ចំនួនទណ្ឌិតនៅក្នុងពន្ធនាគារទូទាំងប្រទេសកម្ពុជា បាននឹងកំពុងបន្តកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ការណ៍នេះបានបង្កអោយមានភាពចង្អៀតឡើងៗ រហូតដល់កម្រិតគួរអោយព្រួយបារម្ភជាខ្លាំងទាក់ទិនទៅនឹងបញ្ហាសុខភាព និងសុខុមាលភាពក្នុងការរស់នៅ។ តើរាជរដ្ឋាភិបាលគួរមានវិធានការណ៍បែបណាខ្លះ ដើម្បីដោះស្រាយជាមួយបញ្ហាប្រឈមទាំងនេះ?
អង្គការសង្គមស៊ីវិលបានស្តីបន្ទោសថា បញ្ហានេះបណ្តាលមកពីចៅក្រមចេះតែបន្តសម្រេចឃុំខ្លួនជនជាប់ចោទជា បណ្តោះអាសន្នជាជាងការដោះលែងឲ្យនៅក្រៅឃុំ។ ពន្ធនាគារនានាក្នុងប្រទេសកម្ពុជាកាន់តែចង្អៀតឡើងៗរហូត ដល់កម្រិតគួរអោយព្រួយបារម្ភជាខ្លាំងដោយសារតែចៅក្រមចេះតែបន្តសម្រេចឲ្យឃុំខ្លួនជាបណ្តោះអាសន្នជាជាងការដោះលែងឲ្យនៅក្រៅឃុំ។ នេះបើតាមការអះអាងរបស់អង្គការសិទ្ធិមនុស្សលីកាដូ។
អង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា បច្ចុប្បន្នមានទណ្ឌិតចំនួនជាង១៦.០០០នាក់នៅក្នុងពន្ធនាគារទូទាំងប្រទេសកម្ពុជា។ ចំនួននេះបានកើនឡើងពី១៥.០០០នាក់កាលពីដំណាច់ឆ្នាំមុន។ ក្នុងចំណោមទណ្ឌិតសរុបទាំងនោះ មានអ្នកជាប់ឃុំបណ្ណោះអាសន្នចំនួនជាង៣.០០០នាក់។ អង្គការលីកាដូបានធ្វើការសិក្សានៅក្នុងពន្ធនាគារចំនួន១៨ក្នុងចំណោមពន្ធនាគារចំនួន២៧នៅទូទាំងប្រទេសកម្ពុជា។ ការកើនឡើងចំនួនអ្នកទោសបានកើតឡើងគ្រប់ពន្ធនាគារទាំងអស់ដែលបង្កអោយពន្ធនាគារនីមួយៗមានភាពកាន់តែចង្អៀតណែន ហើយស្ថានភាពនេះកាន់តែធ្ងន់ធ្ងរទៅៗ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាពទណ្ឌិត និងជនជាប់ឃុំ ដែលធ្វើងាយឆ្លងនូវជម្ងឺផ្សេងៗ ជម្ងឺផ្លូវចិត្ត និងការហាត់ប្រាណមិនបានគ្រប់គ្រាន់។ ពេលខ្លះ ដោយសារតែស្ថានភាពចង្អៀតពេក ទណ្ឌិតមួយចំនួនត្រូវផ្លាស់ប្តូរវេនគ្នាដេកទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានបារាំង។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូបានអោយដឹងថា កត្តាដែលបណ្តាលអោយចំនួនទណ្ឌិត ឬក៏ពិរុទ្ធជនបន្តការកើនឡើងបែបនេះ គឺដោយសារតែបទល្មើសមានការកើនឡើង ហើយតុលាការបានអនុវត្តក្រមព្រហ្មទណ្ឌថ្មី ដោយសម្រេចអោយជនជាប់ចោទជាប់ឃុំបណ្តោះអាសន្នជាជាងការសម្រេចអោយនៅក្រៅឃុំ។ លោកបានបន្តថា ដើម្បីកាត់បន្ថយភាពចង្អៀតណែននេះ តុលារការគួរតែជ្រើសរើសអោយជនជាប់ចោទនៅក្រៅឃុំ ហើយបើអាចធ្វើទៅបាន តុលាការគួរព្យួរទោស ទណ្ឌិតមួយចំនួនដើម្បីកាត់បន្ថយការឃុំខ្លួនលើនិតិវិធីផង និងកាត់បន្ថយចំនួនអ្នកទោសក្នុងពន្ធនាគារផង។
ចំណែកឯលោក លីវ ម៉ូវ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានទទួលស្គាល់ថា ចំនួនទណ្ឌិតពិតជាបន្តការកើនឡើងមែន ដែលបង្កអោយមានភាពចង្អៀតណែននៅក្នុងពន្ធនាគារទូទាំងប្រទេស។ កត្តាដែលបណ្តាលអោយកើនឡើងនេះទាក់ទងទៅករណីអាជ្ញាធរបានឃាត់ខ្លួនអ្នកចែកចាយ ឬក៏ប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ករណីរំលោភ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ លោកបន្ថែមថា ប្រសិនបើពលរដ្ឋនៅតាមមូលដ្ឋាននាំគ្នាទប់ស្កាត់បទល្មើសទាំងនេះមិនអោយកើតឡើងបាន គឺជាការចូលរួមចំណែកបន្ថយកំណើននៃទណ្ឌិតក្នុងពន្ធនាគារផងដែរ។
បើយើងក្រឡេកទៅមើលនៃស្ថានភាពជាក់ស្តែងនៃពន្ធធរនាគារនៅឯខេត្តប៉ៃលិនឯណោះវិញ មន្ត្រីសិទ្ធមនុស្សមួយចំនួនបានលើកឡើងថា អ្នកទោសនៅខេត្តប៉ៃលិន មានបញ្ហាសុខភាពព្រោះទីធ្លាចង្អៀត ដែលមកទល់ពេលនេះ រចនាសម្ព័ន្ធការិយាល័យរដ្ឋបាលរបស់រដ្ឋនៃអតីតខេត្តសម្បូរត្បូងពេជ្រមួយនេះ នៅមិនទាន់បានរៀបចំបានស្រួលបួលនៅឡើយទេ។ ដូច្នេះហើយ ទើបអាជ្ញាធរនៅខេត្តនេះ យកអតីតរោងកុន ដែលជាទីកន្លែងសប្បាយរីករាយ ធ្វើជាពន្ធនាគារឃុំឃាំងអ្នកទោសជាបណ្ដោះអាសន្ន។ បញ្ហាកំពុងប្រឈមនេះ បានធ្វើឲ្យមានអ្នកទោសមួយចំនួន ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារនោះ កើតមានជម្ងឺប្រចាំកាយ ដូចជាជម្ងឺគ្រុនផ្ដាសាយ និងជម្ងឺក្អកជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសាព័ត៌មានអាស៊ីសេរី។
មន្ត្រីអង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកក្កដាឆ្នាំ២០១២កន្លងទៅនេះថា មានអ្នកទោសប្រុសស្រីជាច្រើននាក់ធ្លាក់ខ្លួនឈឺ ហើយខ្វះថ្នាំសង្កូវព្យាបាល។ ដូច្នេះហើយ អង្គការ លីកាដូ បានត្រៀមបញ្ជូនក្រុមគ្រូពេទ្យអង្គការទៅព្យាបាលអ្នកទោសនៅទីនោះ។ លោក ហេង សាយហុងបានបន្ថែមថា៖ «វាពិតប្រាកដហើយ ព្រោះយើងខាងអង្គការលីកាដូ គ្រោងផ្ដល់វេជ្ជបណ្ឌិត ចុះទៅព្យាបាលអ្នកទោសនៅប៉ៃលិន ព្រោះថាយើងមើលឃើញថា ស្ថានភាពរស់នៅរបស់អ្នកទោសហ្នឹង គាត់មានជម្ងឺច្រើនយោងតាមការស្នើសុំរបស់ខេត្តប៉ៃលិន។ គាត់មានការលំបាកការគ្រប់គ្រង ហើយឃើញអ្នកទោសកាន់តែកើនឡើងមានជម្ងឺ។ យើងគិតហើយ បើតាមផ្នែកសិទ្ធិមនុស្ស គេនិយាយថា មនុស្សដែលជាប់នៅក្នុងពន្ធនាគារ មិនមានន័យថា ទទួលទណ្ឌកម្មមួយមុខទេ តែត្រូវមានសិទ្ធិនៅក្នុងការព្យាបាល សិទ្ធិនៅក្នុងរស់រានមានជីវិត»។
ក្នុងរយះពេលជាង១០ឆ្នាំកន្លងទៅនេះ ខេត្តប៉ៃលិនពុំមានស្ថាប័នតុលាការសម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានខេត្តនេះទេ ហើយរាល់ការប្ដឹងផ្ដល់ទំនាស់របស់ប្រជាពលរដ្ឋ និងបទល្មើសផ្សេងៗ កងកម្លាំងមានសមត្ថកិច្ច ត្រូវចាប់បញ្ជូនទៅកាត់ទោសនៅតុលាការខេត្តបាត់ដំបង និងឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង។ ប៉ុន្តែ កាលពីដើមឆ្នាំ២០១១ រដ្ឋាភិបាលបានបង្កើតតុលាការខេត្តប៉ៃលិនដើម្បីជួយសម្រួលសេវាច្បាប់ក្នុងមូលដ្ឋាន ដោយបានយកអតីតរោងកុនមានទីធ្លាតូចមួយធ្វើជាមន្ទីរឃុំឃាំង។
លោក នូ ធឿង ប្រធានពន្ធនាគារខេត្តប៉ៃលិនមានប្រសាសន៍ថា ដោយសារពន្ធនាគារខេត្តប៉ៃលិនមានទីធ្លាតូចចង្អៀត បានធ្វើឱ្យអ្នកទោសមានការលំបាករស់នៅ។ លោកបន្តថា មានអ្នកទោសមួយចំនួន កើតមានជម្ងឺពិតប្រាកដមែន។ ប៉ុន្តែ រហូតមកទល់ពេលនេះ ពុំទាន់មានអ្នកទោសណាម្នាក់ស្លាប់ដោយសារជម្ងឺនៅពន្ធនាគារនោះទេ។
ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងមហាផ្ទៃ នឹងមានគម្រោងចាប់ផ្ដើមសង់អគារពន្ធនាគារថ្មីមួយលើផ្ទៃដីទំហំ១ហិកតារនៅក្នុងខេត្តប៉ៃលិន នៅដើមឆ្នាំ២០១២ខាងមុខនេះ ដែលគម្រោងសាងសង់នេះ ត្រូវគេប៉ាន់ប្រមាណថា នឹងចំណាយថវិកាអស់ប្រមាណជិត១លាន៥ សែនដុល្លារ។ មន្ត្រីពន្ធនាគារក៏បានអោយដឹងផងដែរថា ទីតាំងដែលត្រូវសង់ពន្ធនាគារថ្មីនោះ ស្ថិតនៅខាងក្រោយវត្តប៉ាហ៊ី ក្នុងទីរួមខេត្តប៉ៃលិន។ ការសាងសង់ចាប់ផ្ដើមនៅដើមឆ្នាំ២០១២។ តាមគម្រោង អគារគុកថ្មី មាន១៣អគារ ក្នុងនោះមានប៉ុស្តិ៍ប៉មយាម១។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសបង្កើតខេត្តប៉ៃលិនជាផ្លូវការកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៧ ក្រោយអតីតកងទ័ពខ្មែរក្រហម ធ្វើសមាហរណកម្មចូលរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ១៩៩៦។ ពន្ធនាគារខេត្តប៉ៃលិនបច្ចុប្បន្ន បានយកអតីតអគាររោងកុនឈ្មោះពិភពថ្មី សម្រាប់ប្រើប្រាស់ជាពន្ធនាគារបណ្ដោះអាសន្ន។ ចាប់តាំងពីខេត្តប៉ៃលិន និងក្រសួងយុត្តិធម៌ បង្កើតតុលាការនៅខេត្តនេះមក ចំនួនអ្នកទោសបានកើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន មានអ្នកទោសជិត១០០នាក់ កំពុងឃុំខ្លួននៅទីនោះ។ បញ្ហាទីធ្លាពន្ធនាគារដែលតូចចង្អៀតនេះ ងាយនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទោសថែមទៀតផងដែរ៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២
Leave a Reply