ការលេងកម្សាន្ដ គឺជាផ្នែកនៃសិទ្ធិសេរីភាពមួយរបស់កុមារ ក្នុងចំណោមសិទ្ធិជាច្រើនដែលត្រូវបានទទួលស្គាល់ដោយ អនុសញ្ញាអន្ដរជាតិ ស្ដីអំពីសិទ្ធិកុមារនៅក្នុងមាត្រា៣១ ដែលអនុម័តដោយអង្គការសហប្រជាជាតិ។ ទេពកោសល្យ បញ្ញា ស្មារតី និងភាពវ័យឆ្លាតរបស់កុមារ អាចស្ដែងចេញតាមរយៈចំណង់ចំណូលចិត្ដលេងរបស់កុមារជាមួយប្រភេទនៃសម្ភារផ្សេងៗ។ លើសពីនេះ សម្ភារលេងមួយចំនួនអាចជួយបង្កើន ពង្រឹងផ្នែកបញ្ញា និងស្មារតីរបស់កុមារបានយ៉ាងល្អប្រសើរ។ ដូច្នេះហើយ ការតំហែទាំ និងថែរក្សាសម្ភារកុមារឱ្យបានល្អ និងប្រកបទៅដោយអនាម័យ គឺជាប្រការមួយដែលគួរតែយកចិត្ដទុកដាក់។
ដើម្បីយល់ដឹងអំពីសារៈសំខាន់នៃការលេងកម្សាន្ដ និងរបៀបនៃការថែរក្សាសម្ភារៈលេងរបស់កុមារឱ្យកាន់តែច្បាស់ លោក ថី ច័ន្ទោ អ្នកសម្របសម្រួលកម្មវិធីថែទាំសុខភាពផ្លូវចិត្ដកុមារក្នុងសហគមន៍ នៃសមាគមខេមបូឃីដ (Cambokids) បានផ្ដល់ជាយោបល់ និងបទពិសោធន៍ខ្លះ ដើម្បីជាចំណេះដឹង និងជាជម្រើសសម្រាប់មាតាបិតា ជាពិសេសអ្នកទទួលបន្ទុកថែទាំកុមារ។
សារៈសំខាន់នៃសម្ភារលេងកម្សាន្ដរបស់កុមារ
ជារឿងមួយដែលគួរឱ្យកោតសរសើរផងដែរ ចំពោះមាតាបិតា និងអាណាព្យាបាលមួយចំនួន ដែលបានយកចិត្ដទុកដាក់ចំពោះការលេងកម្សាន្ដរបស់កុមារ ហើយថែមទាំងបានផ្ដល់នូវសម្ភារមួយចំនួនដល់បុត្រធីតាថែមទៀត។ ការលេងកម្សាន្ដមិនត្រឹមតែអាចជួយឱ្យកុមារមានការលូត លាស់យ៉ាងល្អប្រសើរផ្នែករាងកាយ និងប្រាជ្ញាស្មារតីតែប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការថែទាំផ្លូវចិត្ដរបស់កុមារទៀតផង។ មាតាបិតាគួរយល់ដឹងឱ្យបានច្បាស់ថា ការបង្កឱកាស និងផ្ដល់នូវសម្ភារ សមស្របចំពោះកុមារ មានន័យថាយើងកំពុងតែរួម ចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យស្ថានភាពផ្លូវចិត្ដរបស់កុមារដែលជាកូនចៅជាទីស្រឡាញ់របស់ខ្លួនមានភាពល្អប្រសើរ។ ទន្ទឹមនឹងនោះ ការ យល់ដឹងអំពីប្រភេទល្បែង ការផ្ដល់សម្ភារ និងការថែរក្សាឱ្យមានអនាម័យចំពោះសម្ភារទាំងនោះ ក៏ជាកត្ដាមួយដែលគួរតែយកចិត្ដទុកដាក់ផងដែរ។
ការជ្រើសរើសប្រភេទល្បែង និងសម្ភារលេងឱ្យស្របចំពោះកុមារ
ការជ្រើសរើសនូវប្រភេទល្បែង និងការផ្ដល់សម្ភារចំពោះកុមារ គឺជាប្រការមួយដែលគួរតែយកចិត្ដទុកដាក់។ ប៉ុន្ដែមុននឹង សម្រេចចិត្ដជ្រើសរើសប្រភេទល្បែង និងផ្ដល់សម្ភារៈសម្រាប់កុមារ គប្បីស្វែងយល់ពីល្បែង និងសកម្មភាពរបស់កុមារជាមុនសិន។
ជាទូទៅល្បែង និងសកម្មភាពរបស់កុមារ ត្រូវបានគេបែងចែកចេញជាពីរគឺល្បែងស្រាវជ្រាវ និងល្បែងចាត់តាំង។
1 . ល្បែងស្រាវជ្រាវ ៖ ជាល្បែង ឬជាសកម្មភាពដែលបង្កឱ្យកុមារចេះធ្វើការគិតពិចារណា មានគំនិតច្នៃប្រឌិត និងអាចធ្វើឱ្យកុមារពង្រីកនូវចំណេះដឹង ប្រាជ្ញា និងស្មារតីរបស់ពួកគេបានយ៉ាងល្អប្រសើរ។ ឧទាហរណ៍ ៖ ល្បែងសាងសង់ គឺកុមារប្រើ ដុំកំណាត់ឈើ ឬវត្ថុផ្សេងៗដើម្បីសាងសង់ជាសំណង់តូចធំទៅតាមអារម្មណ៍ ទៅតាមការនឹកគិតរបស់ពួកគេ។
2 . ល្បែងចាត់តាំង ៖ ជាប្រភេទល្បែងដែលកុមារតែងតែរួមគ្នាលេងកម្សាន្ដជាក្រុមតូច ឬក្រុមធំតាមតែពួកគេអាចធ្វើទៅបាន។ ជួនកាលអាចមានមនុស្សធំម្នាក់ ដើម្បីធ្វើជាអ្នកណែនាំនៅក្នុងពេលលេង។ ឧទាហរណ៍ ល្បែងចាប់កូនខ្លែង ដែលជាប្រភេទល្បែងប្រជាប្រិយខ្មែរមួយប្រភេទអាចធ្វើឱ្យកុមារមានសកម្មភាពរហ័សរហួន និងធ្វើឱ្យរាងកាយរបស់កុមាររឹងមាំល្អ។
ក្នុងករណីដែលយើងពុំសូវសម្បូរថវិកា ការផ្ដល់សម្ភារសម្រាប់កុមារកម្សាន្ដ មិនចាំបាច់ចំណាយច្រើនក្នុងការទិញសម្ភារ ទំនើបៗនោះទេ។ លោកអ្នកគួរដឹងថា សម្ភារប្រភេទណាក៏ដោយក៏អាចធ្វើឱ្យកុមារមានភាពរីកចម្រើនបានដែរ។ សំខាន់ត្រូវចៀសវាងនូវការផ្ដល់សម្ភារបែបប្រល័យមួយចំនួនដែលអាចបណ្ដាលចិត្ដកុមារឱ្យមានចិត្ដកោងកាច ប្រើអំពើហិង្សា ដូចជាកាំភ្លើង រថក្រោះ រថយន្ដចម្បាំង កាំបិត ដាវ លំពែងជាដើម។
របៀបថែរក្សា និងតំហែទាំសម្ភារលេងរបស់កុមារ
តំហែទាំំ និងការថែរក្សាអនាម័យទៅលើឧបករណ៍ និងសម្ភារលេងកម្សាន្ដរបស់កុមារ គឺជាចំណុចមួយដ៏ប្រសើរ បំផុតបើអាចធ្វើទៅបាន។ ជាទូទៅកុមារភាគច្រើនក្រោយពីលេង ពុំសូវចេះរៀបចំទុកដាក់សម្ភារឱ្យបានត្រឹមត្រូវនោះទេ។ ដូច្នេះក្នុងនាមយើងជាអាណាព្យាបាលគួរគប្បីមានការណែនាំកុមារឱ្យចេះទុកដាក់ដោយខ្លួនឯងទើបជាការប្រពៃ។ សម្ភារដែលប្រឡាក់ប្រឡូសខ្លាំង ត្រូវលាងសម្អាតឱ្យបានស្អាតសម្រាប់លេងថ្ងៃក្រោយ។ ម្យ៉ាងវិញទៀតចំពោះសម្ភារណាដែលបានបាក់បែកមានជ្រុងមុត អាចបង្កគ្រោះថ្នាក់ដល់កុមារបាន គួរបោះចោល។ ជាពិសេសអ្វីដែលសំខាន់នោះ គួរណែនាំកុមារឱ្យចេះលាងសម្អាតដៃជើង ខ្លួនប្រាណឱ្យបានស្អាតក្រោយពេលលេង។
ការសង្កេតមើលសុវត្ថិភាពកុមារ
ប្រការមួយដែលយើងគួរតែយកចិត្ដទុកដាក់បន្ថែមនោះគឺសុវត្ថិភាពរបស់កុមារនៅពេលកំពុងលេងកម្សាន្ដជាមួយសម្ភារ ឬ ឧបករណ៍ផ្សេងៗ។ ជាទូទៅគ្រប់ឱកាសទាំងអស់ នៅពេលដែលកុមារកំពុងលេងល្បែងកម្សាន្ដ លទ្ធភាពនៃគ្រោះថ្នាក់ផ្សេងៗអាចកើតមានជាយថាហេតុគ្រប់ពេលវេលា។ អាស្រ័យហេតុនេះ អស់លោកដែលជាមាតាបិតា ឬអាណាព្យាបាលទាំងអស់គួរគប្បីយកចិត្ដទុកដាក់ ព្រមាន ឬរម្លឹកជាប្រចាំចំពោះកុមារនូវលទ្ធភាពគ្រោះថ្នាក់ទាំងអស់នោះ។ ប្រការចាំបាច់បំផុត នៅពេលដែលយើងធ្វើការ សង្កេតទៅឃើញថាល្បែង ឬសកម្មភាព ឬសម្ភារដែលកុមារកំពុងលេងអាចជាល្បែងគ្រោះថ្នាក់ ចាំបាច់យើងត្រូវបញ្ឈប់កុមារជាបន្ទាន់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលមិនអាចនឹកស្មានដឹង។
បណ្ដាំអ្នកជំនាញ
សូមមាតាបិតា និងអាណាព្យាបាលលើក្មេងគ្រប់រូប គួរផ្លាស់ប្ដូរនូវទស្សនៈអភិរក្សដែលគិតថា ការលេងកម្សាន្ដរបស់កុមារ គឺជារឿងមួយឥតប្រយោជន៍ ហើយត្រូវខិតខំស្វែងយល់ពីសារៈសំខាន់នៃការលេងកម្សាន្ដនេះឱ្យកាន់តែច្រើនឡើងថែមទៀត។ ព្រោះការលេងកម្សាន្ដ គឺជាចំណែកមួយយ៉ាងសំខាន់នៃការថែទាំសុខភាពផ្លូវចិត្ដរបស់កុមារ។ ប្រសិនបើមាតាបិតាគ្រប់រូបយល់ដឹងពីសារៈសំខាន់នៃការលេងកម្សាន្ដ ហើយផ្ដល់សម្ភារឱ្យបានសមស្រប នោះមានន័យថាមាតាបិតាបានរួមចំណែកក្នុងការថែទាំសុខភាព បឋមផ្នែកផ្លូវចិត្ដរបស់កូនដែលជាទីស្រឡាញ់របស់ខ្លួន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply