ការចាក់ថ្នាំបង្ការ គឺជាប្រសិទ្ធភាពមួយដ៏ល្អបំផុតសម្រាប់ការពារនិងទប់ស្កាត់កុមារ និងស្រ្តីឲ្យចៀសឆ្ងាយពីជម្ងឺផ្សេងៗបានយ៉ាងល្អប្រសើរផងដែរ។ តែសម្រាប់យុទ្ធនាការផ្តល់ថ្នាំបង្ការដល់កុមារ និងស្រ្តីមួយចំនួនដែលរស់នៅតំបន់ដាច់ស្រយាល ដូចជាជនជាតិភាគតិច និងប្រជាជនចល័ត នៅមិនទាន់ទទួលបានថ្នាំបង្ការគ្រប់គ្រាន់នៅឡើយទេក្នុងប្រទេសកម្ពុជា។ តើកម្ពុជាត្រូវធ្វើយ៉ាងណាខ្លះដើម្បីផ្តល់ថ្នាំបង្ការដល់កុមារ និងស្រ្តីឲ្យមានប្រសិទ្ធភាពជាងពេលមុនៗ?មន្ត្រីកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅកម្ពុជាបានថ្លែងប្រាប់ឲ្យដឹងថា ក្នុងចំណោមកុមារអាយុក្រោម១ឆ្នាំប្រមាណ៣៨០,០០០នាក់ មានកុមារប្រហែលតែ១៥ភាគរយប៉ុណ្ណោះ នៅមិនទាន់ទទួលបានការគ្របដណ្តប់នៃកម្មវិធីចាក់ថ្នាំបង្កាជម្ងឺ ឲ្យបានគ្រប់មុខនៅឡើយទេ។ លោក សាន់ ចន្ទ័សឿន ប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការបានមានប្រសាសន៍ថា ការធ្វើចំណាកស្រុក និងការផ្លាស់ប្តូរលំនៅដ្ឋាន រឺអាណាព្យាបាលគ្មានពេលទំនេរយកកូនមកមន្ទីរពេទ្យ គឺជាមូលហេតុធំបំផុតដែលនាំឲ្យកុមារមិនបានទទួលវ៉ាក់សាំងការ ពារជំងឺឲ្យបានគ្រប់មុខ។ លោកថ្លែងថា៖ «ឆ្លើយតបនិងវិធានការខាងលើ យើងត្រូវធ្វើយុទ្ធនាការមួយទៀត ដើម្បីចុះទៅមូលដ្ឋានភូមិ-ឃុំ ជាពិសេសឈានទៅកន្លែងឆ្ងាយៗ ដើម្បីស្វែងរកកុមារទាំងនោះ រឺស្រ្តីក្នុងវ័យបន្តពូជ និងស្រ្តីមានផ្ទៃពោះ ដើម្បីធ្វើការផ្សព្វផ្សាយអំពីការផ្តល់ថ្នាំបង្កាជម្ងឺផ្សេងៗ ជាពិសេសជម្ងឺតេតាណុស និងជម្ងឺកញ្ជ្រិលផងដែរ»។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍។
រាល់បញ្ហាដែលជាប់ពាក់ពន្ធ័និងកម្មវិធីជាតិផ្តល់ថ្នាំបង្កាសម្រាប់ស្រ្តីនិងកុមារ គឺត្រូវបានលើកឡើងនៅក្នុងសន្និសិទថ្នាក់អនុតំបន់អាស៊ីលើកទី៤ ស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់ផ្តល់ថ្នាំបង្កាប្រកបដោយចីរភាព ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា កន្លងទៅនេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ សន្និសិទនេះត្រូវបានចូលរួមពីតំណាងប្រតិភូរដ្ឋសភានៃប្រទេស នេប៉ាល់ ស្រីលង្គកា ម៉ុងហ្គោលី និងប្រទេសកម្ពុជា ដើម្បីបើកកិច្ចពិភាក្សាគ្នាស្វែងរកដំណោះស្រាយពាក់ពន្ធ័និងបញ្ហានេះ។
ថ្លែងក្នុងសន្និសីទថ្នាក់ជាតិលើកទីបួនស្តីពីការផ្តល់ហិរញ្ញប្បទាន ចាក់ថ្នាំបង្ការដល់កុមារប្រកបដោយចីរភាពនេះ ឯកឧត្តម អេង ហួត ក៏បានមានប្រសាសន៍ផងដែរថា ប្រជាជនដែលមានលំនៅដ្ឋាននាតំបន់ដាច់ស្រយាល ងាយរងគ្រោះបំផុតដោយសារជម្ងឺផ្សេងៗ ប្រសិនបើពួកគេទំាងនោះ មិនបានទទួលវ៉ាក់សំាង ដើម្បីបង្ការជម្ងឺទេនោះ។ ទាក់ទិននឹងបញ្ហានេះដែរ ក្រសួងសុខាភិបាលបាននិងកំពុងអភិវឌ្ឍន៍ផែនការណ៍សម្រាប់សកម្មភាពរបស់ខ្លួន ដោយមានចំណាប់អារម្មណ៍យ៉ាងខ្លំាង ពីសំណាក់ដៃគូអភិវឌ្ឍន៍ ដើម្បីជួយប្រជាជនខែ្មរ ដែលរស់នៅតំបន់ទំាងនោះឲ្យពួកគេទទួលបានថ្នាំវ៉ាក់សំាងបង្ការឲ្យបានគ្រប់ៗគ្នា។ លោក អេង ហួត បានបន្តថា ជម្ងឺតេតាណូសមាតា និងទារក ចាប់តាំងពីឆ្នំា២០០១ មកដល់ឆ្នាំ២០១១ ពីខេត្តដាច់ស្រយាល និងស្រុកប្រតិបត្តិចំនួន៥២បានធ្វើឲ្យជម្ងឺតេតាណូសទារក បានថយចុះជាលំដាប់ រហូតមកត្រឹម៩ករណីប៉ុណ្ណោះ ក្នុងឆ្នាំ២០១១ កន្លងទៅនេះ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី ហូ ណូន ប្រធានគណៈកម្មការសុខាភិបាលសង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីបានលើកឡើងថា ការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលផ្តោតលើវិស័យអាទិភាពទំាង១០ ក្នុងនោះផ្តោតសំខាន់ទៅលើសេវាសុខភាព និងផ្អែកលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ដែលផ្តោតការយកចិត្តទុកដាក់លើការអនុវត្តន៍កម្មវិធីបង្ការ និងព្យាបាលជម្ងឺឆ្លងនានា ការគាំពារមាតានិងទារក ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារក ការសង្គ្រោះបន្ទាន់ ព្រមទំាងការអប់រំផ្សព្វផ្សាយព័ត៌មានសុខាភិបាល និងអនាម័យឲ្យបានទូលំទូលាយ ពិសេសដល់ជនបទ៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២
Leave a Reply