គិត​ច្រើន មិន​ចម្រើន​សុខភាព

គ្មាននរណាម្នាក់ដែលចៀសផុតពីការគិតនោះទេ គ្រាន់តែការគិតរបស់មនុស្សយើងម្នាក់ៗមានកម្រិតខុសៗគ្នា ទៅតាមសាច់រឿងនីមួយៗ។ ចំពោះអ្នកដែលហ៊ានប្រឈមមុខនឹងការពិត រាល់ជុំវិញបញ្ហាដែលកើតមានមកលើខ្លួននោះនាំឱ្យការគិតវិវត្ដន៍ ទៅជាបញ្ហាផ្លូវចិត្ដនោះទេ។ ផ្ទុយទៅវិញ អ្នកដែលចេះតែគេចវេសពីបញ្ហាមកលាតត្រដាងឱ្យក្រុមគ្រួសារ ឬមិត្ដភក្ដិជួយដោះស្រាយ ជាហេតុធ្វើឱ្យបញ្ហានោះនៅជាអន្ទោលតាមប្រាណជានិច្ច។ បញ្ហាដែលយើងមិនអាចដោះស្រាយតែឯងបាន ធ្វើឱ្យយើងគិតច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ នាំឱ្យការគិតមានលក្ខណៈរ៉ាំរ៉ៃ បណ្ដាលឱ្យមានការតានតឹងចិត្ដឬមានបញ្ហាធ្ងន់ធ្ងរជាងនេះក៏មាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅលើទំព័រសុខភាពផ្លូវចិត្ដ និងចិត្ដសាស្ដ្រ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសជម្ងឺផ្លូវចិត្ដ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ធ្វើការស្រាយបំភ្លឺនូវប្រធានបទខាងលើជូនមិត្ដអ្នកអានឱ្យបានជ្រាប តាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាព យើង។

លក្ខណៈនៃការគិត

មិនថាមនុស្សប្រុសស្រី ក្មេងចាស់ ជាតិសាសន៍ណាទេ តែងតែគិតទៅលើរឿងរ៉ាវដែលកើតឡើងជុំវិញខ្លួន ឬគិតពីគម្រោង អ្វីមួយសម្រាប់ទៅថ្ងៃអនាគត។ ដូចនេះមន្ដ្រីរាជការ អ្នកធ្វើជំនួញ សិស្សានុសិស្ស និងនិស្សិត រមែងគិតពីអ្វីដែលទាក់ទងនឹងខ្លួន កំពុងអនុវត្ដ។ គ្រាន់តែការគិតរបស់មនុស្សម្នាក់ៗ មានទំហំ ឬសណ្ឋានខុសៗគ្នាទៅតាមបញ្ហានីមួយៗ ដូចជាជួបប្រទះនឹងបញ្ហា ការងារ សង្គម ឬមានបញ្ហាគ្រួសារជាដើម។

អ្នកដែលប្រឈមមុខនឹងការគិតច្រើន

តើមាននរណាដែលរស់នៅលើលោកនេះមិនចេះគិតនោះ? គ្មានទេ! គ្មាននរណាម្នាក់ដែលមិនមានរឿងត្រូវគិតនោះទេ គ្រាន់តែមនុស្សគ្រប់គ្នាមានការគិតតិច ឬច្រើនទៅតាមស្ថានភាពជាក់ស្ដែងតែប៉ុណ្ណោះ។ ប៉ុន្ដែការគិតច្រើនរៀងរាល់ថ្ងៃជាប្រចាំច្រើន កើតទៅលើបុគ្គលមួយចំនួនដូចខាងក្រោម។

  • សិស្សានុសិស្ស ឬនិស្សិត ៖ គ្មានអ្វីគិតច្រើនក្រៅពីរឿងរៀនសូត្រនោះទេ។ សិស្សានុសិស្សគិតច្រើនពីមុខវិជ្ជានីមួយៗ ព្រួយភ័យខ្លាចរៀនមិនបានពូកែ ហើយត្រូវប្រឈមមុខនឹងការប្រឡងធ្លាក់។ និស្សិតក៏គិតច្រើនទៅការប្រឡង ការធ្វើសារណាបញ្ចប់ឆ្នាំ និងខ្លាចឡើងការពារសារណាធ្លាក់។ល។
  • អាណាព្យាបាល ៖ នៅក្នុងក្រុមគ្រួសារ ឪពុកម្ដាយមានបញ្ហាច្រើនដែលត្រូវគិតទៅលើសេដ្ឋកិច្ចគ្រួសារ មានប្រាក់ ចំណូលតិចតួច និងបញ្ហាអនាគតកូនៗ។ ជួនកាលពួកគាត់ត្រូវគិតច្រើនទៅលើកូនដែលមិនស្ដាប់ដំបូន្មានគាត់ ទៅប្រព្រឹត្ដអំពើដែលសង្គមមិនឱ្យតម្លៃ ធ្វើឱ្យពួកគាត់ត្រូវខ្វល់ខ្វាយ ពិបាកចិត្ដ និងគិតច្រើនពីបញ្ហានេះ។
  • អ្នកធ្វើជំនួញ ៖ បញ្ហាចម្បងនៃការគិតគឺបណ្ដាលមកពីប្រាក់ចំណូលតិចជាងចំណាយ ដែលជាឧបសគ្គរាំងស្ទះ ក្នុងការខកខានទៅនឹងតម្រូវការផ្សេងៗទៀត។ ក្រុមហ៊ុនមិនមានការរីកចម្រើនទៅមុខ ថ្ងៃអនាគតអាចក្ស័យធន នេះជាកត្ដាដែលធ្វើឱ្យអ្នកជំនួញត្រូវប្រឈមមុខនឹងការគិតច្រើន។
  • គ្រូពេទ្យ ៖ តើអាចជួយសង្គ្រោះអ្នកជម្ងឺឱ្យជាសះស្បើយបានដែរឬទេ? នេះជាប្រធានចម្បងនៃការគិតច្រើន ចំពោះគ្រូពេទ្យដែលត្រូវគិតរាល់ពេលជួបអ្នកជម្ងឺធ្ងន់ធ្ងរមកធ្វើការព្យាបាល។ ការស្រាវជ្រាវបន្ដ ឬសិក្សាបន្ដសុទ្ធសឹងជាលក្ខខណ្ឌដែលនាំឱ្យ មានការគិតច្រើន។
  • គ្រូបង្រៀន ៖ ការផ្ទេរចំណេះវិជ្ជាពីគ្រូមកសិស្ស មិនអាចធ្វើឱ្យសិស្សទាំងអស់នៅក្នុងថ្នាក់ចាប់បានទាំងអស់គ្នានោះទេ។ ធម្មតាគ្រូប្រៀបដូចជាឪពុកម្ដាយទី២របស់សិស្ស តែងតែចង់ឱ្យសិស្សចេះនៅមុខវិជ្ជារបស់គាត់គ្រប់ៗគ្នា។ កាលបើសិស្សច្រើននាក់មិនចេះនៅមុខវិជ្ជារបស់គាត់ ជាហេតុធ្វើឱ្យគាត់ត្រូវគិតច្រើនក្នុងការរិះរកវិធីសាស្ដ្រមកបង្រៀនសិស្សឱ្យឆាប់យល់។
  • បុគ្គលិកការងារ ៖ ទំហំនៃការងារនីមួយៗមានលក្ខណៈខុសៗគ្នា។ អ្នកខ្លះត្រូវជួបប្រទះនឹងការងារច្រើន ហើយទាមទារ ឱ្យមានការគិតឱ្យបានម៉ត់ចត់ នាំឱ្យលោកអ្នកត្រូវគិតម្ដងហើយម្ដងទៀត ត្រិះរិះពិចារណាច្រើនលើកច្រើនសារ។ ម្យ៉ាងទៀត បរិយាកាសនៅកន្លែងធ្វើការក៏មិនប្រសើរ មានបញ្ហាស្មុគស្មាញនឹងអ្នកបម្រើការងារជាមួយ និងមិត្ដភក្ដិ ទាំងអស់នេះសុទ្ធតែជា ដើមហេតុនៃការគិត។
  • ប្រមុខរាជរដ្ឋាភិបាល ៖ ក្ដីកង្វល់ដ៏ធំរបស់អ្នកដឹកនាំប្រទេសជាតិ គឺព្រួយបារម្ភខ្លាចមានអសន្ដិសុខ គ្រោះមហន្ដរាយ ឬគ្រោះធម្មជាតិកើតឡើងចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ កត្ដាទាំងនេះជាហេតុធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលគិតច្រើនជាប្រចាំ ចំពោះប្រជាពលរដ្ឋរបស់ខ្លួន តើថាពួកគេមានសុខទុក្ខ ជីវភាព សុវត្ថិភាព និងការរីកចម្រើនបែបណា។

ផលប៉ះពាល់នៃការគិតច្រើន

ការគិតច្រើនមិនមែនជារឿងធម្មតានោះទេ ព្រោះអាចឱ្យលោកអ្នកមួយចំនួនមានបញ្ហាធ្ងន់ធ្ងរ។ រឿងដែលស្មុគស្មាញ គិតច្រើនរកដំណោះស្រាយមិនចេញ បណ្ដាលឱ្យលោកអ្នកមានការធុញទ្រាន់ គេចវេសពីរឿងទាំងឡាយហើយក្លាយទៅជាមនុស្ស មានបញ្ហាផ្លូវចិត្ដ ឬជម្ងឺផ្លូវចិត្ដ។ អាចធ្វើអត្ដឃាតចំពោះខ្លួនឯង ឬលែងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយសារភាពសោះ អង្គើយ និងមានទឹកមុខស្រពាប់ស្រពោន។ សរុបសេចក្ដីមក ការគិតច្រើនធ្វើឱ្យលោកអ្នកមានផលវិបាកច្រើនមកលើខ្លួនឯង ដូចជាសុខភាពទ្រុឌទ្រោម ឬធ្លាក់ខ្លួនឈឺក៏សឹងតែមាន។

វិធីព្យាបាលនៃការគិតច្រើន

ការគិតច្រើនហួសហេតុពេក នាំឱ្យខ្លួនឯងមានផលវិបាក។ ដូចនេះដើម្បីបញ្ចៀសពីការគិត រាល់បញ្ហាជុំវិញទាំងឡាយ លោកអ្នកត្រូវរកដំណោះស្រាយមួយដ៏ប្រសើរមកអនុវត្ដក្នុងស្ថានភាពមួយដ៏សមស្រប។ ព្រោះកាលណាទុកបញ្ហានោះកាន់តែយូរ ការ គិតរឿងនេះពីមួយថ្ងៃទៅមួយថ្ងៃអាចធ្វើឱ្យលោកអ្នកមានទំនាស់ខាងផ្លូវចិត្ដ។ បើសិនចេះដោះស្រាយបញ្ហាភ្លាម ហើយទទួលបាន ជោគជ័យទៀតនោះ អាចធ្វើឱ្យលោកអ្នកបំបាត់ទុក្ខព្រួយ និងការគិតរបស់លោកអ្នកពុំមានទៀតទេ។ បើមានទំនាស់នឹងអ្នកដទៃ គប្បីកុំមានគំនិតគិតច្រើនទៅលើការចង់ឈ្នះអ្វី ព្រោះវាមិនបានធ្វើឱ្យលោកអ្នកចំណេញអ្វីឡើយ។ ត្រូវមានពេលសម្រាកពីការសិក្សា ឬការងារ ដើម្បីកុំឱ្យប្រឈមមុខនឹងការគិតច្រើនពេក។ ពេលដែលគិត ឬដោះស្រាយដោយខ្លួនឯងពុំបានសម្រេច លោកអ្នកគួរតែយក បញ្ហាឬរឿងរ៉ាវនោះមកពិគ្រោះជាមួយក្រុមគ្រួសារ មិត្ដភក្ដិ ឬអ្នកជំនាញ ដើម្បីពួកគេយល់ពីបញ្ហារបស់ខ្លួន ហើយនឹងអាចផ្ដល់ ដំណោះស្រាយមួយដ៏សមស្របមកវិញ។

វិធីសាស្ដ្រកាត់បន្ថយការគិតច្រើន

ដើម្បីកុំឱ្យខ្លួនឯងចេះតែគិតច្រើន លោកអ្នកត្រូវហ៊ានទទួលស្គាល់នូវការពិតចំពោះអ្វីដែលលោកអ្នកបានប្រព្រឹត្ដ។ កាល ណាលោកអ្នកគេចវេសពីការពិត នោះមិនបានបំបាត់នូវការគិតច្រើនឡើយ។ ចៀសវាងពីការបៀមទុក្ខ បើសិនជាមានវិធីដោះស្រាយ ណាដែលល្អ ហើយអាចធ្វើទៅបាន។ អាចពិភាក្សាជាមួយអ្នកដែលខ្លួនស្រឡាញ់ទុកចិត្ដ ដើម្បីជួយរំលែក ឬធ្វើលំហាត់ប្រាណ ឬធ្វើលំហែកម្សាន្ដ ដើម្បីឱ្យអារម្មណ៍ស្រស់ថ្លា និងបំបាត់ភាពស្មុគស្មាញ។

ដំបូន្នានអ្នកឯកទេស

ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាអ្វីមួយ លោកអ្នកត្រូវរិះរកដំណោះស្រាយដែលលោកអ្នកគិតថា ជាវិធីល្អមកអនុវត្ដគឺជាការប្រសើរ។ កុំបណ្ដោយឱ្យបញ្ហានោះទុកកាន់តែយូរ ព្រោះនាំឱ្យខ្លួនឯងមិនសប្បាយចិត្ដ ពិបាកចិត្ដ ខ្វល់ខ្វាយ និងគិតច្រើន រហូតអាចធ្វើឱ្យខ្លួនឯងមានបញ្ហាផ្លូវចិត្ដ ឬជម្ងឺផ្លូវចិត្ដ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *