វិធី​ថែរក្សា​សក់​ទៅតាម​ប្រភេទ​សក់

សក់អាច​ធ្វើឱ្យ​មុខកាន់តែ​ស្អាត​មួយ​កម្រិត ប្រសិនបើ​ការ​តុបតែង​សក់មាន​លក្ខណៈ​សមស្រប​ត្រូវនឹង​ទម្រង់​មុខ។ សក់​ត្រូវបាន​គេចាត់​ទុកជា​គ្រឿង​លើក ឬដាក់​សម្រស់​នារីបាន។ ហេតុនេះ​ហើយ​ទើប​សុភាព​នារី​ទាំងឡាយ​យកចិត្ដ​ទុកដាក់​ក្នុងការ​ថែរក្សសក់សំខាន់។ ការ​ថែរក្សា​នោះទៀត​សោតក៏​ត្រូវ​អនុវត្ដ​ទៅតាម​ប្រភេទ​នៃសក់​នីមួយៗ ទើប​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​សុភាព​នារី​ទាំងឡាយ​ស្វែងយល់​ពីវិធី​ថែរក្សា​សក់​ទៅតាម​ប្រភេទ​នីមួយៗ​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ ការ​បកស្រាយ​របស់​លោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ហាង​សម្រស់​ភ្នំពេញ។

លក្ខណៈ​ធម្មជាតិ​នៃសក់

ក្នុងមួយ​ថ្ងៃ​សក់អាច​ដុះបាន​ប្រហែល​ពី១.២​ទៅ១.៣​មីលីម៉ែត្រ។ នៅប្រទេស​ដែលមាន​សំណើម​ខ្ពស់ និងកម្ដៅ​ថ្ងៃ​ច្រើន សក់​អាចដុះ​លូតលាស់​ច្រើនជាង​ប្រទេស​ដែល​មិនសូវ​ក្ដៅ​ហើយ​ត្រជាក់​ច្រើន។ ការរីក​លូតលាស់​នៃសក់​ក៏អាស្រ័យ​ផងដែរ​ទៅលើសុខភាព​នៃ​រាងកាយ។ ចំពោះ​កូនក្មេង​ដែលមាន​សុខភាព​ល្អសក់​អាចដុះ​បានល្អ​យ៉ាងឆាប់​រហ័ស ចំណែក​មនុស្សចាស់​ដែល​ខ្សោយមាន ជម្ងឺ​សក់ដុះ​យឺត ឬមិន​ដុះតែម្ដង។

ការ​ថែរក្សា​សក់​ទៅតាម​ប្រភេទ​សក់

សក់​ចែកចេញ​ជាបី​ប្រភេទ គឺសក់​ធម្មតា សក់ស្ងួត និងសក់​រអិល​ឬសក់​ខ្លាញ់។ សក់​ធម្មតា​គឺជា​ប្រភេទ​សក់ដែល​ភ្លឺផ្លេក ទន់ល្មើយ​ស្ទាបទៅ​ត្រជាក់​ដៃ។ រីឯសក់​ស្ងួតវិញ​ស្ទាបទៅ​គគ្រើម​ហើយ​រឹង ពណ៌សក់​ស្រអាប់​មិនភ្លឺ​ផ្លេកឡើយ។ ចំណែក​ឯសក់​រអិល ឬ​សក់ខ្លាញ់​វិញហាក់​ដូចជា​សក់សើម​ហើយ​ពិបាក​សិតទៅ​តាមចំណង់​របស់ខ្លួន។ លោកអ្នក​អាច​បែងចែក​ប្រភេទសក់​របស់​លោកអ្នក បាន​ដោយ​ខ្លួនឯង ជាពិសេស​នៅ​ក្រោយពេល​កក់សក់​មួយឬ​ពីរថ្ងៃ លោកអ្នក​យកដៃ​ញីសក់​មួយស្របក់ រួចយក​ដៃនោះ​ចុចលើ​ក្រដាសមូរបារី។ បើសិនជា​សក់ស្ងួត នឹងគ្មាន​ស្នាមដៃ។ បើសក់​ធម្មតា មានស្នាម​ដៃព្រិលៗ។ ហើយបើ​សក់ខ្លាញ់ មាន​ស្នាមដៃ​ដក់ជាប់យ៉ាងច្បាស់​នៅលើ​ក្រដាស។ ក្រោយពី​បានដឹង​អំពី​ប្រភេទ​សក់របស់​លោកអ្នក​រួចហើយ លោកអ្នក​អាច​ថែរក្សា​សក់​របស់​លោកអ្នក​ឱ្យមានសុខភាព​ល្អបាន ដោយ​វិធី​ផ្សេងៗ​ទៅតាម​ប្រភេទ​របស់សក់។

1 . ប្រភេទ​សរសៃសក់​ធម្មតា ៖ លោកអ្នក​ជាពិសេស​សុភាពនារី​ដែលមាន​សរសៃ​ប្រភេទ​នេះ គួរ​ប្រើក្រាស​ដែលមាន​ធ្មេញមិន​ញឹក ឬរង្វើល​ពេកទេ ទើបមិន​ធ្វើឱ្យ​សរសៃ​សក់ដាច់។ ឯសាប៊ូ​សម្រាប់​កក់សក់​វិញ គួរ​ជ្រើសរើស​ប្រភេទ​សាប៊ូ​ដែលផ្សំ​ដោយរូប​មន្ដខ្សោយៗ និង​លាយផ្សំ​សារធាតុ​ចម្រាញ់​ពីប្រទាល​កន្ទុយ​ក្រពើ អាស៊ីត​ក្រូច​ផងដែរ ដើម្បី​បំប៉ន​សក់ឱ្យ​ស្អាត និងនៅ​ជាប់បាន​យូរ។ ម្យ៉ាងទៀត​ពុំគួរ​សិតសក់​ញឹកញាប់​ពេកទេ ព្រោះអាច​ធ្វើឱ្យ​សរសៃសក់​ឆាប់ដាច់។

2 . ប្រភេទ​សរសៃសក់​ស្ងួត ៖ លោកអ្នក​ត្រូវយក​ចិត្ដទុក​ដាក់​ថែទាំ​កុំឱ្យ​សរសៃសក់​ត្រូវកម្ដៅ​ថ្ងៃ ឬ​អាកាស​ធាតុ​ត្រជាក់ ខ្លាំងពេក។ ពេល​កក់សក់​គួរប្រើ​សាប៊ូ​សម្រាប់​ប្រភេទ​សក់ស្ងួត ដោយកក់​លាង​ជាមួយ​ទឹកត្រជាក់​ជានិច្ច ហាមប្រើ​ទឹកក្ដៅ​កក់សក់ ដាច់ខាត។ ប្រការ​គួរ​ចៀសវាង​គឺមិន​ត្រូវ​អ៊ុត គាប ឬលាប​ពណ៌សក់​ញឹកញាប់​ពេកទេ ហើយពេល​សិតសក់​ក៏មិនត្រូវ​ប្រើដៃ​ធ្ងន់ពេក ដែរ។

3 . ប្រភេទ​សរសៃ​សក់រអិល ឬសក់​ប្រេង ៖ លោកអ្នក​គួរសិត​សក់​នៅពេល​សក់ស្ងួត​ដោយការ​ប្រើក្រាស​ដែលអាច​កម្ចាត់លម្អង​ធូលី និងជាតិ​ប្រេង។ គួរ​កក់សក់​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​កាត់បន្ថយ​ជាតិប្រេង។ ហើយ​បើក្នុង​ករណី​ដែល​លោកអ្នក​ចង់ប្រើ​ក្រែម បំប៉ន​សក់ គួរ​លាបតែ​ខាងចុង​សក់បាន​ហើយ ដើម្បី​កុំឱ្យ​ប្រេងប៉ះ​ជាមួយ​ស្បែកក្បាល នោះជាតិ​ប្រេង​នឹងរឹតតែ​កើនឡើង។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​គប្បី​ថែរក្សា​សក់ឱ្យ​មាន​សុខភាព​ល្អជានិច្ច ដើម្បីឱ្យ​សម្រស់​របស់​លោកអ្នក​ឋិតថេរ​ទៅតាម​នោះដែរ។ ព្រោះថា ទោះបីជា​លោកអ្នក​មាន​ផ្ទៃមុខ​ស្រស់ស្អាត​យ៉ាងណា​ក៏ដោយ បើសក់​មិនស្អាត​ក៏​លោកអ្នក​មិនអាច​ស្ងប់ចិត្ដ និងមាន​ជំនឿ​លើខ្លួន ឯង​ដែរ។ បើ​លោកអ្នក​មិនមាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការ​ថែរក្សា​សក់ នោះអ្នក​ជំនាញ​នឹងអាច​ជួយ​លោកអ្នក​បានលើ​ការ​ថែរក្សានេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *