ខ្ញុំតឹង​ច្រមុះ​ឈឺក្បាល

ស៊ីនុស គឺជា​ឆ្អឹង​ប្រហោង​ដែលមាន​នៅជុំវិញ​ច្រមុះ។ វាមាន​ទំនាក់​ទំនង​ជាមួយ​ច្រមុះ​តាម​រន្ធតូច​មួយ។ ស៊ីនុស​ដែលមាន​នៅជុំវិញ​ច្រមុះ​របស់​យើង​ទាំងអស់​មាន​ចំនួន​៤។ ប៉ុន្ដែ​ដោយ​ក្នុងចំណោម​ស៊ីនុស​ទាំងអស់​នេះ​គេសង្កេត​ឃើញថា ច្រើនតែ​មាន​បញ្ហា រលាក​ទៅលើ​ឆ្អឹង​ស៊ីនុស​ម៉ាក់ស៊ូល៊ែ ឬ​ស៊ីនុស​ថ្គាម ដែលមាន​ទីតាំង​នៅត្រង់​ថ្ពាល់​ទាំងពីរ​លើធ្មេញ​ថ្គាម​ជួរ​ខាងលើ​ច្រើន​ជាងគេ ហើយ ជាទូទៅ​ច្រើន​កើត​ចំពោះ​មនុស្ស​ពេញវ័យ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដោយ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន ទស្សនាវដ្ដី សុខភាពយើង សូមលើក​យក​ប្រធានបទ​ជម្ងឺរលាក​ឆ្អឹង​ស៊ីនុស​ថ្គាម​មក ធ្វើការ​ផ្សាយ​ជូន​លោកអ្នក ដោយ​ជួប​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ប្រាក់ ស៊ីថា អ្នក​ឯកទេស ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គឌួង។

រលាក​ស៊ីនុស ជាអ្វី?

រលាក​ស៊ីនុស គឺជា​ជម្ងឺ​មួយ​ប្រភេទ​កើតឡើង​ដោយសារ​ការ​រលាក​មុយកឺ​របស់​ស៊ីនុស ដែល​ភាគច្រើន​បណ្ដាល​មកពី​ជម្ងឺ រលាក​ផ្លូវដង្ហើម​លើ​ដោយសារ​វីរុស។ ជម្ងឺ​រលាក​ស៊ីនុស ត្រូវ​បាន​បែងចែក​ចេញជា​៣​ប្រភេទ។

1 . ជម្ងឺ​រលាក​ស៊ីនុស​ស្រួចស្រាវ ៖ ជា​ប្រភេទ​ជម្ងឺ​ដែល​មានការ​រលាក​មាន​រយៈពេល​តិចជាង​១ខែ

2 . ជម្ងឺ​រលាក​ស៊ីនុស​ពាក់​កណ្ដាល​ស្រួចស្រាវ ៖ ជា​ប្រភេទ​ជម្ងឺ​ដែលមាន​ការ​រលាក​ចាប់ពី​១ខែទៅ៣​ខែ

3 . ជម្ងឺ​រលាក​ស៊ីនុស​រ៉ាំរ៉ៃ ៖ ជា​ប្រភេទ​ជម្ងឺ​ដែលមាន​ការ​រលាក​ចាប់ពី​៣ខែ​ឡើងទៅ។

ជម្ងឺ​រលាក​ស៊ីនុស​ទាំង៣​ប្រភេទ​ខាងលើ សុទ្ធតែ​ផ្ដល់នូវ​លទ្ធផល​អវិជ្ជ​មានមក​លើ​សុខភាព​ទាំង​អស់ ប្រសិនបើ​ពុំបាន​ទទួល ការ​ព្យាបាល​ទាន់ពេល​វេលា។

មូលហេតុ​បង្ក​ជម្ងឺ​រលាក​ស៊ីនុស​ថ្គាម

បើផ្អែក​ទៅលើ​ការ​សិក្សា​ស្រាវជ្រាវ និង​បទពិសោធន៍​កន្លង​មកបាន​បង្ហាញ​ឱ្យឃើញ​ថា មូលហេតុ​ដែលបង្ក​ឱ្យមាន ជម្ងឺ​រលាក​ស៊ីនុស​ម៉ាក់ស៊ូល៊ែ​នេះមាន​ច្រើន​ប្រភេទ។ ការ​រលាក​អាចបង្ក​មកពី​មេរោគ​(វីរុស)​ដែលមាន​នៅក្នុង​បរិស្ថាន​ជុំវិញ​ខ្លួន ជាពិសេស​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់។ ពពួក​មេរោគ​ទាំងអស់​នេះអាច​ជាកត្ដា​មួយដែល​ធ្វើឱ្យ​មានជម្ងឺ​រលាក​ផ្លូវដង្ហើម​លើបាន។ ជម្ងឺ​រលាក បំពង់​ករ៉ាំរ៉ៃ រលាក​ច្រមុះ ដុះសាច់​ក្នុង​ច្រមុះ និង​ឫសដូង​ច្រមុះ ក៏ជា​មូលហេតុ​ដែរ។ ម្យ៉ាងវិញ​ទៀត​ជម្ងឺ​រលាក​ស៊ីនុស​ថ្គាម ឬស៊ីនុស​ម៉ាក់ស៊ូល៊ែ​នេះអាច​កើតមាន​ដោយសារ​តែជម្ងឺមួយ​ចំនួន​ទៀតដែរ ដូចជា​ជម្ងឺ​ឈឺធ្មេញ​ថ្គាមលើ ឬការ​ដក​ធ្មេញថ្គាម​លើដោយ មិនមាន​ការ​ប្រុង​ប្រយ័ត្ន។ ការប៉ះ​ទង្គិច​មកលើ​ផ្ទៃមុខ​ដោយ​កត្ដា​ផ្សេងៗ ដូចជា​គ្រោះថ្នាក់​ចរាចរ​ជាដើម។ លើសពី​នេះ​ទៅទៀត មាន​មូលហេតុ​បន្ទាប់​បន្សំ​មួយចំនួន​ទៀត ដូចជា​របេង​ច្រមុះ មាន​របស់​អ្វីមួយ​ចូលក្នុង​ច្រមុះ រីកសាច់​អាដេណូអ៊ីត​(សាច់កូណេ) ការ​ដាក់សុង​តាមរន្ធ​ច្រមុះ មាន​រយៈពេល​យូរ(នៅពេល​ធ្វើការ​សង្គ្រោះ​បន្ទាន់) ដែល​អាចបង្ក​ឱ្យ​មាន​មេរោគ។ ចំពោះ​បញ្ហា​តំណ​ពូជ ក៏​ជាមូល​ហេតុមួយ​ដែរ។ ប៉ុន្ដែ​នៅក្នុង​មូលហេតុ​ទាំងអស់​ខាងលើ​នេះ គេ​សង្កេត​ឃើញ​មានមូល​ហេតុ​ចម្បង និង​ឧស្សាហ៍​ជួប​ប្រទះ​ជាងគេ គឺ​បង្ក​មកពី​ការ​រលាក​ផ្លូវដង្ហើម​លើដែល​បណ្ដាល​មកពី​វីរុស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

រោគ​សញ្ញា​ជម្ងឺ​រលាក​ស៊ីនុស

មាន​រោគ​សញ្ញា​មួយចំនួន​ដែលអាច​សង្ស័យ​ថា មាន​កើតជម្ងឺ​រលាក​ស៊ីនុស​ថ្គាម​ទៅបាន ដូចជា​មានការ​ឈឺក្បាល ឈឺនៅ​លើថ្ពាល់​(ជាទូទៅ​ឈឺពេល​ល្ងាច) មានហូរ​ខ្ទុះ​ចេញតាម​រន្ធច្រមុះ អ្នក​ជម្ងឺ​អាចមាន​ធំក្លិន​តាមរន្ធ​ច្រមុះ និងមាន​ហៀរ​សំបោរ​មិនបាត់​ជាដើម។ ជួន​កាលអ្នក​ជម្ងឺ​អាចមាន​អាការ​វិលមុខ ឬ​តឹង​ច្រមុះ។

ការធ្វើ​រោគ​វិនិច្ឆ័យ​ជម្ងឺ​រលាក​ស៊ីនុស

អ្នក​ជំនាញ​អាចធ្វើ​ការ​សន្និដ្ឋាន​ថា មាន​កើតជម្ងឺ​រលាក​ស៊ីនុស​ទៅបាន គឺ​អាស្រ័យ​ទៅលើ​រោគ​សញ្ញា​មួយចំនួន​ដូច​ខាងលើ រួមផ្សំ​ជាមួយ​នឹងការ​ពិនិត្យ​របស់​អ្នកជំនាញ។ លើស​ពីនេះ​អ្នកជំនាញ​អាចធ្វើ​ការថត​ឆ្លុះដោយ​ម៉ាស៊ីន​អង់ដូស្កូពី ឬការ​ថតឆ្លុះ​ដោយ កាំរស្មី​អ៊ិច​នៅពេល​ដែលមាន​ចំណុច​សង្ស័យ។

វិធី​ព្យាបាល​ជម្ងឺ​រលាក​ស៊ីនុស

នៅក្រោយ​ពេល​ដែលធ្វើ​ការ​ពិនិត្យ និង​ឆ្លងកាត់​នូវការ​ធ្វើរោគ​វិនិច្ឆ័យ​រួច អ្នក​ជំនាញ​អាចធ្វើ​ការ​ព្យាបាល​ទៅតាម​កម្រិត​នៃ ជម្ងឺ។ ជាក់ស្ដែង​នៅ​ក្រោយ​ពេល​ដែល​ពិនិត្យ​ទៅឃើញ​ថា អ្នកជម្ងឺ​មានការ​រលាក​ស្រួច​ស្រាវ គេអាច​ធ្វើការ​ព្យាបាល​តាមរយៈ​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​អង់ប៊ីយូទិច​(ពពួក​ថ្នាំផ្សះ)​រួមជា​មួយ​ថ្នាំបំបាត់​ការ​ឈឺចាប់ និង​បំបាត់​ហើម។ ប៉ុន្ដែ​នៅពេល​ដែលអ្នក​ជំនាញ ពិនិត្យ​ទៅឃើញ​ថា ការ​រលាក​ស៊ីនុស​ឈានចូល​ដល់​តំណាក់​កាល​ពាក់​កណ្ដាល​ស្រួចស្រាវ​រ៉ាំរ៉ៃ នោះ​អ្នក​ជំនាញ​អាចធ្វើ​ការបូម​យកខ្ទុះ ចេញ ឬ​ធ្វើការ​វះកាត់។ បន្ទាប់ពី​ធ្វើការ​ព្យាបាល​តាមវិធី​សាស្ដ្រ​ដូចខាង​លើ សភាព​ជម្ងឺ​មិនមាន​ភាពធូរ​ស្បើយ​ទៀតនោះ អ្នក​ជំនាញ អាច​ជ្រើសរើស​វិធី​ព្យាបាល​មានតែ​មួយគត់ គឺធ្វើ​ការថត​ឆ្លុះដោយ​ម៉ាស៊ីនស្គែន​9្សចានរេប ដើម្បី​ត្រៀម​ធ្វើការ​វះកាត់។ ក្រោយពី​ទទួល បាននូវ​ការ​ព្យាបាល ទោះបី​ជម្ងឺ​មាន​សភាព​ធូរស្រាល ឬ​សះស្បើយ​ក៏ដោយ អ្នកជម្ងឺ​ត្រូវវិល​ត្រឡប់​មកជួប​អ្នកជំនាញ​ម្ដងទៀត ក្រោយពេល​១-២​ខែបន្ទាប់ ដើម្បី​ធ្វើការ​ពិនិត្យតាម​ដាន។

ប្រការ​គួរ​ប្រតិបត្ដិ ពេលមាន​ជម្ងឺ​រលាក​ស៊ីនុស

នៅពេល​ដែល​លោកអ្នក​មាន​បញ្ហា​តឹងច្រមុះ ឈឺ ឬមាន​ធំក្លិន មិនត្រូវ​ប្រើប្រាស់​ថ្នាំ​អ្វីមួយ​ដែលមិន​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ចេះតែ​ទិញ​ទៅតាម​ទីផ្សារ ឬ​ទីកន្លែង​ដែល​មិនគួរ​ឱ្យទុក​ចិត្ដនោះ​ទេ។ ចំពោះ​កុមារ មិនត្រូវ​ឱ្យលេង​របស់​អ្វីមួយ​ដែលអាច​ចូលទៅ​ក្នុង ច្រមុះ​នោះទេ។ នៅពេល​ដែល​លោកអ្នក​បាន​ប្រើប្រាស់​ថ្នាំជា​ច្រើន នៅតែ​មិនអាច​ធ្វើឱ្យ​អាការ​តឹងច្រមុះ ឈឺ ឬធំក្លិន​នៅក្នុង​ច្រមុះ​នោះ ចូរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ផ្សេងៗ និង​ចំណាយ​អស់​ថវិកា​ច្រើន​ដោយ​ឥត​ប្រយោជន៍។

បណ្ដាំ​អ្នក​ជំនាញ

ប្រសិន​បើ​លោកអ្នក​មាន​អាការ​ប្រហាក់​ប្រហែល​ទៅនឹង​រោគសញ្ញា​ខាងលើ សូម​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ ឬ​គ្លីនិក​ដែល មាន​ជំនាញ និង​ឯកទេស​ច្បាស់លាស់ ដើម្បី​ទទួល​ការ​ពិនិត្យ និង​ព្យាបាល។ ចៀសវាង​ការប្រើ​ថ្នាំដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ដែលអាច​បណ្ដាល​ឱ្យខូច​សុខភាព និង​ចំណាយ​ថវិកា​អស់ច្រើន។ គ្រប់​អាការ​ទាំងអស់​ខាងលើ​សុទ្ធតែ​មាន​មូលហេតុ​ បើធ្វើ​ការ​ព្យាបាល​មិនទាន់​ពេល​វេលា​ទេនោះ វានឹង​អាចបង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *