ចក្ខុជាញាណទទួលចាប់រូបភាពទាំងឡាយមកកាន់ខួរក្បាលដែលអាចឱ្យយើងមើលឃើញ និងដឹងពីរឿងរ៉ាវទាំងឡាយ ដែលកើតមាននៅជុំវិញខ្លួន។ មនុស្សភាគច្រើនបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីបញ្ហាសុខភាពភ្នែក បើតាមរបាយការណ៍តួលេខរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ចំនួនអ្នកពិការភ្នែកមានការកើនឡើងខ្ពស់រហូតដល់៤០លាននាក់នៅលើពិភពលោក។ ដូចនេះការពិនិត្យព្យាបាល និងការថែរក្សាសុខភាពភ្នែកជារឿងមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប។
ដើម្បីធ្វើការបកស្រាយពីការថែរក្សាភ្នែកដោយធម្មជាតិនេះ លោកវេជ្ជបណ្ឌិត ងី ម៉េង អនុប្រធាននៃកម្មវិធីជាតិសម្រាប់ សុខភាពភ្នែក បានផ្ដល់កិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ការចាប់ផ្ដើមថែរក្សាសុខភាពភ្នែក
ចំណុចចាប់ផ្ដើមនៃការថែរក្សាភ្នែកគឺចាប់តាំងពីនៅពេលដែលយើងកើតមក ទារកដែលកើតមកភ្លាមអាណាព្យាបាលគប្បី ពិនិត្យ និងយកចិត្ដទុកដាក់ទៅលើសុខភាពភ្នែករបស់កូនថាតើមានសភាពធម្មតាឬខុសប្លែកអ្វីឬទេ។ បើសិនជាមានអ្វីខុសប្លែក ចាំបាច់ ត្រូវយកកូនទៅឱ្យជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យឱ្យទាន់ពេលវេលា។ ក្មេងទើបនឹងកើតជារយៈពេលដែលសំខាន់បំផុតក្នុងការវិវឌ្ឍន៍ នៃគំហើញក្នុងពីរឆ្នាំដំបូង។ យកចិត្ដទុកដាក់ទៅលើការមើលរបស់ក្មេងគឺសំខាន់បំផុត ចាំបាច់ត្រូវឱ្យមានពន្លឺគ្រប់គ្រាន់នៅក្នុងកន្លែង ដែលកូនលេង ចៀសវាងទីកន្លែងដែលងងឹត។ ត្រូវឱ្យកូនអង្គុយរៀនឱ្យបានត្រឹមត្រូវ ដោយការមើលសៀវភៅក្នុងរយៈចម្ងាយមួយ ដែលសមស្រប មិនត្រូវឱ្យក្មេងមើលជិតពេកនោះទេ ព្រោះអាចធ្វើឱ្យភ្នែករបស់ក្មេងមានបញ្ហា ដោយការប្រឹងសម្លឹងមើលរបស់អ្វីមួយ។ កុមារនៅអាយុពី៧ឆ្នាំទៅ៨ឆ្នាំ គឺកុំឱ្យលេងហ្គេម សម្លឹងកុំព្យូទ័រ ឬទូរទស្សន៍ច្រើនពេក ជួនកាលវាអាចធ្វើឱ្យក្មេងមានបញ្ហា ភ្នែកមីញ៉ូប។ ដូចនេះចាំបាច់ឱ្យក្មេងលេង ឬរៀនដោយកុំព្យូទ័រនេះត្រូវមានរយៈពេលកំណត់។
គួរធ្វើអ្វីខ្លះដើម្បីថែរក្សាភ្នែក?
ចំពោះមនុស្សធំក្នុងវ័យសិក្សានៅក្នុងទីកន្លែងសិក្សាក៏ត្រូវឱ្យមានពន្លឺគ្រប់គ្រាន់ដែរ ហើយការមើលត្រូវឱ្យមានរយៈចម្ងាយ មួយសមរម្យ គឺពី៣ទៅ៤តឹក។ ត្រូវការពារពីសារជាតិគីមី ឬពន្លឺជះខ្លាំងចំភ្នែកផ្ទាល់ ដោយមានប្រដាប់ការពារដូចជាការពាក់វ៉ែនតា ដើម្បីកុំឱ្យជះចំភ្នែកបណ្ដាលឱ្យមានបញ្ហា។ រាល់ពេលដែលចេញដើរទៅណាត្រូវមានពាក់មួកការពារ ដើម្បីការពារភ្នែកពីធូលីដីក៏ជា ការការពារការប៉ះទង្គិចត្រូវក្បាលពេលដែលមានគ្រោះថ្នាក់ជាយថាហេតុផងដែរ។ ចំពោះការទទួលទានចំណីអាហារវិញនោះ គប្បី ត្រូវបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន មានជីវជាតិជំនួយដល់ភ្នែកដែលជាប្រភេទបន្លែពណ៌លឿង ឬបៃតងដែលសម្បូរ ដោយជាតិវីតាមីនអា ដូចជាល្ពៅ ឬល្ហុង និងទទួលទានសាច់ត្រី ហើយផ្លែឈើឱ្យបានគ្រប់គ្រាន់ នេះជាវិធីដ៏សាមញ្ញមួយដែលជាជំនួយ សម្រាប់សុខភាពភ្នែក។ ចំពោះវ័យដែលអាយុចាប់ពី៤០ឆ្នាំឡើងទៅគួរតែទៅពិនិត្យភ្នែកឱ្យបានមួយឆ្នាំម្ដង ដើម្បីពិនិត្យរកជម្ងឺដែលកើតមានចំពោះភ្នែកដែលមិនអាចដឹងមុន។ រីឯចំពោះវ័យចាប់ពី៥៥ទៅ៦០ឆ្នាំឡើងទៅ គប្បីត្រូវទៅពិនិត្យពី៦ខែទៅ៨ខែដើម្បីជាការការពារសុខភាពភ្នែក ព្រោះវ័យនេះច្រើនជួបប្រទះជាញឹកញាប់គឺបញ្ហាភ្នែកឡើងបាយ។
ដំបូន្មានអ្នកជំនាញ
រាល់ពេលត្រឡប់មកពីក្រៅ លោកអ្នកត្រូវលុបមុខសម្អាតធូលីដីពីក្នុងភ្នែកចេញ ដើម្បីជួយកុំឱ្យធូលីប៉ះទៅលើកញ្ចក់ភ្នែក។ វាមិនមានការពិបាកអ្វីទេក្នុងការថែរក្សានោះ គឺគ្រាន់តែមើលក្នុងរយៈចម្ងាយមួយឱ្យបានត្រឹមត្រូវ ពាក់វ៉ែនតាការពារ ឬមួក ការពាររាល់ពេលដែលធ្វើដំណើរ ត្រូវទទួលទានចំណីអាហារដែលមានជីវជាតិឱ្យបានគ្រប់គ្រាន់ ជាពិសេសគឺអាហារដែលមាន ប្រយោជន៍សម្រាប់សុខភាពភ្នែក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩
Leave a Reply