បេះដូងជាផ្នែកមួយដ៏សំខាន់នៃសព៌ាង្គកាយរបស់មនុស្សសត្វ។ វាឋិតនៅផ្នែកខាងក្នុងនៃរាងកាយ មានតួនាទីច្របាច់ផ្លាស់ប្ដូរចរន្ដឈាម និងបញ្ជូនឈាមទៅក្នុងខួរក្បាល ក៏ដូចជាគ្រប់ទីកន្លែងសព្វសព៌ាង្គកាយ។ ដូចនេះប្រសិនបើបេះដូងរបស់យើងមាន បញ្ហា នោះជីវិតរបស់យើងហាក់កំពុងឈានទៅរកភាពសូន្យសុងយ៉ាងដូច្នេះដែរ ដោយទន្ទឹមនឹងការព្យាបាលមានតម្លៃខ្ពស់ ប្រសិទ្ធ ភាពនៃការព្យាបាលក៏មិនប្រាកដថាផ្ដល់នូវផលវិជ្ជមានសម្រាប់អ្នកជម្ងឺទូទៅនោះទេ។
នៅក្នុងលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកបញ្ហាឈាមកកក្នុងបេះដូងមកបង្ហាញជូនមិត្ដអ្នកអានដើម្បីជា ការស្វែងយល់ ដោយមានលោកវេជ្ជបណ្ឌិត ឈី ប្រកប ឯកទេសជម្ងឺទូទៅ និងបេះដូង នៅមន្ទីរពេទ្យព្រះកុសុមៈជាអ្នកប្រឹក្សា។
ឈាមកកក្នុងបេះដូង ជាអ្វី?
ឈាមកកក្នុងបេះដូងជាការកើតមានឡើងនូវដុំកំណកឈាមតូច ឬធំនៅក្នុងថង់បេះដូង ទៅតាមប្រភេទនៃជម្ងឺបេះដូង ផ្សេងៗ(ជម្ងឺប្រើសបេះដូង ស្ទះសរសៃឈាមបេះដូង ខ្សោយបេះដូងជាដើម) ដែលងាយបង្កឱ្យមានគ្រោះថ្នាក់នៃការស្ទះសរសៃឈាម ណាមួយ ជាពិសេសសរសៃឈាមខួរក្បាល ដែលប៉ះពាល់ធ្ងន់ធ្ងរទៅលើអាយុជីវិតអ្នកជម្ងឺ។
មូលហេតុបង្កឈាមកកក្នុងបេះដូង
បុគ្គលមានជម្ងឺបេះដូងមួយចំនួនអាចប្រឈមមុខនឹងការកកឈាមនៅក្នុងបេះដូង។ ជម្ងឺបេះដូងទាំងនោះមានដូចជាជម្ងឺ ខូចប្រើសបេះដូងពីកំណើត ជម្ងឺខ្សោយបេះដូង វិបត្ដិចង្វាក់បេះដូង ជម្ងឺស្ទះសរសៃឈាមបេះដូងជាដើម។
ដំណើរការកកឈាមនេះត្រូវបានប្រៀបប្រដូចទៅនឹងការទុកទឹកក្នុងកែវរយៈពេលយូរដូច្នេះដែរ។ ចំពោះទឹកនៅក្នុងកែវ នៅពេលទុករយៈពេលយូរ យើងនឹងឃើញមានការរងនូវកករនៅបាតកែវ។ ដូចគ្នានេះដែរបេះដូងរបស់យើងនៅពេលដែលឈាម ចាល់ឡើងនៅក្នុងថង់បេះដូងនោះ វាក៏បង្កឱ្យមានការរងឈាមដែលយូរទៅវិវត្ដទៅជាដុំកំណកឈាមតូច ឬធំ។ ហើយកំណកឈាម នេះហូរទៅតាមចរន្ដឈាម បណ្ដាលឱ្យមានការកកស្ទះនៅសរសៃឈាមណាមួយ ជាពិសេសសរសៃឈាមខួរក្បាលដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតយើង។
រោគសញ្ញាជម្ងឺឈាមកកក្នុងបេះដូង
រោគសញ្ញាដែលបង្ហាញផ្ទាល់ពីការកកឈាមនៅក្នុងបេះដូងពុំមាននោះទេ លុះត្រាតែមានការប៉ះពាល់ទៅលើសរសៃឈាម ណាមួយ ជាពិសេសការស្ទះសរសៃឈាមដែលបណ្ដាលមកពីកំណកឈាមនៅក្នុងថង់បេះដូង ទើបវាស្ដែងចេញរោគសញ្ញាទៅតាម សរីរាង្គដែលប៉ះពាល់នោះ។ ជាឧទាហរណ៍ នៅពេលដែលមានដុំកំណកឈាមក្នុងថង់បេះដូង វាបង្កឱ្យមានការស្ទះសរសៃឈាមខួរ ក្បាល ហើយស្ដែងចេញរោគសញ្ញាមួយចំនួន ដូចជាងងឹតភ្នែក វៀចមាត់ ពិការអវយវៈជាដើម។
ផលវិបាកដែលបង្កឡើងដោយឈាមកកក្នុងបេះដូង
នៅពេលដែលមនុស្សម្នាក់មានការកកឈាមនៅក្នុងបេះដូង បុគ្គលនោះមានការប្រឈមខ្ពស់ទៅនឹងការស្ទះសរសៃឈាម នៅកន្លែងណាមួយផ្សេងទៀត ដែលបង្កជាផលវិបាកធ្ងន់ធ្ងរចំពោះអ្នកជម្ងឺ ដូចជាធ្វើឱ្យពិការ ស្ពឹកដៃស្ពឹកជើង ស្លាប់មួយចំហៀងខ្លួនជាដើម។ កត្ដានេះហើយដែលយើងគួរតែត្រូវយកចិត្ដទុកដាក់ធ្វើការព្យាបាលនៅពេលដែលខ្លួនកំពុងមានបញ្ហាបេះដូងកើតឡើង ដើម្បីចៀសវាងគ្រោះថ្នាក់ដែលកើតឡើងពីវិបត្ដិកកឈាមក្នុងបេះដូង។
វិធីព្យាបាលឈាមកកក្នុងបេះដូង
គ្រប់ប្រភេទនៃជម្ងឺបេះដូងទាំងអស់សុទ្ធតែអាចបណ្ដាលឱ្យមានការកកឈាមនៅក្នុងបេះដូង។ ដូចនេះដើម្បីព្យាបាលជម្ងឺ ឈាមកកនៅក្នុងបេះដូង គឺត្រូវរកមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យមានការកកឈាមនោះ។ មានជម្ងឺដែលជួបប្រទះច្រើនជាងគេគឺជម្ងឺវិបត្ដិចង្វាក់បេះដូង ជម្ងឺស្ទះ ឬខូចប្រើសបេះដូង ជម្ងឺរលាកបេះដូង ជម្ងឺស្ទះសរសៃឈាមបេះដូងជាដើម។ ចំពោះការប្រើប្រាស់ថ្នាំ គឺអ្នកជម្ងឺអាចប្រើប្រាស់ថ្នាំអាស្ពេរីនក្នុងកម្រិតពី៧៥មីលីក្រាមទៅ៣០០មីលីក្រាម។ ថ្នាំនេះសាមញ្ញបំផុត មានប្រសិទ្ធភាពខ្ពស់ក្នុង ការការពារជម្ងឺកកឈាមនៅក្នុងបេះដូង។ ក៏ប៉ុន្ដែរាល់ការប្រើប្រាស់ត្រូវតែធ្វើឡើងដោយមានការពិនិត្យ និងណែនាំពីលោកវេជ្ជបណ្ឌិត ជំនាញ។ ថ្នាំមួយប្រភេទទៀតក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើការព្យាបាលជម្ងឺឈាមកកក្នុងបេះដូងប្រភេទខ្លះផងដែរ គឺការប្រើប្រាស់ថ្នាំ ពង្រាវឈាម។ ថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ជាងថ្នាំអាស្ពេរីន ក៏ប៉ុន្ដែថ្នាំនេះក៏ផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ ចំពោះការប្រើប្រាស់ដោយ គ្មានការពិគ្រោះត្រឹមត្រូវជាមួយវេជ្ជបណ្ឌិតជំនាញ។
វិធីបង្ការឈាមកកក្នុងបេះដូង
វិធីបង្ការនេះត្រូវធ្វើឡើងដោយផ្ទាល់ចេញពីខ្លួនឯង។ យើងដឹងហើយថាជម្ងឺឈាមកកក្នុងបេះដូងនេះពុំមានរោគសញ្ញាអ្វី ពិតប្រាកដនោះទេ អាចនិយាយបានថាពុំមានរោគសញ្ញានោះទេ។ ហេតុនេះដើម្បីបង្ការកុំឱ្យមានបញ្ហានេះកើតឡើង គឺយើងម្នាក់ៗត្រូវធ្វើការតាមដានខ្លួនឯងជាមុនសិន ថាតើខ្លួនឯងផ្ទាល់មានបញ្ហាបេះដូងដែរឬទេ។ ដូចនេះដើម្បីឱ្យមានទំនុកចិត្ដពិតប្រាកដគឺត្រូវមកធ្វើការពិភាក្សាជាមួយគ្រូពេទ្យប្រយោជន៍បានដឹងថាជម្ងឺនោះអាចបណ្ដាលឱ្យមានការកកឈាមនៅក្នុងបេះដូងដែរឬអត់។ ប្រសិនបើជម្ងឺនោះអាចធ្វើឱ្យឈាមនៅក្នុងបេះដូងកក គ្រូពេទ្យនឹងធ្វើការការពារទប់ស្កាត់ដោយប្រើប្រាស់ថ្នាំវេជ្ជសាស្ដ្រ។
ដំបូន្មានអ្នកប្រឹក្សា
ការពារប្រសើរជាងព្យាបាល ហើយក៏មានប្រសិទ្ធភាពខ្ពស់ជាងការព្យាបាលផងដែរ។ រាល់ការព្យាបាលជម្ងឺផ្សេងៗ មិនតែចំពោះជម្ងឺកកឈាមបេះដូងតែមួយនោះទេ អ្នកជម្ងឺគួរពិភាក្សាពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន ចៀសវាងការ ប្រើប្រាស់ថ្នាំតាមទម្លាប់តៗគ្នា ដោយគ្រាន់តែទិញពីផ្សារមកគ្មានវេជ្ជបញ្ជា ឬគ្មានការប្រឹក្សានោះទេ។ ទង្វើបែបនេះ អាចបង្កឱ្យមានផលវិបាកដល់សុខភាពយើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply