នៅលើដងខ្លួនរបស់បងប្អូនមួយចំនួនមិនសូវជាមានរោមប៉ុន្មានទេ ហើយចង់បានរោមដែលមើលទៅគួរជាទីគយគន់របស់ ភ្នែកអ្នកដទៃ។ នៅពេលនេះលោកអ្នកពិតជាសមដូចបំណងមិនខានឡើយ ដោយវិទ្យាសាស្ដ្រកាន់តែទំនើបបានស្រាវជ្រាវនិងបង្កើតនូវផលិតផលជាច្រើនដែលអាចធ្វើឱ្យសុបិនរបស់លោកអ្នកអាចក្លាយជាការពិតនិងមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។ លោកអ្នកពិតជាចង់ដឹងណាស់មែនទេថា តើមានផលិតផលអ្វី និងមានវិធីយ៉ាងណាខ្លះ ដើម្បីឱ្យរោមដុះស្អាតបានល្អនោះ។ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកប្រធានបទមួយដែលនិយាយពីការបណ្ដុះរោមនៅលើដងខ្លួនមកផ្សាយជូនសម្រាប់ប្រិយមិត្ដអ្នកអានទាំងអស់ដើម្បីជាការយល់ដឹងដោយបានធ្វើការសម្ភាសន៍ជាមួយលោកស្រី សិទ្ធិ ច័ន្ទហេង អ្នកជំនាញនៅសាលាបង្រៀនកែសម្ផស្សថបស្ដៃយ៍។
មូលហេតុនៃការបណ្ដុះរោម
មនុស្សម្នាក់ៗមានភាពខុសគ្នា ទៅតាមធម្មជាតិបានបង្កើតឡើង។ អ្នកខ្លះមានសម្បុរ-ស ខ្លះខ្មៅ ខ្លះទៀតមានសក់ច្រើន រោមច្រើន ឯអ្នកខ្លះទៀតក៏មិនសូវមាន។ ចំណែកឯមនុស្សមួយចំនួនតូចទៀតគ្មានសក់ គ្មានរោមពីកំណើតតែម្ដង ដែលមើលទៅ ហាក់បីដូចជាបានបាត់បង់នូវសោភ័ណភាពនៃរាងកាយ។ កត្ដាទាំងនេះគឺបណ្ដាលមកពីការលូតលាស់របស់អ័រម៉ូនរបស់មនុស្សម្នាក់ៗ និងទៅតាមការចេះរក្សាផងដែរ។ ប៉ុន្ដែការបាត់បង់សោភ័ណភាពទាំងនេះយើងអាចធ្វើការកែខៃបានដោយប្រើនូវវិធីសាស្ដ្រមួយចំនួនដូចដែលបានរៀបរាប់ជូនខាងក្រោមនេះ។
វិធីបណ្ដុះរោមលើដងខ្លួន
បច្ចុប្បន្នការបណ្ដុះរោមមានវិធីសាស្ដ្រច្រើនប្រភេទ។ ក្នុងនោះរួមមានវិធីសាស្ដ្របណ្ដុះរោមតាមរយៈការទទួលទានថ្នាំ ការប្រើទឹកស៊ីរ៉ូម ការដាំ និងការប្រើក្រែមលាបជាដើម។ នៅតាមបណ្ដាមជ្ឈមណ្ឌលកែសម្ផស្សមួយចំនួន អ្នកជំនាញបានប្រើនូវវិធីសាស្ដ្រផ្សេងៗពីគ្នា។ មានវិធីសាស្ដ្រចំនួនពីរ គឺបណ្ដុះរោមដោយប្រើទឹកស៊ីរ៉ូម និងការបណ្ដុះរោមដោយការទទួលទានថ្នាំ។
1. វិធីបណ្ដុះរោមតាមរយៈការប្រើទឹកស៊ីរ៉ូម ៖ មុនដំបូងចាំបាច់ត្រូវធ្វើការសម្អាតស្បែកដោយប្រើសាប៊ូឱ្យត្រូវទៅនឹងប្រភេទនៃស្បែក។ បន្ទាប់មកទើបយកទឹកស៊ីរ៉ូមសម្រាប់បណ្ដុះរោមមកលាបនៅកន្លែងដែលចង់បណ្ដុះ ដោយក្នុងមួយសប្ដាហ៍ធ្វើការលាបពីរដង។
2. វិធីបណ្ដុះរោមតាមរយៈការទទួលទានថ្នាំ ៖ វិធីសាស្ដ្រនេះអាចមានភាពងាយស្រួលជាងវិធីសាស្ដ្រទីមួយ។ ដោយគ្រាន់តែធ្វើការទទួលទានប្រភេទថ្នាំដែលជួយបង្កើនការដុះរោមជាប្រចាំនោះបំណងរបស់លោកអ្នកនឹងអាចក្លាយទៅជាការពិត។
ដំបូន្មានអ្នកឯកទេស
មិនមែនជារឿងដែលត្រូវពិបាកចិត្ដនោះទេ ប្រសិនបើចង់បានរោមនៅលើរាងកាយឱ្យស្រស់ស្អាត។ យើងអាចធ្វើទៅបាននៅតាមបណ្ដាមជ្ឈមណ្ឌលកែសម្ផស្សមួយចំនួន។ សំខាន់បំផុតត្រូវចេះជ្រើសរើស និងជួបជាមួយអ្នកឯកទេសដែលមានជំនាញច្បាស់លាស់ទើបជាការប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែមករា ឆ្នាំ២០០៩
Leave a Reply