ស្ដ្រីទាំងឡាយតែងតែប្រាថ្នាចង់បានសរសៃសក់ទន់ល្មើយ ស្រស់ស្អាត ងាយស្រួលសិត។ ដើម្បីសម្រេចបាននូវបំណងប្រាថ្នាទាំងនេះ លោកអ្នកជាពិសេសសុភាពនារីត្រូវផ្ដោតជាសំខាន់ទៅលើការថែរក្សានិងការផ្ដល់ចំណីអាហារល្អដល់សក់។ ការថែទាំ សរសៃសក់ឱ្យបានដិតដល់ជាប់ជាប្រចាំនោះ មិនមែនមានន័យលោកអ្នកត្រូវរកផលិតផលល្អៗមានតម្លៃថ្លៃៗមកថែរក្សាទាំងស្រុង នោះទេ ព្រោះថាបើមិនដូច្នោះអ្នកដែលគ្មានប្រាក់ប្រាកដជាគ្មានឱកាសនឹងបានសក់ស្អាតនោះឡើយ។ ការថែរក្សាសក់តាមធម្មជាតិ ឬដោយផលិតផលធម្មជាតិ នឹងធ្វើឱ្យលោកអ្នកនាងចំណេញទាំងពេលវេលា និងប្រាក់ទៀតផង។
សូមចូលរួមតាមដានទស្សនាវដ្ដី សុខភាពយើង នៅក្នុងលេខនេះ លោកអ្នកជាពិសេសមិត្ដនារីទាំងអស់នឹងបានយល់អំពីវិធីថែរក្សាសក់តាមធម្មជាតិមួយចំនួន តាមរយៈការបកស្រាយរបស់លោកស្រី គង់ កូលីន អ្នកជំនាញនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល វិជ្ជាជីវៈសុជាតិ។
ការថែរក្សាសក់តាមធម្មជាតិ
ការប្រើផលិតផលធម្មជាតិដើម្បីថែរក្សាសក់គឺសំដៅដល់ការប្រើបន្លែ ផ្លែឈើជាដើម ដើម្បីបំប៉នជំនួយដល់សរសៃសក់ឱ្យរឹងមាំទន់រលោងងាយស្រួលសិតជាដើម។ ការប្រើផលិតផលធម្មជាតិទាំងនេះ មិនត្រឹមតែធ្វើឱ្យលោកអ្នកស្រស់ស្អាតបានដូច បំណងនោះទេ ថែមទាំងជួយសន្សំសំចៃថវិការបស់លោកអ្នកមួយចំនួនក្នុងការទៅទិញផលិតផលដែលមានផ្ទុកសារធាតុគីមីទៀត ផង។ ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចជួយឱ្យសរសៃសក់លោកអ្នកស្រស់ស្អាតបាន ៖
1 . សក់ស្អាតដោយចេកអំបូង ៖ វិធីនេះលោកអ្នកគ្រាន់តែយកចេកអំបូងមួយផ្លែកិនឱ្យម៉ដ្ដ បន្ទាប់មកយកប្រេងអូលីវ២ ស្លាបព្រាកាហ្វេដាក់ចូល ហើយច្របល់ឱ្យសព្វសាច់មួយ។ រួចយកល្បាយនេះមកលាបលើសក់ឱ្យសព្វ ចាប់ពីគល់រហូតដល់ចុង ផ្អាប់ទុករយៈពេលប្រហែល២០នាទីសឹមកក់សក់លាងសម្អាតវាចេញដោយទឹកត្រជាក់ធម្មតា នោះលោកអ្នកនឹងបានសរសៃសក់ទន់ ល្មើយជាមិនខាន។
2 . សក់ស្អាតដោយទឹកដោះគោ ៖ ការបំប៉នសរសៃសក់ដោយទឹកដោះគោជូរនោះមិនមានអ្វីពិបាកនោះទេ គ្រាន់តែលោកអ្នកយកទឹកដោះគោជូររសជាតិសាបចំនួន៥ស្លាបព្រាបាយលាយជាមួយពងមាន់១គ្រាប់ និងទឹកឃ្មុំ១ស្លាបព្រាបាយមកកូរលាយបញ្ចូលគ្នា។ រួចហើយយកវាមកលាបឱ្យសព្វលើសរសៃសក់ក្រោយពេលកក់រួច ដោយផ្អាប់ទុកចោល១៥ទៅ២០នាទីទើបលាងសម្អាតចេញ។ វិធីនោះអាចជួយឱ្យសរសៃសក់លោកអ្នកមានសំណើម ធ្វើឱ្យសក់មានទម្ងន់ និងងាយស្រួលសិត ព្រមទាំងអាចជួយកែបញ្ហាសក់ចំពាក់ កណ្ដាញ់ រលើបរលោងទៀតផង។
3 . សក់ស្អាតដោយស្រាបៀរ ៖ សម្រាប់វិធីនេះ លោកអ្នកគ្រាន់តែយកស្រាបៀរចាក់នៅលើក្បាលក្រោយពេលកក់សក់រួចហើយប្រើម្រាមដៃញីឱ្យសព្វសរសៃសក់។ នៅពេលដែលញីរួចទុកចោលប្រហែល១០នាទី ឬអាចរកស្បោងប្លាស្ទិកមករុំសក់ក្បាលឱ្យជិត។ ដល់ពេលគ្រប់នាទីកំណត់ហើយ លាងទឹកចេញឱ្យស្អាតដោយមិនត្រូវជូតវានោះទេ គឺទុកឱ្យស្ងួតតាមធម្មជាតិទៅចុះ។ ប៉ុន្ដែបើក្នុងករណីលោកអ្នកប្រញាប់អាចប្រើម៉ាស៊ីនផ្លុំ ដើម្បីផ្លុំសម្ងួតបានតែត្រូវប្រើខ្យល់ត្រជាក់ច្រើនជាងខ្យល់ក្ដៅ។ លោកអ្នកប្រើវិធីនេះឱ្យបាន១ឬ២ដងក្នុងមួយសប្ដាហ៍ នោះសក់របស់លោកអ្នកនឹងបានល្អប្រសើរឡើងវិញ ព្រោះវិធីនេះអាចជួយបំប៉នសរសៃសក់ដែលស្ដើងឱ្យមើលទៅឃើញក្រាស់ និងធ្វើឱ្យសក់មានសុខភាពល្អ។
4 . សក់ស្អាតដោយពងមាន់ ៖ ពងមាន់មិនត្រឹមតែផ្ដល់គុណប្រយោជន៍ចំពោះស្បែកប៉ុណ្ណោះទេ តែវានៅមានប្រយោជន៍ ចំពោះសក់ថែមទៀតផង។ លោកអ្នកគ្រាន់តែយកពងមាន់ផ្នែកក្រហមមកលាយជាមួយប្រេងលាបសក់ចំនួន២ស្លាបព្រាកាហ្វេ ឬក៏ អាចលាយទឹកដោះគោជូរក៏បាន ដោយបន្ថែមទឹកក្រូចឆ្មារបន្ដិចផង ហើយយកមកលាបឱ្យសព្វសរសៃសក់។ រងចាំរហូតដល់១៥នាទីក្រោយ ទើបលាងសម្អាតចេញដោយទឹកត្រជាក់ធម្មតា។
អ្វីដែលរៀបរាប់ជម្រាបជូនលោកអ្នកនៅខាងលើនេះ គ្រាន់តែជាវិធីមួយចំនួនប៉ុណ្ណោះ ដើម្បីជំនួយដល់លោកអ្នកឱ្យទទួលបានសរសៃសក់ស្រស់ស្អាត ទន់រលោងដូចបំណង។
វិធីគួរប្រតិបត្ដិដើម្បីថែរក្សាសក់
ក្រៅពីការផ្ដល់អាហារជំនួយដល់សរសៃតាមអ្វីដែលរៀបរាប់ខាងលើនោះហើយ ក៏លោកអ្នកចាំបាច់ត្រូវអនុវត្ដនូវគន្លឹះខ្លះៗ មួយចំនួនទៀត ដើម្បីថែរក្សាសរសៃសក់ឱ្យទន់ល្មើយ។
- មិនគួរសិតសក់នៅពេលដែលសក់ទទឹក ៖ ប្រការដែលលោកអ្នកចូលចិត្ដសិតសក់នៅពេលដែលសរសៃសក់ទទឹកនៅ ឡើយនោះ គឺជាការបំផ្លាញសរសៃសក់ខ្លួនឯងយ៉ាងធ្ងន់ធ្ងរបំផុត។ ព្រោះវាធ្វើឱ្យសក់បែកចុង ឬដាច់បានដោយងាយ ដោយសារតែក្នុងខណៈដែលសរសៃសក់ទទឹកនោះមានស្ថានភាពស្អិតរមួលចូលគ្នា ហេតុនេះលោកអ្នកក៏ត្រូវប្រើកម្លាំងដៃខ្លាំងដើម្បីសិតបំបែក ដែលជាដើមហេតុធ្វើឱ្យសក់ខូច។ ប្រសិនបើមានការចាំបាច់ត្រូវសិត លោកអ្នកគួរប្រើក្រាស់ដែលមានធ្មេញរង្វើល ឬផ្លុំសក់ឱ្យស្ងួតទើបសិតតាមក្រោយ។
- មិនត្រូវឧស្សាហ៍ផ្លុំ ឬគាបសក់ ៖ ប្រសិនបើលោកអ្នកស្រឡាញ់សក់ លោកអ្នកមិនត្រូវផ្លុំសក់ញឹកញាប់ពេកទេ ព្រោះការផ្លុំសក់អាចធ្វើឱ្យសក់របស់លោកអ្នកបែកចុងបាន ដោយសារកម្ដៅរបស់ម៉ាស៊ីនផ្លុំ ឬគាប។
- ការពារសក់ពីកម្ដៅថ្ងៃ ៖ កាំរស្មីព្រះអាទិត្យអាចបំផ្លាញដល់បណ្ដូលសក់បាន ធ្វើឱ្យសក់បែកស្ងួត មានពណ៌ស្លេក។ ដូច្នេះនៅពេលដែលលោកអ្នកបណ្ដោយឱ្យសរសៃសក់ត្រូវកម្ដៅថ្ងៃញឹកញាប់ពេកទេ បើចៀសមិនបាន គួរប្រើក្រែមដើម្បីការពារកម្ដៅដល់សក់។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកចាប់អារម្មណ៍ឃើញថា សក់របស់លោកអ្នកចាប់ផ្ដើមមានបញ្ហាហើយនោះ លោកអ្នកចាំបាច់ត្រូវតែរកវិធានការទប់ស្កាត់ជាបន្ទាន់ មិនត្រូវបណ្ដែតបណ្ដោយនោះទេ។ ព្រោះសរសៃសក់មានការពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងសម្រស់របស់ លោកអ្នក។ បើពេលវេលារបស់លោកអ្នកមិនគ្រប់គ្រាន់ លោកអ្នកអាចស្វែងរកសេវាដែលគួរទុកចិត្ដ ដើម្បីជួយលោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨
Leave a Reply