បើគិតមកដល់ពេលបច្ចុប្បន្ននេះ លោក ចា រិទ្ធី បានចូលប្រឡូកនៅក្នុងអាជីពជាតារាសម្ដែងខ្សែភាពយន្ដអស់រយៈពេលប្រមាណជា២០ឆ្នាំមកហើយ។ វ័យក៏កាន់តែជ្រេបន្ដិចដែរ ប៉ុន្ដែសាច់ឈាម និងសម្រស់នៅតែស្រស់សង្ហាដូចកាលពីទសវត្សរ៍ ទី៨០ដដែល។ បើប្រៀបធៀបជាមួយយុវជនជំនាន់ក្រោយក្នុងពេលបច្ចុប្បន្ននេះ អាចនិយាយបានថាលោកនៅតែអាចឈរនៅលំដាប់ជួរមុខដដែល។ តើលោកមានរូបមន្ដថែរក្សាសម្រស់រូបរាងពិសេសឬយ៉ាងណា បានជាជាង២០ឆ្នាំហើយនៅតែសង្ហាដូច្នេះ? បើតាមសម្ដីរបស់លោក ចា រិទ្ធី ដែលបានជជែកជាមួយអ្នកយកព័ត៌មានរបស់ទស្សនាវដ្ដី សុខភាពយើង កាលពីពេលកន្លង ទៅថ្មីៗនេះបានឱ្យដឹងថា តាមការពិតលោកមិនមានវិធីសាស្ដ្រ ឬរូបមន្ដអ្វីដែលអស្ចារ្យនោះទេ ដោយរាល់ថ្ងៃលោកតែងតែអនុវត្ដនូវ វិធីខ្លះៗដូចដែលបានរៀបរាប់ជូនខាងក្រោមនេះតែប៉ុណ្ណោះ។
ការថែរក្សាស្បែកមុខ
ស្បែកមុខគឺជារឿងសំខាន់ និងគួរយកចិត្ដទុកដាក់បំផុតសម្រាប់រូបលោកដែលជាតារា។ ចំពោះស្បែកមុខដ៏សម៉ដ្ឋរបស់ លោកមិនមានអ្វីដែលជាអាថ៌កំបាំងនោះទេ ដោយរាល់ថ្ងៃលោកគ្រាន់តែទទួលទានទឹកឱ្យបានច្រើន និងសម្អាតមុខដោយប្រើផលិតផលលាងមុខជាប្រចាំ ជាពិសេសក្រោយពេលដែលលោកធ្វើដំណើរទៅឆ្ងាយម្ដងៗ ដើម្បីសម្អាតផ្ទៃមុខក្នុងគោលបំណងបញ្ចៀសពីការកើតមុន និងស្បែកមុខជ្រីវជ្រួញតែប៉ុណ្ណោះ។
ការថែរក្សាស្បែកដងខ្លួន
ស្បែកមានសំណើមម៉ដ្ឋសរលោង គឺជាលទ្ធផលដែលទទួលបានមកពីការបរិភោគទឹកច្រើន គួបផ្សំជាមួយនឹងការប្រើប្រាស់ ផលិតផលដែលសក្ដិសមជាមួយប្រភេទស្បែក។ ថ្វីត្បិតតែលោកមិនសូវជាឧស្សាហ៍ទៅធ្វើការម៉ាស្សាស្បែក ឬត្រាំទឹកដោះគោ បក ស្បែកដូចជាតារាមួយចំនួនយ៉ាងណាក៏ដោយ ប៉ុន្ដែលោកតែងតែឧស្សាហ៍អនុវត្ដទៅតាមដំបូន្មានរបស់អ្នញជំនាញដែលបានផ្ដល់ដល់លោក។ ជារៀងរាល់ថ្ងៃ លោកតែងតែប្រើសាប៊ូដុសខ្លួនធម្មតានៅពេលងូតទឹក ជាពិសេសលោកមិនដែលបោះបង់ចោលនូវការ បរិភោគផ្លែឈើឡើយ។
ការថែរក្សាសក់
នៅក្នុងនាមជាតារាសម្ដែង មិនអាចចៀសផុតពីការប្រើប្រាស់នូវផលិតផលលាបសក់មួយចំនួន ដើម្បីជាជំនួយដល់ការតុបតែងម៉ូតសក់ទេ។ ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី ក៏សក់របស់លោក ចា រិទ្ធី នៅតែមានសុខភាពល្អ និងមានសភាពភ្លឺរលោងជាប់ជានិច្ច។ នេះក៏ដោយសារតែលោកកក់សក់ជាមួយសាប៊ូដែលមានគុណប្រយោជន៍សម្រាប់សរសៃសក់ ជួយចិញ្ចឹមសក់ និងការពារសុខភាពស្បែកក្បាល។ ម្យ៉ាងវិញទៀតលោកតែងតែកក់សក់រៀងរាល់២ថ្ងៃម្ដង ជាពិសេសនៅក្រោយពីត្រឡប់មកពីសម្ដែង ឬចូលរួម នៅក្នុងកម្មវិធីផ្សេងៗ។
ការថែរក្សាសុខភាពមាត់ធ្មេញ
ចំពោះបញ្ហាសុខភាពមាត់ធ្មេញគឺជារឿងសំខាន់ខ្លាំងណាស់ចំពោះប្រជាពលរដ្ឋទូទៅ ពីព្រោះវាជាគន្លឹះមួយដែលអាចសម្រួលនៅក្នុងការប្រាស្រ័យទាក់ទងប្រព្រឹត្ដទៅបានល្អ និងកាន់តែមានភាពស្និទ្ធស្នាល ជាពិសេសសម្រាប់រូបលោកជាតារា និងសិល្បករ។ ហេតុដូច្នេះហើយ ទើបរូបលោកតែងតែមានការយកចិត្ដទុកដាក់ទៅលើការថែរក្សាសុខភាពមាត់ធ្មេញជាប្រចាំ។ ទោះបីជារូបលោកមានភាពមមាញឹកជាមួយការងារយ៉ាងណាក៏ដោយ ក៏លោកមិនដែលបំភ្លេចចោលនូវការសម្អាតមាត់ធ្មេញដែរ។ រាល់ថ្ងៃលោកតែងតែធ្វើការសម្អាតមាត់ធ្មេញយ៉ាងតិចចំនួន៣ដង ជាពិសេសក្រោយពេលដែលទទួលទានអាហារជាប្រចាំ។ លើសពីនេះទៅទៀតលោកតែងតែឆ្លៀតពេលទំនេរទៅពិនិត្យសុខភាពមាត់ធ្មេញ និងពិគ្រោះជាមួយអ្នកជំនាញពីវិធីថែរក្សា។
ការថែរក្សាភ្នែក
ភ្នែកមានសារៈសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប ដែលតម្រូវឱ្យមានការយកចិត្ដដាក់ខ្ពស់បំផុត។ រាល់ពេលធ្វើដំណើរចេញទៅក្រៅ ទោះទីជិតឬទីឆ្ងាយ លោកបានជ្រើសរើសយកនូវវិធីសាស្ដ្រមួយ គឺការពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ ដើម្បីជួយសម្រួល ដល់ការបើកបរ និងជួយការពារភ្នែកមិនឱ្យមានបញ្ហា។ មានពេលខ្លះដែលទំនេរពីការងារ លោកតែងតែឆ្លៀតប្រើថ្នាំបន្ដក់ភ្នែក។ លើសពីនេះទៅទៀត លោកក៏ឧស្សាហ៍ទៅគ្លីនិកដើម្បីធ្វើការពិនិត្យ និងសម្អាតកញ្ចក់ភ្នែករៀងរាល់៣ខែម្ដង។
ការទទួលទានចំណីអាហារ
សុខភាពល្អ រាងកាយមាំមួន និងសម្រស់ស្រស់ស្អាត មួយចំណែកធំគឺបានមកពីការបរិភោគចំណីអាហារគ្រប់គ្រាន់ និងមានផ្ទុកទៅដោយសារធាតុចិញ្ចឹម សម្បូរទៅដោយវីតាមីនជាច្រើនប្រភេទ។ សម្រាប់រូបលោក ចា រិទ្ធី ដែលជាតារាសម្ដែង ជើងចាស់ និងជាអ្នកគ្រប់គ្រងកម្មវិធីនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ គឺមានភាពមមាញឹកជាមួយការងារយ៉ាងខ្លាំង ដែលធ្វើឱ្យការ ទទួលទានអាហាររបស់លោកមិនសូវជាទៀងពេលនោះទេ។ ប៉ុន្ដែបើទោះជាយ៉ាងនេះក្ដី ក៏លោកនៅមានរបបអាហារបន្ថែមពេលយប់ ដើម្បីបង្គ្រប់ ឬជួនកាលលោកទទួលទានទឹកជំនួសវិញ ចៀសវាងកុំឱ្យកើតមានបញ្ហាជម្ងឺឈឺក្រពះ។ លោកមិនមានការតម ឬរើស ប្រភេទអាហារនោះទេ គ្រាន់តែភាគច្រើនលោកទទួលទានបន្លែច្រើនជាងសាច់តែប៉ុណ្ណោះ។
ការទទួលទានដំណេក
បើនិយាយពីការទទួលទានដំណេកវិញ ចំពោះមុខងារជាអ្នកបង្កើត និងគ្រប់គ្រងកម្មវិធីដូចជារូបលោក ចា រិទ្ធី ភាគច្រើន គឺមិនបានគ្រប់គ្រាន់នោះទេ។ ប៉ុន្ដែលោកបានជ្រើសរើសនូវវិធីសាស្ដ្រគេងបង្គ្រប់នៅពេលទំនេរពីការងារ និងមានការធ្វើលំហាត់ប្រាណ បន្ដិចបន្ដួច ដើម្បីពង្រឹងសុខភាពរបស់លោក។
ការហាត់កីឡា
បើនិយាយពីការធ្វើលំហាត់ប្រាណវិញ លោក ចា រិទ្ធី ក៏ជាកីឡាករបាល់ទាត់មួយរូបដែរ។ រាល់ថ្ងៃលោកតែងតែចំណាយពេល៣០នាទីទៅមួយម៉ោងធ្វើលំហាត់ប្រាណ ដើម្បីបញ្ចេញញើសសារធាតុពុលចេញពីរាងកាយ និងធ្វើឱ្យសុខភាពរបស់ លោកកាន់តែមាំមួន។
បណ្ដាំផ្ញើរបស់លោក ចា រិទ្ធី
ការទទួលទានចំណីអាហារ ការទទួលទានដំណេក និងសម្រស់ស្រស់ស្អាត គឺជារឿងសំខាន់ចំពោះមនុស្សគ្រប់វ័យគ្រប់រូប។ ប៉ុន្ដែការធ្វើលំហាត់ប្រាណរឹតតែសំខាន់ទៅទៀតចំពោះសុខភាព និងជីវភាពប្រចាំថ្ងៃ។ សុខភាពល្អ រាងកាយមាំមួន និងកម្លាំង បរិបូរណ៍ គឺជាប្រការមួយដែលមនុស្សគ្រប់រូបត្រូវតែយកចិត្ដទុកដាក់។ ដូច្នេះបើចង់ឱ្យរូបរាងស្រស់សង្ហា និងមានសុខភាពល្អ រាងកាយមាំមួន គួរគប្បីគិតទៅដល់អនាម័យ ទាំងចំណីអាហារ ទាំងការរស់នៅប្រចាំថ្ងៃ ជាពិសេសជាងនេះទៅទៀត ត្រូវឆ្លៀត ពេលវេលាដើម្បីលំហាត់ប្រាណទើបជាការប្រសើរ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ចា រិទ្ធី
- អាយុ ៖ ៤១ឆ្នាំ
- កម្ពស់ ៖ ១,៧៣ម៉ែត្រ
- ទម្ងន់ ៖ ៧០គីឡូក្រាម
- ឪពុកឈ្មោះ ៖ ចា ប៊ុនលី
- ម្ដាយឈ្មោះ ៖ អ៊ំ ខន
- ប្រពន្ធឈ្មោះ ៖ សុខ លីនណា
- កូន ៖ ចំនួន២នាក់ ប្រុស១នាក់ និងស្រី១នាក់
- បងប្អូនបង្កើត ៖ ចំនួន៥នាក់ ស្រី៤នាក់ ប្រុស១នាក់(លោកជាកូនពៅ)
- កម្រិតវប្បធម៌ ៖ បញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
- អាជីពបច្ចុប្បន្ន ៖ អ្នកគ្រប់គ្រងកម្មវិធីនៃស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨
Leave a Reply