បើស្នាមជ្រាវជ្រួញនៅលើផ្ទៃមុខជាក្ដីកង្វល់សំរាប់លោកអ្នកនោះ កុំបារម្ភពិតជាមានវិធីសំរាប់ដោះស្រាយនូវការខ្វល់ខ្វាយ នេះ។ លោកអ្នកមួយចំនួនបានជ្រើសរើសយកវិធីបំបាត់ស្នាមជ្រួញទាំងនេះដោយការចាក់ថ្នាំ និងការដោយការវះកាត់ជាដើម។ មូលហេតុដែលបង្កឱ្យមានស្នាមជ្រួញមកពីការធ្វើចលនាសាច់ដុំមុខច្រើនពេក និងដោយសារតែគុណភាពស្បែកទន់ ដូចនេះស្នាមនឹងលេចឡើងឱ្យយើងឃើញនៅលើថ្ងាស ចន្លោះចញ្ចើម ឬនៅចុងកន្ទុយភ្នែកជាដើម នៅពេលណាដែលយើងមើលទៅលើញាក់ចញ្ចើមឡើងសើច និងការធ្វើចលនាផ្សេងៗទៀតនៅលើមុខ។
លោកវេជ្ជបណ្ឌិត ស្រេង រាសី អ្នកជំនាញសើស្បែកនៅមជ្ឈមណ្ឌលព្យាបាលអាមេរិកកាំងបានផ្ដល់កិច្ចសំភាសន៍ជាមួយ ទស្សនាវដ្ដី សុខភាពយើង ដើម្បីបកស្រាយឱ្យប្រិយមិត្ដស្វែងយល់ពីការព្យាបាលបំបាត់ស្នាមជ្រួញលើចញ្ចើម។
វិធីបំបាត់ស្នាមជ្រួញ
ភាគច្រើនដែលយើងជួបប្រទះជាញឹកញាប់ជាងគេ គឺជាស្នាមជ្រាវជ្រួញដែលកើតមានចំពោះវ័យពី២០ឆ្នាំទៅ៣០ឆ្នាំ ដែល គេហៅជាប្រភេទដាយណាមិក។ នៅពេលដែលមានបញ្ហាប្រភេទនេះគេតែងតែប្រើវិធីបំបាត់ដោយចាក់បូថក (Botox)។ បូថកជាប្រភេទថ្នាំដែលជាជាតិពុលសំរាប់បញ្ចេញមេរោគវាជួយធ្វើឱ្យសាចដុំរបស់យើងសំរាក មិនមានការកន្ដ្រាក់ គេប្រើវាក្នុងការព្យាបាលផ្នែកដាយណាមិកនេះ។ ការប្រើវិធីនេះជាការពេញនិយមបំផុតសំរាប់ការបំបាត់ស្នាមជ្រួញនៅលើផ្ទៃមុខ ដូចជាស្នាមជ្រួញ ត្រង់ចុងភ្នែក ក៏ដូចជាត្រង់ផ្នែកលើចិញ្ចើមផងដែរ ហើយការធ្វើវិធីបំបាត់នេះវាមានប្រសិទ្ធភាពពី៣ខែទៅ៦ខែ។ បន្ទាប់ពីចាក់ប្រភេទ ថ្នាំនេះហើយ រយៈពេលពេលប្រហែលជាពីរអាទិត្យយើងនឹងអាចមើលឃើញពីប្រសិទ្ធភាពថ្នាំ។ តែអាចមានមនុស្សមួយចំនួនចាក់ត្រឹមរយៈពេលពីរទៅបីថ្ងៃក៏អាចឃើញលទ្ធផលតែម្ដង។ រីឯបញ្ហាមួយទៀតដែលគេហៅថាស្ដាធិក (Static) វាទាក់ទងជាមួយនឹង មនុស្សដែលមានវ័យចំណាស់ ឬអ្នកដែលត្រូវកំដៅថ្ងៃច្រើនធ្វើឱ្យឃើញមានស្នាមគួរកត់សំគាល់។ បញ្ហាប្រភេទនេះគឺគេធ្វើការវះកាត់ ដោយកាត់សាច់ទាញបណ្ដឹងឡើង នោះទើបមានប្រសិទ្ធភាពជាជាងការចាក់បូថក ព្រោះនេះវាទាក់ទងទៅនឹងប្រភេទស្បែករបស់ មនុស្សម្នាក់ៗ។
ការប្រតិបត្ដិខ្លួនក្រោយការវះកាត់
ជាធម្មតាការចាក់បូថកបើនិយាយចំពោះបរទេសភាគច្រើនគេស្គាល់ថាអ្វីជាបូថកយ៉ាងច្បាស់ព្រោះ ថាវិធីការចាក់បូថកនេះ គឺមានការពេញនិយមខ្លាំងចំពោះមនុស្សមួយចំនួនពិសេសជាជនបរទេស។ការចាក់បូថកនេះគឺយើងត្រូវមកធ្វើការតាមដានរៀងរាល់បីខែទៅប្រាំមួយខែម្ដង។ ក្នុងការចាក់នេះគ្មានអ្វីត្រូវតមនោះទេ។ បើការចាក់នៅត្រង់បរិវេនភ្នែកវិញបន្ទាប់ពីចាក់រួចគឺតម្រូវឱ្យអង្គុយ ឬឈរធម្មតារយៈពេលបីម៉ោងមិនត្រូវឱ្យដេកទេ គឺដើម្បីការពារកុំឱ្យជាតិថ្នាំជ្រៀបចូលទៅក្នុងភ្នែក។ តែអ្នកដែលមានបញ្ហាផ្នែក សាច់ដុំ ឬបញ្ហាស្បែកមានប្រតិកម្ម គឺមិនអាចធ្វើការចាក់ថ្នាំនេះបានទេ។
ដំបូន្មានអ្នកជំនាញ
នៅពេលដែលយើងចាក់ដោយអ្នកជំនាញបានយ៉ាងត្រឹមត្រូវគឺគ្មានបញ្ហាប៉ះពាល់អ្វីនោះទេ។ ក្នុងអំឡុងពេលចាក់គឺថ្នាំនោះ ធ្វើឱ្យសាច់ដុំមុខរបស់យើងកំរើកមិនរួច ដូចនេះវាអាចប៉ះពាល់ទៅដល់សកម្មភាពនៅលើផ្ទៃមុខដែលធ្វើឱ្យយើងមិនអាចធ្វើខ្លាំង។ យើងក៏មិនអាចមកចាក់ញឹកញាប់ពេកដែរគឺវាមិនល្អសំរាប់លោកអ្នកដែរ ព្រោះខ្លួនយើងអាចនឹងឱ្យមានភាពស៊ាំនឹងថ្នាំនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩
Leave a Reply