លុប​បឹងកក់ ៖ គុណ​សម្បត្ដិ និង​គុណ​វិបត្ដិ

ស្ថិតនៅ​ក្រោមការ​ដឹកនាំ​យ៉ាងយក​ចិត្ដទុក​ដាក់​របស់​រាជរដ្ឋាភិបាល ស្ទើរតែ​គ្រប់​តំបន់មិនថា​ទីក្រុង ឬ​ជនបទ ទទួល​បាន​នូវការ​អភិវឌ្ឍន៍​រីកចម្រើន​គួរឱ្យ​កត់​សម្គាល់។ ស្របពេល​ជាមួយ​គ្នានេះ ការចាក់​ដី​បំពេញ​តំបន់​បឹងកក់ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ និង​បង្កើនសម្រស់​ក្នុង​ទីក្រុង​ភ្នំពេញ​ធ្វើជា​តំបន់​ទេសចរណ៍ បានធ្វើ​ឱ្យមាន​ភាព​ចម្រូង​ចម្រាស​រវាង​ប្រជាជន​ក្នុងតំបន់​ជាមួយ​ក្រុមហ៊ុន​ដែលបាន​ធ្វើការ​បណ្ដាក់​ទុន និង​រាជរដ្ឋាភិបាល បើទោះ​បីជា​មានការ​ដោះដូរ និង​សំណង​នៃការ​ខូចខាត​យ៉ាងណា​ក៏ដោយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទាក់ទិន​ទៅនឹង​ការ​អភិវឌ្ឍន៍​ដែលមាន​ភាព​មិនសុខ​ចិត្ដពី​សំណាក់​ប្រជាជន​ក្នុង​តំបន់ជាមួយ​រាជរដ្ឋាភិបាល ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​នូវ​ចំណុច​ខ្លះៗ​ដែលជា​គុណ​សម្បត្ដិ និង​គុណវិ​បត្ដិ​ចំពោះ​ប្រជាជន និង​សង្គមជាតិ​មក​ជម្រាប​ជូន។

មូលហេតុ​ចាក់ដី​លុប​បឹងកក់

ការ​ចាក់ដី​លុប​បំពេញ​បឹងកក់​ដែលមាន​ផ្ទៃដី​ម្រមាណ​ជា៩០ហិចតា ស្ថិត​​​នៅ​ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី ភ្នំពេញ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ស៊ូកាកូអ៊ីន ដែលជា​ភាគហ៊ុន​ដ៏ធំមួយ​របស់​កូរ៉េ​ខាងត្បូង។ មូលហេតុ​នៃការ​ចាក់ដី​បំពេញ​បឹងកក់ គឺ​ដើម្បី​សាងសង់​បុរី និង​តំបន់​សេដ្ឋកិច្ច ដែល​នៅក្នុង​នោះ​រួមមាន​ផ្ទះល្វែង ផ្សារ​ទំនើប គ្លីនិក សណ្ឋាគារ កន្លែង​កម្សាន្ដ និង​តំបន់​លំហែកាយ។ គម្រោង​ទាំងនេះ គឺ​អនុវត្ដ​ទៅតាម​គោល​នយោបាយ​របស់​សាលាក្រុង ក្នុង​គោល​បំណង​អភិវឌ្ឍន៍​បង្កើន​ល្បឿន សេដ្ឋកិច្ច បន្ថែមនូវ​សោភ័ណភាព​ទីក្រុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ជាពិសេស​លើកស្ទួយ​កម្រិត​ជីវភាព​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ និង​ជិតខាង។

គុណ​សម្បត្ដិ​នៃការ​លុប​បឹងកក់

មន្ដ្រីខាង​រដ្ឋាភិបាល​ម្នាក់ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​បានមាន​ប្រសាសន៍​ឱ្យដឹង​ថា អត្ថប្រយោជន៍​ដែលអាច​ទទួល​បាន​ក្រោយ ពីការ​ចាក់ដី​លុប​បំពេញ​ផ្ទៃ​បឹងកក់​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​នេះគឺ​មានច្រើន។ មន្ដ្រី​រូបនោះ​បានបន្ដ​ឱ្យដឹង​ថែមទៀត​ថា វាជា​មោទនភាព​មួយ និង​ជារឿង​ដែលគួរ​ឱ្យ​រីករាយ​ផងដែរ ដែល​ទីក្រុង​ភ្នំពេញ​មានការ​អភិវឌ្ឍន៍​ជា​បន្ដបន្ទាប់។ ការ​បង្កើននូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សំណង់​អគារ​ធំខ្ពស់ៗ ផ្សារទំនើប មណ្ឌល​កម្សាន្ដ កន្លែង​លំហែកាយ និង​សណ្ឋាគារ​នៅក្នុង​ក្រុងមិន​ត្រឹមតែ​អាចបង្កើន​នូវភាព ស្រស់ថ្លា​នៃសម្រស់​ទីក្រុង​នោះទេ ថែមទាំង​អាច​បញ្ជាក់​ពីភាព​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​របស់​ប្រទេសជាតិ​មួយ​កម្រិត​ទៀត។ ជាពិសេស​អាចលើក​កម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាជន​មួយចំនួន​ធំដែល​រស់នៅ​ក្នុងតំបន់​ធ្វើការ​អភិវឌ្ឍន៍ និង​តំបន់​មួយចំនួន​ដែលនៅ​ក្បែរ។ ភាពងាយ​ស្រួល​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ កាត់​បន្ថយភាព​ក្រីក្រ​ដែលជា​គោលដៅ​ធំចម្បង​របស់​រាជរដ្ឋាភិបាល ត្រូវកើត​មានឡើង​នៅពេល​ដែល​គម្រោង​អភិវឌ្ឍន៍​ក្នុងស្រុក​បាន​សម្រេច។ លោកបាន​បន្ដទៀត​ថា ផលវិជ្ជ​មានដែល​ទទួលបាន​ពីការ​អភិវឌ្ឍន៍​នៅតំបន់​បឹងកក់​អាចមាន​ច្រើន។ ព្រោះ​ក្រៅធ្វើ​ឱ្យប្រជាជន​មាន​ទីលំនៅ​សមរម្យ​ច្បាស់លាស់​ទៅតាម​គោល​នយោបាយ​ដោះដូរ​ដែល ក្រុមហ៊ុន​បាន​កំណត់ វាជា​តំបន់​សេដ្ឋកិច្ច​យ៉ាងសំខាន់​មួយ ដែលជា​ហេតុធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានភាព​ងាយស្រួល​ក្នុងការ​ប្រកប​មុខរបរ អាជីវកម្ម​ផ្សេងៗ ហើយអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បានថែម​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គុណ​វិបត្ដិ​នៃការ​លុប​បឹងកក់

ស្របពេល​ជាមួយ​គ្នាដែល​កំពុង​មានការ​អភិវឌ្ឍន៍​ដោយការ​ចាក់ដី​បំពេញ​បឹងកក់​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​មួយចំនួន​ធ្វើការ​រិះគន់​យ៉ាងខ្លាំង ហើយបាន​លើកឡើង​នូវ​ចំណុច​អវិជ្ជមាន​ជាច្រើន​ដែលអាច​ទទួលបាន​ក្រោយពី​មានការ​អភិវឌ្ឍន៍នៅ​លើ​ផ្ទៃដី​បឹងកក់​នេះ។

លោក វ៉ាន់ ម៉ូលីវ៉ាន់ បានមាន​ប្រសាសន៍​ឱ្យដឹង​ថា ការ​មានការ​អភិវឌ្ឍន៍​នៅក្នុង​ក្រុង និងតំបន់​ជាយក្រុង​គឺជា​រឿងមួយ​ដែលគួរឱ្យ​រីករាយ​បំផុត។ លោកបាន​បន្ដទៀត​ថា ជាការ​ពិត​ណាស់​ការ​សាងសង់​នូវ​អគារ​ធំខ្ពស់ៗ សណ្ឋាគារ ផ្សារទំនើប និង​មជ្ឈមណ្ឌល កម្សាន្ដ ពិត​ជាអាច​ជួយកាត់​បន្ថយនូវ​ភាព​ក្រីក្រ​បាន តាមរយៈ​ការផ្ដល់​ទីផ្សារ​ការងារ​ដល់​ប្រជាជន​នៅក្នុង​តំបន់។ ប៉ុន្ដែ​ចំពោះ​តំបន់ បឹងកក់​នេះ មិនគួរ​ធ្វើការ​អភិវឌ្ឍន៍​ដោយចាក់​ដីលុប​បំពេញ​នោះទេ ព្រោះ​មាន​ប្រជាជន​ប្រមាណ​ជា៤០០០​គ្រួសារ ដែលអាច​មានផល​ប៉ះពាល់​ជុំវិញ​ការលុប​បឹងកក់​នេះ។

លោកបាន​បន្ដទៀត​ថា បឹងកក់​ដែលមាន​ទំហំ​ផ្ទៃដី​រហូតដល់​៩០ហិចតា​មួយនេះ​គឺជាអាង​សម្រាប់ ស្ដុកទឹក​ជំនន់​ភ្លៀង​ដែលនៅ​តំបន់​ជិតខាង។ លោក​ជឿថា ក្រោយពី​ធ្វើការ​លុប​បំពេញ​បឹងកក់​នេះ នឹងអាច​មានផល​ប៉ះពាល់​ជាច្រើន ដល់​បរិស្ថាន ជាពិសេស​អាច​ប៉ះពាល់ដល់​ប្រយោជន៍​សាធារណៈ​ជាច្រើន ដូចជា​ខូចផ្លូវថ្នល់​ជាដើម។ ជាក់ស្ដែង​កន្លង​មកធ្លាប់​មានលិចទឹក នៅតំបន់​មួយចំនួន​ក្រោយពី​មានការ​ចាក់ដី​លុប​បំពេញ​បឹង​ពោងពាយ និង​បឹងបាយ៉ាប ដូចជា​នៅសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​ឫស្សីកែវ​ជាដើម។

ដោយឡែក​លោក ណាត លី គណៈ​កម្មាធិការ​អភិវឌ្ឍន៍​ក្រុងភ្នំពេញ​(តំបន់​បឹងកក់)​បានមាន​ប្រសាសន៍​ឱ្យដឹង​ថា ការ​លុប​បឹងកក់​អាច​បណ្ដាល​ឱ្យមាន​ផលប៉ះពាល់​ច្រើន​ទាំង​ប្រជាជន​ទាំង​សង្គម។ លោក​បន្ដទៀត​ថា ប្រជាជន​រស់នៅ​ក្នុង​តំបន់​ភាគតិច​ណាស់ ដែល​រីករាយ​នឹង​គោល​នយោបាយ​របស់​ក្រុមហ៊ុន​ក្នុងការ​ដោះដូរ។ សម្រាប់​ប្រជាជន​ក្រីក្រ បឹងកក់​គឺជា​តំបន់មួយ​ដែលផ្ដល់​នូវ​ជីវភាព ប្រចាំថ្ងៃ​ដល់​ពួកគាត់ ដូចជា​បេះ​ត្រកួន រកត្រី​ជាដើម។ ពិតមែន​តែ​ក្រុមហ៊ុន និងខាង​សាលា​ក្រុងបាន​ជួយដោះ​ស្រាយ​នូវ​លំនៅដ្ឋាន ដល់​ពួកគាត់ តែបើ​ប្រៀប​ធៀប​ការ​រស់នៅ​តំបន់​បឹងកក់​ជាមួយ​កន្លែង​ថ្មីនោះ គឺមាន​ផល​លំបាក​ច្រើន។ លោក​លើកឡើង​ឱ្យដឹង​ទៀតថា ទីលំនៅ​ថ្មី​នៅឆ្ងាយ​ពី​សាលារៀន​របស់​កូន ឆ្ងាយពី​មណ្ឌល​សុខភាព និង​ឆ្ងាយពី​ទីផ្សារ​ដែល​ពួកគាត់​ធ្លាប់​ប្រកប​របរ។ លោកបាន​បន្ដទៀត​ថា ចំពោះ​អ្នក​ប្រកបរបរ​ដើរ​រើសអេត​ចាយ អាច​ទទួល​ផល​កម្រៃ​មួយថ្ងៃ​ប្រមាណ​ជា១០.០០០​រៀល ត្រូវ​ចំណាយ​ថ្លៃធ្វើ​ដំណើរ ពី​លំនៅដ្ឋាន​ថ្មីមក​ក្រុងភ្នំពេញ​ប្រមាណ​ជា៦០០០-៧០០០​រៀល។

អ្នកស្រី សំអាត ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បឹងកក់​បាន​និយាយ​ប្រាប់ឱ្យ​ដឹងថា ៖ អ្នកស្រី​គឺជា​មេគ្រួសារ​មួយរូប ហើយ​ក៏ជា​ជនរង​គ្រោះ​មួយរូប​ក្នុង​ចំណោម​ប្រជាជន​រាប់រយ​នាក់​ទៀត។ អ្នកស្រី​បានបន្ដ​ថា ផ្អែកតាម​ស្ថានភាព​សេដ្ឋកិច្ច​ពេល​បច្ចុប្បន្ន តើ​ទឹកប្រាក់​ចំនួន​៨០០០​ដុល្លារ និង​២លាន​រៀល តើអាច​ទិញផ្ទះ​នៅតំបន់​ជាយ​ក្រុងបាន​ទេ? បើ​រើសយក​ជម្រើស​ទីពីរ​ដោយ​ទៅ​រស់នៅ ទីលំ​នៅថ្មី​ស្ថិតនៅ​បុរី​សន្ដិភាព​ពីរ ដែលមាន​ចម្ងាយ​ប្រមាណ​ជាង២០​គីឡូម៉ែត្រ​ពីក្រុង ឆ្ងាយពី​សាលារៀន ឆ្ងាយពី​មន្ទីរពេទ្យ និង​ឆ្ងាយ​ពី​ទីផ្សារ នោះ​ពិតជា​ពិបាក​ខ្លាំង​ណាស់។ លោកស្រី​បាន​បន្ដថា ប្រជាជន​មិនត្រូវ​ការ​សំណង​ច្រើន​លើសលុប​ទេតែសូម​ជួយ​សម្រួល​តម្លៃ ដោះដូរ​ឱ្យបាន​សមរម្យ​ផង។

គួរ​បញ្ជាក់​ផងដែរ​ថាមក​ដល់ពេល​បច្ចុប្បន្ន​នេះ នៅមាន​ប្រជាជន​ប្រមាណ​ជាង​១០គ្រួសារ​តែប៉ុណ្ណោះ​ដែល​មិនទាន់​យល់ព្រម​ រុះរើ​ផ្ទះ​ចាកចេញ​ពីតំបន់​បឹងកក់​នៅឡើយ​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *