីរពេទ្យឱ្យបានញឹកញាប់ ដើម្បីឆ្លុះមើលបំពង់អាហារខ្លាចមាន បញ្ហា។ ទោះបីជាគ្រូពេទ្យពិនិត្យឃើញថា កើតមានជម្ងឺមែនក៏អាចស្ថិតនៅដំណាក់កាលដំបូងដែរ ហើយមានសង្ឃឹមច្រើនក្នុងការ ព្យាបាលសង្គ្រោះជីវិត។
ការព្យាបាលជម្ងឺមហារីកបំពង់អាហារ
បើសិនជាជម្ងឺមហារីកបំពង់អាហារចាប់ផ្ដើមកើតតិចៗ រួចអ្នកជម្ងឺប្រញាប់មកមន្ទីរពេទ្យ នោះគ្រូពេទ្យអាចធ្វើការព្យាបាលជាសះស្បើយបាន១០០ភាគរយ។ ប៉ុន្ដែមហារីកបំពង់អាហារចាប់ផ្ដើមកើតដំណាក់កាលដំបូង ពុំបង្ហាញអាការណាមួយឱ្យអ្នក ជម្ងឺបានដឹងទេ។ ដូចនេះទម្រាំតែអ្នកជម្ងឺបានដឹងថាខ្លួនកើតមានជម្ងឺនេះនោះ មានការហួសពេលទៅហើយ ព្រោះជម្ងឺនេះស្ថិតនៅដំណាក់កាលធ្ងន់ធ្ងរ។ គ្រូពេទ្យត្រូវព្យាបាលដោយស្អំ ដោយកាំរស្មី និងប្រើថ្នាំគីមី ដើម្បីឱ្យដុំសាច់រាប និងកូនកណ្ដុរដែលនៅជុំវិញបំពង់អាហារឱ្យរាបអស់សិន។ បន្ទាប់មកទើបធ្វើការវះកាត់បំពង់អាហារចេញ ហើយយកពោះវៀនយកទៅតធ្វើជាបំពង់អាហារ។ ការព្យាបាលនេះភាគច្រើនគ្រាន់តែពន្យារជីវិតអ្នកជម្ងឺតែប៉ុណ្ណោះ មានតែ២០ភាគរយប៉ុណ្ណោះអាចជាសះស្បើយ។
ដំបូន្មានអ្នកឯកទេស
ប្រភេទជម្ងឺមហារីកជាជម្ងឺកាចសាហាវ ដែលគ្រូពេទ្យកម្រធ្វើការព្យាបាលបានជោគជ័យណាស់។ ដូច្នេះលោកអ្នកគួរតែ ឧស្សាហ៍ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពឱ្យបានញឹកញាប់ ចៀសវាងសុខភាពមានបញ្ហា ដូចជាកើតមានជម្ងឺផ្សេងៗ។ ការធ្វើបែប នេះជាមធ្យោបាយដ៏ល្អប្រសើរចំពោះលោកអ្នក ព្រោះមានតែរកជម្ងឺមហារីកបំពង់អាហារឃើញនៅដំណាក់ដំបូងៗទេ ដែលអាច ព្យាបាលបានជាសះស្បើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply