មានអាការភើជាញឹកញាប់ តែងតែផ្ដល់ការរំខាន ហើយលោកអ្នកច្រើនតែផ្ដោតអារម្មណ៍សំខាន់ទៅលើជម្ងឺក្រពះ និងពោះវៀន។ ប៉ុន្ដែបើតាមផ្នែកវេជ្ជសាស្ដ្រវិញ ភើនេះគ្រាន់តែជាសញ្ញាមួយសម្រាប់ប្រាប់ពីអាការជម្ងឺតែប៉ុណ្ណោះ។ ព្រោះភើក៏អាចកើតមានចំពោះអ្នកគ្មានជម្ងឺដែរ។ ភើអាចចេញបានតាមបំពង់រំលាយអាហារ ពេលដែលក្រពះកំពុងដំណើរការកិនចំណីអាហារ ដែលលោកអ្នក ទទួលទានចូលទៅ។
ដើម្បីឱ្យជ្រាបកាន់តែច្បាស់នោះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ញ៉ែម ចន្ទថុល ឯកទេសជម្ងឺទូទៅមកពីប្រទេសបារាំង និងជាគ្រូពេទ្យប្រចាំនៅគ្លីនិក ទេព ផន។
ភើជាអ្វី?
ភើជាការបញ្ចេញខ្យល់តាមបំពង់រំលាយអាហារ ចាប់ផ្ដើមពីកមកដល់កក្រពះ ដែលមានចលនាធ្វើដំណើរឆ្លងកាត់បំពង់ បញ្ជូនអាហារមកដល់ក្រពះ ហើយក្រពះបានធ្វើចលនាបញ្ចេញសារជាតិមួយ ដែលអាចសម្លាប់មេរោគ ឬធ្វើឱ្យអាហារទន់ល្អ នៅពេលដែលលោកអ្នកទទួលទានចូលទៅទំពាមិនបានម៉ត់។ ហើយក្រពះក៏ធ្វើសកម្មភាពកិនដោយបញ្ចេញនូវជាតិអាស៊ីត ដើម្បី បញ្ជ្រាបអាហារទាំងនោះចូលទៅក្នុងខ្លួនទៅចិញ្ចឹមសរីរាង្គកោសិកា។ ចង្វាក់ជាតិអាស៊ីតធ្វើចលនានេះហើយដែលបង្កឱ្យមានអាការ ភើកើតឡើង។
មូលហេតុបណ្ដាលឱ្យមានអាការភើ
អាការភើអាចកើតមានឡើងដោយហេតុផលជាច្រើនគួបផ្សំចូលគ្នា ៖
- ពេលដែលចំណីអាហារចូលដល់ក្នុងក្រពះ មានទ្វារលើនៃកក្រពះរបស់បំពង់រំលាយអាហារសម្រាប់បិទ ហៅថាវ៉ាល់។ ដល់ពេលបិទហើយក្រពះចាប់ផ្ដើមច្របាច់លុញជាតិអាហារឱ្យទន់ ដើម្បីងាយស្រួលបញ្ជូនមកពោះវៀន។
- ភើអាចកើតឡើងដោយសារតែខ្យល់ក្នុងក្រពះចេញមកលើមកប៉ះនឹងបំពង់រំលាយអាហារ ហើយស្របពេលដែលទ្វារ ក្រពះនោះបិទមិនជិតក៏មានអាការភើនេះតែម្ដង។
- ក្រពះរបស់លោកអ្នកអាចយារមកក្រោម ក្រោយពេលទទួលទានអាហារ ប្រដាប់រំលាយអាហារទាំងអស់មិនអាច បញ្ជូនមកមុខបានល្អ ក្រពះក៏ប្រឹងប្រែងកិនចំណីអាហារធ្វើឱ្យកាន់តែយារខ្លាំងឡើង។ ហើយចំណីអាហារត្រូវបានបន្សល់ក្នុងក្រពះ ដោយបញ្ចេញមកក្រោមមិនទាន់ក៏ច្រាលខ្យល់ឡើងលើ មានជាតិជូរផ្អូម ដោយសារចំណីទាំងនោះមិនអាចបញ្ចេញចោលទាន់ពេល វេលា។
- ភើបណ្ដាលមកពីរលាកក្រពះ ដែលកើតឡើងដោយឯងៗតែម្ដង ឬលោកអ្នកអត់ងងុយ ទទួលទានដំណេកមិនគ្រប់គ្រាន់ បង្កឱ្យទទួលទានមិនបាន ធ្វើឱ្យជាតិអាស៊ីតដែលមានតួនាទីច្របាច់ចំណីអាហារធ្វើចលនាប៉ះទង្គិចនឹងក្រពះ ក៏បណ្ដាលឱ្យរលាកតែម្ដង ។ កត្ដានេះបានជំរុញឱ្យខ្យល់ចេញមកខាងក្រៅមានសារជាតិជូរ ហើយឧស្សាហ៍ភើទៀតផង។
រោគសញ្ញាអាការភើ
ភើជាអាការមួយគ្រាន់តែបង្ហាញនូវរោគសញ្ញានៃជម្ងឺតែប៉ុណ្ណោះ គឺជម្ងឺក្រពះ ឬនៅជុំវិញក្រពះជាអាទិជម្ងឺកក្រពះបិទមិន ជិតឬក្រពះយារ និងរលាកក្រពះ ដែលមិនអាចមានការទំនាក់ទំនងជាមួយពោះវៀនបានល្អ ក៏បណ្ដាលឱ្យមានអាការភើនេះឡើង។ អាការភើគឺជាការបញ្ចេញខ្យល់តាមបំពង់រំលាយអាហារមកខាងក្រៅ ដោយមានសារជាតិជូរ ឬមានជាតិធម្មតា កើតចេញពីជម្ងឺក្រពះ ស្រាលឬធ្ងន់ធ្ងរ។
វិធីព្យាបាលអាការភើ
ដើម្បីព្យាបាលអាការភើនេះ លោកអ្នកគួរទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីព្យាបាល និងទប់ទល់នូវអាការភើ ទប់ស្កាត់ជាតិអាស៊ីត និងទឹកក្រពះកុំឱ្យចេញច្រើន។ ម្យ៉ាងទៀតលោកអ្នកដែលមានអាការភើជាញឹកញាប់ គួរតែប្រើប្រាស់ថ្នាំ ដែលមានផលប្រយោជន៍ដល់ក្រពះ ព្រោះអាការភើនេះផ្ដើមចេញពីជម្ងឺក្រពះ។
វិធីការពារអាការភើ
ដើម្បីកុំឱ្យមានអាការភើនេះកើតឡើង ឬកើតឡើងសាជាថ្មីនោះ លោកអ្នកគួរតែព្យាបាលជម្ងឺក្រពះឱ្យបានជាសះស្បើយ ឬក៏ប្រើប្រាស់ថ្នាំជាប្រចាំ ខណៈពេលដែលមានអាការភើនេះកើតឡើងម្ដងម្កាល។ លោកអ្នកគួរចៀសវាងចំណីអាហារណាដែលរឹង ធ្វើឱ្យពិបាកដល់ការរំលាយអាហារ នាំឱ្យមានជម្ងឺក្រពះតែម្ដង។
ផលប៉ះពាល់នៃអាការភើ
ភើអាចធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងចំពោះខ្លួនលោកអ្នក ៖
- អាការភើកើត ធ្វើឱ្យការទទួលទានអាហារពុំមានរសជាតិឆ្ងាញ់នោះទេ
- ពេលអាការភើចាប់ផ្ដើមមាន លោកអ្នកគួរតែរួសរាន់ទៅពិភាក្សាជាមួយនឹងគ្រូពេទ្យឱ្យបានឆាប់រហ័ស ដើម្បីទទួលការ ព្យាបាល ព្រោះថាអាការនេះគឺជាការបង្ហាញនូវរោគសញ្ញារបស់ជម្ងឺក្រពះស្រាល ឬធ្ងន់ធ្ងរ។ លើសពីនេះជម្ងឺក្រពះអាចឱ្យលោកអ្នក មានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនមានការទប់ស្កាត់ឬព្យាបាលទាន់ពេលវេលា។ ព្រោះជម្ងឺក្រពះអាចឈានដល់ការធ្លាយក្រពះ ឬរលាកក្រពះធ្ងន់ធ្ងរ។
ដំបូន្មានអ្នកជំនាញ
បើមានអាការភើញឹកញាប់ ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ ចៀសវាងជម្ងឺផ្សេងៗ ដូចជាជម្ងឺរលាកក្រពះធ្ងន់ធ្ងរ និង ជម្ងឺពោះវៀនទៀតផង។ ម្យ៉ាងទៀតក្រោយពីទទួលនូវការណែនាំរបស់គ្រូពេទ្យហើយនោះ គួរតែអនុវត្ដឱ្យបានទៀងទាត់ ចំពោះការទទួលទានឱសថនានាផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩
Leave a Reply