ធនធានធម្មជាតិមានពីរប្រភេទផ្សេងគ្នា គឺធនធានកើតឡើងវិញ និងធនធានមិនកើតឡើងវិញ។ ព្រៃឈើត្រូវបានគេចាត់ ចូលជាធនធានកើតឡើងវិញ ព្រោះព្រៃឈើអាចកើតពីប្រភពមិនចេះរីងស្ងួត ឬវាកកើតជាអចិន្ដ្រៃយ៍ ឬលូតលាស់បានលឿនបើគេ ប្រៀបធៀបនឹងធនធានមិនកើតឡើងវិញ។ ព្រៃឈើធម្មជាតិមានលក្ខណៈដោយឡែកពីព្រៃឈើដែលធ្វើការដាំដុះឡើងវិញ ឬព្រៃ ឈើដែលត្រូវទទួលរងការបំផ្លិចបំផ្លាញ។ សម្រាប់កម្ពុជា ព្រៃឈើធម្មជាតិនៅមានតិចបំផុត។
សម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាពយើង មានក្ដីសោមនស្សលើកយកអត្ថបទដែលបង្ហាញពីព្រៃឈើធម្មជាតិជូនប្រិយមិត្ដ អ្នកអានស្វែងយល់បន្ថែម តាមរយៈការប្រឹក្សាជាមួយលោក ស៊ឹម គង់ ប្រធានអភិវឌ្ឍកម្មវិធីនៃអង្គការម្លប់បៃតង។
ព្រៃឈើធម្មជាតិ
ព្រៃឈើធម្មជាតិត្រូវបានអ្នកជំនាញផ្នែកព្រៃឈើសម្គាល់ថា ជាព្រៃដែលដុះដោយឯកឯងតាំងពីយូរយារមកហើយ។ ព្រៃឈើធម្មជាតិថែរក្សាបាននូវប្រព័ន្ធអេកូឡូស៊ី មិនត្រូវបានបំផ្លាញរេចរឹល និងមានជីវចម្រុះដែលរស់នៅតាមធម្មជាតិរបស់វា។ ព្រៃប្រភេទនេះច្រើនស្ថិតនៅតាមតំបន់ត្រូពិច ដែលជាតំបន់ក្ដៅហើយសើម មានទំហំធំ ព្រៃក្រាស់ និងខ្ពស់ៗ។ ជាទូទៅព្រៃធម្មជាតិខុសពី ព្រៃសហគមន៍ ដែលព្រៃសហគមន៍ជាព្រៃដែលធ្វើការដាំដុះដើម្បីរក្សាទុកបម្រើផលប្រយោជន៍សហគមន៍។ ព្រៃធម្មជាតិដែលឆ្លងកាត់ការកាប់រុករានបំផ្លិចបំផ្លាញដោយប្រការណាមួយ រហូតបាត់បង់ប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ព្រៃឈើ និងបាត់បង់ជីវចម្រុះព្រៃ នេះនឹងលែងជាព្រៃធម្មជាតិទៀតហើយ។ ប៉ុន្ដែបើត្រឡប់ជាធ្វើការដាំដុះ ការពារទុករាប់រយឆ្នាំលុះព្រៃនោះកើតឡើងវិញនូវប្រព័ន្ធ អេកូឡូស៊ីមានជីវចម្រុះ ទើបព្រៃនោះអាចចាត់ថាជាព្រៃធម្មជាតិជាថ្មីម្ដងទៀត។
អត្ថប្រយោជន៍របស់ព្រៃឈើធម្មជាតិ
នៅលើពិភពលោកនេះ គ្រប់ជីវសាស្ដ្រទាំងអស់ត្រូវការព្រៃឈើជាចាំបាច់ណាស់។ ដូច្នេះគ្មានអ្វីដែលគ្មានទំនាក់ទំនងនឹងព្រៃ ឈើនោះទេ។
1 . ព្រៃឈើធម្មជាតិ និងជីវចម្រុះ ៖ ជីវចម្រុះរស់នៅពឹងផ្អែកទាំងស្រុងទៅលើព្រៃឈើ។ ក្នុងនោះមានដូចជាពពួកថនិកសត្វ ទាំងតូចធំ ពពួកសត្វល្មូន ពពួកសត្វស្លាបជាដើម។ សត្វគ្រប់ប្រភេទវាអាចរស់នៅលាក់ខ្លួន បង្កើតពូជពង្សតាមអំបូររបស់វានៅទីនោះ។ សត្វស្លាបទាំងឡាយរស់នៅពឹងផ្អែកលើព្រៃឈើ អាស្រ័យចំណីជាអនុផលព្រៃឈើ ឬជាសាច់សត្វដទៃទៀត។ ឯពពួកសត្វចតុបាតខ្លះវាស៊ីស្លឹករុក្ខជាតិ ខ្លះប្រហារសត្វប្រភេទផ្សេងស៊ីជាអាហារ។ យើងក៏អាចនិយាយបានទៀតថា ពួកវាមានចំណីដ៏សម្បូរបែប និងស៊ីគ្នា មានលក្ខណៈវិលជាប្រព័ន្ធពីតូចទៅធំជាដើម។ ក្រៅពីផ្ដល់ជាជម្រកដ៏ប្រសើរសម្រាប់សត្វគ្រប់ប្រភេទ វាក៏នៅមានផ្ដល់នូវឧស្ម័នអុកស៊ីសែនសម្រាប់សត្វទាំងនោះដកដង្ហើមផងដែរ។
2 . ព្រៃឈើធម្មជាតិ និងបរិយាកាស ៖ ព្រៃឈើមានចំណែកធំធេងណាស់ក្នុងការជួយឱ្យបរិយាកាសមានសភាពល្អប្រសើរ។ ព្រៃឈើបង្កឱ្យមានភ្លៀងធ្លាក់ទៀងទាត់ ស្រូបយកឧស្ម័នកាបូនិចដែលជាជាតិពុលក្នុងស្រទាប់ខ្យល់ ហើយបញ្ចេញមកវិញនូវឧស្ម័ន អុកស៊ីសែន(នាពេលថ្ងៃ) ដែលមនុស្សសត្វត្រូវការដកដង្ហើមដើម្បីរស់។ ព្រៃឈើបានស្រូបយកពន្លឺព្រះអាទិត្យ(កម្ដៅ)ធ្វើឱ្យកម្ដៅមានលំនឹង និងមិនក្ដៅខ្លាំង។ ពោលព្រៃឈើជួយរក្សាបរិយាកាសឱ្យត្រជាក់ជានិច្ច ព្រមទាំងជួយកាត់បន្ថយការរំខានដោយសូរសម្លេង ខ្យល់កខ្វក់ ឬពុល និងកាត់បន្ថយបាននូវគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះជាដើម។
3 . ព្រៃឈើធម្មជាតិ និងធនធានក្នុងដី ៖ ព្រៃឈើមានចំណែកធំណាស់ក្នុងការជួយទប់ស្កាត់ការហូរច្រោះដី និងរក្សានិរន្ដរ ភាពទឹកក្រោមដីជាដើម។ ឫសឈើដែលចាក់ចូលយ៉ាងជ្រៅទៅក្នុងដី បានទប់ដីមិនឱ្យបាក់ស្រុតទៀតផង។ ម្យ៉ាងទៀតទឹកមួយផ្នែក បានស្រូបយកដើម្បីចិញ្ចឹមដើមស្លឹករបស់វា។ ស្លឹក និងផ្លែផ្សេងៗរបស់វាដែលជ្រុះមកលើដីនឹងពុកផុយរលួយធ្វើឱ្យដីមានជីជាតិ។ រីឯ ធនធានរ៉ែក្នុងដីមួយចំនួនកកើតឡើងដោយសារចំណែករលួយនៃរុក្ខជាតិដែលកប់ក្នុងដីរាប់ពាន់ម៉ឺនឆ្នាំកន្លងមក។
4 . ព្រៃឈើធម្មជាតិ និងមនុស្ស ៖ មនុស្ស និងព្រៃឈើមានទំនាក់ទំនងគ្នាជាប្រព័ន្ធមិនអាចខ្វះបាន ឬអាចថាជាផ្នែក មួយនៃជីវិតមនុស្ស។ មនុស្សអាចទាញយកផលប្រយោជន៍ពីព្រៃធម្មជាតិ ប៉ុន្ដែមិនមែនមានន័យថាទាញយកផលប្រយោជន៍រហូតបាត់បង់ ទាំងព្រៃ បាត់បង់ទាំងប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនោះទេ។ ព្រៃឈើធម្មជាតិអាចជាតំបន់ទេសចរណ៍ធ្វើឱ្យអារម្មណ៍ជ្រះថ្លា អាចជា ប្រភពឱសថព្យាបាលជម្ងឺ អាចជាប្រភពអាហារមួយចំនួនតាមរយៈផល្លានុផល ជាផ្លែ ឬគ្រាប់ធញ្ញជាតិ សាច់ជាដើម។ ប៉ុន្ដែមនុស្សត្រូវ ចេះទាញយកសក្ដានុពលនោះឱ្យមាននិរន្ដរភាព ដូចជាត្រូវកាប់ដើមឈើដែលគ្រប់អាយុ និងត្រូវដាំឡើងវិញ ទើបព្រៃឈើធម្មជាតិ នោះស្ថិតស្ថេរបាន។ នៅមានផលប្រយោជន៍ជាប្រយោលច្រើនផ្សេងទៀត ដូចជាទទួលបានខ្យល់អាកាសល្អ កម្ដៅសមស្របជាដើម។ ភាពស្រស់បំព្រងនៃរុក្ខជាតិទាំងឡាយ គឺជាភាពស្រស់បំព្រងនៃជីវិតរបស់មនុស្ស។ មនុស្សចូលរួមការពារព្រៃឈើធម្មជាតិ គឺមានន័យថាមនុស្សចូលរួមការពារបរិស្ថាន ហើយមានន័យថាចូលរួមការពារជីវិតសត្វ និងមនុស្សខ្លួនឯងផងដែរ។
ផលប៉ះពាល់នៃការបាត់បង់ព្រៃឈើធម្មជាតិ
មានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើនមកលើមនុស្ស សត្វ និងបរិស្ថាន។
- បាត់បង់ព្រៃឈើគឺបាត់បង់ប្រភពឱសថ និងចំណីអាហារ
- បាត់បង់ជីវចម្រុះ ដោយសារគ្មានជម្រក គ្មានចំណី និងមានការបរបាញ់
- បាត់បង់តំបន់ទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែងអាចទាញយកផលប្រយោជន៍មិនចេះរីងស្ងួត
- ដីបាត់បង់ជីជាតិធ្វើឱ្យមានផលប៉ះពាល់ដល់ការដាំដុះ
- រដូវមិនទៀង ធ្វើឱ្យផ្នែកកសិកម្មជួបផលលំបាក
- ងាយកើតឡើងគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម
- ការហូរច្រោះ នាំជាតិពុលទៅក្នុងទឹកប៉ះពាល់ដល់ការប្រើប្រាស់ទឹក ប៉ះពាល់ដល់ជីវិតធនធានក្នុងទឹក ដូចជាមច្ឆជាតិ
- ឡើងកម្ដៅផែនដី ព្រោះបាត់បង់អ្នកស្រូបកម្ដៅ និងមានវត្ដមានឧស្ម័នពុលបំផ្លាញស្រទាប់អូហ្សូនដែលទប់កម្ដៅ
- មានឧស្ម័នពុលច្រើនបំផ្លាញសុខភាពមនុស្សសត្វ
- កើតឡើងវិបត្ដិសេដ្ឋកិច្ចទាំងក្នុងគ្រួសារ និងជាតិ ពោលគឺកើនឡើងនូវភាពក្រីក្រ។
ដំបូន្មានអ្នកប្រឹក្សា
មិនត្រឹមតែត្រូវចូលរួមថែរក្សាព្រៃឈើធម្មជាតិប៉ុណ្ណោះទេ គឺពលរដ្ឋគ្រប់រូប គ្រប់ជាតិសាសន៍ ទាំងមន្ដ្រីក្នុងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល មានតួនាទីសំខាន់ដូចគ្នាក្នុងការការពារ និងដាំដុះឡើងវិញ។ គ្មាននរណាម្នាក់មិនទាញយកផលប្រយោជន៍ពី ព្រៃឈើនោះឡើយ។ ការជួយការពារ ថែរក្សាទាំងព្រៃ ទាំងជីវៈចម្រុះ គឺមានន័យថាបានការពារអាយុជីវិតខ្លួនឯង និងជួយរួមចំណែក ធំធេងណាស់សម្រាប់ជាតិ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply