មតិជាសកលខ្លះបានលើកឡើងថា បើប្រទេសជាតិណាមួយសម្បូរអ្នកប្រើប្រាស់គ្រឿងញៀនហើយនោះ ប្រទេសជាតិនោះក៏នឹងសម្បូរចោរលួច ចោរប្លន់ផងដែរ ជាពិសេសភាពអសន្តិសុខក៏កើតមានច្រើនឡើងៗផងដែរនៅក្នុងសង្គមជាតិនោះ។ តើការលើកឡើងនេះ ពិតជាត្រឹមត្រូវដែរឬទេ? តើនៅក្នុងសង្គមកម្ពុជានាពេលបច្ចប្បន្នសម្បូរអ្នកប្រើប្រាស់គ្រឿងញៀនដែរឬទេ ទើបបានជារៀងរាល់ថ្ងៃអំពើចោលួច ចោរប្លន់មានសឹងគ្រប់ទំព័រកាសែត និងសារព័ត៌មានផ្សេងៗជារៀងរាល់ថ្ងៃមិនចេះអស់មិនចេះហើយ?
បើតាមការឲ្យដឹងពីសារព័ត៌មានក្នុងស្រុក នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប្រជាជនកម្ពុជាបាននិងកំពុងប្រើកញ្ឆា បន្ថែមពីលើម្ហូបអាហារខ្មែរ ជាពិសេសម្ហូបស៊ុបជាដើម ដែលល្បីល្បាញក្នុងការប្រើកញ្ឆា ដែលអាចទិញបាននៅលើទីផ្សារ បារ ក្លឹប និងតាមផ្លូវកាច់ជ្រុង ដែលមិនទាន់ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅឡើយ។ ប៉ុន្តែបញ្ហាសំខាន់មិនមែនស្ថិតនៅលើកញ្ឆានោះទេ គឺបញ្ហាគ្រឿងញៀនទៅវិញទេ ដែលបាននាំចូលជាច្រើនប្រភេទ ដូចជាមេតាំហ្វេតាមីន(Meth Amphetamines) ឬថ្នាំដែលមានលាយសារធាតុចម្រុះ រាប់បញ្ចូលទាំង Amhetamine ឬយ៉ាម៉ា ដែលកំពុងគំរាមកំហែងយុវជនកម្ពុជានាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការប្រើប្រាស់គ្រឿងញៀន គេសម្គាល់ឃើញថា បានមានការកើនឡើងជាច្រើនផងដែរនៅក្នុងសង្គមកម្ពុជា តាមរយៈរូបភាពនៃការចុះបង្ក្រាបកន្លែងផលិតគ្រឿងញៀន និងការចាប់បានក្រុមចែកចាយគ្រឿងញៀនមួយចំនួនធំជាបន្តបន្ទាប់ដោយរាជរដ្ឋាភិបាលកម្ពុជាជាដើម។ ការចុះបង្រាបនេះបានធ្វើឲ្យមានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់។ ប៉ុន្តែការណ៍នេះក៏បង្កើនក្តីកង្វល់ជាច្រើនផងដែរដល់ប្រជាជនកម្ពុជាមួយចំនួននៅពេលបានដឹងថាកម្ពុជាមានចំនួនប្រើប្រាស់ ចែកចាយ និងផលិតគ្រឿងញៀននៅក្នុងប្រទេស។
ការកើនឡើងនូវចំនួនចោរលួច ចោរប្លន់ កាន់តែច្រើនក៏មានជាប់ទាក់ទិនទៅនឹងការប្រើថ្នាំញៀនផងដែរ។ ការលួចឆក់ប្លន់ជាច្រើន បានធ្វើឡើងដើម្បីយកប្រាក់ទៅជក់ថ្នាំញៀនទាំងនោះ។ នេះជាបញ្ហា ដែលត្រូវហាមឃាត់ ដោយសារគ្មាននរណាម្នាក់អាចនិយាយរឿងនេះបាន។ ប៉ុន្តែនាពេលច្ចុប្បន្ន បញ្ហានេះកំពុងតែកើនឡើងខ្លាំងនៅក្នុងសង្គមអាស៊ី ជាពិសេសនៅក្នុងប្រទេសកម្ពុជា។ ការប្រើថ្នាំ Meth Amphetamine ធ្វើឲ្យមានការផ្លាស់ប្តូរសារធាតុនៅក្នុងខួរក្បាល បំផ្លាញជាលិកានៅក្នុងសំណុំខួរក្បាលដែលបង្កភាពសប្បាយរីករាយដល់មនុស្ស ហើយជាលទ្ធផលអ្នកប្រើប្រាស់ មិនអាចជួបរឿងសប្បាយទាំងអស់នោះរហូតទេ ហើយការប្រើប្រាស់ថ្នាំនេះ អាចនាំឲ្យមានបញ្ហាផ្លូវអារម្មណ៍ ដូចជាខួរក្បាលខុសប្រក្រតី គេងមិនលក់ ធុញថប់បារម្ភ ការប្រើអំពើហិង្សាស្រមើស្រមៃ រវើរវាយ និងអាចឈានដល់ឆ្គួត និងស្លាប់បានថែមទៀតផងក៏មាន។
បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីចុងខែមិថុនា កន្លងទៅនាពេលថ្មីៗនេះបានឲ្យដឹងថា ចំនួននៃការប្រើប្រាស់ថ្នាំញៀនមេតាំហ្វេតាមីនកំពុងមានការកើនឡើង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្មបានបង្ហាញឲ្យដឹងនូវរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនអំពីស្ថានភាពការប្រើប្រាស់គ្រឿងញៀនក្នុងពិភពលោកថា មានចំនួនប្រជាពលរដ្ឋនៅលើពិភពលោកទាំងមូលប្រមាណ៥% បាននិងកំពុងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយ២៧លាននាក់ត្រូវគេពិពណ៌នាថា ជាអ្នកមានបញ្ហាជាមួយការប្រើប្រាស់គ្រឿងញៀន។ ប្រទេសចំនួន៦ដែលស្ថិតនៅក្នុងមហាតំបន់ទន្លេមេគង្គ ត្រូវបានគេមើលឃើញថា មានការប្រើប្រាស់គ្រឿងញៀនកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
ការបណ្តុះបណ្តាល និងកែប្រែជនរងគ្រោះដោយសារគ្រឿងញៀន ក៏ជាកិច្ចការចាំបាច់មួយផងដែរសម្រាប់សង្គមកម្ពុជាដើម្បីលើកកម្ពស់ការយល់ដឹង និងអប់រំអ្នកញៀនថ្នាំទាំងនោះឲ្យដើរមករកផ្លូវល្អ ជាជាងការដែលបញ្ជូនអ្នកញៀនថ្នាំទាំងនោះទៅពន្ធធនាគារ។ បើតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដែលសព្វថ្ងៃកំពុងតែសហការជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗទៀត ដើម្បីអនុវត្តកម្មវិធីព្យាបាលការញៀនថ្នាំតាមសហគមន៍(CBTs) បានឲ្យដឹងថា ការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល ក្នុងការកំណត់បញ្ហារបស់អ្នកជម្ងឺទាក់ទងទៅនឹងថ្នាំញៀន ចំណេះដឹងក្នុងការផ្តល់ប្រឹក្សាជាមូលដ្ឋាន និងជម្រើសព្យាបាលការញៀនថ្នាំ ក៏ដូចជាការគាំទ្របុគ្គលិកផ្សព្វផ្សាយតាមសហគមន៍ក្នុងគោលបំណងដើម្បីអប់រំប្រជាជន ដែលប្រើប្រាស់ថ្នាំញៀន គឺជាបញ្ហាសំខាន់ផងដែរសម្រាប់សង្គមកម្ពុជានាពេលបច្ចុប្បន្ន។
ការផ្តោតគោលដៅជាសំខាន់ទៅលើកម្មវិធីថ្នាំញៀន ពាក់ព័ន្ធទៅនឹងកុមារ ព្រមទាំងយុវជន ក៏មានសារៈសំខាន់ខ្លាំងផងដែរ ក្នុងការចូលរួមទប់ស្កាត់ បង្ការ កាត់បន្ថយគ្រោះថ្នាក់ និងការបន្សាបថ្នាំញៀនជាដើម។ មួយវិញទៀត ការកំណត់គោលដៅទៅលើអ្នកប្រើប្រាស់ថ្នាំញៀនដោយចាក់បញ្ចូល និងអ្នកប្រើថ្នាំយ៉ាមា ដែលប្រថុយប្រថាននឹងការឆ្លងមេរោគអេដស៍ខ្ពស់ និងគ្រោះថ្នាក់ដល់សុខភាពនោះ ក៏ជាវិធានការណ៍ដ៏ចាំបាច់មួយផងដែរសម្រាប់កម្ពុជាក្នុងការដោះស្រាយ។ ក្នុងនោះរាប់បញ្ចូលទាំងការប្រើប្រាស់ថ្នាំញៀន និងឥរិយាបថរួមភេទដែលប្រឈមនឹងហានិភ័យខ្ពស់ តាមរយៈការផ្សព្វផ្សាយនៅមជ្ឈមណ្ឌល ឬគ្លីនិក និងសហគមន៍ទូទៅនៅទូទាំងប្រទេសកម្ពុជា។
កាលពីចុងខែមិថុនាកន្លងទៅថ្មីៗនេះ នៅក្នុងសារសម្រាប់ទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ឃើញថា នៅមុនទសវត្សរ៍៩០ ទាំងការផលិត ការឆ្លងកាត់ និងការប្រើប្រាស់គ្រឿងញៀន គ្មាននៅលើទឹកដីកម្ពុជាទេ។ ប៉ុន្តែ ក្រោយការបើកចំហទីផ្សារ គ្រឿងញៀនបានហូរចូលមកកម្ពុជា និងបានក្លាយជាបញ្ហាគួរឲ្យយកចិត្តទុកដាក់។ ប្រមុខរាជរដ្ឋាភិបាលក៏បានកោតសរសើរដល់សមត្ថកិច្ចរដ្ឋាភិបាលដែលបានបំពេញការងារយ៉ាងសកម្មក្នុងបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏គ្រោះថ្នាក់នេះផងដែរ ជាពិសេសសម្រាប់យុវជនកម្ពុជា។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ឃើញផងដែរថា គ្រឿងញៀនបានបង្កវិនាសកម្មធ្ងន់ធ្ងរ និងការខាតបង់ដ៏ធំធេងសម្រាប់បុគ្គលផ្ទាល់ខ្លួន ក្រុមគ្រួសារ សង្គម និងសេដ្ឋកិច្ចជាតិទាំងមូល៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១២
Leave a Reply