នៅខែមិថុនា ឆ្នាំ២០១២នេះ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន បានពោលដោយសេចក្តីខ្វល់ខ្វាយថាប្រសិនបើមន្ទីរពេទ្យគន្ធបុប្ផាបិទទ្វារនោះ តើនឹងឲ្យពួកគាត់រត់ទៅពឹងពាក់អ្នកណា ឬមន្ទីរពេទ្យណាបន្តទៀត បើសេវាកម្ម និងការព្យបាលរវាងពេទ្យដទៃមានសភាពខុសគ្នាឆ្ងាយយ៉ាងដូច្នេះ? មិនថាតែកូនអ្នកក្រីក្រនោះទេដែលទៅព្យាបាល សូម្បីតែកូនអ្នកមានជីវភាពធូរធារក៏ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះផងដែរ។
ជាងម្ភៃឆ្នាំមកហើយ បន្ទាប់ពីមន្ទីរពេទ្យគន្ធបុប្ផា បានបើកទ្វារឡើងវិញក្រោយពីសង្រ្គាមស៊ីវិល មន្ទីរពេទ្យដោយឥតគិតថ្លៃនេះ បានក្លាយទៅជាមណ្ឌលព្យាបាលមួយសម្រាប់កុមារកម្ពុជាមកពីគ្រប់ស្រទាប់។ មន្ទីរពេទ្យគន្ធបុប្ផាមានសាខាចំនួនប្រាំ នៅទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប។ មន្ទីរពេទ្យនេះ ទទួលបានអ្នកជម្ងឺជាកុមារ មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងបើប្រៀបធៀបខែមិថុនា ឆ្នាំ២០១២នេះ ទៅនឹងឆ្នាំកន្លងទៅក្នុងរយៈពេលដូចគ្នា គេសង្កេតឃើញថា អ្នកជម្ងឺមានការកើនឡើងចំនួន៣០ភាគរយ។ ពោលគឺកុមារមានជម្ងឺដែលចូលមកសម្រាកក្នុងមន្ទីរពេទ្យ បានកើនពីជាង៦,០០០នាក់ ដល់ជាង ៩,៤៤០នាក់ ក្នុងរយៈពេល ១៧ថ្ងៃ។
កំណើនអ្នកជម្ងឺជាកុមារនេះ បានធ្វើឲ្យលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ (Beat Richner) នាយកមន្ទីរពេទ្យនេះមានកង្វល់៖ «នេះគឺជាស្ថានភាពមួយដែលធ្ងន់ធ្ងរសម្រាប់មន្ទីរពេទ្យមួយ ដែលគ្មានមន្ទីរពេទ្យក្នុងប្រទេសណា ឬកន្លែងណាក្នុងពិភពលោកដែលមានអ្នកជម្ងឺចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដ៏ច្រើនលើសលប់ដូចនេះ ក្នុងរយៈពេលបែបនេះនោះទេ។ នៅក្នុងខែមិថុនានេះ បើសិនគ្មានមន្ទីរពេទ្យគន្ធបុប្ជាទេនោះ យើងអាចព្យាករណ៍ថា កុមារប្រមាណជា៧,០០០នាក់ អាចមានគ្រោះថ្នាក់ដល់ជីវិត»។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានវិទ្យុវីអូអេ។
មន្ទីរពេទ្យគន្ធបុប្ផាធ្លាប់មានវត្តមាននៅក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ ហើយត្រូវបានបិទទ្វារទៅវិញ នៅពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ មន្ទីរពេទ្យនេះចាប់ដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះបាទនរោត្តម សីហនុ និងលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ ជាជនជាតិស្វីស។ កុមារកម្ពុជាបានមកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនេះ ដែលភាគច្រើនមកពីគ្រួសារក្រីក្រជាមធ្យមចំនួន១២ម៉ឺននាក់ក្នុងមួយឆ្នាំ។ ភាគច្រើននៃកុមារទាំងនោះ មានសភាពធ្ងន់ធ្ងរដែលងាយស្លាប់បាន ដូចជាកុមារមានជម្ងឺគ្រុនឈាម រលាកខួរក្បាល របេង និងបេះដូងប្រហោងពីកំណើតជាដើម។
ចំពោះការកើនឡើងរបស់អ្នកជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ជានេះ លោកវេជ្ជបណ្ឌិត ប៊ីត រិចនែ បានបញ្ជាក់ថាដោយសារតែសេវាសុខាភិបាលនៅកម្ពុជាមានកម្រិតទាបនៅឡើយ ពីព្រោះសេវាឯកជននៅតាមគ្លីនិកមួយចំនួន ព្យាបាលមិនបានត្រឹមត្រូវដោយប្រើថ្នាំខុស បន្តោកសេរ៉ូមច្រើនពេកដែលបណ្តាលឲ្យអ្នកជម្ងឺពុល។ រីឯការព្យាបាលមានតម្លៃខ្ពស់ ហើយកុមារប្រហែលជា៩០ភាគរយ ដែលទទួលបានការព្យាបាលពីគ្លីនិកឯកជនមានសភាពធ្ងន់ធ្ងរនៅពេលបានមកដល់មន្ទីរពេទ្យគន្ធបុប្ជា។ ស្ថិតក្នុងស្ថានភាពបែបនេះ លោក ប៊ីត រិចនែ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យផ្តល់ថវិកាជំនួយទ្វេឡើងថែមទៀត។ ហើយលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលមាន ជីវភាពធូរធារនិងមានឆន្ទៈ ក្នុងការបរិច្ចាកថវិកាផ្ទាល់ខ្លួនសម្រាប់កុមារនៅកម្ពុជាផងដែរ។ លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងថា «រាជរដ្ឋាភិបាលគួរតែជួយដល់មូលនិធិ ៤លានដុល្លារក្នុង១ឆ្នាំ ដើម្បីជួយផ្គត់ផ្គង់ការចំណាយនៃការព្យាបាលកុមារក្រីក្រ ពីព្រោះអ្នកក្រីក្រប្រហែលជា៨០ភាគរយបានមកទទួលសេវានៅទីនេះ។ ខ្ញុំសង្គេតឃើញថា នៅកម្ពុជាសព្វថ្ងៃ អ្នកដែលមានជីវភាពធូរធារច្រើន ហើយអ្នកទាំងនោះគួរតែចូលរួមវិភាគទានក្នុងការផ្តល់ថវិកាខ្លះៗ ឲ្យដល់មន្ទីរពេទ្យគន្ធបុប្ជា។ បើធ្វើការប្រៀបធៀបទៅ គឺប្រជាពលរដ្ឋស្វីស ដែលផ្តល់វិភាគទានមួយចំនួនមានជីវភាពទាបជាងអ្នកមានជីវភាពធូរធារនៅកម្ពុជាផង»។
ជារៀងរាល់ព្រឹក នៅក្បែររបងមន្ទីរពេទ្យគន្ធបុប្ជាក្រុងភ្នំពេញ ប្រជាពលរដ្ឋដែលមានកូនឈឺមកស្ទើរពីគ្រប់ខេត្តក្រុងនៅកម្ពុជាដែលប្រហែលជាជិត១,០០០នាក់ មកអង្គុយតម្រង់ជួរគ្នាជា២ជួរយ៉ាងវែងរង់ចាំចូលឲ្យគ្រូពេទ្យពិនិត្យព្យាបាល។ អ្នកខ្លះមករង់ចាំតាំងពីម៉ោង២ ភ្លឺរហូតដល់ម៉ោង ៦និង៣០នាទីព្រឹក ទើបមន្ទីរពេទ្យ អនុញ្ញាតឲ្យចូលពិនិត្យជម្ងឺតាមលេខរៀង។
អ្នកស្រី អ៊ុន ម៉ុន មកពីស្រុកពារាំង ខេត្តព្រៃវែង ដែលកំពុងអង្គុយសម្លឹងមើលកូនស្រីរបស់គាត់អាយុ១២ឆ្នាំ និងដែលមានជម្ងឺគ្រុនឈាមសម្រាកនៅលើគ្រែនៃមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា៖ «បើគ្មានកន្លែងនេះ យើងពិបាកមែនទែនតែម្តង បើសិនជាយើងទៅពេទ្យផ្សេងទៀត យើងមិនសូវមានថវិកាមើលកូន បើអញ្ចឹងបានជារូតមកពេទ្យទេវតា បើខុសពីពេទ្យគន្ធបុប្ជានោះគឺ ទាល់តែរាប់លានរាប់ពាន់បានមើលជា។ មានតែពេទ្យនេះទេ យើងទីទាល់ក្រ យើងមកពឹងពាក់ពេទ្យបាន បើសិនជាមិនមានពេទ្យនេះ គឺយើងងាប់ លទ្ធភាពយើងអត់មានលុយ អត់មានលុយមើលកូន។ ពេទ្យនេះមើលការខុសត្រូវចេញចូលតាមដានជម្ងឺគ្រប់ជំហាន គ្រប់ម៉ោង គ្រប់វិនាទីទាំងអស់នេះ ហើយជាក់ស្តែងផ្ទាល់តែម្តង»។
ជាមួយគ្នានេះផងដែរ អ្នកស្រីទុយ សាម៉ុល រស់នៅសង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញ កំពុងបីចៅស្រីប្រហែលជា៥ខែ នៅក្នុងដៃអង្គុយរង់ចាំនៅជួរមុខគេ នៅក្រៅរបងមន្ទីរពេទ្យគន្ធបុប្ជា បានឲ្យដឹងថា៖ «ខ្ញុំអត់យកចូលឯកជនទេ ពីព្រោះខ្លាចមានគ្រោះថ្នាក់អីទៅគង់តែចូលមករដ្ឋដដែល អញ្ចឹងខ្ញុំយកមកពេទ្យរដ្ឋតែម្តង។ មកពីខ្ញុំទុកចិត្ត នឹកឃើញមកវាកបកូនខ្ញុំជា។ ទៅពេទ្យផ្សេងទៅកូនខ្ញំ អត់ជា គឺខ្ញុំស្តាយៗ អស់មួយជីវិត ហើយបើមកពេទ្យនេះ បើសិនជាកូនខ្ញុំមានបញ្ហាអី ខ្ញុំអត់ស្តាយទេគឺថាគេមើលកូនយើងអស់ពីសមត្ថភាពរបស់គេ»។
លោកវេជ្ជបណ្ឌិត ច ម៉េង ចួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ក៏យល់ដូចគ្នាដែរថា មន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាលនៅកម្ពុជា ពីព្រោះជាមន្ទីរពេទ្យដែលបានផ្តល់សេវាព្យាបាលកុមារកម្ពុជាបានយ៉ាងច្រើនបំផុតជាពិសេសកុមារដែលមានជម្ងឺគ្រុនឈាម និងគ្រុនចាញ់។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា៖ «អ្នកជម្ងឺគ្រុនឈាមភាគច្រើនសម្រាកនៅគន្ធបុប្ជា និងមន្ទីរពេទ្យជ័យវរ្ម័ន ជួយរួមចំណែកច្រើនណាស់កន្លងមកជួយព្យាបាលជម្ងឺគ្រុនចាញ់ គ្រុនឈាម»។
គេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលកម្ពុជា នឹងសម្រេចយ៉ាងណាចំពោះសំណើសុំជំនួយថវិកាបន្ថែមពីមន្ទីរពេទ្យគន្ធបុប្ផានោះទេ មកទល់នឹងពេលបច្ចុប្បន្ននេះ។ រីឯឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមិនផ្តល់អត្ថាធិប្បាយណាមួយទេ ដោយ លោកសំអាងថា លោកជាប់រវល់ប្រជុំ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំ ត្រូវការថវិកាចំនួន៣៦លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះរដ្ឋាភិបាលប្រទេសស្វីសជួយចំនួន៣លានដុល្លារ រដ្ឋាភិបាលកម្ពុជាជួយចំនួន៣លានដុល្លារហើយក្រៅពីនោះ គឺជាជំនួយពីសប្បុរសជន ដែលលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ រ៉ៃអង្គាសជាពិសេសតាមរយៈការលេងសែឡូ។ រយៈពេលជាង២០ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ជាបានទទួលការព្យាបាលកុមារចំនួន ១.១៧លាននាក់ និងពិគ្រោះជម្ងឺចំនួនជាង១១លាននាក់ ដោយបានចំណាយថវិកាអស់ចំនួន ៤១០លានដុល្លារអាមេរិក។
លោក ប៊ីត រិចនែ បញ្ជាក់ថានៅរយៈពេល១៧ថ្ងៃ នៅក្នុងខែមិថុនានេះ មានកុមារមានជម្ងឺគ្រុនឈាមចំនួន ៣.០៧៣នាក់ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២
Leave a Reply