តើលោកអ្នកធ្លាប់ភាំងភ្លឹកភ្លេចខ្លួនដែរឬទេ? ជួនកាលលោកអ្នកកំពុងធ្វើអ្វីមួយស្រាប់តែឈប់នៅស្ងៀមធ្មឹងមួយរំពេច ដោយមិនដឹងខ្លួន តែមានអារម្មណ៍ភ្ញាក់ព្រើតនៅពេលដែលមាននរណាម្នាក់មកប៉ះ ឬអង្រួន។ ជួនកាលទៀតនោះលោកអ្នកហាក់ដូចជាកំពុងតែគិតអំពីបញ្ហាអ្វីមួយ ប៉ុន្ដែកំឡុងពេលនោះលោកអ្នកពុំដឹងខ្លួនសោះឡើយ ទោះបីជាមានហេតុការណ៍ ឬសកម្មភាពរបស់ នរណាម្នាក់កើតឡើងជុំវិញខ្លួនរបស់លោកអ្នកក៏ដោយ។ អាការទាំងនេះហើយដែលជារោគសញ្ញានៃជម្ងឺផ្លូវចិត្ដ ដែលលោកអ្នកត្រូវយកចិត្ដទុកដាក់ធ្វើការព្យាបាលជាបន្ទាន់។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នកឯកទេសជម្ងឺផ្លូវចិត្ដនៅមន្ទីរពេទ្យមិត្ដភាព ខ្មែរសូវៀត ដើម្បីបកស្រាយអំពីបញ្ហានេះ។
ភាំង ជាអ្វី?
ភាំងមិនមែនជាជម្ងឺនោះទេ ក៏ប៉ុន្ដែជាទូទៅវាជារោគសញ្ញា ឬជាអាការនៃជម្ងឺផ្លូវចិត្ដមួយចំនួន ដូចជាជម្ងឺស្កន់ជ្រូក (ឆ្កួតជ្រូក)ប្រភេទស្រាល ជម្ងឺវិកលចរិត(ទម្រង់គាំងចលនា) កម្សត់ ថប់អារម្មណ៍ ស្ដ្រេស្ស ជម្ងឺខន់វឺសិន ដែលពីមុនគេស្គាល់ថាជា ជម្ងឺឌីស្ដូនី ជម្ងឺដេអិនវេជាដើម។
រោគសញ្ញានៃអាការភាំង
អាការភាំងកើតឡើងពុំទៀងទាត់នោះទេ គេមិនអាចដឹងថាខ្លួនរបស់គេថានឹងភាំងនៅពេលណាឡើយ។ វាកើតឡើងដោយ ឯកឯង ហើយបាត់ទៅវិញដោយឯកឯងមួយរំពេច។ យើងខ្លួនឯងផ្ទាល់មិនអាចដឹងថាខ្លួនឯងភាំងនោះទេ នៅកំឡុងពេលនោះ ប៉ុន្ដែអ្នកដទៃក្រៅពីខ្លួនយើងអាចដឹងបាន តាមរយៈការមើលឃើញដោយផ្ទាល់ភ្នែក។
កត្ដាបណ្ដាលឱ្យភាំង
ភាំងពាក់ព័ន្ធទៅនឹងកត្ដាផ្លូវចិត្ដរបស់មនុស្ស។ បើកាលណាយើងគិតច្រើន ធ្វើឱ្យអារម្មណ៍ហាក់ដូចជាដាច់ឆ្ងាយពីពិភពជុំវិញ ខ្លួនយើង។ ក៏ប៉ុន្ដែអាការនេះវាកើតឡើងតែមួយភ្លែតប៉ុណ្ណោះ ហើយនឹងបាត់ទៅវិញដោយឯកឯង នៅពេលដែលញាណរបស់យើង មានប្រតិកម្មធ្ងន់ធ្ងរជាមួយពិភពខាងក្រៅទាំងនោះ ដូចជាការបន្លឺជាសម្លេងខ្លាំងៗ សភាពមានអ្វីមួយមកប៉ះនឹងរាងកាយរបស់យើង ដែលបណ្ដាលឱ្យមានរំញោច។ ភាំងជាទូទៅបណ្ដាលមកពីជម្ងឺផ្លូវចិត្ដមួយចំនួនដូចដែលបានរៀបរាប់ខាងលើ ដែលពាក់ព័ន្ធទៅនឹងកត្ដា តូនិក(គាំងចលនា) ហើយម្យ៉ាងទៀតការដែលមានការប៉ះទង្គិចធ្ងន់ធ្ងរដល់ផ្នែកអារម្មណ៍ ការស្លុតចិត្ដ និងការរន្ធត់ក៏អាចបណ្ដាលឱ្យទៅជាភាំងផងដែរ។ ការប្រើប្រាស់ថ្នាំប្រភេទមួយចំនួន ដូចជាថ្នាំងុយដេក ថ្នាំញៀនជាដើម ក៏អាចបណ្ដាលឱ្យភាំងផងដែរ ព្រោះពេលដែលមានការប្រើប្រាស់ថ្នាំនោះ ខ្លួនយើងកំពុងឋិតនៅក្រោមឥទ្ធិពលនៃថ្នាំ។
វិធីព្យាបាលអាការភាំង
វិធីព្យាបាលអាការភាំងគឺគ្មានអ្វីក្រៅពីធ្វើការព្យាបាលជម្ងឺផ្លូវចិត្ដនោះទេ។ ត្រូវធ្វើឱ្យអារម្មណ៍ផ្លូវចិត្ដរបស់ខ្លួនឋិតក្នុង សភាពមួយមិនតានតឹងអួរអាប់ពេក។ រឿងរ៉ាវដែលលំបាកក្នុងចិត្ដរបស់យើង វាជះឥទ្ធិពលដល់ផ្នែកសតិអារម្មណ៍របស់យើង។ ដូចនេះយើងត្រូវចេះលៃលកយ៉ាងណាបំបាត់វា ឬសម្រាលវាឱ្យបាន ដើម្បីចៀសវាងការមានវិបត្ដិធ្ងន់ធ្ងរ។ មានអ្នកខ្លះតែងនិយាយថា តឹងទ្រូងខ្លាំងណាស់ ក៏ប៉ុន្ដែគេនឹងបានធូរស្រាលឡើងវិញប្រសិនបើគេក្លាហានហ៊ាននិយាយរឿងរ៉ាវទាំងនោះចេញមក។ វិធីមួយវិញទៀតគឺព្យាបាលតាមរយៈអ្នកដែលស្និទ្ធជាមួយអ្នកជម្ងឺ។ បុគ្គលនេះគឺត្រូវតែចេះនិយាយលួងលោម អប់រំណែនាំដោយប្រការផ្សេងៗ ដើម្បីឱ្យរូបអ្នកមានវិបត្ដិនោះបានស្រាកស្រាន្ដ ពោលគឺត្រូវធ្វើយ៉ាងណាដើម្បីធ្វើឱ្យអ្នកនោះហាក់ទទួលបានភាពកក់ក្ដៅខាងផ្លូវចិត្ដ ដោយគេគិតថា គេនៅមានមនុស្សដែលយកចិត្ដទុកដាក់ជាមួយខ្លួនគេ។ រីឯវិធីដែលល្អបំផុតនោះគឺត្រូវទៅរកសេវាប្រឹក្សា ឬព្យាបាល ជាមួយវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា ប្រសិនបើភាពភាំងនេះមិនទាក់ទងទៅនឹងអ្វីទាំងអស់។
វិធីបង្ការអាការភាំង
យើងអាចទប់ស្កាត់អាការដែលបណ្ដាលឱ្យភាំងបាន ដោយអនុវត្ដវិធីផ្ទេរវិបត្ដិផ្លូវចិត្ដដោយមានទំនុកចិត្ដ។ បើកាលណា យើងមានបញ្ហាអ្វីមួយកើតឡើងចំពោះខ្លួន ដែលប៉ះពាល់ដល់ផ្លូវចិត្ដរបស់យើង អាចធ្វើឱ្យយើងមានអារម្មណ៍ស្មុគស្មាញ ធុញថប់ តានតឹង ដែលធ្វើឱ្យគិតច្រើនហើយឈានទៅរកការភាំង។ ដូចនេះចូរតោងយើងចេះសម្រួលវាដោយវិធីផ្សេងៗ។ វិធីមួយដែលមាន ប្រសិទ្ធភាព គឺការនិយាយអំពីរឿងរ៉ាវទាំងនោះប្រាប់ដល់អ្នកដទៃដែលយល់ចិត្ដយើង ឬស្និទ្ធស្នាលជាមួយយើង។ បញ្ហានោះនឹង រសាយបានមួយកម្រិត ដែលធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាលឡើងវិញ។
ផលវិបាកបណ្ដាលមកពីអាការភាំង
នៅពេលដែលភាំងនោះអារម្មណ៍របស់យើងហាក់លែងទទួលព័ត៌មានបានមួយរំពេច។ មានពេលខ្លះយើងកំពុងតែកាន់ សម្ភារអ្វីមួយ សម្ភារនោះអាចនឹងធ្លាក់ពីដៃរបស់យើងដោយមិនដឹងខ្លួន ឬដឹងខ្លួនក្រោយពេលដែលឮសម្លេងនៃការធ្លាក់នោះ។ មានពេលខ្លះទៀតយើងអាចនឹងភ្លេចនូវកិច្ចការអ្វីមួយដែលយើងពុំទាន់បានបំពេញ ឬក៏បំពេញមិនទាន់ចប់ ដែលជាហេតុធ្វើឱ្យខូចការងារទាំងនោះ ឬបណ្ដាលឱ្យមានហេតុការណ៍អ្វីមួយកើតឡើងដោយការធ្វេសប្រហែសនេះ។
ដំបូន្មានអ្នកប្រឹក្សា
ត្រូវចេះបង្កើតបរិយាកាសរីករាយឱ្យបានច្រើននៅក្នុងសង្គមគ្រួសារក៏ដូចជាមិត្ដភក្ដិ ចៀសវាងការបង្កទំនាស់ច្រើនដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់អារម្មណ៍ខ្លួនឯង និងអ្នកដទៃធ្ងន់ធ្ងរ ដែលអាចវិវត្ដទៅជាមានវិបត្ដិផ្លូវចិត្ដ។ ត្រូវហ៊ាននិយាយដោយចំហ អំពីបញ្ហាដែលកើតឡើងចំពោះខ្លួន ដើម្បីធ្វើឱ្យផ្លូវចិត្ដរបស់យើងបានធូរស្រាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply