ជម្ងឺមហារីកក្រពេញប្រូស្ដាត គឺជាប្រភេទជម្ងឺតំណពូជ ដែលមានកើតឡើងចំពោះបុរស។ ជម្ងឺប្រភេទនេះក៏ជាប្រភេទ ជម្ងឺដែលកាចសាហាវផងដែរ ចំពោះបញ្ហាផ្លូវភេទរបស់បុរស។ វាអាចជះឥទ្ធិពលអាក្រក់ជាច្រើនមកលើអ្នកជម្ងឺ ជាពិសេសវាអាចបង្កឱ្យមានក្ដីកង្វល់ បាត់បង់សមត្ថភាពផ្លូវភេទ ដែលជាសេចក្ដីព្រួយបារម្ភរបស់ក្រុមគ្រួសារទូទៅផងដែរ កាលណាពុំមានដំណោះស្រាយ និងទទួលការព្យាបាលទាន់ពេល ដែលបណ្ដាលឱ្យជម្ងឺប្រភេទឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ។
អាស្រ័យហេតុដោយមើលឃើញនូវភាពអវិជ្ជមានមួយចំនួនដែលបណ្ដាលមកពីជម្ងឺមហារីកក្រពេញប្រូស្ដាតនេះ ទស្សនាវដ្ដី សុខភាពយើង បានលើកយកប្រធានបទនេះមកធ្វើការផ្សាយជូនប្រិយមិត្ដអ្នកអានទាំងអស់ ជាពិសេសអស់លោកបុរសៗ ក្រោមការ បកស្រាយយ៉ាងក្បោះក្បាយពីលោកវេជ្ជបណ្ឌិត ប៊ូ សុភាព ឯកទេសវះកាត់ប្រព័ន្ធទឹកនោម នៃមន្ទីរពេទ្យព្រះកុសមៈ។
ជម្ងឺមហារីកក្រពេញប្រូស្ដាត ជាអ្វី?
មហារីកក្រពេញប្រូស្ដាត ឬមហារីកក្រពីងនោម គឺជាការរីករាលដាលនៃសាច់ដុំកាចនៅក្នុងក្រពេញប្រូស្ដាត ឬក្រពីងនោម របស់បុរស ដែលជះឥទ្ធិពលអវិជ្ជមានជាច្រើន ដូចជាបណ្ដាលឱ្យអ្នកជម្ងឺមានការពិបាកនៅពេលនោម ឬអាចធ្វើឱ្យស្ទះទឹកនោម។ ហើយលើសពីនេះទៅទៀត វាអាចធ្វើឱ្យមានការរីករាល នាំផលអាក្រក់ទៅដល់តំបន់ដទៃទៀត។ ជាទូទៅ ជម្ងឺមហារីកក្រពេញ ប្រូស្ដាត ឬក្រពីងនោម ត្រូវបានគេសន្មតថាជាប្រភេទជម្ងឺដែលឈរនៅលំដាប់ទីមួយចំពោះបុរសនៅក្នុងទ្វីបអឺរ៉ុប។ បើយោងទៅតាមការសង្កេតរបស់អ្នកឯកទេសមួយចំនួនបានសន្និដ្ឋានថាជាទូទៅជម្ងឺប្រភេទនេះអាចកើតមានឡើងទៅតាមអាយុកាលរបស់មនុស្សដែលភាគច្រើនកើតឡើងចំពោះបុរសដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។ បើយោងទៅតាមរបាយការណ៍របស់អង្គការសុខភាព ពិភពលោកបានបង្ហាញថា ជម្ងឺមហារីកក្រពេញប្រូស្ដាត ឬក្រពីងនោម បានសម្លាប់មនុស្សប្រមាណជា១០.០០០នាក់ក្នុងមួយឆ្នាំនៅ ប្រទេសបារាំង។
តួនាទីរបស់ក្រពេញប្រូស្ដាត
ជាទូទៅក្រពេញប្រូស្ដាតមានមុខងារប្រហាក់ប្រហែលទៅនឹងសាច់ដុំខ្ជឹបដែរ ដែលជួយសម្រួលដល់ដំណើរការនៃការនោម ហើយម្យ៉ាងវិញទៀត វាមានតួនាទីជាអ្នកផលិត និងបញ្ចេញនូវទឹករំអិល ដើម្បីជួយសម្រួលដល់ដំណើររបស់មេជីវិតឈ្មោល(ស្ពែម៉ា តូសូអ៊ីត)នៅពេលរួមភេទ។ លើសពីនេះទៅទៀត វាក៏មានមុខងារទប់ទល់ និងសម្លាប់មេរោគដែលជ្រៀតចូលទៅក្នុងតំបន់របស់វា ផងដែរ។
មូលហេតុបង្កជម្ងឺមហារីកក្រពេញប្រូស្ដាត
មកដល់ពេលបច្ចុប្បន្ននេះគេមិនទាន់រកឃើញមូលហេតុដែលបណ្ដាលឱ្យកើតជម្ងឺមហារីកក្រពេញប្រូស្ដាតនេះមួយរយភាគ រយនៅឡើយនោះទេ។ ប៉ុន្ដែបើតាមការកត់ត្រា និងសិក្សាស្រាវជ្រាវកន្លងមកបានឱ្យដឹងថា ចំពោះប្រភេទជម្ងឺនេះអាចបណ្ដាលមកពី កត្ដាមួយចំនួនដូចជា កត្ដាអរ័ម៉ូន កត្ដាពូជសាសន៍ ចំណីអាហារជាដើម។
1. កត្ដាអ័រម៉ូន ៖ ភាគច្រើនអ័រម៉ូន (អ័រម៉ូនណូដេប៉ង់ដង់) វាអាស្រ័យទៅលើអ័រម៉ូនបុរស (តេស្ដូស្ដេរ៉ូន) ក្នុងការធំធាត់ របស់ក្រពេញ។ ជាង៩០%នៃតេស្ដូស្ដេរ៉ូន ត្រូវបានបញ្ចេញពីកោសិកាលេឌីក ដែលមាននៅក្នុងពងស្វាស ហើយប្រមាណជាជាង៥% ត្រូវបានបញ្ចេញពីក្រពេញសៀករ៉េណាល់ ដែលមានទីតាំងនៅផ្នែកខាងលើតម្រងនោម។
2. កត្ដាពូជសាសន៍ ៖ ជម្ងឺប្រភេទនេះពុំសូវប្រទះឃើញកើតមាននៅក្នុងទ្វីបអាស៊ីនោះទេ ភាគច្រើនវាមានកើតនៅលើ ប្រជាជនដែលរស់នៅទ្វីបអឺរ៉ុប ប៉ែកខាងបស្ចិមប្រទេស។
3. កត្ដាបរិយាកាសជុំវិញខ្លួន និងរបបចំណីអាហារ ៖ អាកាសធាតុ និងរបបអាហារ ក៏ជាកត្ដាមួយដែលអាចបណ្ដាលឱ្យ មានកើតជម្ងឺប្រភេទនេះបានដែរ។ ជាក់ស្ដែងដូចជាជនជាតិជប៉ុនដែលផ្លាស់ទីលំនៅពីប្រទេសរបស់ខ្លួនទៅរស់នៅប្រទេសដទៃទៀត ក្នុងទ្វីបអឺរ៉ុប ដូចជាប្រទេសបារាំងជាដើម ជាមួយនឹងការផ្លាស់ប្ដូររបបអាហារទៅតាមតំបន់ ដែលសម្បូរទៅដោយជាតិខ្លាញ់ សត្វច្រើន គឺមានអត្រាកើតជម្ងឺមហារីកក្រពេញប្រូស្ដាតច្រើនជាងជនជាតិជប៉ុនដែលកំពុងរស់នៅក្នុងប្រទេសរបស់ខ្លួន។
4. កត្ដាតំណពូជ ៖ ចំពោះជម្ងឺមហារីកក្រពេញប្រូស្ដាតនេះ វាក៏អាចបណ្ដាលមកពីកត្ដានៃការតំណពូជផងដែរ។ នៅក្នុង ក្រុមគ្រួសារណាមួយដែលមានជីតា ឬឪពុក មានកើតនូវជម្ងឺប្រភេទនេះ នោះអត្រានៃការកើតជម្ងឺមហារីកក្រពេញប្រូស្ដាតចំពោះ កូនប្រុស ឬអ្នកជំនាន់ក្រោយអាចមានច្រើនយ៉ាងពិតប្រាកដ។
5. កត្ដាលូតលាស់ ៖ បើផ្អែកទៅលើការសិក្សាស្រាវជ្រាវកន្លងមកបានបង្ហាញថា ការលូតលាស់យ៉ាងឆាប់រហ័សនៃរាងកាយ ឬការកើនឡើងនៃអាយុកាល (អាយុច្រើន) ក៏ជាកត្ដាមួយដែលជំរុញឱ្យអត្រានៃការកើតជម្ងឺមហារីកក្រពេញប្រូស្ដាតមាន ខ្ពស់ដែរ។
រោគសញ្ញាជម្ងឺមហារីកក្រពេញប្រូស្ដាត
គេអាចដឹងថា មានកើតជម្ងឺប្រូស្ដាតទៅបានគឺអាស្រ័យទៅលើការឆ្លងកាត់នូវការពិនិត្យរបស់អ្នកជំនាញ តាមរយៈការ សាកសួរព័ត៌មានពីអ្នកជម្ងឺ និងការធ្វើការវិភាគឈាម។ លើសពីនេះទៅទៀតនៅពេលដែលជម្ងឺមហារីកក្រពេញប្រូស្ដាតនេះឈានចូល ដល់តំណាក់កាលធ្ងន់ធ្ងរ គេអាចដឹងបានតាមរយៈអាការខាងក្រៅរបស់អ្នកជម្ងឺបាន ដូចជាស្ទះនោម ពិបាកនោម នោមញឹក លេចនោម ដោយមិនដឹងខ្លួន នោមឈាម ឈឺចុកចាប់ក្នុងឆ្អឹង ឬអាចបាក់ឆ្អឹង និងអសមត្ថភាពផ្លូវភេទជាដើម។
វិធីព្យាបាលជម្ងឺមហារីកក្រពេញប្រូស្ដាត
ចំពោះវិធីសាស្ដ្រនៃការព្យាបាលមានច្រើនប្រភេទ គឺវាសម្របទៅតាមប្រភេទនៃជម្ងឺនីមួយៗដែលកើតមាន និងកម្រិតនៃ ការរីករាលដាលរបស់ជម្ងឺ។ ម្យ៉ាងវិញទៀត គឺអាស្រ័យទៅតាមទំហំនៃជម្ងឺ និងទាក់ទងទៅនឹងកម្រិតនៃសាច់ដុំកាចរបស់មហារីក។ ជាពិសេសសភាពរបស់អ្នកជម្ងឺ ថាតើអ្នកជម្ងឺធ្លាប់មានជម្ងឺអ្វីដែលទាក់ទងដល់ការព្យាបាលជម្ងឺប្រភេទនេះដែរឬទេ ដូចជាជម្ងឺទឹកនោមផ្អែម លើសឈាម ឬជម្ងឺសួតដែរឬទេ។ អ្នកជំនាញអាចធ្វើការសម្រេចចិត្ដព្យាបាលបានអាស្រ័យទៅលើការវិភាគ។
1. ការព្យាបាលដោយវះកាត់ ៖ នៅពេលដែលពិនិត្យទៅឃើញថា មហារីកនៃក្រពេញមានកម្រិតស្រាល ទំហំនៃសាច់ដុំ កាចនៅតូច នោះអ្នកជំនាញអាចប្រើវិធីសាស្ដ្រវះកាត់យកកូនកណ្ដុរនៅអាងត្រគាក និងក្រពេញនោះចេញតែម្ដង ដើម្បីផ្អាកដំណើរ ជម្ងឺមហារីកនេះ។ ក្រោយពីឆ្លងកាត់ការវះកាត់រួច អ្នកជម្ងឺអាចនឹងជាសះស្បើយបាន។ ក្រោយពីប្រើនូវវិធីសាស្ដ្រនៃការវះកាត់នេះ អ្នកជម្ងឺអាចមានផលលំបាកផងដែរ ដូចជាការលេចនោមដោយមិនដឹងខ្លួន និងអសមត្ថភាពផ្លូវភេទ។
2. ការព្យាបាលដោយប្រើកាំរស្មី ៖ វិធីសាស្ដ្រនៃការព្យាបាលនេះ វាជាលក្ខណៈវិទ្យាសាស្ដ្រ។ ជាដំបូងគេត្រូវធ្វើវិនិច្ឆ័យ ទៅលើទីតាំង និងទំហំនៃសាច់កាច ហើយចាប់ផ្ដើមធ្វើការបាញ់កាំរស្មីលើក្រពេញមហារីកទាំងនោះ ព្រមទាំងបាញ់កូនកណ្ដុរដែលនៅ អាងត្រគាក ហើយប្រើថ្នាំអ័រម៉ូនម្យ៉ាងដែលជួយដល់ការរំញោចឱ្យបញ្ចេញអ័រម៉ូនបុរស (តេស្ដូស្ដេរ៉ូន)។
3. ការព្យាបាលដើម្បីពន្យារជីវិត ៖ នៅពេលដែលធ្វើការពិនិត្យទៅឃើញថា កម្រិតនៃជម្ងឺឈានចូលដល់ដំណាក់កាល ធ្ងន់ធ្ងរ មិនអាចធ្វើការព្យាបាលឱ្យជាសះស្បើយបាននោះ គេអាចមានវិធីសាស្ដ្រមួយចុងក្រោយទៀត ដោយការប្រើថ្នាំចាក់ និងថ្នាំ គ្រាប់ដែលមានជាតិអ័រម៉ូនប្រភេទអាហ្គោនីស្ដ អិលហាស់ អ៊ែរហាស់ ដើម្បីកាត់ផ្ដាច់នូវដំណើរការសំយោគអ័រម៉ូនរបស់បុរស ក្នុង គោលបំណងជួយសម្រាលដល់អ្នកជម្ងឺ និងកាត់បន្ថយនូវការឈឺចាប់។ បច្ចុប្បន្នការព្យាបាលដោយប្រើប្រាស់ថ្នាំចាក់ និងថ្នាំលេប នេះមានតម្លៃថ្លៃ ដែលជាបញ្ហាមួយសម្រាប់អ្នកជម្ងឺដែលមិនសម្បូរធនធាន ដូច្នេះទើបគេសម្រេចជ្រើសរើសនូវវិធីមួយទៀតដែល អាចជួយកាត់បន្ថយនូវការឈឺចាប់ និងពន្យារជីវិតអ្នកជម្ងឺនោះ គឺវិធីសាស្ដ្រគ្រៀវ។
ផលវិបាកនៃជម្ងឺមហារីកក្រពេញប្រូស្ដាត
អ្នកដែលមានកើតជម្ងឺមហារីកក្រពេញប្រូស្ដាត អាចមានផលវិបាកជាច្រើន។ បើទោះបីជាបានឆ្លងកាត់នូវការព្យាបាល ដោយវិធីវះកាត់ បាញ់កាំរស្មី ប្រើថ្នាំចាក់ និងថ្នាំលេប ឬដោយវិធីគ្រៀវយ៉ាងណាក្ដី ផលវិបាកនៅតែមានចំពោះអ្នកជម្ងឺមិនអាច ចៀសផុតបាន។ ផលវិបាកទាំងនោះមានដូចជាស្ទះនោម ពិបាកនោម នោមញឹក លេចនោមដោយមិនដឹងខ្លួន អសមត្ថភាពផ្លូវភេទជាដើម។
ដំបូន្មានអ្នកជំនាញ
ដើម្បីបង្ការខ្លួនឱ្យប្រាសចាកឆ្ងាយពីជម្ងឺនេះ បងប្អូនគួរតែព្យាយាមកាត់បន្ថយនូវការបរិភោគអាហារដែលសម្បូរទៅដោយ ជាតិខ្លាញ់សត្វ។ ម្យ៉ាងវិញទៀត គួរទៅពិគ្រោះជាមួយអ្នកជំនាញ នៅពេលដែលមានអាការរោគសញ្ញាដូចបានជម្រាបជូនខាងលើ ជាពិសេសចំពោះបងប្អូនដែលមានឪពុក ឬជីតា ដែលមានកើតជម្ងឺមហារីកក្រពេញប្រូស្ដាត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply