ខូច​ចិត្ដ ខូច​អនាគត

មនុស្ស​គ្រប់រូប សុទ្ធតែ​ធ្លាប់មាន​បទពិសោធន៍​ខូចចិត្ដ គ្មាន​នរណា​ម្នាក់​មិនធ្លាប់​ឆ្លងកាត់នោះទេ។ អ្នកខ្លះ​ខូចចិត្ដ​ដោយសារ មាន​រឿង​តូចតាច​បន្ដិច​បន្ដួច។ រីឯ​អ្នកខ្លះ​ទៀត ខូចចិត្ដ​យ៉ាងខ្លាំង​ចង់​សម្លាប់​ខ្លួន ដោយសារ​ខ្លួនឯង​យល់ថា​រឿងនោះ​ជារឿង​សំខាន់ ហើយ​ខុស​បំណង​ប្រាថ្នា និង​អស់សង្ឃឹម​នៅក្នុង​ជីវិត។ ដូចនេះ​អ្នក​ដែល​ទទួល​នូវភាព​ខូចចិត្ដ ដោយសារ​ការខុស​បំណង មាន​ទំហំ ឬ​សណ្ឋាន​ខុសៗ​គ្នា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី​វេជ្ជបណ្ឌិត ចក ធីតា ឯកទេស​វិកលវិទ្យា និងជា​អនុប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ដ​នៃ​ក្រសួង សុខាភិបាល​ធ្វើការ​បកស្រាយ​ស្ដីពី​ការ​ខូចចិត្ដ​ជូន​​​​​​​មិត្ដ​អ្នកអាន​ឱ្យបាន​ជ្រាប តាមរយៈ​ការធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាព យើង។

អ្វីទៅ​ហៅថា ខូច​ចិត្ដ?

ខូចចិត្ដ​មានន័យ​ថា សំដៅ​ទៅលើ​អារម្មណ៍ ឬ​ទឹកចិត្ដ​ធ្លាក់ចុះ(ធ្លាក់ទឹកចិត្ដ) ដែល​កើត​ឡើង​ដោយសារ​មានបញ្ហា ឬ​រឿងរ៉ាវ អ្វីមួយ​ដែល​មិនបាន​ដូច​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់បាន ហើយ​ធ្វើឱ្យ​មានការ​តូចចិត្ដ ខក​ចិត្ដ និង​ខូចចិត្ដ។

កត្ដា​ដែល​ធ្វើឱ្យ​មានការ​ខូចចិត្ដ

មាន​មូលហេតុ​ជាច្រើន ដែល​បណ្ដាល​ឱ្យមនុស្ស​ម្នាក់ៗ​ទទួល​នៅការ​ខូចចិត្ដ​ដូចជា ការ​បែកបាក់ កត្ដា​គ្រួសារ កត្ដា​ផ្ទាល់ខ្លួន ការងារ និង​សង្គម​ជាដើម។

1 . ការ​បែកបាក់ ៖ បញ្ហា​នៃការ​ខូចចិត្ដ​ដែលមាន​ទំហំ​ធំ គឺ​នៅក្នុង​ន័យ​ស្នេហា​ដែល​ធ្វើឱ្យ​អារម្មណ៍​មានការ​ប្រែប្រួល ហើយ​ទទួល​នូវភាព​ខកចិត្ដ​ខ្លាំង​បំផុត។ ឧទាហរណ៍ សង្សារ​២នាក់​ស្រឡាញ់​គ្នាណាស់។ ស្រាប់តែ​មានថ្ងៃ​មួយមាន​បញ្ហា​ទំនាស់​ឈ្លោះ​ទាស់ ទែង​គ្នា ហើយ​ក៏​សម្រច​ចិត្ដ​ចែកផ្លូវ​គ្នាដើរ ធ្វើឱ្យ​មានការ​ខូចចិត្ដ។ ចំពោះ​ប្ដី និង​ប្រពន្ធ​វិញ នៅពេល​ដែល​បុរស ឬ​ស្ដ្រីមាន​ដៃគូ​ផ្សេង ទៀត​ខាងក្រៅ ធ្វើឱ្យ​ភាគី​ប្ដី ឬ​ប្រពន្ធ​មិន​សប្បាយ​ចិត្ដ បណ្ដាល​ឱ្យមាន​ការ​រស់នៅ​មិនចុះ​សម្រុង​នឹងគ្នា និង​ឈានទៅ​រកការ​លែងលះ​គ្នា ធ្វើឱ្យ​មានការ​ខូចចិត្ដ ព្រោះ​ខុស​បំណង​ដែលខ្លួន​ចង់មាន​សុភមង្គល​ល្អ។

2 . កត្ដា​គ្រួសារ ៖ កូនដែល​មិនស្ដាប់​ដំបូន្មាន​ឪពុកម្ដាយ មិនចូល​សាលា​សិក្សា​រៀនសូត្រ បង្កើត​ក្រុមបង​ធំបង​តូច ប្រើ​សារធាតុ​ថ្នាំញៀន ធ្វើឱ្យ​ឪពុកម្ដាយ​មានការ​ពិបាក​ចិត្ដ រហូត​មាន​ទំហំ​ធំ​ឈានទៅ​រកការ​ខូចចិត្ដ​យ៉ាង​ធ្ងន់ធ្ងរ។

3 . កត្ដា​បុគ្គល​ខ្លួនឯង​ផ្ទាល់ ៖ កុមារ​ម្នាក់​សិក្សា​រៀនសូត្រ​មិន​ពូកែ ប្រាជ្ញា​ក៏មិន​ឆ្លាតវៃ ខួរក្បាល​គិតអ្វី​ក៏មិន​លឿន​ដូចគេ។ វ័យ​សិក្សា​សិស្ស​មួយចំនួន​មិនអាច​ប្រឈម​ដោះស្រាយ​បាន​នៅពេល​ប្រឡង​ធ្លាក់។ ចំណុច​ទាំងនេះ​ធ្វើឱ្យ​កុមារ​មានការ​ខូចចិត្ដ។

4 . កត្ដា​ការងារ ៖ ប្រសិនបើ​នៅកន្លែង​ការងារ​អ្នកនោះ​រំពឹង​ថា នឹង​ទទួល​បាន​ឋានៈ ឬ​បុណ្យ​សក្ដិធំ។ ផ្ទុយមក​វិញ​បែរជា អ្នកនោះ​ត្រូវបាន​គេទម្លាក់​បុណ្យ​សក្ដិ ឬ​បញ្ឈរ​ជើង ធ្វើឱ្យ​អ្នក​នោះមាន​ការ​ខូចចិត្ដ។

5 . កត្ដា​បរិយាកាស​សង្គម ៖ គ្រួសារ​ជាច្រើន​ត្រូវ​ខូចចិត្ដ ដោយសារ​បរិយាកាស​សង្គម ដូចជា​ភ្លើង​ឆេះផ្ទះ ត្រូវ​ខាតបង់​លុយកាក់​ក្នុងការ​រកស៊ី ឬមាន​គ្រោះ​មហន្ដរាយ​ទឹកជំនន់​ជាដើម បានធ្វើ​ឱ្យផ្ទះ​សម្បែង​របស់​ប្រជាជន​ខូចខាត និង​បណ្ដាល​ឱ្យ​គ្រួសារ​ដែល​រងគ្រោះ​ត្រូវ​ទទួល​នូវការ​ខូចចិត្ដ។

រោគ​សញ្ញា​នៃការ​ខូចចិត្ដ

ធម្មតា​ទឹកចិត្ដ​របស់​មនុស្ស​មិនថ្កល់​ប្រៀប​ដូចជា​ផ្ទៃទឹក​នៅក្នុង​ពាងនោះ​ទេ គឺ​ទឹកចិត្ដ​នេះមាន​ការ​ប្រែប្រួល។ ខូចចិត្ដ​សំដៅ ទៅលើ​អារម្មណ៍​ដែល​ធ្លាក់ចុះ ដែល​ស្ដែងចេញ​នូវរោគ​សញ្ញា​ផ្លូវ​កាយ និង​ផ្លូវចិត្ដ។

  • រោគ​សញ្ញា​ផ្លូវកាយ ៖ ឈឺ​ក្បាល ឬឈឺ​នេះឈឺ​នោះមិន​ដឹង​ច្បាស់លាស់ តានតឹង​ចិត្ដ គេង​មិនលក់ រោយ​កញ្ចឹងក អស់​កម្លាំង​ល្ហិតល្ហៃ ញ៉ាំអ្វី​មិនបាន តែបើ​ញ៉ាំបាន​គឺច្រើន​លើស​លុប រាងកាយ​ស្គមស្គាំង​(ស្រកទម្ងន់) ស្រវាំង​ភ្នែក វិលមុខ ដក​ដង្ហើម​ថប់ៗ ញ័រ​ដើមទ្រូង គេង​មិនលក់ ការងារ​ប្រចាំថ្ងៃ​ធ្វើមិន​បាន​ពេញលេញ​ជាដើម។
  • រោគ​សញ្ញា​ផ្លូវចិត្ដ ៖ ច្រើនតែ​ភ្លឹកៗ មិនសូវ​ចងចាំ​អ្វីបាន​ល្អ មាន​អារម្មណ៍​ប្រែប្រួល​ភ្លាមៗ ពីសប្បាយ​រីករាយ​ទៅទុក្ខ ក្រៀម​ក្រំ មួម៉ៅ តប់​ប្រមល់ ឆាប់ខឹង អស់​សង្ឃឹម គិតច្រើន​តែរឿង​ដដែលៗ​មិន​ចេះចប់​មិនចេះ​ហើយ និង​ថយចុះ​នូវសម្ពាធ​អារម្មណ៍​ផ្សេងៗ។

ផល​ប៉ះពាល់​នៃការ​ខូចចិត្ដ

សណ្ឋាន​នៃការ​ខូចចិត្ដ​បានកើត​នៅលើ​មនុស្ស​ធ្លាប់​ឆ្លងកាត់​នូវការ​ខុស​បំណង មាន​ទំហំ​ផ្សេងៗ​គ្នា។ សម្រាប់​អ្នកដែល​ខូចចិត្ដ តិចតួច ហើយ​ទំហំ​នៃការ​ខូចចិត្ដ​នោះ​មិនបាន​ធ្វើឱ្យមាន​ការប៉ះ​ទង្គិច​អារម្មណ៍​ធ្ងន់ធ្ងរ បន្ទាប់មក​ធូរស្រាល​ក្នុង​រយៈពេល​ខ្លី វាមិន​បង្កឱ្យ មាន​ផលវិបាក​អ្វី​ធ្ងន់ធ្ងរ​ទេ។ តែ​សម្រាប់​អ្នក​ដែល​ទទួល​នូវការ​ខូចចិត្ដ​ធ្ងន់ធ្ងរ ព្រោះ​មិនបាន​ដូចចិត្ដ​ដែល​ប៉ង​រំពឹង​ទុក អាច​បណ្ដាល​ឱ្យ អ្នក​នោះ​ឈានទៅ​មាន​ជម្ងឺ​ផ្លូវចិត្ដ មាន​គំនិត​គិតខ្លី ចង់​សម្លាប់​ខ្លួន ព្រោះ​អស់​សង្ឃឹម។ ទឹកចិត្ដ​ដែល​ធ្លាប់មាន​ពីមុន​មកត្រូវ​បាត់បង់ ហើយ​ចេះតែ​បន្ទោស​ខ្លួនឯង​កើតមក​មួយជាតិ​នេះ​ដូចគេ​ឯងដែរ ហេតុអ្វី​មិនមាន​វាសនា​ល្អ។ ធម្មតា​នៅក្នុង​ក្រុម​គ្រួសារ បើមាន​កូន ទទួល​នូវការ​ខូចចិត្ដ​នឹងរឿង​អ្វីមួយ នាំឱ្យ​ឪពុកម្ដាយ បងប្អូន ឬអ្នក​ដែល​នៅក្បែរ​ខ្លួន​ត្រូវ​ខ្វល់ខ្វាយ មិន​សប្បាយ​ចិត្ដ ព្រួយ​បារម្ភ អាច​រហូត​ធ្លាក់ខ្លួន​ឈឺទៀត​ផង។ ក្នុង​កំឡុង​ដែល​ខូចចិត្ដ​នេះ សាមីខ្លួន​ទៅ​សិក្សា ឬទៅ​ធ្វើការ​ក៏មិន​បាន​ពេញលេញ​ដែរ ទោះបី​ជាអាច​ធ្វើទៅ​បាន​ក៏ទៅ​តែខ្លួន អារម្មណ៍​ក៏មិន​គិតពី​ការ​សិក្សា ឬ​ធ្វើការ​ដែរ។ ជួនកាល​ទៀត​បុគ្គល​ខ្លះអាច​ពិសាស្រា ទៅជា​អ្នក​ប្រមឹក និយាយ​មិនដឹង​ខុសត្រូវ។ ចំពោះ​សង្គម​វិញ ធ្វើឱ្យ​បាត់បង់​នូវ​ធនធាន​មនុស្ស​បម្រើ​ការងារ។

វិធី​ព្យាបាល​ការ​ខូចចិត្ដ

បើសិន​ជាមាន​សមាជិក​ណាម្នាក់​នៅក្នុង​ក្រុមគ្រួសារ​មានការ​ខូចចិត្ដ។ ការ​ព្យាបាល​ត្រូវតែ​មានការ​យកចិត្ដ​ទុកដាក់​ពីក្រុម​គ្រួសារ​ដែលជា​កត្ដា​សំខាន់​បំផុត។ ប៉ុន្ដែ​ក៏មាន​ការ​ចូលរួម​ព្យាបាល​តាមបែប​វេជ្ជសាស្ដ្រ​ដែរ។

  • ក្រុម​គ្រួសារ ៖ ត្រូវចេះ​និយាយ​លួងលោម​ពីរឿង​នេះពី​រឿងនោះ និង​គាំទ្រ មិន​ត្រូវទុក​ឱ្យបុគ្គល​នោះនៅ​ម្នាក់ឯង​ទេ។ អាច​នាំគាត់​ដើរលេង ដើម្បី​ឱ្យគេ​ភ្លេចគិត​ពីរឿង​ដែល​ឈឺចាប់។ ជាពិសេស​អាចនាំ​អ្នកមាន​វិបត្ដិ​ឱ្យ​និយាយ​សម្ដែង​ចេញនូវ​អារម្មណ៍ ទុក្ខ​ព្រួយ ដែលគេ​កំពុង​ជួប​ប្រទះ។
  • វេជ្ជ​សាស្ដ្រ ៖ ព្យាបាល​តាមបែប​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស ជួយ​បុគ្គល​ឱ្យ​បញ្ចេញ​នូវ​អារម្មណ៍​ទុក្ខព្រួយ ស្វែងរក​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ ចេះ​ដោះស្រាយ​បញ្ហា​នោះដោយ​ខ្លួនឯង។ តែបើ​គាត់មាន​សភាព​ធ្ងន់ធ្ងរ នៅតែ​ចង់ធ្វើ​អត្ដឃាត ត្រូវដាក់​ឱ្យ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ តាមដាន​ពី​អារម្មណ៍ និង​ឥរិយាបថ​របស់​អ្នកជម្ងឺ និងប្រើ​ឱសថ​ប្រឆាំង​នឹងជម្ងឺ​ធ្លាក់​ទឹកចិត្ដ។

ដំបូន្មាន​អ្នក​ឯកទេស

បើជួប​បញ្ហា​អ្វីមួយ​ដែលធ្វើ​ឱ្យមាន​ការ​ខូចចិត្ដ កុំ​ចេះតែ​សម្ងំ​នៅម្នាក់​ឯង។ ព្រោះវា​នាំឱ្យ​ខ្លួនឯង​មានផល​វិបាក​ទៅដល់​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ។ ត្រូវចេះ​និយាយ​រឿងនោះ​ប្រាប់​ក្រុម​គ្រួសារ បងប្អូន ឬអ្នក​ជាទី​ស្រឡាញ់​ដែលខ្លួន​ទុកចិត្ដ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា រំលែក​ទុក្ខ និង​រំសាយ​ភាព​ស្មុគស្មាញ​ដែល​ដិតដាម​នៅក្នុង​អារម្មណ៍។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *