ពោះវៀនជាសរីរៈមួយដែលរួមចំណែកសំខាន់សម្រាប់មនុស្ស និងសត្វ ហើយក៏ចាំបាច់ផងដែរក្នុងការរស់នៅប្រចាំថ្ងៃ។ ប្រសិនបើពោះវៀនមានបញ្ហាដូចជារលាកពោះខ្នែងនោះ តើមានផលវិបាកអ្វីខ្លះទៅសម្រាប់មនុស្សគ្រប់រូបដែលកើតជម្ងឺនេះ? ជម្ងឺ រលាកពោះវៀនខ្នែងកើតឡើងចំពោះមនុស្សគ្រប់វ័យទាំងអស់ ហើយមូលហេតុដែលបង្កនោះវាមានខុសប្លែកពីគ្នាទៅតាមមេរោគដែលបង្ក។
ដើម្បីឱ្យប្រិយមិត្ដអ្នកអានទាំងអស់បានជ្រាបនូវបញ្ហានៃជម្ងឺនេះកាន់តែច្បាស់ទៅទៀតនោះ និងជាចំណេះដឹងមួយបន្ថែមពីលើវិជ្ជាដែលមាននោះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេសវះកាត់ជម្ងឺពោះវៀននៃមន្ទីរពេទ្យព្រះកេតុមាលា ដែលមានអត្ថន័យដូចខាងក្រោមនេះ។
រលាកពោះវៀនខ្នែងជាអ្វី?
រលាកពោះវៀនខ្នែង ឬដែលខ្មែរយើងនិយមហៅថា ពោះវៀនដុះខ្នែង មានន័យថាការរលាកនៃខ្នែងពោះវៀន ចាប់ពីស្រទាប់ទីមួយទៅស្រទាប់ទី៤។ រលាកពោះវៀនខ្នែង អាចធ្វើឱ្យអ្នកជម្ងឺមានការឈឺចាប់ខ្លាំងត្រង់ពោះផ្នែកខាងស្ដាំនៃផ្ចិត ជាពិសេសនៅពេលដែលសង្កត់ចំកន្លែងនោះ ហើយដកវិញយ៉ាងលឿន ធ្វើឱ្យអ្នកជម្ងឺមានអាការរឹតតែឈឺចាប់កាន់តែខ្លាំង ជាងការសង្កត់ជាប់មិនដកមកវិញ។
រោគសញ្ញារលាកពោះវៀនខ្នែង
អ្នកជម្ងឺរលាកពោះវៀនខ្នែងមានរោគសញ្ញាច្រើនយ៉ាងដែលអាចស្ដែងចេញមកខាងក្រៅ និងអាចឱ្យអ្នកជម្ងឺដឹងបានតាមរយៈអាការផ្សេងៗដែលមានដូចខាងក្រោម ៖
- អ្នកជម្ងឺមានអាការក្ដៅខ្លួន
- ឈឺកន្លែងកណ្ដៀតក្អម
- ឈឺចុងដង្ហើម
- ចេះតែចង់ក្អួត
- កន្ដ្រាក់ត្រង់ពោះវៀនខ្នែង និងក្រហាយស្បែក
- ឈឺខ្លាំងនៅពេលដែលសង្កត់ត្រង់ពោះវៀនខ្នែងផ្នែកខាងស្ដាំនៃផ្ចិត។
ចំពោះអ្នកជម្ងឺដែលមានអាការដូចខាងលើ គ្រូពេទ្យអាចវាយតម្លៃបានថា គាត់ពិតជាមានជម្ងឺពោះវៀនខ្នែងមែន។ មានវិធីមួយទៀតផងដែរ ដោយធ្វើការពិនិត្យឈាម(អមគ្លីនិក) នោះយើងនឹងឃើញគ្រាប់ឈាមសកើនលើសពីធម្មតា និងឃើញពោះវៀនខ្នែងនោះរីកធំខុសពីធម្មតាផងដែរ តាមរយៈការឆ្លុះអេកូសាស្ដ្រ។ បើអ្នកជម្ងឺមានអាការដូចដែលបានរៀបរាប់ខាងលើ ហើយ ឃើញគ្រាប់ឈាមសកើនលើសនោះ គ្រូពេទ្យអាចសន្និដ្ឋានបានថាគាត់ពិតជាមានការរលាកពោះវៀនខ្នែងពិតប្រាកដមែន។ រីឯការព្យាបាលវិញនោះ មានតែការវះកាត់មួយមុខគត់ដែលអាចជួយសង្គ្រោះអ្នកជម្ងឺឱ្យរួចផុតពីសេចក្ដីស្លាប់បាន។ ចំណែកឯការវះកាត់ វិញនោះមិនសូវជាប្រឈមមុខទៅនឹងគ្រោះថ្នាក់ប៉ុន្មានទេ ឱកាសដែលទទួលបានជោគជ័យមានភាគរយច្រើន បើអ្នកជម្ងឺមកកាន់មន្ទីរពេទ្យឱ្យទាន់ពេលវេលា និងសភាពជម្ងឺអាចជួយសង្គ្រោះបាន។
មូលហេតុបង្កជម្ងឺរលាកពោះវៀនខ្នែង
ភាគច្រើនគឺបណ្ដាលមកពីការបរិភោគផ្លែឈើដែលមានគ្រាប់រឹង ដូចជាផ្លែត្របែក ផ្លែព្រីង ផ្លែអំពិល ផ្លែកន្ទួតជាដើម ជាពិសេសការបរិភោគទាំងគ្រាប់ចូលទៅក្នុងក្រពះ ហើយក្រពះធ្វើការរំលាយមិនបានម៉ដ្ដល្អ ធ្វើឱ្យចូលទៅដល់ពោះវៀនខ្នែង និង មានផលប៉ះពាល់ទៅដល់ខ្នែងពោះវៀន ធ្វើឱ្យមានការរលាកបានយ៉ាងងាយស្រួល។ មួយវិញទៀតធ្វើឱ្យរលាកទ្វារខ្នែងពោះវៀន កាលណាសភាពទាំងនេះកាន់តែច្រើនដងទៅធ្វើឱ្យមានការរលាកពោះវៀនខ្នែងដាយមិនដឹងខ្លួនបាន។
ប្រការទប់ស្កាត់ជម្ងឺរលាកពោះវៀនខ្នែង
នៅពេលបច្ចុប្បន្ននេះ យើងនៅពុំទាន់មានថ្នាំវ៉ាក់សាំងអ្វីដែលអាចជួយការពារជម្ងឺរលាកពោះវៀនខ្នែងនេះបានទេ។ ប្រការដែលគួរតែប្រតិបត្ដិនោះគឺគ្រាន់តែអ្នកបរិភោគចំណីអាហារណាដែលទន់ៗ បើចៀសញ៉ាំរឹងមិនបានទេនោះ គួរតែបរិភោគក្នុងបរិមាណ តិចតួចបានហើយ។ ព្រោះការញ៉ាំចំណីអាហារដែលរឹងពេកនោះ វាអាចធ្វើឱ្យមានរលាកពោះវៀនខ្នែងនៅថ្ងៃណាមួយជាក់ជាមិនខានឡើយ។ ដូច្នេះដើម្បីឱ្យសុខភាពល្អ លោកអ្នកគួរតែចៀសវាងអាហាររឹងៗ និងងាកមកបរិភោគអាហារដែលទន់ៗ និងមានជាតិសរសៃវិញ។
វិធីព្យាបាលជម្ងឺរលាកពោះវៀនខ្នែង
ជម្ងឺរលាកពោះវៀនខ្នែងនេះ បើកើតមានចំពោះអ្នកជម្ងឺហើយ មានតែធ្វើការវះកាត់តែមួយមុខគត់ ទើបអាចជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺបាន។ ការវះកាត់អាស្រ័យទៅតាមទីកន្លែងដែលមានការរលាកពោះវៀនខ្នែង និងធ្វើរោគវិនិច្ឆ័យ យ៉ាងច្បាស់លាស់ ទើបឈានទៅដល់ការវះកាត់បាន។ បច្ចុប្បន្ននេះ ដោយសារវិទ្យាសាស្ដ្រមានការរីកចម្រើន នៅក្នុងវិធីសាស្ដ្រក្នុងការវះកាត់ អ្នកជំនាញមិនចាំបាច់ប្រើថ្នាំសណ្ដំទៅលើអ្នកជម្ងឺនោះទេ គឺគ្រាន់តែប្រើប្រាស់ថ្នាំស្ពឹកតែប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកជម្ងឺគ្មាន ការឈឺចាប់។
ផលវិបាកនៃជម្ងឺរលាកពោះវៀនខ្នែង
ជម្ងឺរលាកពោះវៀនខ្នែងនេះក៏មានផលវិបាកខ្លះផងដែរ ចំពោះអ្នកជម្ងឺ។ ផលវិបាកចម្បងនោះគឺអាចធ្វើឱ្យធ្លាយពោះវៀន ដែលអាចជះឥទ្ធិពលទៅដល់ស្រោមពោះ។ ប្រសិនបើករណីមិនធ្លាយទេ ក៏អាចធ្វើឱ្យពោះឡើងរឹងនៅត្រង់ចំណុចពោះវៀនខ្នែងនោះ ហើយបណ្ដាលឱ្យមានបូសឬអាប់សែតែម្ដង។ បើធ្វើការព្យាបាលមិនទាន់ពេលវេលាទេនោះ អាចធ្វើឱ្យអ្នកជម្ងឺរលាកស្រោមពោះ ហើយបើការរលាកនេះកាន់តែយូរទៅៗ អាចបណ្ដាលឱ្យអ្នកជម្ងឺស្លាប់បាន ដោយសារតែមេរោគជ្រាបចូលទៅក្នុងឈាមច្រើនពេក។
ដំបូន្មានអ្នកជំនាញ
បើលោកអ្នកមានអាការដូចបានរៀបរាប់ខាងលើ ចៀសវាងការប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ត្រូវប្រញាប់មកកាន់មន្ទីរពេទ្យពិគ្រោះ និងធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ដោយគ្រូពេទ្យដែលមានជំនាញ និងឯកទេសពិតប្រាកដ ដើម្បីធ្វើការព្យាបាលឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply