នៅពេលដែលកុមាររាកឬល្មាក លាមកមានដុំគ្រាប់តូចៗជាច្រើននោះ ម្ដាយគ្រប់រូបតែងសម្គាល់ថាកូនរបស់ខ្លួននឹងចេះធ្វើអ្វីមួយ ដូចជាចេះសើច ចេះអង្គុយ ចេះឈរជាដើម។ នេះជាការចេះចាំដឹងតៗគ្នារៀងមក ដោយសម្គាល់ទៅលើអាការរបស់កុមារ ទូទៅហេតុនេះហើយទើបចាស់ៗជំនាន់ដើមសន្មតទទួលយកទម្លាប់នេះ ដោយពុំបានស្រាវជ្រាវរកមូលហេតុពិតប្រាកដច្បាស់លាស់នោះទេ។
ហេតុនេះហើយទើបទស្សនាវដ្ដី សុខភាពយើង ព្យាយាមជួបជាមួយលោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នកឯកទេសជម្ងឺកុមារនៅពេទ្យកុមារជាតិ ដើម្បីបកស្រាយរឿងនេះ។
ល្មាកជាជម្ងឺ ឬអ្វី?
ល្មាក គឺជាពាក្យកម្លាយមកពីពាក្យរាក។ នៅក្នុងវិទ្យាសាស្ដ្រវេជ្ជសាស្ដ្រ ល្មាកនេះពុំត្រូវបានធ្វើការអត្ថាធិប្បាយនោះទេ ប៉ុន្ដែតាមការកត់សម្គាល់ល្មាកមិនមែនជាជម្ងឺអ្វីធ្ងន់ធ្ងរនោះទេ វាជាអាការរាករូសធម្មតារបស់កុមារ ដែលឋិតក្នុងវ័យកំពុងបៅដោះ។ មានន័យថា កុមារដែលនៅបៅដោះរបស់ម្ដាយ តែងរាករូសជាធម្មតា។ កុមារល្មាកមានលាមកទន់ជ្រាយ ឬរាវដូចទឹក ដែលជុះតែត្រឹម៤ដងក្នុងមួយថ្ងៃប៉ុណ្ណោះយ៉ាងច្រើន។ ផ្ទុយទៅវិញប្រសិនបើកុមារជុះញឹកញាប់ ហើយមានលាមករាវ និងជ្រាយដូចនេះ គឺកុមារ កំពុងមានជម្ងឺរាកហើយ។
មូលហេតុបណ្ដាលឱ្យកុមារល្មាក ឬរាក
កត្ដាចម្បងដែលបណ្ដាលឱ្យកុមារល្មាក ឬរាកនោះគឺកត្ដាចំណីអាហារ។ ការឱ្យកុមារដែលមានអាយុក្រោម៦ខែបៅទឹកដោះ គោអាចធ្វើឱ្យរាកបានយ៉ាងងាយ។ ចំពោះកុមារដែលមានអាយុលើសពីនេះ ឪពុកម្ដាយត្រូវតែយកចិត្ដទុកដាក់ចំពោះបញ្ហាអនាម័យ ទាំងអនាម័យចំណីអាហារ និងអនាម័យខ្លួនប្រាណ។ ព្រោះកាលណាបើកុមារបរិភោគចំណីអាហារពុំមានអនាម័យល្អ អាចធ្វើឱ្យកុមារ មានជម្ងឺរាករូស ដែលលើសពីអ្វីហៅថាល្មាកជាអាការធម្មតារបស់កុមារ។
ល្មាកមានផលវិបាកអ្វីខ្លះ?
ចាស់ៗខ្មែរយើងតែងប្រើពាក្យថា ល្មាកចំពោះកុមារដែលមានអាយុក្រោម៦ខែ។ តែតាមពិតជាក់ស្ដែងល្មាក ឬរាកនេះកើតឡើងចំពោះកុមារទូទៅមិនរើសអាយុនោះទេ។ ល្មាកមិនបណ្ដាលឱ្យកុមារមានគ្រោះថ្នាក់នោះទេ ព្រោះកុមារអាចនៅបៅដោះបាន ប៉ុន្ដែអាការល្មាកអាចវិវត្ដទៅរកជម្ងឺខ្វះជាតិទឹកដែលបណ្ដាលមកពីជម្ងឺរាកធ្ងន់ធ្ងរ។ នៅពេលដែលកុមារមានជម្ងឺរាករ៉ាំរ៉ៃបែបនេះ កុមារត្រូវការការយកចិត្ដទុកដាក់ពីសំណាក់អាណាព្យាបាលជាចាំបាច់។ អ្នកមើលថែកុមារត្រូវផ្ដល់ជាតិទឹក និងអាហារគ្រប់គ្រាន់ ដល់កុមារ ដើម្បីចៀសវាងកុមារកើតជម្ងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យកុមារបាត់បង់ជីវិត។ កុមារដែលកើតជម្ងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរហើយ គឺពិបាកក្នុងការព្យាបាលណាស់។ ដូចនេះម្ដាយគ្រប់រូបត្រូវតែយកចិត្ដទុកដាក់ចំពោះបញ្ហានេះ។ មានន័យថា ប្រសិនបើកុមាររាករូសលើសពី៤ដងក្នុងមួយថ្ងៃ នោះកុមារកំពុងប្រឈមមុខនឹងជម្ងឺរាក ដែលយូរទៅនឹងក្លាយជាជម្ងឺកង្វះ អាហារូបត្ថម្ភធ្ងន់ធ្ងរ។ មានម្ដាយខ្លះយល់ថា ការដែលកុមារល្មាកនោះកូននឹងចេះអ្វីមួយប្រាកដណាស់ ដូចជាចេះឈរ ចេះអង្គុយ ចេះដើរជាដើម។ ប៉ុន្ដែវាជាការយល់ច្រឡំទាំងស្រុង ព្រោះកាលដែលកុមារល្មាកចេះដើរ ឈរ ឬអង្គុយនោះ វាជាការគួបផ្សំរវាងដំណើរ វិវត្ដរបស់កុមារតែប៉ុណ្ណោះ។ ការយល់ច្រឡំបែបនេះហើយ ដែលធ្វើឱ្យម្ដាយអាចមានការធ្វេសប្រហែសបណ្ដាលឱ្យកុមារវិវត្ដទៅរក ជម្ងឺរាកធ្ងន់ធ្ងរ។
ប្រការគួរធ្វើនៅពេលកុមារល្មាក
លាមករបស់កូនតូចមានពណ៌លឿង មានសណ្ឋានប្រែប្រួលទៅតាមសុខភាពរបស់កុមារនីមួយៗ។ ហេតុនេះម្ដាយត្រូវធ្វើ ការតាមដានថាតើកូនរបស់ខ្លួនជុះញឹកញាប់ដែរឬទេ ដើម្បីឱ្យដឹងថាតើកូននោះល្មាកធម្មតា ឬកើតជម្ងឺរាករូស។ បើទោះបីជាល្មាក មិនមែនជាអាការជម្ងឺធ្ងន់ធ្ងរក៏ដោយ ក៏ម្ដាយគ្រប់រូបត្រូវយកចិត្ដទុកដាក់ ព្រោះកុមារកំពុងប្រឈមមុខនឹងជម្ងឺរាក និងខ្វះជាតិទឹក។ ឪពុកម្ដាយត្រូវអនុវត្ដនូវប្រការមួយចំនួនដូចខាងក្រោម នៅពេលដែលកូនរបស់លោកអ្នកល្មាក ឬរាករូស។
1 . ផ្ដល់ជាតិទឹកគ្រប់គ្រាន់ដល់កុមារ ៖ ប្រសិនបើកូនមានអាយុក្រោម៦ខែ ម្ដាយត្រូវបំបៅកូនឱ្យបានញឹកញាប់ជាងធម្មតា ឱ្យកុមារផឹកទឹកអូរ៉ាលីតកន្លះពែង តែក្រោយពេលកុមារជុះម្ដងៗ ឬកន្លះលីត្រក្នុងមួយថ្ងៃ។
2 . ផ្ដល់ចំណីអាហារគ្រប់គ្រាន់ ស្អាត មានអនាម័យដល់កុមារសមស្របតាមអាយុ ៖ មានន័យថាអាយុក្រោម៦ខែត្រូវឱ្យកុមារបរិភោគទឹកអូរ៉ាលីតបន្ថែមក្រៅពីទឹកដោះម្ដាយនៅពេលកុមារល្មាក ឬរាក។ ប្រសិនបើកុមារមានអាយុលើសពី៦ខែ គេអាចឱ្យកុមារទទួលជាតិទឹកលើសពីការបំបៅដោះ ឬទឹកអូរ៉ាលីត ដោយបន្ថែមឱ្យកុមារដូចជាទឹកបបរ ទឹកសម្លជាដើម។ ទឹកដូងក៏អាចឱ្យកុមារបរិភោគបានដែរ ប៉ុន្ដែកុំឱ្យច្រើនពេក ឬចៀសវាងក៏បាន។
3 . ត្រូវយកកូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យ ៖ នៅពេលដែលកូនធ្លាក់ឈឺធ្ងន់លែងបៅ ក្អួត ចង្អោរ លាមកមានឈាម ឬឡើងកម្ដៅ ម្ដាយឪពុកត្រូវរួសរាន់យកកុមារទៅឱ្យគ្រូពេទ្យពិនិត្យព្យាបាល។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកដែលជាឪពុកម្ដាយមិនត្រូវព្រួយបារម្ភពេកនោះទេ នៅពេលដែលកូនតូចរបស់លោកអ្នកល្មាក ឬមានលាមកទន់ ជ្រាយប្លែកខុសធម្មតានោះ។ លោកអ្នកគ្រាន់តែឱ្យកុមារបរិភោគជាតិទឹកឱ្យបានគ្រប់គ្រាន់សមស្របតាមអាយុដូចរៀបរាប់ខាងលើ។ ហើយម្យ៉ាងទៀតម្ដាយត្រូវបរិភោគចំណីអាហារឱ្យបានត្រឹមត្រូវ និងស្អាតមានអនាម័យ ដោយមានជាតិបន្លែ ឬសាច់បានច្រើននោះ បានហើយ។ លើសពីនេះទៅទៀតម្ដាយឪពុកត្រូវតាមដានមើលលាមករបស់កូនតូច ប្រសិនបើកុមារល្មាកមានលាមករាវ ជ្រាយខុសធម្មតា ជុះញឹកញាប់ នោះកុមារកំពុងប្រឈមនឹងការខ្វះជាតិទឹក ដែលបណ្ដាលឱ្យកុមារវិវត្ដទៅរកជម្ងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply