គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០០៨​កើន​ឡើង​ស្ទើរ​ទ្វេ​ដង​

នៅ​ឆ្នាំ​២០០៨ ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ចំនួន​២៥.៧៩៦​នាក់ ជា​លទ្ធ​ផល​កើត​ឡើង​ពី​គ្រោះ​ថ្នាក់​ចំនួន​ ១០.០១៥​ករណី។ មាន​ជន​រង​គ្រោះ​១.៦៣៨​នាក់​បាន​បាត់​បង់​ជីវិត​(ជា​មធ្យម​មាន​មនុស្ស​៤​ទៅ​៥​នាក់​បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃ) ហើយ​ ៧,២២៦​នាក់​របួស​ធ្ងន់។ មាន​យាន​២១,៣០៥​គ្រឿង​បាន​ពាក់​ព័ន្ធ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​សន្ទុះ​កើន​ ឡើង​លឿន​ជាង​កំណើន​ចរាចរណ៍​ និង​កំណើន​ប្រជាជន​។ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​បាន​កើត​ឡើង​ស្ទើរ​តែ​ទ្វេ្វ​ ដ​ង​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ។​

រូបភាពទស្សនាវដ្ដីសុខភាពយើង
គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង​ជា​លំដាប់​

យោង​តាម​របាយ​ការណ៍​ដែល​អះ​អាង​ដោយ​ប្រព័ន្ធ​ព័ត៌​មាន​ជន​រង​គ្រោះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ឱ្យ​ដឹង​ថា អត្រា​ស្លាប់​ ក្នុង​ប្រជា​ពល​រដ្ឋ​១០០.០០០​នាក់​បាន​កើន​ឡើង​ចាប់​ពី​១១,៧​ក្នុង​ឆ្នាំ​២០០៧​ដល់​១២,២​នាក់​នៅ​ឆ្នាំ​២០០៨​។ ប៉ុន្ដែ​អត្រា​អ្នក​ស្លាប់​ក្នុង​ យាន​យន្ដ​១០.០០០​គ្រឿង​ដែល​បាន​ចុះ​បញ្ជី​បាន​ថយ​ចុះ​ពី​១៧,៨​នៅ​ឆ្នាំ​២០០៧​មក​​១៥,​១នៅ​ឆ្នាំ​២០០៨។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ចំនួន​នេះ​នៅ​មាន​កម្រិត​ច្រើន​ជាង​គោល​ដៅ​ថ្នាក់​ជាតិ​ទ្វេ​រ​ដង ដែល​កំណត់​នៅ​ក្នុង​ផែន​ការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​។ នៅ​ក្នុង​ទីក្រុង​ ភ្នំពេញ​៥៣%​នៃ​ជន​រង​គ្រោះ​មាន​គ្រោះ​ថ្នាក់​ប៉ះ​ទង្គិច​រវាង​ម៉ូតូ​និង​យាន​យន្ដ​កង់​បួន។ ផ្ទុយ​មក​វិញ​មាន​តែ​២៨%​ប៉ុណ្ណោះ​នៃ​អ្នក​ស្លាប់ បាន​រង​គ្រោះ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ប៉ះ​ទង្គិច​រវាង​ម៉ូតូ​និ​ង​ម៉ូតូ ខណៈ​ពេល​ដែល​៤៩%​នៃ​អ្នក​ស្លាប់​ប៉ះ​ទង្គិច​រវាង​ម៉ូតូ​និង​យាន​យន្ដ​កង់​បួន។​

គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​គ្រប់​ទី​កន្លែង​

នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ស្ទើរ​គ្រប់​ខណ្ឌ ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០០៨​។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​ ការ​ ថយ​ចុះ​បាន​សម្គាល់​ឃើញ​នៅ​ក្នុង​ខណ្ឌ​ឫស្សី​កែវ​(៣៥%​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៧​)។ នៅ​ក្នុង​ការ​ប្រៀប​ធៀប​រវាង​ឆ្នាំ​២០០៧​ និ​ង​ឆ្នាំ ២០០៨​ ចំនួន​អ្នក​ស្លាប់​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​បាន​កើន​ឡើង​៤៥%​ និង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​៥%​។ នៅ​កម្ពុជា​មាន​អត្រា​ស្លាប់​ក្នុង​ យាន​យន្ដ​១០.០០០​គ្រឿង​ដែល​បាន​ចុះ​បញ្ជី​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិ​ក​អាស៊ាន។ អត្រា​ស្លាប់​ក្នុង​យាន​យន្ដ​កង់​ពីរ​ ១០.០០០​គ្រឿង​ដែល​បាន​ចុះ​បញ្ជី​បាន​ថយ​ចុះ​ពី​១៤,៧​នៅ​ឆ្នាំ​២០០៧​មក​១២,៦​នៅ​ឆ្នាំ​២០០៨​។ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៧​ ចំនួន​អ្នក ស្លាប់​នៅ​លើ​បណ្ដាញ​ផ្លូវ​អាស៊ាន​ហៃ​វ៉េ​បាន​កើន​ឡើង(២៤%​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ និង​៦%​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥) លើក​លែង​តែ​ផ្លូវ ជាតិ​លេខ​៦​អា​បាន​ថយ​ចុះ​៣៤%​ និង​ផ្លូវ​ជាតិ​លេខ​៧​ថយ​ចុះ​១៨%។ ៤៧%​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​បង្ក​ឡើង​ដោយ​ការ​បើក​បរ​ក្នុង​ ល្បឿន​លឿន​ និង​១៤%​ផ្សេង​ទៀត​បង្ក​ឡើង​ដោយ​ការ​សេព​គ្រឿង​ស្រវឹង។ អ្នក​ជិះ​ម៉ូតូ​តំណាង​ឱ្យ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ខ្ព​ស់​ជាង​គេ បន្ទាប់​ មក​អ្នក​ថ្មើរ​ជើង​ និង​គ្រោះ​ថ្នាក់​ភាគ​ច្រើន​បាន​កើត​ឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៧​យប់​ដល់​ម៉ោង​៨​យប់។​

រូបភាពទស្សនាវដ្ដីសុខភាពយើង
គ្រោះ​ថ្នាក់​ចរាចរណ៍​បាត់​បង់​អនាគត​

គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​មូល​ហេតុ​ចម្បង​មួយ​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ របួស​ និង​ពិការ​ ជា​ពិសេស​ក្នុង​ចំណោម​ក្រុមវ័យ​ក្មេង។ ពួកគេ​ទទួលរង​ផល​ប៉ះពាល់​អវិជ្ជមាន​លើបុគ្គល គ្រួសារ និង​សហគមន៍​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ប្រព័ន្ធ​ព័ត៌ មាន​ជនរង​គ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០០៨​បង្ហាញនូវ​និន្នាការ​ចម្បងនៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស កម្ពុជា​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុនៗ។ របាយការណ៍​បង្ហាញ​ថា រយៈពេល​៥ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង ១៥០% និង​ចំនួនអ្នក​ស្លាប់​បានកើន​ឡើង​ស្ទើរទ្វេ​ដង។ ជាមួយ​គ្នានេះ​ដែរ ចំនួន​ប្រជាពលរដ្ឋ​បានកើន​ឡើង​ចំនួន៦% និង​ចំនួនយានយន្ដ ដែលបាន​ចុះបញ្ជី​បានកើន​ឡើង​១៣២%។

មនុស្ស​ជាអ្នក​បង្ក​គ្រោះថ្នាក់

កត្ដាមនុស្ស​គឺជា​មូលហេតុ​ចម្បង​នាំមុខ​គេដែល​បង្កឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និងជនរងគ្រោះ​នៅតាម​ដងផ្លូវ​ក្នុង​ប្រទេស កម្ពុជា ជាពិសេស​ឥរិយាបថ​គ្រោះថ្នាក់​ជាច្រើន ដូចជា​បើកបរ​ហួសល្បឿន​កំណត់ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បើកបរ​ប្រជែង​ក្នុង ស្ថានភាព​គ្រោះថ្នាក់ និង​អត្រា​ពាក់មួក​សុវត្ថិភាព​តិច។ ទោះបី​ជាយ៉ាង​ណាក៏​ដោយ គ្រោះថ្នាក់​ចរាចរណ៍ និងជន​រងគ្រោះ​ថ្នាក់​ចរាចរណ៍ អាចបង្ការ​បាន។ គួរបង្កើន​នូវ​វិធានការ​ចាំបាច់​មួយចំនួន ដូចជា​ការ​អប់រំ ការ​ផ្សព្វផ្សាយ និងការ​អនុវត្ដ​ច្បាប់​ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ របស់អ្នក​បើកបរ ជាពិសេស​ការរឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ថ្មី គឺជា​គោលដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការ​តស៊ូប្រយុទ្ធ​ប្រឆាំង នឹង​កំណើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជន​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ដែល​កាន់តែ​អាក្រក់ឡើងៗ ដូចតួលេខ​ក្នុង​របាយការណ៍​បាន​បង្ហាញ​យ៉ាងច្បាស់។

ដើម្បី​សុវត្ថិភាព​នៅពេល​បើកបរ

ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ចរាចរ និង​ការពារ​សុវត្ថិភាព​ខ្លួនឯង ក៏ដូចជា​អ្នកដទៃ​ដែលធ្វើ​ចរាចរណ៍ សូម​លោកអ្នក​មេត្ដា បើកបរ​ដោយ​គោរពច្បាប់​ចរាចរណ៍ និងស្លាក​សញ្ញា​ចរាចរណ៍​នានា​ដែលបាន​កំណត់។ សូម​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នក​បើកបរ អ្នក​ធ្វើ​ចរាចរណ៍​នៅលើ​ដងវិថី​យកចិត្ដ​ទុកដាក់​ឱ្យបាន​ខ្ពស់ និង​បើកបរ​ដោយមាន​ការ​ប្រុងប្រយ័ត្ន។ ពិសេស​គឺ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធានា​បាននូវ​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ ក៏ដូចជា​ការ​ចូលរួម​ចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ដែលអាច​បណ្ដាលឱ្យមាន​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត និង​ទ្រព្យសម្បត្ដិ ទាំង​សាធារណៈ​ទាំង​ឯកជន និង​កត្ដា​ជាច្រើន​ទៀតក៏​អាចនឹង​កើតមាន​ឡើង​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *