គ្រោះ​ថ្នាក់​យុវតី​នៅ​កោះ​ពេជ្រ គឺ​ជា​ការ​សម្តែង​ភាព​កម្សោយ​នៃ​វិស័យ​អប់រំ​

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដែល​បាន​ធ្វើ​ឲ្យ​មហា​ជន​គ្រប់​ស្រទាប់ មាន​ការ​ភ្ញាក់​ផ្អើល​ និង​សម្តែង​អារម្មណ៍​ក្តុក​ក្តួល​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ឃើញ​រូប​ភាព និង​ឮ​ដំណឹង​នេះ នៅ​តាម​បណ្តាញ​សារ​ព័ត៌​មាន​ផ្សេងៗ​ និង​ជា​ពិសេស​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុឃ។ សូម​ប្រិយ​មិត្ត​តាម​ដាន​អាន​បទ​អត្ថា​ធិប្បាយ​ និង​មតិ​របស់​ប្រិយ​មិត្ត​ Facebook​ មួយ​ចំនួន​ជា​មួយ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា ​ដូច​តទៅ៖​

គ្រោះ​ថ្នាក់​យុវតី​នៅ​កោះ​ពេជ្រ

យុវតី​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​គេ​​​ស្គាល់​​​ឈ្មោះ​​​ថា សោម​ ចាន់​​​រស្មី អាយុ​​​១៧​​ឆ្នាំ រៀន​​ថ្នាក់​​ទី​៩ នៃ​​សិស្ស​វិទ្យា​ល័យ​ផ្សារ​ដើម​ថ្កូវ។ ថ្ងៃ​កើត​ហេតុ​ បើ​តាម​សាក្សី​ឃើញ​ផ្ទាល់​បាន​បញ្ជាក់​អោយ​ដឹង​ថា ម៉ូតូ​របស់​យុវតី​រង​គ្រោះ​ម៉ាកClick​ពណ៌​ឈាម​ជ្រូក​ បាន​បោះ​ពួយ​យ៉ាង​លឿន​ដូច​ព្យុះ​ខណៈ​ពេល​ដែល​ក្រុម​របស់​ខ្លួន​កំពុង​តែ​ជិះ​សប្បាយ​យ៉ាង​លឿន​ស្លេវ​នៅ​ក្នុង​បរិវេណ​ទីក្រុង​កោះ​ពេជ្រ​ នា​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​។ ភ្លាម​នោះ​ស្រាប់​តែ​ពេល​ដែល​កំពុង​តែ​ជិះ​យ៉ាង​លឿន និង​សប្បាយ​ភ្លេច​ខ្លួន​ ម៉ូតូ​របស់​យុវតី​រង​គ្រោះ​ដែល​មាន​ដឹក​គ្នាស​រុប​៣នា​ក់ ទាំង​អ្នក​បើក​ដែល​ជា​នារី​រង​គ្រោះ​ផ្ទាល់​បាន​មក​ដល់​ផ្លូវ​កោង​មួយ​ តែ​ដោយ​សារ​តែ​បត់​ចង្កូត​មិន​ទាន់ ម៉ូតូ​របស់​យុវតី​រង​គ្រោះ​ ក៏​បាន​បោះ​ពួយ​ទៅ​បុក​នឹង​បង្គោល​ភ្លើង​ហើយ​បាន​ផ្លោង​អ្នក​បើក​បរ​ម៉ូតូ​ខ្ទាត​ចេញ​ពី​ម៉ូតូ​ចូល​ទៅ​ក្នុង​គុម្ភ​ត្រែង​ដែល​នៅ​ក្បែរ​នោះ។​

យុវតី​រង​គ្រោះ​ដែល​ជា​ម្ចាស់ ​និង​អ្នក​បើក​បរ​ម៉ូតូ​នេះ​ផ្ទាល់ បាន​រង​របួស​ដោយ​រយះ​ភ្លៅ​ទាំង​គូ ត្រង់​ក្រ​លៀន​ ចំណែក​ឯ​អ្នក​ជិះ​នៅ​កណ្ដាល​ម៉ូតូ​បាន​សន្លប់ ខណៈ​ពេល​ដែល​អ្នក​អង្គុយ​នៅ​ខាង​ក្រោយ​គេ​បង្អស់​ ទទួល​រង​របួស​ស្រាល​ដោយ​ចុក​ដើម​ទ្រូង។ យុវតី​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​បាន​គេដឹ​ក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែត​ តែជា​អកុសល​ក្មេង​ស្រីរូ​ប​នេះ​បាន​ស្លាប់​ក្នុង​រយៈ​ពេល២ម៉ោង​ក្រោយ​ពេល​​ទៅ​ដល់​មន្ទីរ​ពទេ្យ។

​នា​​ពេល​​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា សិស្សា​នុសិស្ស​នា​សម័យ​២០១២​នេះ​ ហាក់​ដូច​ជា​កំពុង​តែ​ធ្លាក់​ចូល​ជ្រៅ​ទៅ​ក្នុង​ការ​សប្បាយ​ភ្លើត​ភ្លើន​ភ្លេច​ខ្លួន​ថា​ជា​អ្នក​សិក្សា។​ សិស្ស​មួយ​ចំនួន​បាន​ចំណាយ​ពេល​វេលា​សិក្សា​របស់​ខ្លួន ទៅ​ចំណាយ​ចោល​ដោយ​មិន​បាន​គិត​អំពី​ផល​អវិជ្ជ​មាន​ទៅ​ថ្ងៃ​អនា​គត។​ បើ​យើង​មើល​ទៅ​លើ​ករណី​យុវតី​វ័យ​១៧​ឆ្នាំ ដែល​រង​គ្រោះ​ថ្នាក់​ចរារណ៍​សា្លប់​នៅ​ឯ​កោះ​ពេជ្រ​វិញ យើង​ឃើញ​ថា ក្មេង​ស្រី​ជន​រង​គ្រោះ ​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​សិស្ស​សាលា ដែល​គេ​អាច​សន្និ​ដ្ឋាន​បាន​ថា​ អាច​ជា​សិស្ស​ដែល​លួច​គេច​ចេញ​ពី​ម៉ោង​សិក្សារ​បស់​ខ្លួន​ក្នុង​ន័យ​ដើម្បី​ចេញ​មក​ដើរ​កម្សាន្ត​សប្បាយ​ជា​មួយ​មិត្ត​ភក្តិ​នៅ​ឯ​កោះពេជ្រ​ទាំង​ព្រឹក​ព្រលឹម។​

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​នេះ បាន​ធ្វើ​ឲ្យ​បង​ប្អូន​ប្រជា​ពល​រ​ដ្ឋ​ខ្មែរ​មួយ​ចំនួន​មាន​ចម្ងល់​ និង​បាន​បញ្ចេញប្រ​តិកម្ម​របស់​ខ្លួន​ជាច្រើ​ននៅ​តាម​បណ្តាញ​សង្គម មាន​ដូច​ជា​ហ្វេស​ប៊ុឃ ធ្វីត​ទ័រ គេហ​ទំព័រ​សារព័ត៌​មាន​ក្នុង​ស្រុក​ជា​ច្រើន​ ព្រម​ទាំង​បង្ហាញ​ពី​សេចក្តី​សោក​ស្តាយ​ចំពោះ​សព​ជន​រង​គ្រោះ​ផង​ដែរ។​ ប្រិយ​មិត្ត​បណ្តាញ​សង្គមមួយចំនួនខ្លះបរិយាយស្តីបន្ទោសជាប្រយោល ខ្លះស្តីបន្ទោសចំៗទៅលើជនរងគ្រោះ និងអ្នកពាក់ព័ន្ធ ឯខ្លះទៀតបានសម្តែងសេចក្តីសោកស្តាយចំពោះយុវតីនេះជាដើម។ ប្រតិកម្ម ដែលបងប្អូន និង​ប្រិយមិត្ត​ឆ្លើយ​តប​នៅតា​ម​បណ្តាញ​សង្គម​ទាំង​នោះ ជាពិ​សេស​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា HealthCambodia.com​ សូម​លើក​យក​នូវ​មតិ​សំខាន់​របស់​ប្រិយ​មិត្ត​ចូល​រួម​យោបល់​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដែល​ប្រិយ​មិត្ត​បាន​លើក​ឡើង​យ៉ាងដូច្នេះថា៖​

1 .ឪពុក​​ម្តាយ​មាន​កូន​២​ទៅ​៣​នាក់ គ្រប់​គ្រង​អត់​បាន​ផង ចុះ​ទម្រាំ​សាលា​រដ្ឋ​ និង​សាលា​ឯក​ជន​ផង​នៅ​ពួក​គេ​នឹង​បន្លំ​បាន​មិន​អាច​បន្ទោស​គ្រូ​បាន​ទេ! បើ​សិស្ស​វា​មិន​ចូល​ហើយ គឺ​ពិបាក​ហាម​ឃាត់​ណាស់។​

2 . វា​មែន​ហើយ អា​រឿង​ពិបាក​ហាម​សិស្ស តែ​គ្រូ​ត្រូវ​ផ្ដល់​ដំណឹង​ដល់​អាណា​ព្យា​បាល​សិស្ស​ផង​ដែរ មែន​អត់?​

3 . បន្ទោស​គ្រូ​គឺ​មិន​ត្រូវ​ទេ សិស្ស​សម័យ​ឥឡូវ​គ្រូ​ទូន្មាន​មិន​ស្រួលៗ តាម​វាយ​គ្រូ​ទៀត។ មិន​ចំអក​ឡក​លើយ​អី​ទេ​ តែ​សង្ឃឹម​ថា​ក្មេងៗ​ក៏​សិស្ស​សាលា​នឹង​មាន​ការ​ភ្ញាក់​ខ្លួន ខំ​ប្រឹង​រៀន​សូត្រ ដើម្បី​ជា​ទំពាំង​ស្នង​ឬស្សី។​.

4 . ជីវិត​មនុស្ស​គ្រប់ៗ​គ្នា​សុទ្ឋ​តែ​មាន​តម្លៃ មិន​ថា​គេ​នោះ​មាន​ចរិក​បែប​ណា​ក៏​ដោយ។ ពាក្យ​ថា​ភ្លើ​ មិន​គួរ​និយាយ​ចេញ​ពី​មាត់​អ្នក​ដែល​បាន​រៀន​ចេះដឹ​ងនោះ​ទេ ព្រោះថា​សូម្បី​តែ​អ្នក​មិន​ចេះ​អក្ស​រ​សោះ​ក៏​គេ​ចេះ​ពិចា​រណា​ដែរ។​ សុំទោស​ផង​បើ​ខ្ញុំ​ប្រើ​ពាក្យ​មិន​សម​រម្យ។ សំណួរ​មួយ​សម្រាប់​ពិចារណា​លើ​សារព័ត៌​មាន លើ​ការ​បន្ទោស​គ្រូ​បង្រៀន ​ក្នុង​ការ​មិន​ផ្តល់​ព័ត៌​មាន។​

5 . ប្រាក់​ខែ​គ្រូ​បង្រៀន​បាន​ប៉ុន្មាន? ធ្វើ​យ៉ាង​ណា​អាច​តាម​ដាន​សិស្ស​បាន ហើយ​ពី​ណា​គេ​ជា​អ្នក​ចំណាយ​ក្នុង​ការ​តាម​ដាន?​

6 . ប្រើ​គោ​ក៏​អោយ​ស៊ី​ស្មៅ​ដែរ គ្នា​ស្លាប់​ទៅ​ហើយ អហោ​សកម្ម​ទៅ កុំ​និយាយ​បន្ទោស​អោយ​អី។​

7 . រឿង​គ្រោះ​ថ្នាក់​គ្មាន​ណា​ដឺង​មុន​ទេ កុំ​ថា​ដល់​ទៅ​ម៉ូតូ​កង់​មាន​តែ​ពីរ ឡាន​មាន​កង់​រហូត​ដល់​ទៅ​៤ គង់​តែ​គ្រោះ​ថ្នាក់​ក្រឡាប់​តាម​ផ្លូវ។​ អ្នក​នៅ​រស់​ឃើញ​ហើយ ត្រូវ​ចេះ​កាពារ​សុវត្ថិ​ភាព​របស់​ខ្លួន កុំ​ប្រហើន មើល​ងាយ​ជីវិ​តខ្លួន​ឯង។​

ខាង​លើ​នេះ គ្រាន់​តែ​សម្តី​មាន​ន័យ​ចង់​អប់រំ​យុវ​សិស្ស​ទាំង​ឡាយ​ ដែល​បាន​ផ្តល់​យោបល់​មិតិ​នៅលើ​​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា លើក​យក​មក​សម្រាប់​ឲ្យ​ប្រិយ​មិត្ត​គិត​ឆ្វេង​យល់​តែប៉ុ​ណ្ណោះ។​ ប្រការ​ដែល​សំខាន់ ការ​ដែល​មនុស្ស​ស្លាប់​ទៅ​ហើយ យើង​នាំ​គ្នា​អហោសកម្ម​ឲ្យ​ជន​រង​គ្រោះ ឲ្យ​បានទៅ​កាន់​សុខ​គតិ​ភព​ផង​ចុះ។​ តែ​ជាមួយ​គ្នា​នេះ មាន​ប្រិយ​មិត្ត​ខ្លះ​បាន​លើក​ឡើង​ចំពោះ​ការ​ប្រមាថ​ដល់​គ្រូ​ដែល​ចូល​បង្រៀន​មួយ​ចំនួន​ ដូច​ដែល​ប្រិយ​មិត្ត​បាន​អាន​នូវ​អត្ថន័យ​នៃ​ប្រិយ​មិត្ត​ខាង​លើ​បាន​បញ្ចេញ​មតិ​ស្រាប់ ទាក់​ទិន​ទៅ​នឹង​គ្រូ​បង្រៀន ​និង​គ្រូ​នាយក​គ្រប់​គ្រង​សាលា។ មាន​ករណី​ខ្លះ​បាន​យល់​ថា គ្រូ​នាយក​មិន​ចេះគ្រ​ប់​គ្រង ចេះ​តែ​គិត​ពី​រឿង​លុយ​ ទើប​បណ្តោយ​ឲ្យ​មាន​ការ​គ្រប់​គ្រង​មិន​ល្អ រី​ឯ​មតិ​ខ្លះ​បាន​លើក​ឡើង​ថា មិន​មែន​ឬ​មិន​អាច​បន្ទោស​គ្រូ​ទាំង​ស្រុង​បាន​ទាំង​អស់​នោះ​ទេ​ គឺ​មក​ពី​បញ្ហា​ប្រាក់​បៀវ​ត្សន៍​របស់​គាត់​មិន​គ្រប់​គ្រាន់ ទើប​បាន​ជា​គាត់​មិន​សូវ​ខ្វល់​ខ្វាយ​ពី​រឿង​គេច​សាលា​របស់​សិស្ស ដោយ​យល់​ថា​ បើ​អ្នក​ណា​មក​រៀន​ចេះ បើ​អ្នក​ណា​មិន​មក​រៀន​គឺ​អត់​ចេះ ចង់​ចេញ​ទៅ​ណា​ទៅ​ចុះ គាត់​មិន​ខ្វល់​មិន​ខ្វាយ​អី​នោះ​ទេ​ សំខាន់​ឲ្យ​តែ​បាន​លុយ​ចូល​ហោ​ប៉ៅ​នៅ​ពេល​ប្រឡង ឬ​នៅ​ពេល​ដាច់​ខែ ដាច់​ឆ្នាំ​ម្តង​ៗ។ រី​ឯ​ខ្លះ​ទៀត ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ គឺ​មក​ពី​ការ​គ្រប់​គ្រង​របស់​នាយកសា​លា​មិន​ល្អ​ទើប​បណ្តាល​ឲ្យ​មាន​រឿង​បែប​នេះ ហើយ​ប្រិយ​មិត្ត​ខ្លះ​ឆ្លើយ​ថា​ មិន​មែន​គ្រូ​ទាំង​អស់​គ្នា​គិត​តែ​ពី​រឿង​លុយ​តែ​មួយ​មុខ​នោះ​ទេ គឺ​មាន​គ្រូ​ខ្លះ​ក៏​ល្អ​ផង​ដែរ គាត់​ចេះ​យល់​យោគ​អធ្យា​ស្រ័យ​ដល់​សិស្ស​ និង​ចេះអ​ប់រំ​សិស្ស​ផង​ដែរ តែ​មាន​សិស្ស​មួយ​ចំនួន​ទេ ដែល​មិន​ព្រម​យក​ចិត្ត​ទុក​ដាក់​ស្តាប់ និង​ធ្វើ​ព្រហើន​ដាក់​គ្រូ​ថែម​ទៀត​ផង។​

ចំពោះ​បញ្ហា​ទាក់​ទិន​ទៅនឹ​ងកា​រអប់​រំនៅ​ក្នុង​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​ថា​ កម្ពុជា​នៅមា​នភាព​ទន់​ខ្សោយ​នៅ​ឡើយ​ចំពោះ​ប្រព័ន្ធ​អប់​រំ។​ នេះ​បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​ស្ថាប័ន​កំពូល​នៅ​ក្នុង​ស្រុក​និង​ក្រៅស្រុ​​ក រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នៅ​កម្ពុជា និង​អន្តរ​ជាតិ។​ បើ​តាម​របាយ​ការណ៍​របស់​អង្គការ​យូនី​ស្កូកាល​ពី​ឆ្នាំ​២០១១ និង​អង្គការ​អាយ​ឡូ បាន​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ប្រឈម​ខ្លាំង​នៅ​ឡើយ ដែល​កត្តា​នេះ បាន​ធ្វើ​ឲ្យ​កុមារ​ចំនួន​១៧​ម៉ឺន​នាក់​មិន​បាន​ចូល​រៀន​ ហើយ​យុវជន​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សា​ដោយ​សារ​តែ​គ្មាន​ប្រាក់​បង់​ថ្លៃ​ទិញ​វិញ្ញាសារ​រប​ស់​គ្រូ​ និង​មិន​មាន​ថវិការ​គ្រប់​គ្រាន់​ដើម្បី​បង់​ថ្លៃ​សិក្សា និង​ដោយ​សារ​តែ​ស្ថាន​ភាព​គ្រួសារ​ក្រីក្រ​លំបា​កជា​ដើម។​ បើ​យើង​ក្រឡេក​ទៅមើ​លអត្រា​នៃ​ភាព​អត់​ការងារ​ធ្វើ​ និង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ការ​ងារ​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួ​ននៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​សង្កេត​ឃើញ​ថា​កម្ពុជា​នៅ​ពុំ​ទាន់​មាន​ធន​ធាន​មនុស្ស​ដើម្បី​អភិ​វឌ្ឍប្រទេស​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យុវ​ជន​មួយ​ចំនួន ប្រព្រឹត្ត​អំពើ​មិន​ល្អ ដូច​ជា​មិន​គិត​ខំ​រៀន​សូត្រ​ដោយ​សារ​ឃើញ​អ្នក​ដទៃ​មិន​ចូល​រៀន​ដូច​ខ្លួន​ ក្លាយ​ទៅ​ជា​ជន​មិន​ល្អនៅ​ក្នុង​សង្គម​តាម​រយៈ​ការ​ធ្វើស​កម្ម​ភាព​ល្មើស​ផ្សេងៗ​ ក្លាយ​ទៅ​ជា​ជនរ​ង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន​ ឬ​ក្លាយ​ទៅ​ជាជ​ន​មាន​ឈ្មោះ​រស់​ក្នុង​សង្គម​មិន​ល្អ​ជា​ដើម។ តើ​កិច្ចការ​នេះ​ យុវជន​ខ្លួន​ឯង​ជា​អ្នក​ដោះ​ស្រាយ​ឬ​ក៏​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៅ​លើ​ប្រព័ន្ធអ​ប់រំ​នៅ​កម្ពុជា​ ឬ​ក៏​មាន​វិធី​សាស្រ្ត​យ៉ាង​ណា​ខ្លះ​បន្ត​ទៀត?​

ការ​ពង្រឹង​គុណ​ភាពអប់​រំ​នៅ​កម្ពុជា គឺ​ជា​បញ្ហា​ដ៏​លំបាក​មួយ​ដែល​រាជរដ្ឋា​ភិបាលកម្ពុជា​ ក្រសួង​ពាក់​ព័ន្ធ​ រួម​ទាំង​សង្គម​ស៊ីវិល​ចូល​រួម​ដោះស្រា​យ ​ដើម្បី​ឲ្យយុ​វសិស្ស​និស្សិត​កម្ពុជា​អាច​ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​ជាមួយ​បណ្តា​យុវ​សិស្ស​និស្សិត​នៅ​តាម​បណ្តា​ប្រទេស​ជិត​ខាង​ និង​នៅ​លើ​សក​លោក។ ម្យ៉ាង​វិញ​ទៀត យុវ​ជន​ខ្លួន​ឯង​ក៏​ត្រូវ​ចេះ​គិត​ពិចារ​ណា​ផង​ដែរ​ថា​ ការ​សិក្សា​គឺ​នាំ​មក​នូវ​អនាគត​ភ្លឺ​ស្វាង​ទៅ​ថ្ងៃ​អនាគត​ ដូច្នេះ​យុវជន​ខ្លួន​ឯ​​ងមិន​​ត្រូវ​ប្រព្រឹត្តិ​នៅ​អំពើ​ផ្តេស​ផ្តាស​ដែល​នាំ​ខាត​បង់​ពេល​វេលា​សិក្សា​របស់​ខ្លួន​ទៅ​ដោយ​ទទេៗ​នោះ​ទេ។​ ដូច​ពាក្យ​ចាស់​មួយ​តែ​ពោល​ជា​ញឹក​ញាប់​ថា បើ​យើង​ចង់​ពឹង​អ្នក​ដ៏ទៃ​ឲ្យ​ជួយ​ខ្លួន គឺ​យើង​ត្រូវ​ជួយ​ខ្លួន​ឯង​ជា​មុន​សិន​ ឬអាច​និយាយ​ជា​ភាសា​បាលី​បាន​ថា «អត្ថា​ហិ អត្ថ​នោ នា​ថោ» ដែល​ប្រែ​ថា «ខ្លួន​ទី​ពឹង​ខ្លួន»។​

ជា​ចុង​បញ្ចប់​នៃ​ការ​អធិ​ប្បាយ​នេះ សូម​លោក​អ្នក​ដែល​ជា​ប្រិយ​មិត្ត​របស់​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ទាំង​អស់​ ចូល​រួម​ស្វែង​យល់​សម្រាប់​ជា​ការ​ពិ​ចារ​ណា​ដោយ​សម​ហេតុ​ផល​រៀងៗ​ខ្លួន។ គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ ក៏​សូម​អំពាវ​នាវ​ដល់​សិស្សា​នុ​សិស្ស​ ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​ការ​សិក្សា​របស់​លោក​អ្នក​ និង​កូន​ចៅ​របស់​លោក​អ្នក​ឲ្យ​ទទួល​បាន​ផ្លែ​ផ្កា​ទៅ​ថ្ងៃ​មុខ​ដោយ​ចៀស​វាង​ឲ្យ​បាន​ពី​បញ្ហា​គ្រោះ​ថ្នាក់​ផ្សេងៗ​ឲ្យ​បាន​ចំពោះ​អាយុ​ជីវិត​ដ៏​មាន​ត​ម្លៃ​របស់​លោក​អ្នក។ ពី​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ ក៏​សូម​ចូល​រួម​រំលែក​ទុក្ខ​ដល់​សព​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​ផង​ដែរ​ និង​សូម​ឲ្យ​នាង​បាន​ទៅ​កាន់​ឋាន​បរម​សុខ​ទៅ​ជាតិ​មុខ។

អត្ថបទ​ដោយ ៖ សៀង ​វិរៈ
ចេញផហសាយ ៖ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២

Categories: , , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *