អាហារ​សម្រាប់​ក្មេងវ័យ​សិក្សា

ការ​ផ្ដល់​អាហារ​សម្រាប់​កុមារ ត្រូវមាន​បរិមាណ​សមស្រប​នៃចំណី​អាហារ​ក្នុងគ្រួសារ​ចំនួន​៣ពេល​ក្នុងមួយ​ថ្ងៃ និង​មាន អាហារ​បន្ថែម​ចំនួន២​ពេលទៀត​ក្នុងមួយ​ថ្ងៃ។ អាហារ​មួយចំនួន​ដែលអាច​ធ្វើឱ្យ​កុមារ​មានការ​ធំធាត់ និងមាន​ប្រាជ្ញា​ឈ្លាសវៃ មាន​ពពួក​វីតាមីន​ជាច្រើន​មុខ ដែល​មាតាបិតា​ទាំងអស់​អាចនឹង​រកបាន​នៅក្នុង​សហគមន៍​របស់ខ្លួន​ផ្ទាល់។ អាហារ​សម្រាប់​ផ្ដល់ឱ្យកុមារ​គឺមាន​សារៈសំខាន់​ណាស់ ចំពោះ​ការ​លូតលាស់​របស់​ក្មេង ទាំង​រូបរាង​កាយ និង​ទាំងប្រាជ្ញា​ស្មារតី ភាពវៃ​ឆ្លាត​របស់គេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅពេល​នេះ មាតាបិតា​ទាំងអស់​ពិតជា​បានជ្រាប​អំពី​ការផ្ដល់​ចំណី​អាហារ​បែបណា ដើម្បី​ជំនួយឱ្យ​កុមារ​មានការ​រីកលូត លាស់​ខាង​ប្រាជ្ញា ឈ្លាសវៃ​ក្នុងការ​សិក្សា។ នៅក្នុង​លេខនេះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​ការ​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ហែម សុខហន ឯកទេស​ចំណី​អាហារូត្ថម្ភ​កុមារ ជម្ងឺ​រាករូស​លើបញ្ហា​នេះ។

អាហារ​សម្រាប់​ក្មេងវ័យ​សិក្សា

ក្នុងវ័យនេះ មាតាបិតា​ទាំងអស់​គួរឱ្យ​ក្មេង​បរិភោគ​ចំណី​អាហារ​ណាដែល​សម្បូរ​ទៅដោយ​សារជាតិ​គ្រប់មុខ និង​បរិភោគឱ្យបាន​សមស្រប​គឺមួយ​ថ្ងៃ៣ពេល និងមាន​អាហារ​ក្រៅពេល​២ដងទៀត​ក្នុងមួយ​ថ្ងៃ។ អាហារ​ក្រៅពេល មាតាបិតា​អាចផ្ដល់​ឱ្យកូនៗរបស់​ខ្លួនបាន ដូចជា​ម៉ោង៩​ព្រឹក និងម៉ោង​៣ល្ងាច​ម្ដងទៀត។ ហើយ​អាហារ​ទាំងនោះ​ជាអាហារ​ងាយៗ​ដែលមាន​ដូចជា​ទឹក​សណ្ដែក នំធ្វើ​អំពី​ផ្លែឈី នំធ្វើ​ពីចេក ពីល្ពៅ និង​ពីដំឡូង​ជ្វា ដែល​អាហារ​ទាំងនេះ​យើងងាយ​នឹងរក​ណាស់​នៅក្នុង​សហគមន៍​ដែល​រស់នៅប្រចាំ​ថ្ងៃ។ ចៀសវាង​ការឱ្យ​កុមារ​ញ៉ាំចំណី​អាហារ​ប្រភេទ​មាន​សារជាតិ​លាយផ្សំ​ច្រើន ផលិត​ឡើង​ដោយសារ​ជាតិ​គីមី មិនត្រូវឱ្យ​កុមារ​បរិភោគ​ទេ ព្រោះវា​អាចធ្វើ​ឱ្យកុមារ​គ្មានការ​លូតលាស់ គ្មាន​សុខភាព​ល្អ អាប់​បញ្ញា​ជាដើម។

ប្រភេទ​ចំណី​អាហារ

អាហារ​ដែល​បរិភោគ​ជា​រៀងរាល់​ថ្ងៃ​ត្រូវ​ចែកជា​៣ក្រុម​នៃអាហារ ៖

1 . អាហារ​ថាមពល ៖ អាហារ​ថាមពល​ជា​ប្រភេទ​អាហារ​ណាដែល​ផ្ដល់នូវ​កម្លាំង និង​ចំហេះ​ទៅដល់​រាងកាយ​យើង។ រាងកាយ​របស់​មនុស្ស​អាចមាន​កម្លាំង​ទៅបាន ដោយ​រាងកាយ​មាន​ចំហេះ​កើតឡើង​នៅក្នុង​ខ្លួន ហើយ​ចំហេះ​នោះកើត​ឡើង​បាន​ទាល់តែ​យើង​បរិភោគ​ចំណី​អាហារ​មួយចំនួន។ អាហារ​នៅក្នុង​រាងកាយ​យើង​ដែល​អាចធ្វើ​ឱ្យមាន​ចំហេះ​កើតឡើង​បាន ទីមួយ​គឺស្ករ មិនថាជា​ស្ករអ្វី​ទេ ជាស្ករ​អំពៅ ស្ករត្នោត ឬក៏​អាច​ទឹកឃ្មុំ​ដែលយើង​អាចរក​បាន។ អាហារ​មួយផ្សេង​ទៀត​ដែលធ្វើ​ឱ្យយើង​មាន​ថាមពល​បានដែរ គឺ​ពពួក​ជាតិម្សៅ ដូចជា​នំប៉័ង នំបញ្ចុក​ជាដើម។ ពពួក​ដែលសម្បូរ​ថាមពល​ជាងគេ​គឺពពួក​ខ្លាញ់ និង​ប្រេង​រុក្ខជាតិ​គ្រប់ប្រភេទ​ទាំងអស់​មាន​ដូចជា ប្រេង​សណ្ដែក ប្រេងដូង ខ្លាញ់ត្រី​ជាដើម។

2 . អាហារ​ស្ថាបនា​រាងកាយ ៖ រាងកាយ​របស់​មនុស្ស​អាចធំធាត់​ទៅបាន ក៏​អាស្រ័យ​ដោយការ​បរិភោគ​អាហារ​មួយចំនួន​ផងដែរ។ អាហារ​ទាំងនោះ​មានដូចជា​ត្រី​គ្រប់ប្រភេទ​(មិនថា​ជាត្រីតូច ត្រីធំ) ស៊ុតបក្សី សាច់សត្វ​គ្រប់​ប្រភេទ និង​សណ្ដែកគ្រប់មុខ ដូចជា​សណ្ដែកដី សណ្ដែក​សៀង ឬសណ្ដែក​បាយ។

3 . អាហារ​ការពារ​រាងកាយ ៖ អាហារ​ទាំងឡាយ​ណាដែល​ការពារ​ប្រឆាំង​ទប់ទល់​ទៅនឹង​មេរាគឆ្លង​ទាំង​ពួងបាន។ អាហារ​ទាំងនោះ​មានដូចជា​បន្លែ រុក្ខជាតិ​ណាដែល​មានពណ៌​បៃតង​ចាស់​(ស្លឹកបាស ផ្ទី ត្រកួន។ល។) និងបន្លែ​ផ្លែឈើ​ដែលមាន​ពណ៌ លឿង​ទុំ(ល្ពៅ ស្វាយទុំ ល្ហុង។ល។)។ អាហារ​ទាំងនេះ​សម្បូរ​ទៅដោយ​វីតាមីន​ជាច្រើន​មុខ ដែលអាច​ជួយ​ការពារ​រាងកាយ​យើង​ឱ្យរឹងមាំ​លូតលាស់ និងមាន​គ្រប់​ជីវជាតិ​ដែលធ្វើ​ឱ្យមាន​ការ​ឆ្លាតវៃ។ ម្យ៉ាងវិញ​ទៀតនោះ អាហារ​ប្រភេទនេះ​ងាយស្រួល​រកផង​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រការ​គួរ​ចៀសវាង

មាតាបិតា​មួយចំនួន​តែងតែ​ឱ្យកូន​តម​អាហារ​នៅពេល​ដែល​ក្មេងឈឺ និង​ក្រោយពេល​ដែលក្មេង​បានជា​សះស្បើយ។ ប្រការនេះ​ជាទង្វើ​មួយដែល​ខុសឆ្គង​ក្នុងការ​លូតលាស់​របស់​ក្មេង ដែល​រាងកាយ​កំពុងតែ​ត្រូវការ​បំផុត​ពេលដែល​ក្មេង​មានជម្ងឺ។ ការ​ធ្វើ បែបនេះ​អាចធ្វើ​ឱ្យក្មេង​មានកង្វះ​អាហា​រូបត្ថម្ភ​ធ្ងន់ធ្ងរ កង្វះ​វីតាមីន​ចិញ្ចឹម​រាងកាយ​ជាដើម។ សូមលើក​ឧទាហរណ៍​មួយ​ចំពោះ​កុមារ ដែលកើត​កញ្ជ្រឹល​ហើយ​កង្វះ​វីតាមីនអា តាមពិត​ទៅកុមារ​កង្វះ​វីតាមីន​ច្រើនណាស់ តែសូម​លើកយក​វីតាមីន​អាមួយ​មុខទេ មកបក ស្រាយ ដោយ​ចាស់ៗ​ពីដើម​ឱ្យកុមារ​តមអាហារ។ កុមារ​ដែលខ្វះ​វីតាមីនអា​មានភ្នែក​មើលអ្វី​មិនឃើញ​ច្បាស់ ភ្នែកស្ងួត ដំបៅ​កញ្ចក់ ភ្នែក និងអាច​ផ្ទុះ​គ្រាប់ភ្នែក ធ្វើឱ្យ​ភ្នែកខ្វាក់​តែម្ដង នៅពេល​ដែលកុមារ​នោះកើត​កញ្ជ្រឹល ដែល​ភាគច្រើន​គេ​និយាយថា​កញ្ជ្រឹលចេញ​ចំភ្នែក​នោះឯង។

កាលណា​មានកង្វះ​វីតាមីនអា អាចធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​ច្រើនទៀត ដូចជា​ធ្វើឱ្យ​ទឹកមាត់​ថយចុះ កាលណា​ធ្វើឱ្យ​ទឹកមាត់ថយ​ចុះ ធ្វើឱ្យ​ពិបាក​ក្នុងការ​ទំពា ពិបាក​លេប​អាហារ ធ្វើឱ្យ​ក្មេងលែង​ឃ្លាន​អាហារ ធ្វើឱ្យ​កុមារ​ចុះស្គម អាប់​បញ្ញា​ស្មារតី មិនសូ​​​វ​ឆ្លាតជាដើម។ មួយ​វិញទៀត បើខ្វះ​វីតាមីនអា​អាចធ្វើ​ឱ្យ​សារជាតិ​ដែល​រអិលៗ និង​អន្ធិលៗ​ដែលមាន​នៅក្នុង​ក្រពះ ពោះវៀន និង​ផ្លូវ​ដង្ហើម របស់​មនុស្ស​មានការ​បាត់បង់​ច្រើន។ សារជាតិ​នេះមាន​តួនាទី​សំខាន់​ក្នុងការ​ការពារ​រាំងខ្ទប់​មេរោគ​ទាំងឡាយ​មិនឱ្យ​ជ្រាបចូល​ក្នុងរាងកាយ​របស់​មនុស្ស។

ផល​អាក្រក់​ចំពោះ​ការផ្ដល់​អាហារ​លើស​ចំពោះ​កុមារ

ការ​ផ្ដល់​អាហារ​មួយចំនួន​ទៅឱ្យ​កុមារ​បរិភោគ​លើសច្រើន​ហួស​ហេតុពេក អាចធ្វើ​ឱ្យកុមារ​ធាត់។ បច្ចុប្បន្ន​នេះ យើង​ឃើញមាន​កុមារ​ច្រើនណាស់ ដែលធាត់​ដោយ​សារតែ​ស្រុក​យើង​សម្បូរ​អាហារ​ញ៉ាំច្រើន និង​សម្បូរ​ទៅដោយ​ជាតិខ្លាញ់​ច្រើន។ កុមារ​ធាត់ ពេក​អាច​ទទួល​រងនូវ​ជម្ងឺ​ផ្លូវ​ដង្ហើម និង​ជម្ងឺ​បេះដូង។ កាលណា​កុមារ​ធាត់ពេក គេ​ចូលចិត្ដ​ញ៉ាំ​អាហារ​ច្រើន ចូលចិត្ដ​គេងច្រើន ដូច្នេះធ្វើឱ្យ​កុមារ​មិនសូវ​មានការ​វៃឆ្លាត​ទេ។

វិធី​ដោះស្រាយ កាលណា​កុមារ​ធាត់ពេក គឺ​មិនអាច​ឱ្យកុមារ​តម​អាហារ​ទេ ព្រោះវ័យ​អាយុ៦ឆ្នាំ​ជាវ័យ​ដែលកំពុង​លូត លាស់ ដូច្នេះ​មានតែ​វិធី​កាត់​បន្ថយ​អាហារ បន្ថែម​បន្លែ បន្ថយសាច់​ជាដើម និងត្រូវ​ចៀសវាង​អាហារ​ស្បែកសាច់​មួយចំនួន​ចំពោះ​ក្មេង ដែល​ធាត់ និង​ជាតិខ្លាញ់។ អាហារ​ណាដែល​ធ្លាប់តែ​ប្រើខ្លាញ់​ច្រើន ដូចជា​ត្រីចៀន ឬបំពង ត្រូវប្ដូរ​ទៅជា​អាំង ឬស្ងោរ​វិញ ដើម្បីកុំ​ឱ្យកុមារ​ទទួល​ជាតិខ្លាញ់​ច្រើនពេក។

ដំបូន្មាន​អ្នក​ជំនាញ

អនាម័យ​នាំមក​នូវសុខភាព​ល្អ​ចំពោះ​យើង​គ្រប់គ្នា។ មុនពេល​បរិភោគ​អាហារ​ទាំងអស់​ត្រូវមាន​អនាម័យ​ត្រឹមត្រូវ ត្រូវឱ្យ កុមារ​លាងដៃ​នឹង​សាប៊ូ លុបលាង​មុខមាត់​ឱ្យបាន​ស្អាត។ មិន​ត្រូវឱ្យ​កុមារ​ញ៉ាំ​សារជាតិ​ផ្អែម​មុនពេល​ញ៉ាំ​អាហារ​ទេ ព្រោះវា​ធ្វើកុមារ​មិនសូវ​ឃ្លាន​អាហារ​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *