វិស័យសុខាភិបាលបាន និងកំពុងបោះជំហានទៅមុខ ប៉ុន្ដែបញ្ហាប្រឈមជាច្រើនមិនទាន់បានដោះស្រាយនៅឡើយទេ។ មើលឃើញបញ្ហានេះ ក្រសួងសុខាភិបាលបានសម្រេចដាក់មន្ទីរពេទ្យជាតិចំនួនបី ឱ្យក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ដែលមាន ស្វយ័តភាពខាងថវិកា និងផែនការក៏ដូចជាគោលនយោបាយរបស់ខ្លួន។
ហេតុអ្វីចាំបាច់មានការផ្លាស់ប្ដូរ? បើមន្ទីរពេទ្យទាំងនេះកំពុងគ្រប់គ្រងដោយក្រសួងសុខាភិបាលទាំងស្រុង ទាំងថវិកា ឱសថ សម្ភារៈ ការទិញឧបករណ៍នានា និងអ្វីៗជាច្រើនទៀត ដែលនាំឱ្យមានការិយាធិបតេយ្យច្រើន។ មន្ទីរពេទ្យទាំងបីដែលត្រៀមខ្លួនក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ រួមមានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមាតា និងទារក (ហៅមន្ទីរពេទ្យជប៉ុន)។
ការប្រែក្លាយពីការគ្រប់គ្រងផ្ទាល់ដោយរដ្ឋ ទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ
ការប្រែក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ មិនមែនមានន័យថា មន្ទីរពេទ្យ ឬស្ថាប័ននីមួយៗត្រូវស្ថិតនៅដាច់ដោយឡែក ទាំងស្រុងពីក្រសួងសុខាភិបាលនោះទេ ប៉ុន្ដែការប្រែក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ គឺមានភាពស្វយ័តខាងថវិកា ផែនការ និងគោលនយោបាយ ព្រមទាំងការចាត់ចែងថវិកា និងទិញឧបករណ៍ ឬសម្ភារៈបច្ចេកវិទ្យាដោយខ្លួនឯង។ ប៉ុន្ដែថ្លៃទឹកភ្លើង ប្រាក់ខែ បុគ្គលិក និងធនធានមនុស្សក្រសួងជាអ្នកផ្ដល់ឱ្យ។
នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត លោកវេជ្ជបណ្ឌិត សាយ សេងលី មានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា ការប្រែក្លាយមន្ទីរពេទ្យដែលគ្រប់គ្រងផ្ទាល់ដោយរដ្ឋមកជាគ្រឹះស្ថានសាធារណៈរដ្ឋបាល(ពាក់កណ្ដាលស្វយ័ត)ជាការងារស្រួលជាង មុន ព្រោះយើងអាចគ្រប់គ្រងថវិកា និងធ្វើផែនការដោយខ្លួនឯងបាន មានន័យថារកលុយខ្លួនឯង ចាយខ្លួនឯង និងសន្សំទុកខ្លួនឯង។ លោកបានប្រៀបប្រដូចការផ្លាស់ប្ដូរនេះថា ប្រៀបដូចឪពុកម្ដាយចែកកេរឱ្យកូនរកស៊ី ថ្ងៃក្រោយយើងមានបានយើងអាចទិញសម្ភារៈ ឧបករណ៍ទំនើបៗមកពង្រឹងគុណភាព និងប្រសិទ្ធភាពខ្លួនឯងបាន។ ប៉ុន្ដែទោះជាយ៉ាងណា ការប្រែក្លាយជាគ្រឹះស្ថានសាធារណៈ រដ្ឋបាល មានការគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ដែលមានសមាសភាពមកពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីស្ដីការគណៈរដ្ឋមន្ដ្រី និងអាជ្ញាធរក្រុងភ្នំពេញ។
អ្នកក្រីក្រនឹងទទួលបានផលប្រយោជន៍អ្វីពីការផ្លាស់ប្ដូរនេះ លោកនាយកមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត បានមានប្រសាសន៍ថា ការប្រែក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ គឺជាការជួយដល់រដ្ឋាភិបាល ហើយគោលនយោបាយរបស់រដ្ឋាភិបាល គឺជួយដល់ជនក្រីក្រ ហើយយើងស្ថិតក្នុងការអនុវត្ដន៍ គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។
ចំណែកលោកសាស្ដ្រាចារ្យ គុំ កាណាល់ នាយកមជ្ឈមណ្ឌលគាំពារមាតា និងទារក ហៅពេទ្យជប៉ុនបានមានប្រសាសន៍ថា និយាយដល់ការផ្លាស់ប្ដូរនេះ យើងមិននិយាយរឿងលទ្ធភាពខាត ឬចំណេញទេ ប៉ុន្ដែការផ្លាស់ប្ដូរនេះ វាមានការចាត់ចែងការងារ ស្រួលជាងមុន មិនការិយាធិបតេយ្យដូចមុនទេ។ លោកបន្ដថា ការក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល គឺយើងអាចគ្រប់គ្រងថវិកា បានដោយខ្លួនឯង ដឹងថាថវិកាបានមកពីខាងណា និងចាត់ចែងយ៉ាងដូចម្ដេច។
ចំណែកឯលោកសាស្ដ្រាចារ្យ ឈួ អ៊ីម៉េង នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ឱ្យដឹងស្រដៀងគ្នានឹងនាយក ស្ថាប័នទាំងពីរខាងលើលើកឡើងដូចគ្នា។ ប៉ុន្ដែលោកបានមានប្រសាសន៍ថា ការប្រែក្លាយឱ្យក្លាយមន្ទីរពេទ្យជាគ្រឹះស្ថានរដ្ឋបាល សាធារណៈ គឺធ្វើយ៉ាងណាឱ្យយើងមានភាពស្វយ័តខ្លះក្នុងការសម្រេចចាយវាយថវិកាដែលប្រមូលបាន ដោយអាចដោះស្រាយភាពខ្វះ ខាតបានទាន់ពេលវេលា មិនចាំបាច់រង់ចាំបែបបទយូរ និងធ្វើឱ្យមានឧបករណ៍សម្ភារៈសម្រាប់ពិនិត្យព្យាបាលកាន់តែទំនើប ដើម្បីធ្វើឱ្យការព្យាបាលកាន់តែមានគុណភាព និងប្រសិទ្ធភាពជាងមុន។
ស្ដាប់សង្គមស៊ីវិលនិយាយពីបញ្ហានេះ
លោកស្រី អ៊ុក វង្សវឌ្ឈនី នាយិកាប្រតិបត្ដិសមាគមថែទាំសុខភាពគ្រួសារអន្ដរជាតិហៅកាត់ថារ៉ាក់ មានប្រសាសន៍ ដោយសម្ដែងសុទិដ្ឋិនិយមថា ការដាក់មន្ទីរពេទ្យជាតិឱ្យក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ នឹងធ្វើឱ្យមានតម្លាភាពជាង ពីព្រោះអ្វីៗ ស្ថិតក្នុងប្រព័ន្ធ ហើយគ្រូពេទ្យមិនទារប្រាក់ពីអ្នកជម្ងឺ។ ការប្រែក្លាយបែបនេះ មន្ទីរពេទ្យដែលអាចគ្រប់គ្រងថវិកាបានដោយខ្លួនឯង អាចទិញសម្ភារៈ ឧបករណ៍ទំនើបៗយកមកប្រើសម្រាប់ត្រួតពិនិត្យជម្ងឺ និងការព្យាបាលមានប្រសិទ្ធភាពជាងមុន។ លោកស្រីបន្ថែម ថា ការប្រែក្លាយមន្ទីរពេទ្យជាតិបីទៀតទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ វានឹងធ្វើឱ្យមានការប្រកួតប្រជែងគ្នា ដែលរំពឹងថានឹង មានសេវាប្រសើរជាងមុនសម្រាប់ព្យាបាលអ្នកជម្ងឺ ប៉ុន្ដែអ្វីៗត្រូវការពេលវេលា ដើម្បីបញ្ជាក់ពីបញ្ហានេះ។
ប៉ុន្ដែទោះជាយ៉ាងណា លោកស្រី ជា វណ្ណាត អតីតនាយិកាប្រតិបត្ដិមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបានព្រមានថា ភាពវិជ្ជមាន និងអវិជ្ជមានតែងដើរជាមួយគ្នា។ វាមិនប្រសិទ្ធភាព១០០ភាគរយទេ ប៉ុន្ដែត្រូវធ្វើយ៉ាងណាឱ្យមាននយោបាយពិតប្រាកដជួយជន ក្រីក្រឱ្យច្បាស់លាស់កុំស្រពេចស្រពិល។ លោកស្រីបន្ថែមថា ឥឡូវនេះអ្នកមានលទ្ធភាពបានចាកចេញទៅប្រទេសក្រៅ ដើម្បីព្យាបាល ជម្ងឺ ដូច្នេះយើងគួរពង្រឹងគុណភាពបែបណា ដើម្បីឱ្យប្រជាជនមានទំនុកចិត្ដ កុំឱ្យប្រាក់ហូរទៅកាន់ប្រទេសផ្សេងៗបាន។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលមានសុទិដ្ឋិនិយម
លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការប្រែក្លាយមន្ទីរពេទ្យ ជាតិទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ជាការធ្វើវិមជ្ឈការលើការងារគ្រប់គ្រងអង្គភាព មានលក្ខណៈងាយជាង ទន់ភ្លន់ជាងមុន ហើយក្រសួងគាំទ្រចំពោះការធ្វើបែបនេះ។ លោកបន្ដថា ការធ្វើបែបនេះ គ្រឹះស្ថានទាំងនោះអាចធ្វើគោលនយោបាយ និងផែនការ ចាយវាយ ចាត់ចែងថវិកាដោយខ្លួនឯង ដោយក្រសួងជួយផ្ដល់មូលនិធិសមធម៌ដល់ជនក្រីក្រ ជាពិសេសមន្ទីរពេទ្យក៏ត្រូវមានកាតព្វកិច្ច ផ្ដល់់ការព្យាបាលជូនអ្នកក្រីក្រតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply