កុមារ​លូតលាស់​ខុស​ប្រក្រតី

កុមារ​ដែលមាន​សុខភាព​ល្អមាំមួន អាស្រ័យ​ទៅលើ​ការយក​ចិត្ដទុក​ដាក់ ការ​មើល​ថែរក្សា និងជា​កាតព្វកិច្ច​របស់អាណាព្យាបាល។ ពេលដែល​ទារក​ប្រសូត​មកហើយ តែមាន​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ដ​មិនល្អ កុមារនោះ​ភាគច្រើន​មាន ការ​លូតលាស់​ខុស​ប្រក្រតី​តាំងតែ​ពីនៅក្នុង​ផ្ទៃពោះ​ម្ដាយ​មកម្ល៉េះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពេលនេះ​ដើម្បី​ឱ្យកាន់​តែច្បាស់​អំពី​ការ​លូតលាស់​របស់​កុមារនោះ សូមជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ហ៊យ គឹមហេង ឯកទេស​រោគ​កុមារ​នៃ​មន្ទីរពេទ្យ​កុមារជាតិ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ដែលអាច​ធ្វើឱ្យ​មិត្ដ​អ្នកអាន​បាន​ជ្រួតជ្រាប​អំពី បញ្ហា​នេះ។

អត្ថន័យ​នៃការ​លូតលាស់​ខុស​ប្រក្រតី

ការ​លូតលាស់​មួយដែល​មិន​ត្រឹមត្រូវ​ខុស​លក្ខណៈ​ធម្មជាតិ ដែលពេល​ខ្លះទៀត​មាន​កើតឡើង​តាំងតែ​ក្នុងផ្ទៃ ហើយ​ពេល ខ្លះ​ទៀតវា​កើតឡើង​នៅពេល​ដែល​ប្រសូត​មក ហើយ​ដោយការ​មិនយក​ចិត្ដទុក​ដាក់មើល​ថែរក្សា​កូនៗ និង​មិនយក​ចិត្ដទុក​ដាក់​ចំពោះ ចំណី​អាហារ​ណាដែល​មាន​ប្រយោជន៍​ដល់កូន។

អាហារ​ដែលមាន​ប្រយោជន៍​ដល់​កុមារ មាន​អ្វីខ្លះ?

មាន​អាហារ​ជាច្រើន​ដែលអាច​ឱ្យកុមារ​បរិភោគ​បាន ហើយផ្ដល់​សុខភាព​ល្អដល់​ពួកគេ​ថែមទៀត​ផង។ អាហារ​ទាំងនោះ អាចមាន​ប្រសិទ្ធភាព​ទៅបាន​ដោយ​អាស្រ័យ​ទៅលើ​អាយុកាល​របស់កុមារ និងការ​ផ្ដល់ឱ្យ​ដោយ​ឪពុកម្ដាយ​បានត្រឹមត្រូវ និង​មាន អនាម័យ​ល្អ។

  • ពេលកើត​មក​រហូត​ដល់អាយុ​១ខែ ៖ ពេលកើត​ភ្លាម​ទារក​ភាគច្រើន​តែងតែ​ទទួលបាន​នូវ​ចំណី​អាហារ​មួយមុន​ដំបូងគេ គឺទឹកដោះ​ម្ដាយ​ដែលមាន​សារជាតិ​បម្រុង​សម្រាប់​ទារក និងសារ​ជាតិ​ចិញ្ចឹម​ប្រកប​ទៅដោយ​ជាតិវីតាមីន​ជួយ​ទ្រទ្រង់​រាងកាយ​កុមារ ជាចាំបាច់​ក្នុងការ​លូតលាស់។
  • ពេល​កុមារ​មានអាយុ​ពី១ខែ​ដល់៦ខែ ៖ ឪពុកម្ដាយ​ក៏អាច​ផ្ដល់​អាហារូបត្ថម្ភ​ដល់កូន​បានដែរ ក្រៅ​អំពី​ទឹកដោះ​ម្ដាយ។ អាហារូបត្ថម្ភ​ទាំងនោះ​មាន​ដូចជា​ដាំបបរ​ជាមួយ​បន្លែ សាច់កិន​ឱ្យល្អិត ចេកណាំវ៉ា​ទុំកោស​ឱ្យហ្មត់ ឬចំណី​អាហារ​ណាដែល​ទន់ៗ និងមាន​សារជាតិ​ចិញ្ចឹម​ចំពោះកុមារ​ទាំង​រាងកាយ និង​សុខភាព​ស្មារតី។
  • ពេលកុមារ​មាន​អាយុ​ចាប់ពី​៦ខែ​ឡើងទៅ​១ឆ្នាំ ៖ ជាទូទៅ​កុមារ​ដែល​ស្ថិតក្នុង​អាយុកាល​នេះ តែងមាន​អាហា​រូបត្ថម្ភ ច្រើនដែល​មាតាបិតា​ផ្ដល់ឱ្យ​ជាចាំបាច់ និង​សំខាន់​បំផុត​សម្រាប់​ការរីក​លូតលាស់​របស់​កុមារ។
  • ពេលកុមារ​មាន​អាយុ​ចាប់ពី​១ឆ្នាំ​ឡើងទៅ ៖ ការ​លូតលាស់​កុមារ​រឹតតែ​មានច្រើន​ទៀត ដោយក្នុង​ខណៈ​ពេលនេះ​គេមាន ការ​លូតលាស់​ខ្លាំង ដូចនេះ​ចំណី​អាហារ​ក៏ត្រូវការ​ខ្លាំងដែរ។

រាល់ការ​រៀបរាប់​ខាងលើ​នេះ ប្រសិនបើ​អាណាព្យាបាល​មិនបាន​ប្រតិបត្ដិ ផ្ដល់​ចំណី​អាហារ​ឱ្យកុមារ​មិនបាន​គ្រប់គ្រាន់​ទេ នោះធ្វើ​ឱ្យការ​លូតលាស់​របស់​កុមារ​អាចនឹង​មិន​ប្រក្រតី​បាន ដោយមាន​ករណី​ខ្លះកុមារ​គ្មានការ​លូតលាស់ ឬ​លូតលាស់​ដែរតែ​មិនសម ស្រប​ទៅនឹង​លក្ខណៈ​នៃការ​វិវឌ្ឍន៍ក៏​មានដែរ។ ឧទាហរណ៍ កុមារ​ដែលកើត​មក​មិនមាន​ដៃជើង ដោយសារ​តែពេល​ដែលគេ​នៅក្នុងផ្ទៃម្ដាយ​គេបាន​ប្រើប្រាស់​ថ្នាំដែល​មិនសម​ស្រប​ជាមួយ​នឹងការ​លូតលាស់​ដំបូង​របស់​កុមារ។ ពេល​ខ្លះទៀត​កុមារ​កើតមក​ស្រាប់តែ​ខ្វាក់ភ្នែក​មួយ​ចំហៀង ឬអាច​ទាំងសង​ខាងតែ​ម្ដង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មូលហេតុ​លូតលាស់​ខុស​ប្រក្រតី​របស់​កុមារ

មានកត្ដា​ជាច្រើន​ដែល​នាំឱ្យ​ការ​លូតលាស់​របស់​កុមារ​មិន​ប្រក្រតី​បាន តាំងតែ​នៅក្នុង​ផ្ទៃ ឬពេល​ចាប់​កំណើត​មក​នោះ។ ធម្មតា​ពេលមាន​ផ្ទៃពោះ ស្ដ្រី​ត្រូវបាន​ពន្យល់ និង​អប់រំ​មិនឱ្យ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​មួយចំនួន​ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក ។ កាលណា​ស្ដ្រី​ប្រើប្រាស់​ថ្នាំដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ទេ អាចនឹង​ធ្វើឱ្យ​កូនគ្មាន​ការ​លូតលាស់​ល្អ ឬមាន​អ្វីមួយ​ដែល​បង្អាក់ ការរីក​ចម្រើន​របស់​គេបាន។ មានកត្ដា​មួយទៀត​ដែរ ដោយសារ​តែម្ដាយ​ពេលមាន​ផ្ទៃពោះ​ពិសាសុរា ឬគ្រឿង​ស្រវឹង​នានា ជក់បារី បរិភោគ​អាហារ​ដែលមាន​ជាតិ​គីមីច្រើន មានការ​នឿយហត់​ច្រើន បរិភោគ​អាហារ​មិនសមស្រប ឬ​មិនទៀង​ពេលវេលា​ជាដើម។ ទាំងនេះ​សុទ្ធតែ​ជាកត្ដា​ដែលធ្វើ​ឱ្យកូន​ក្នុងផ្ទៃ​មាន​ការ​លូតលាស់​ខុស​ប្រក្រតី​ទាំងអស់។

ពេលដែល​កុមារ​កើតមក​ភ្លាមគ្មាន​អ្វី​កើតឡើង​ទេ ប៉ុន្ដែ​ពេលគេ​មានអាយុ​មិនបាន​ប៉ុន្មានផង​ស្រាប់តែ​គេគ្មាន​ការ​លូតលាស់ ឬមាន​ការ​លូតលាស់​ដែរតែ​មិន​ត្រឹមត្រូវ និង​មិនសម​ស្របទៅ​វិញ។ មូលហេតុ​អាចមក​ពីការ​ផ្ដល់​ចំណី​អាហារ​មិនបាន​គ្រប់គ្រាន់ អនាម័យ និងការ​យកចិត្ដ​ទុកដាក់​មើល​ថែរក្សា​នេះក៏​ជាមួយ​ផ្នែក​ផងដែរ។ មួយ​ផ្នែកទៀត​នោះអាច​មកពី​រាងកាយ​របស់​កុមារ​នោះ មិនមាន​ការ​លូតលាស់​តែម្ដង ឬ​មានការ​លូតលាស់​ដែរ តែ​លូតលាស់​យឺតជាង​ធម្មតា នេះវា​អាចមាន​តាំងតែ​ពីកំណើត​តែម្ដង។

វិធី​បង្ការការ​លូតលាស់​ខុសប្រក្រតី

វិធី​ការពារ​នោះគឺ​ចាំបាច់​ត្រូវតែ​ផ្គត់ផ្គង់​ចំណី​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ដល់​ទារក ក៏ដូចជា​កុមារ និងត្រូវ​បន្ថែម​សារជាតិ​ចិញ្ចឹម និងមាន​វីតាមីន​គ្រប់គ្រាន់​ដល់គេ​ផងដែរ។ បើកូន​លោកអ្នក​នៅតែ​គ្មានការ​លូតលាស់​ទៀតនោះ លោកអ្នក​ត្រូវ​ប្រញាប់​យកគេ​ទៅកាន់មន្ទីរ​ពេទ្យ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ។

ដំបូន្មាន​អ្នក​ជំនាញ

សូម​អាណាព្យាបាល​ទាំងអស់​គិតគូរ​ដល់ការ​លូតលាស់​របស់​កូនផង។ ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ត្រូវទៅ​មន្ទីរពេទ្យ​ពិនិត្យ​ឱ្យ ទៀង​ពេល​ដែល​ពេទ្យ​បាន​កំណត់ ព្រោះវា​ជារឿង​មួយ​សំខាន់​បំផុត ជាពិសេស​ជាងនេះ​ទៅទៀត​នោះគឺ​អនាម័យ​ទៅលើ​ចំណី​អាហារ និង​ខ្លួនប្រាណ។ បើមាន​ការ​លូតលាស់​មិន​ប្រក្រតី​របស់​កុមារ​កើតមាន​ឡើង សូមនាំ​កុមារ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី ជ្រើស​រើសយក​វិធី​មួយ​ដែលល្អ​សម្រាប់​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *