កាលពីដើមខែមករា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានមានប្រសាសន៍ថា កម្ពុជាត្រូវការយ៉ាងហោចណាស់១២០លានដុល្លារទៀត ដើម្បីវិនិយោគទៅលើរោងម៉ាស៊ីនកិនស្រូវ ប្រសិនបើខ្លួនចង់ឱ្យបានសម្រេចគោលដៅឆ្នាំ២០១៥ របស់រដ្ឋាភិបាលក្នុងការនាំចេញអង្ករចេញឱ្យបានមួយលានតោននោះ។ តើកម្ពុជាអាចសម្រចតាមផែនការនាំអង្ករទៅកាន់ទីផ្សារអន្តរជាតិបានដែរឬទេ? តើបច្ចប្បន្ននេះ ការនាំចេញអង្កររបស់កម្ពុជាកំពុងប្រឈមនឹងបញ្ហាអ្វីខ្លះ?បើលោកអ្នកចង់ជ្រាបច្បាស់ សូមប្រិយមិត្តតាមអានជាមួយគេហទំព័រសុខភាពកម្ពុជាដូចតទៅ៖
កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២ ក្រុមការងារទី៩របស់រដ្ឋាភិបាល ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានបើកកិច្ចប្រជុំលើកដំបូងជាបន្ទាន់មួយ ដើម្បីពិនិត្យមើលស្ថានការណ៍ និងបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនឯកជន ដែលនាំអង្ករចេញទៅទីផ្សារអន្តរជាតិ។ កិច្ចប្រជុំនេះបានដំណើរការពេញមួយព្រឹកនៅឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្នុងឱកាសនេះ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំឲ្យក្រសួងពាក់ព័ន្ធនានា របស់រដ្ឋាភិបាល ពិនិត្យនិងដោះស្រាយបញ្ហាប្រឈមមុខនានា ដើម្បីជម្រុញឲ្យក្រុមហ៊ុននាំចេញអង្ករនៅកម្ពុជា នាំចេញអង្ករទៅទីផ្សារអន្តរជាតិឲ្យបានឆាប់រហ័ស មានប្រសិទ្ធភាព មិនស៊ីរយៈពេលយូរនៃការរត់ការនាំចេញ។ ជាមួយគ្នានេះដែរ លោកក៏បានសុំឲ្យមន្ត្រីជំនាញកសិកម្មជម្រុញឲ្យកសិករផលិតស្រូវមានគុណភាពខ្ពស់ បរិមាណច្រើន និងមិនប្រើជីគីមីច្រើនដូចប្រទេសជិតខាង ដូចជាប្រទេសវៀតណាម និងថៃជាដើម។ ការស្នើនេះ ធ្វើឡើងដើម្បីជម្រុញឲ្យផែនការរបស់រដ្ឋាភិបាលទទួលជោគជ័យ ក្នុងការនាំចេញអង្ករចំនួនជាង១លានតោននៅឆ្នាំ២០១៥ ទៅទីផ្សារអន្តរជាតិ។ លោក ច័ន្ទ សារុន បានបន្តថា កម្ពុជាត្រូវការនាំចេញអង្ករប្រណិត ឬអង្ករក្រអូបទៅទីផ្សារអន្តរជាតិ ដោយសារតែអង្ករខ្មែរបរិសុទ្ធមិនប្រើជីគីមីច្រើន។ ចំណុចនេះគឺជាអាទិភាពរបស់អង្ករកម្ពុជា។ លោក ច័ន្ទ សារុន បានឲ្យដឹងបន្ថែមថា៖ «ដើម្បីប្រមូលទិញស្តុកស្រូវនៅពេលប្រមូលផល នៅខ្វះម៉ាស៊ីនសម្ងួត ខ្វះឃ្លាំងស្តុកស្រូវ សមត្ថភាពម៉ាស៊ីនកិនស្រូវនៅមានកម្រិតនៅឡើយសព្វថ្ងៃនេះ ដែលហេតុនាំឲ្យស្រូវត្រូវបានលក់ចេញទៅក្រៅ អ៊ីចឹងទៅស្នើឲ្យរដ្ឋាភិបាល ចង់និយាយថា ជួយដល់ផ្នែកឯកជន វិស័យទុន»។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានអាស៊ីសេរី។
ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា លោក គឹម សាវុធ បានមានប្រសាសន៍ថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ នៅរយៈពេល ៦ខែនៃឆ្នាំ២០១២ បានធ្លាក់ចុះដោយសារតែមានបញ្ហាជាច្រើន ដូចជាបញ្ហារត់ការនាំចេញរយៈពេលយូរនៅច្រកចេញចូលតែមួយ។ លោក គឹម សាវុធ បានលើកឡើងថា៖ «អ៊ីចឹងមកដល់ឆ្នាំនេះ ទី១ អឺរ៉ុបខ្លួនឯងគាត់មានវិបត្តិ ទី២ ក្រុមហ៊ុនដែលធ្លាប់លក់ទៅអឺរ៉ុបឆ្នាំទៅ គាត់បាត់បង់ទីផ្សារ។ ក្រុមមួយចំនួននៅអឺរ៉ុបគាត់សល់អង្ករ អ៊ីចឹងឆ្នាំនេះគាត់លក់ធូរថ្លៃ ដល់យើងនេះវាទន្ទឹមកុងតឺន័រឡើងថ្លៃទៀតទៅ យើងទៅអត់រួច»។
អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីស៊ី (CDC) លោក សុខ ចិន្តា បានមានប្រសាសន៍ថា លោកគ្រោងកោះហៅតំណាងក្រុមហ៊ុន និងសមាគមនាំចេញអង្ករនៅសប្ដាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាពិស្ដារលើបញ្ហាប្រឈមមុខនីមួយៗ និងដោះស្រាយ។ លោកបានបន្តថា៖ «ដូច្នេះកិច្ចការនេះមិនអាចដោះស្រាយនៅទីនេះ បានទេ ខ្ញុំនឹងអញ្ជើញអស់លោកទាំងផ្នែកឯកជន ទាំងផ្នែកមន្ត្រីតំណាងក្រសួងទាំង៥ ទៅអង្គុយធ្វើការនៅ CDC ដើម្បីខ្ញុំស្ដាប់ឲ្យអស់ កត់ត្រាឲ្យអស់ និយាយតែពីរឿងហ្នឹង។ រឿងខ្ញុំ រឿងធ្វើយ៉ាងម៉េចឲ្យបែបបទក្នុងការនាំចេញហ្នឹងឲ្យខ្លីជាងមុន ឲ្យស្រួលជាងមុន»។
យោងតាមឯកសាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិក្នុងរយៈពេល៦ខែ ឆ្នាំ២០១២ កន្លងទៅនេះ បានធ្លាក់ចុះមកចំនួនជាង៧ម៉ឺន៨ពាន់តោន បើធ្វើការប្រៀបធៀបទៅនឹងរយៈពេល ៦ខែដូចគ្នានៅឆ្នាំ២០១១ កន្លងទៅនេះ។ កាលពីឆ្នាំ២០១១កន្លងទៅ ការនាំចេញអង្ករ គឺកើនដល់ចំនួនជាង១សែន៧ម៉ឺនតោន។
ប្រធានក្រុមហ៊ុន ឡូរ៉ង់ នាំចេញអង្ករ លោកឧកញ៉ា លឹម ប៊ុនហេង បានមានប្រសាសន៍ថា ការធ្លាក់ចុះនោះបណ្ដាលមកពីមូលហេតុជាច្រើន ដូចជាការរត់ការឯកសារនាំចេញជួបបញ្ហាយឺតយ៉ាវជាងឆ្នាំមុន។ តំលៃអង្ករនាំចេញរបស់វៀតណាម និងថៃ ថោកជាងកម្ពុជានៅទីផ្សារអន្តរជាតិ។ សេវាដឹកជញ្ជូនផលិតផលកសិកម្មនៅកម្ពុជា មានតំលៃថ្លៃ និងតំលៃអគ្គិសនីនៅកម្ពុជា ថ្លៃជាងវៀតណាម និងថៃ ដែលធ្វើឲ្យម៉ាស៊ីនសម្ងួតស្រូវ និងម៉ាស៊ីនកែច្នៃអង្ករចំណាយថវិកាអស់ច្រើន។
ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានសក្តានុពលកសិកម្មមួយនៅលើពិភពលោក ហើយស្ទើរតែ៨០ភាគរយនៃប្រជាជនប្រកបរបរលើផ្នែកកសិកម្ម ជាពិសេសផលិតកម្មស្រូវនេះតែម្តង។ ការសម្រេចបាន១លានតោនការនាំចេញនាឆ្នាំ២០១៥ខាងមុខមានន័យថា គឺជាការផ្តល់នូវកំណើនផលទុនសរុបជាតិឱ្យកាន់តែធំថែមទៀត និងរួមផ្តល់ចំណូលកាន់តែខ្ពស់ដល់ប្រជាជនខ្មែរ ព្រោះថា ស្រូវផលិតឡើងដោយកសិករ រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញអង្ករជាអ្នកក្នុងស្រុកត្រូវការទិញពីកសិករ។ បើយើងប្រៀបធៀបទៅនឹងវិស័យដទៃ វិស័យកសិកម្ម ជាពិសេសគឺផ្នែគផលិតកម្មស្រូវ និងអង្ករគឺផ្តល់ផលប្រយោជន៍ផ្ទាល់ជាងគេទៅដល់ប្រជាជនខ្មែរ ព្រោះអ្នកដែលពាក់ព័ន្ធនៅក្នុងខ្សែសង្វាក់វិស័យនេះធំជាងគេគឺ កសិករខ្មែរ រោងម៉ាស៊ីនខ្មែរ ក្រុមហ៊ុននាំចេញក៏ខ្មែរ ហើយចំណូលដែលបានពីវិស័យនេះ គឺវិលត្រឡប់ចូលប្រទេសស្ទើរតែទាំងស្រុងតែម្តង។ តែផ្ទុយទៅវិញវិស័យមួយចំនួន ភោគផលនៃប្រាក់ចំណូលមួយភាគធំ គឺមិនដល់ដៃប្រជាជនខ្មែរទេ គឺបានទៅក្រុមហ៊ុនបរទេស និងភោគផលវិលត្រឡប់ទៅក្រៅប្រទេសវិញតែប៉ុណ្ណោះ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២
Leave a Reply