ខ្ញុំមាន​ថ្លើមរីក

ថ្លើមគឺ​ជាសរីរាង្គ​មួយក្នុង​ចំណោម​សរីរាង្គ​ជា​ច្រើនទៀត​ដែលមាន​នៅក្នុង​រាងកាយ​របស់​មនុស្ស។ វាមាន​តួនាទី​យ៉ាង​សំខាន់ នៅក្នុង​ការ​បំប្លែង និង​ស្រូបយក​សារធាតុ​ពុលផ្សេងៗ​ដែល​ចូលទៅ​ក្នុងខ្លួន​មនុស្ស តាមរយៈ​ការ​ទទួល​ទាន​អាហារ ឬថ្នាំ​សង្កូវ។ ថ្លើមរីក​គឺជា​ជម្ងឺមួយ​ប្រភេទ​ដែលផ្ដល់​ឥទ្ធិពល​អាក្រក់ និង​ពិបាក​ព្យាបាល។ តើពិត​ឬក៏​យ៉ាងណា?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត សាន់ ចាន់ណា ឯកទេស​ជម្ងឺថ្លើម ពោះវៀន និង​ក្រពះ នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត បានធ្វើ​ការ​បកស្រាយ បញ្ហា​ថ្លើមរីក​ជូន​លោកអ្នក​អាន។

លក្ខណៈ​ថ្លើមរីក

ថ្លើមរីក​មិនមែន​ជាប្រភេទ​នៃជម្ងឺ​នោះទេ។ វា​គ្រាន់តែ​ជាអាការ​រោគ​សញ្ញា​មួយដែល​ស្ដែងចេញ​នៅពេល​មានជម្ងឺ​ផ្សេងៗ កើត​មាន និង​ជះឥទ្ធិពល​ទៅលើ​វាប៉ុណ្ណោះ។ ថ្លើមរីក​អាច​ធូរស្រាល​វិលទៅ​រកសភាព​ដើមវិញ​បាន ដរាបណា​ជម្ងឺ​ដែលបង្ក​ហេតុទាំង អស់​នោះត្រូវបាន​ធ្វើការ​ព្យាបាល​ជា​សះស្បើយ។

រោគសញ្ញា និង​ការវិភាគ

គេអាច​ដឹងថា​មាន​បញ្ហា​ថ្លើមរីក​ទៅបាន គឺ​អាស្រ័យ​ទៅលើការ​ធ្វើរោគ​វិនិច្ឆ័យ​របស់អ្នក​ជំនាញ។ គេអាច​សន្និដ្ឋាន​បាន នៅពេល​ដែលអ្នក​ជំនាញ​ធ្វើការវិភាគ និង​ពិនិត្យ​ទៅលើ​ទីតាំង​របស់ថ្លើម​នៅលើ​ពោះ​ខាងក្រោម​ឆ្អឹង​ជំនីរ​ខាងស្ដាំ ដោយ​យកដៃ​ស្ទាប ចុចនិង​គោះ ទើបដឹង​ថាថ្លើម​មាន​ទំហំ​ធំជាង​ប្រក្រតី ឬពិនិត្យ​ទៅឃើញ​ថា ថ្លើមមាន​ទំហំ​ធំលើស​ពី១២​សង់ទីម៉ែត្រ។ ម្យ៉ាងវិញ​ទៀតគេអាច​មើលឃើញ​ស្នាម​ទុលនៅ​តំបន់​ក្រោមឆ្អឹង​ជំនីរ​ខាងស្ដាំ នៅពេល​ដែលថ្លើម​មានសភាពរីក​ធំខ្លាំង។ លើសពី​នេះទៅ​ទៀត គេអាចដឹង​ច្បាស់ដោយ​ធ្វើការ​វិភាគ​ទៅលើ​ការថត​ឆ្លុះ​អេកូសាស្ដ្រ។

មូលហេតុ​បង្ក​ថ្លើមរីក

បើយោង​ទៅតាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បញ្ជាក់ថា ថ្លើមរីក​គឺ​បណ្ដាល​មកពី​មូលហេតុ​ជាច្រើន។

1 . បណ្ដាល​មកពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង ៖ ពិតមែន​តែការ​ទទួលទាន​ស្រាអាច​ជាជំនួយ​ដល់​សុខភាព ជាពិសេស អាចជួយ​សម្រួល​ដល់ការ​រំលាយ​អាហារ ដែលស្ថិត​នៅក្នុង​បរិមាណ​មួយ​សមស្រប។ ផ្ទុយ​ទៅវិញ នៅពេល​ដែលសេព​គ្រឿង​ស្រវឹង​ច្រើនហួស​កម្រិត វាក៏​អាចធ្វើ​ឱ្យមាន​បញ្ហា​ទៅដល់​សុខភាព​យ៉ាងពិត​ប្រាកដ។ អ្វីដែល​ទទួល​រងនូវ​ឥទ្ធិពល​អាក្រក់​ពីការ​ទទួលទាន​គ្រឿងស្រវឹង​នោះគឺ​ថ្លើម ដែលជា​ប្រព័ន្ធ​សរីរាង្គ​មួយមាន​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការស្រូប​យកសារធាតុ​ពុល​នៅក្នុង​រាងកាយ​របស់ មនុស្ស។

2 . បណ្ដាល​មកពីការ​ទទួលទាន​ឱសថ​ដែល​មិនមាន​វេជ្ជបញ្ជា ៖ ការ​ប្រើប្រាស់​ឱសថ​ដោយ​ពុំមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ អាចធ្វើ​ឱ្យមាន​ការ​រលាកថ្លើម ក៏ជា​មូលហេតុ​មួយដែល​បណ្ដាលឱ្យ​ថ្លើមរីក​បានដែរ។ លើសពី​នេះទៅ​ទៀត ការ​ទទួលទាន​ឱសថ​ដោយ គ្មាន​វេជ្ជបញ្ជា មិន​ត្រឹមតែ​ធ្វើឱ្យ​ថ្លើមរីក​ប៉ុណ្ណោះ​ទេ តែវាក៏​អាចជា​មូលហេតុ​ដែល​បង្កឱ្យមាន​កើតជម្ងឺ​ផ្សេងៗ​ជា​ច្រើនទៀត ដូចជា​ជម្ងឺ ក្រពះ ជម្ងឺ​ស្អិតពោះវៀន ជម្ងឺ​តម្រងនោម​ជាដើម។

3 . បណ្ដាល​មកពី​ជម្ងឺ ៖ ជម្ងឺ​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្ដាលឱ្យ​ថ្លើមរីក។ ដោយសារ​តែថ្លើម​ជាសរីរាង្គ​សំខាន់​នៅក្នុង​រាងកាយ ដោយ​ទទួល​បន្ទុកក្នុង​ការ​ចម្រាញ់​សារធាតុ​ពុល​ទាំងឡាយ និងមាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​បណ្ដា​ប្រព័ន្ធ​នៅក្នុង រាងកាយ។ ដូច្នេះ​នៅពេល​ដែលមាន​ជម្ងឺ ឬមាន​ផល​ប៉ះពាល់​ទៅលើ​ផ្នែក​សរីរាង្គ​ណាមួយ​នោះ ថ្លើមនឹង​មាន​ប្រតិកម្ម​រីកធំ។ ជម្ងឺ​ដែលអាច​បណ្ដាល​ឱ្យថ្លើម​រីក មាន​ដូចជា​ជម្ងឺ​រលាក​ថ្លើមបេ និង​សេ ជម្ងឺ​ក្រិនថ្លើម មហារីក​ថ្លើម បូសថ្លើម ជម្ងឺ​ខ្សោយ​បេះដូង ជម្ងឺ​ដែលបណ្ដាល​មកពី​វីរុស បាក់តេរី ឬ​ប៉ារ៉ាស៊ីត​មួយចំនួន ឬ​ជម្ងឺ​ធាត់​ជាដើម។ ចំពោះ​ជម្ងឺ​ធាត់អាច​ជះឥទ្ធិពល និង​ធ្វើឱ្យ​ថ្លើមរីក​បានដោយ​សារតែ​បណ្ដាល​មកពី​ការកក​ជាតិខ្លាញ់​នៅក្នុង​ថ្លើម។

វិធី​សាស្ដ្រ​ព្យាបាល​ថ្លើមរីក

នៅក្នុង​វិធីសាស្ដ្រ​នៃការ​ព្យាបាល​បញ្ហា​ថ្លើមរីក ឬថ្លើម​ធំនេះ អ្នក​ជំនាញ​អាចធ្វើ​ទៅតាម​ប្រភេទ​នៃជម្ងឺ​នីមួយៗ​ដែល​បង្ក ឡើង។ ឧទាហរណ៍ នៅពេល​ដែលគេ​ពិនិត្យ​ទៅឃើញ​ថា បញ្ហា​ថ្លើមរីក​គឺ​បណ្ដាល​មកពី​ជម្ងឺថ្លើម​(រលាកថ្លើម ក្រិនថ្លើម មហារីក ថ្លើម) នោះអ្នក​ជំនាញ​នឹងធ្វើ​ការ​ព្យាបាល​យ៉ាង​យកចិត្ដ​ទុកដាក់​បំផុត​ទៅលើ​ជម្ងឺថ្លើម​នោះ។ ប៉ុន្ដែ​បើ​ពិនិត្យ​ទៅឃើញ​ថា វាមាន​ទាក់ ទង​ជាមួយ​ជម្ងឺ​បេះដូង នោះគេ​នឹងធ្វើ​ការ​ព្យាបាល​ទៅលើ​ជម្ងឺ​បេះដូង។ សរុបរួម វិធី​សាស្ដ្រ​នៅក្នុង​ការ​ព្យាបាល ដាច់ខាត់​គឺត្រូវ​ធ្វើការព្យាបាល​ទៅលើ​ជម្ងឺ​នីមួយៗ​ដែលបង្ក​ជាមុន នោះ​បញ្ហាថ្លើម​រីក​នឹងបាត់​ទៅវិញ ឬ​ធូរស្រាល​តាម​ក្រោយ។

ផល​ប៉ះពាល់​បណ្ដាល​មកពី​ថ្លើមរីក

បើតាម​ការ​សង្កេត​មើល​ឃើញ​ថា ផល​លំបាក​ដែល​ទទួលបាន​មកពី​បញ្ហា​ថ្លើមរីក​នេះ គឺវា​អាស្រ័យ​ទៅលើ​ប្រភេទ​នៃជម្ងឺ​នីមួយៗ។ ផល​លំបាក​ទាំងអស់​នេះនឹង​បាត់ទៅ​វិញ ឬ​ធូរស្រាល​នៅពេល​ណាដែល​ធ្វើការ​ព្យាបាល​មូលហេតុ​ដើមនៃ​ជម្ងឺដែល​បង្កនោះជា​សះស្បើយ។ ប៉ុន្ដែ​នៅក្នុង​ករណី​ដែល​មិនបាន​ធ្វើការ​ព្យាបាល​ជម្ងឺ​ដែលបង្ក​ឱ្យមាន​បញ្ហា​ថ្លើមរីក​នោះឱ្យ​ទាន់ពេល​វេលា​នោះទេ វានឹង​បង្កឱ្យ​មានផល​លំបាក​កាន់តែ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀតទៅ​លើថ្លើម ឬអាច​បណ្ដាលឱ្យ​មានការ​បាត់បង់​អាយុ​ជីវិត​ក៏មាន។

ប្រការ​គួរ​ប្រតិបត្ដិ​ពេលមាន​ថ្លើមរីក

នៅពេល​ដែល​ដឹងថា​មានបញ្ហា​ថ្លើមរីក ឬ​ថ្លើមធំ គួរ​គប្បី​ត្រូវចេះ​ថែរក្សា​ខ្លួនឱ្យ​បានល្អ។ នៅពេល​ដែលរក​ឃើញនូវ​ប្រភេទ ឬ​មូលហេតុ​ដែលបង្ក ត្រូវ​ប្រញាប់​ទៅរក​ការ​ព្យាបាល​ជាបន្ទាន់ ចៀសវាង​បង្អង់​យូរ នាំឱ្យ​មានផល​លំបាក​ក្នុងការ​ព្យាបាល។ ម្យ៉ាង​វិញទៀត​រាល់​ចំណី​អាហារ​ដែល​បរិភោគ​ត្រូវមាន​អនាម័យ​ជាប់​ជានិច្ច ចៀសវាង​នាំសារ​ធាតុពុល​ចូលក្នុង​រាងកាយ ដែល​ជាមូល​ហេតុធ្វើ​ឱ្យមាន​ការ​លំបាក​ទៅដល់​ថ្លើម។

វិធី​បង្ការ​កុំឱ្យ​ថ្លើមរីក

វិធី​ការពារ​ពី​ថ្លើមរីក មិនមាន​អ្វី​ពិបាក​នោះទេ ដោយ​គ្រាន់តែ​លោកអ្នក​ត្រូវ​ចៀសឱ្យ​ផុតនូវ​ជម្ងឺ​មួយចំនួន​ដែលបាន​រៀបរាប់ខាងលើ​តែ​ប៉ុណ្ណោះ។ កាលណា​លោកអ្នក​កើតជម្ងឺ​មួយចំនួន​ដែលបាន​រៀបរាប់​ខាងលើ នោះជា​មូលហេតុ​ដែល​ធ្វើឱ្យ​ថ្លើមអ្នក​រីក ឬ​ថ្លើមធំ​ហើយ។ មួយ​វិញទៀត លោកអ្នក​ត្រូវមាន​អនាម័យ​ខ្លួនប្រាណ និង​បរិស្ថាន​ជុំវិញ​ខ្លួន​ផងដែរ ទើបអាច​ចៀសផុត​ពី​ជម្ងឺនានា​បាន ហើយ​ថែមទាំង​មិនធ្វើ​ឱ្យថ្លើម​លោកអ្នក​រីក​ទៀតផង។

ដំបូន្មាន​អ្នក​ឯកទេស

បើ​លោកអ្នក​មាន​បញ្ហា​ថ្លើមរីក ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ និង​វិធី​ព្យាបាល។ គួរចាក់​ថ្នាំបង្ការ​រលាកថ្លើម​ប្រភេទ​បេ។ ការ​ទទួលទាន​សុរា​ត្រូវមាន​កម្រិត ជាពិសេស​ត្រូវ​ចៀសវាង​នូវការ​ប្រើប្រាស់​ឱសថ​ដែល​ពុំមាន​ការ​អនុញ្ញាត និង​វេជ្ជបញ្ជា​ពីអ្នក​ជំនាញ។ ម្យ៉ាងវិញ​ទៀត ត្រូវ​រស់នៅ​ប្រកប​ទៅដោយ​អនាម័យ ដើម្បី​កុំឱ្យ​កើតនូវ​ជម្ងឺ​ឆ្លង និង​ត្រូវមាន​លំហាត់​ប្រាណ​ឱ្យបាន​ទៀងទាត់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *