ការខ្លាចកើតមាននៅលើមនុស្សគ្រប់វ័យគ្រប់ភេទ គ្មាននរណាម្នាក់អាចចៀសផុតបានឡើយ។ មិនថាតែជាតិសាសន៍ណាទេ ទោះបីមានភាពក្លាហានកម្រិតណាក៏ដោយ ក៏នៅតែមានការខ្លាចដែរ។ គ្រាន់តែកម្រិតនៃការខ្លាចមានទំហំ ឬសណ្ឋានខុសៗគ្នា ទៅតាមប្រភេទនៃការខ្លាចនីមួយៗ។ អ្នកខ្លះមានការខ្លាចធម្មតា ដែលជាលក្ខណៈធម្មជាតិរបស់បុគ្គលគ្រប់រូប។ អ្នកខ្លះទៀត ខ្លាចមិនសមហេតុផលតាមកាលៈទេសៈទាល់តែសោះ។ បុគ្គលដែលមានការខ្លាចខុសប្រក្រតី រមែងតែងតែបង្កឱ្យមានផលវិបាកនៅក្នុងជីវិត។
ប្រធានបទ ខ្លាច ត្រូវបានលោកស្រីវេជ្ជបណ្ឌិត ចក ធីតា ឯកទេសវិកលវិទ្យា និងជាអនុប្រធានកម្មវិធីជាតិសម្រាប់សុខភាពផ្លូវចិត្ដនៃក្រសួងសុខាភិបាល ធ្វើការបកស្រាយបំភ្លឺជូនប្រិយមិត្ដអ្នកអានឱ្យបានជ្រាប តាមរយៈទស្សនាវដ្ដី សុខភាពយើង។
អ្វីទៅហៅថា ខ្លាច?
ខ្លាច គឺជារោគសញ្ញានៃជម្ងឺផ្លូវចិត្ដដែលទាក់ទងទៅនឹងអារម្មណ៍ ហើយខ្លាចនេះកើតឡើងដោយសារតែបុគ្គលនោះមានបទពិសោធ ឬធ្លាប់បានជួបប្រទះនូវហេតុការណ៍និងរឿងរ៉ាវអាក្រក់ណាមួយនៅក្នុងជីវិត។
ប្រភេទនៃការខ្លាច
មនុស្សគ្រប់វ័យតែងតែទទួលអារម្មណ៍ខ្លាច។ នេះជារឿងធម្មតាដែលកើតមានសម្រាប់បុគ្គលទូទៅ។ ប៉ុន្ដែអ្នកដែលទទួល អារម្មណ៍ខ្លាចមានប្រភេទខុសៗគ្នា។ ដូចនេះគេអាចបែងចែកការខ្លាចជា២ប្រភេទគឺ ការខ្លាចធម្មតា និងការខ្លាចមិនធម្មតា។
1 . ការខ្លាចធម្មតា ៖ គឺជាការខ្លាចសមហេតុសមផល សមស្របទៅតាមកាលៈទេសៈ ហើយជាលក្ខណៈធម្មជាតិរបស់ មនុស្សទូទៅ។ ការខ្លាចនេះកើតឡើងតែក្នុងរយៈពេលខ្លី រួចក៏សាបរលាបទៅវិញ។ ការខ្លាចនេះពុំវិវត្ដន៍ទៅជាជម្ងឺអ្វីឡើយ។
2 . ការខ្លាចមិនធម្មតា ៖ គឺជាការខ្លាចមិនសមហេតុផល សមស្របទៅតាមកាលៈទេសៈទេ។ មនុស្សតិចណាស់ដែលកើតមានការខ្លាចប្រភេទនេះ ហើយនៅស្ថិតស្ថេររយៈពេលយូរ ថែមទាំងវិវត្ដន៍ទៅជាជម្ងឺផ្លុវចិត្ដមួយចំនួន។
មូលហេតុបង្កការខ្លាច
មានមូលហេតុផ្សេងៗគ្នា ទៅតាមប្រភេទនៃការខ្លាចនីមួយៗ។
1 . ការខ្លាចធម្មតា ៖ បុគ្គលដែលមានការខ្លាចធម្មតា ដោយសារតែបុគ្គលនោះមិនដែលមានបទពិសោធ ឬធ្លាប់ជួបប្រទះនូវហេតុការណ៍ដែលគួរឱ្យតត់ស្លុត ភ័យរន្ធត់ណាមួយឡើយ។ បុគ្គលរូបនេះគ្រាន់តែជាមនុស្សដែលមានអារម្មណ៍ខ្លាចមុនព្រឹត្ដិការណ៍កើតឡើង ដូចជាខ្លាចអ្នកមានបុណ្យសក្ដិខ្ពស់ ខ្លាចយន្ដហោះធ្លាក់ ខ្លាចរថយន្ដក្រឡាប់ ខ្លាចឆ្លងថ្នល់ ឬខ្លាចគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗទៀត ដែលបង្កឱ្យមានរបួសស្នាម។ និយាយជារួមបុគ្គលដែលមានអារម្មណ៍ខ្លាចប្រភេទនេះមានការរុញរា បើធ្វើអ្វីមួយគឺជ្រើសរើស យកតែកិច្ចការណាដែលមានភាពងាយស្រួល មិនហ៊ានធ្វើកិច្ចការណាដែលពិបាក ព្រោះខ្លាចត្រូវគេស្ដីបន្ទោស។ សូមបញ្ជាក់ថា នេះជាការពិតអំពីព្រឹត្ដិការណ៍ដែលខ្លាច តែមានរយៈពេលខ្លីរួចបាត់ទៅវិញ។
២ . ការខ្លាចមិនធម្មតា ៖ សម្រាប់បុគ្គលដែលខ្លាចមិនសមហេតុផល មិនសមស្របតាមកាលៈទេសៈជាការខ្លាចមិនធម្មតា ដោយសារតែបុគ្គលរូបនោះធ្លាប់មានបទពិសោធ ឬធ្លាប់ជួបប្រទះនូវព្រឹត្ដិការណ៍ជាក់ស្ដែងណាមួយផ្ទាល់ភ្នែក ដែលគួរឱ្យភ័យរន្ធត់ តត់ស្លុតខ្លាំងពេក។ ជាអាទិបុគ្គលនេះធ្លាប់ត្រូវបានគេចាប់យកទៅឃុំខ្លួន ដើម្បីរំលោភ ឬវាយដំធ្វើបាបលើរាងកាយ ដោយសារ មានគំនុំ។ ធ្លាប់ត្រូវបានគេចាប់ជម្រិត។ ធ្លាប់ត្រូវបានចោរប្លន់យកទ្រព្យសម្បត្ដិក្នុងផ្ទះ ឬធ្លាប់ជួបប្រទះនូវអំពើមនុស្សឃាតឃាតកម្ម ឬទទួលនូវការគំរាមកំហែងណាមួយផ្សេងទៀត។ បុគ្គលដែលជួបប្រទះនូវសភាពការណ៍ធ្ងន់ធ្ងរ តែងមានការរាងចាល មិនចង់ឃើញដឹងឮនូវរឿងរ៉ាវអាក្រក់ដូចនេះទៀត ហើយតែងតែមានអារម្មណ៍ខ្លាចជួបប្រទះនូវហេតុការណ៍ទាំងនេះទៀត។ ពេលទៅណាមកណា បុគ្គលនេះតែងតែចង់មានគ្នាឱ្យមានភាពកក់ក្ដៅនៅក្នុងខ្លួន ព្រោះខ្លាចមានគេធ្វើបាប។
រោគសញ្ញានៃការខ្លាច
មានអាការមួយចំនួនដែលលេចឡើងពីផ្លូវកាយ និងផ្លូវចិត្ដ អាចឱ្យគេធ្វើការសម្គាល់បានគឺ ៖
- រោគសញ្ញាផ្លូវកាយ ៖ ត្រជាក់ដៃជើង ឬញ័រដៃញ័រជើង ញ័រដើមទ្រូង បេះដូងដើរលឿន ដកដង្ហើមថប់ៗ វិលមុខ គេងមិនលក់ ឈឺក្បាល ស្រវាំងភ្នែក អស់កម្លាំងល្ហិតល្ហៃ ទឹកមុខស្លេកស្លាំងមិនស្រស់បស់ នៅពេលដែលបានឮគេនិយាយរឿងតក់ស្លុតអ្វីមួយ។ល។
- រោគសញ្ញាផ្លូវចិត្ដ ៖ ឆាប់ខឹង ឆាប់មួម៉ៅ ឆាប់តប់ប្រមល់ ឆាប់ភ័យព្រួយ ឆាប់រន្ធត់តក់ស្លុត ឆាប់រំជួលចិត្ដ អារម្មណ៍ឆាប់ប្រែប្រួលពីសប្បាយទៅជាទុក្ខ គិតច្រើនតែរឿងដែលធ្លាប់ជួបប្រទះ។
ផលប៉ះពាល់នៃការខ្លាច
លោកអ្នកដែលទទួលអារម្មណ៍ខ្លាចសមហេតុផល តាមកាលៈទេសៈ គឺជាការខ្លាចធម្មតា។ ហើយការខ្លាចប្រភេទនេះមិន បានធ្វើឱ្យមានផលវិបាកអ្វីឱ្យធ្ងន់ធ្ងរទេ។ គ្រាន់តែពិបាកធ្វើការទំនាក់ទំនងជាមួយអ្នកដទៃ ហើយធ្វើអ្វីមិនស្វាហាប់ ហើយមានការរារែកក្នុងចិត្ដ និងធ្វើឱ្យការរស់នៅមានការលំបាកបន្ដិចបន្ដួចតែប៉ុណ្ណោះ។ សម្រាប់បុគ្គលដែលមានអារម្មណ៍ខ្លាចមិនសមហេតុផល មិនចេះបត់បែនតាមកាលៈទេសៈ គឺជាប្រភេទនៃការខ្លាចមិនធម្មតា ហើយបង្កឱ្យមានផលប៉ះពាល់ច្រើននៅក្នុងសង្គម និងក្រុមគ្រួសារ។ មិនតែប៉ុណ្ណោះ ការខ្លាចប្រភេទនេះវាវិវត្ដន៍ឱ្យទៅជាជម្ងឺមួយចំនួនដែលទាក់ទងទៅនឹងផ្លូវចិត្ដ ដូចជាជម្ងឺបាក់ស្បាត ជម្ងឺវិកលចរិត ជម្ងឺធ្លាក់ទឹកចិត្ដ ជម្ងឺថប់អារម្មណ៍ជាដើម។
ដំបូន្មានអ្នកឯកទេស
ប្រសិនបើក្នុងក្រុមគ្រួសារមានសមាជិកម្នាក់ទទួលអារម្មណ៍នូវការខ្លាចខុសប្រក្រតី លោកអ្នកមិនត្រូវបណ្ដោយឱ្យគេចេះ តែមានអារម្មណ៍ភិតភ័យនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃនេះតទៅទៀតឡើយ។ ព្រោះវានាំឱ្យមានការវិវត្ដន៍ទៅជាជម្ងឺផ្លូវចិត្ដមួយចំនួន ហើយបង្កឱ្យមានផលវិបាកទៅថ្ងៃអនាគត។ លោកអ្នកត្រូវនាំឱ្យគេទៅកាន់មន្ទីរពេទ្យ ដើម្បីជួបអ្នកជំនាញខាងសុខភាពផ្លូវចិត្ដ ធ្វើ ការព្យាបាល ដើម្បីបន្ថយភាពខ្លាចនៅក្នុងអារម្មណ៍របស់បុគ្គលនោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply