សុខភាព​ស្ដ្រី​តាម​វ័យ(ត) ៖ ប្រការ​គួរ​យល់ដឹង​ក្រោយ​ពេល​សម្រាល

ក្រោយពេល​សម្រាល​ជាពេល​វេលា​ដែលគួរ​យកចិត្ដ​ទុកដាក់​ចំពោះ​សុខភាព​អ្នកម្ដាយ​ថ្មីថ្មោង និង​ទារក​ដែលទើប​នឹង​កើត។ មាន​ប្រការ​ចាំបាច់​មួយចំនួន​ដែល​អ្នកម្ដាយ​ត្រូវតែ​ដឹង​ដើម្បី​ងាយស្រួល​សម្រប​ខ្លួនទៅ​តាមការ​វិវឌ្ឍន៍​នៃសុខភាព​ខ្លួនឯង និង​ទារក។ រាប់​ចាប់ពី​វិនាទី​ដំបូង​ដែល​ទារកតូច​ឃើញ​ពន្លឺ​ព្រះអាទិត្យ អ្នកម្ដាយ​ត្រូវត្រៀម​អ្វីៗ​ជាច្រើន​ដើម្បី​ស្វាគមន៍​សមាជិក​ថ្មីនៃ​គ្រួសារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខមុន មិត្ដនារី​ទាំងអស់​បានជ្រាប​រួចមក​ហើយ​ពីការ​ត្រៀមខ្លួន​មុនពេល​សម្រាល ចំណែកឯ​ក្រោយ​ពេល​សម្រាល រួច​ហើយក៏​ត្រូវត្រៀម​ខ្លួន​សម្រាប់​ការចិញ្ចឹម និង​ថែទាំ​កូនតូច​ដែរ។ សូមអាន​ទស្សនាវដ្ដី សុខភាពយើង ដែល​ទទួលបាន​ការ សហការណ៍​ពី​លោកស្រី​វេជ្ជបណ្ឌិត ជូ ពិន អ្នក​ជំនាញ​ផ្នែក​រោគស្ដ្រី និង​សម្ភព​នៃមន្ទីរ​ពេទ្យ​កាល់ម៉ែត។

ប្រការ​គួរ​យល់ដឹង​អំពីការ​ថែរក្សា​សុខភាព​ម្ដាយ

អ្នកម្ដាយ​ទាំងឡាយ​គប្បី​យល់ដឹង​ពីប្រការ​មួយចំនួន​ដែលអាច​កើតមាន​ឡើង​ចំពោះ​សុខភាព​ខ្លួន​ក្រោយពេល​សម្រាល ដែលមាន​ដូចជា ៖

1 . ការ​ធ្លាក់ឈាម ៖ ជាទូទៅ​ក្រោយពេល​សម្រាល​កូន ស្ដ្រី​រមែង​ធ្លាក់ឈាម​ជារឿង​ធម្មតា ដែលជា​ទូទៅ​ការ​ធ្លាក់ឈាម មាន​រយៈពេល​ប្រមាណ​៣សប្ដាហ៍​ទើបអស់។ កំឡុង​ពេលនេះ​ស្ដ្រីត្រូវ​មាន​អនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ល្អ ចៀសវាង​មេរោគ​ជ្រៀត​ចូល។ តែបើ​ការធ្លាក់​ឈាមខ្លាំង ហើយ​មាន​គ្រុនក្ដៅ​ផងនោះ ចាំបាច់​ត្រូវ​ទៅរក​គ្រូពេទ្យ ព្រោះអាច​ទម្លាក់​សុក​មិនអស់​នៅពេលសម្រាល។

2 . ការ​ពិនិត្យ​សុខភាព ៖ ក្រោយ​ពេល​សម្រាល​ភ្លាមៗ​ត្រូវមាន​ការពិនិត្យ និង​តាមដាន​សុខភាព​ស្ដ្រី​ជាប្រចាំ។ ស្ដ្រី​ក៏ត្រូវ ពិនិត្យ​សុខភាព​ផងដែរ នៅពេល​ដែលស្ដ្រី​សម្រាល​កូនបាន​រយៈពេល​៦សប្ដាហ៍ ដើម្បី​ឱ្យដឹង​ថា​សុខភាព​របស់ខ្លួន​ត្រឡប់​មករក​ភាព ប្រក្រតី​វិញ​ហើយ​ឬនៅ។ ម្យ៉ាង​ចាប់ពី​៦សប្ដាហ៍​ឡើងទៅ​ស្ដ្រីអាច​រួមភេទ​បាន ហេតុនេះ​ស្ដ្រីក៏​ត្រូវ​គិតគូរ​ផងដែរ​អំពី​មធ្យោបាយ​ពន្យារ​កំណើត។

3 . គ្រាប់ថ្នាំ​ជីវជាតិ​អា ៖ ស្ដ្រី​ក្រោយ​សម្រាលកូន​នៅចន្លោះ​ពេល៨​សប្ដាហ៍​ត្រូវបាន​ទទួល​ផងដែរ​ថ្នាំគ្រាប់​ជីវជាតិអា​មួយគ្រាប់ ដើម្បី​បំប៉ន​សុខភាព ជាពិសេស​ស្ដ្រី​ដែល​បំបៅ​កូនដោយ​ទឹកដោះ។

4 . ការ​បរិភោគ​ចំណី​អាហារ ៖ មនុស្ស​ដែលមាន​សុខភាព​ធម្មតា​នៅពេល​ដែល​ទទួលទាន​ចំណី​អាហារ​មិនបាន គ្មាន​ចំណីអាហារ​ល្អៗ​សម្រាប់​ទទួលទាន ដូចជា​ត្រីសាច់ សត្វ បន្លែ ផ្លែឈើ​ជាដើម ក្នុង​រយៈពេល​មួយខែ​ប្រាកដជា​មាន​រាងកាយ​ស្គមស្គាំង គ្មាន​កម្លាំង​កំហែង​មិនខាន​ឡើយ។ ចុះទម្រាំ​តែមិន​ហ៊ាន​ទទួលទាន​អ្វី​ច្រើនទៀត ព្រោះ​ខ្លាចទាស់​នោះ តើ​សុខភាព​របស់ស្ដ្រី​ទៅជា​យ៉ាងណា? ក្នុងពេល​សម្រាល​ត្រូវ​អស់ឈាម​ច្រើន អស់កម្លាំង ណាត្រូវ​អត់ងងុយ​ក្នុងការ​ថែទាំ និង​បំបៅកូន​តូច​ថែមទៀត។

5 . ឈឺ​ពោះតិចៗ ៖ នេះជា​ចលនារួម​មកវិញ​របស់ស្បូន​ទៅកាន់​កន្លែង​ដើមដែល​បង្ក​ទៅជា​ការឈឺ​ពោះអួលៗ។ បើ​ឈឺខ្លាំង ត្រូវយក​ទឹកក្ដៅ​ដាក់ក្នុង​ដបមក​ស្អំពោះ​នឹងបាន​ធូរស្រាល​ខ្លះ។ នៅពេល​សម្រាល​កូនបាន​មួយ​សប្ដាហ៍ អាការ​ទាំងនេះ​នឹងបាត់ទៅវិញ។

6 . ពិបាក​បត់ជើង​តូច ៖ ជារឿង​ធម្មតា លោកស្រី​អ្នកនាង​អាចយក​ទឹកក្ដៅ​ស្អំពោះ​ខាងក្រោម។ បើការ​ពិបាក​បត់ជើង​នេះ អូសបន្លាយ​រយៈពេល​២ថ្ងៃ ចាំបាច់​ត្រូវរក​គ្រូពេទ្យ​ដើម្បី​បូមទឹក​ចេញ ព្រោះ​បើទុក​យូរមិន​ល្អឡើយ។

7 . ឆ្អល់ពោះ ឬ​ដកដង្ហើម​តឹង ៖ ក្រោយពេល​សម្រាល​បើជួប​នឹង​បញ្ហា ស្ដ្រី​ជាម្ដាយ​ត្រូវដេក​ផ្កាប់មុខ​ដើម្បី​ឱ្យភើ និង​ផោម ដែលអាច​សម្រាល​អាការ​ឆ្អល់ពោះ​បាន។ គប្បីត្រូវ​ប្រុងប្រយ័ត្ន​មិនត្រូវ​ប្រើថ្នាំ​សម្រាប់​បញ្ចុះ​លាម​កផ្ដេស​ផ្ដាសទេ ព្រោះអាច​ធ្វើឱ្យ​ខះ​ទឹកដោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រការ​គួរ​យល់ដឹង​អំពី​ការ​ថែរក្សា​សុខភាព​ទារក

ទារក​ទើបនឹង​កើតត្រូវ​ការ​ជាចាំបាច់​នូវការ​ថែរក្សា​ពីសំណាក់​អ្នក​ដែលនៅ​ជុំវិញ​ខ្លួន ជាពិសេស​អ្នកម្ដាយ​របស់គេ ដោយ​រាប់តាំង​ពីនាទី​ដំបូង​នៃ​ជីវិត។ ការ​ថែទាំ​មានដូច​ជា ៖

  • ម្ដាយ​ត្រូវ​ចាប់ផ្ដើម​បំបៅ​កូនដោយ​ទឹកដោះ​ដំបូង​ឱ្យបាន​ឆាប់​បំផុត ក្រោយពេល​សម្រាល​បើទោះ​បីជា​មិនទាន់​មាន​ទឹក ដោះ​ក៏ដោយ ព្រោះការ​ជញ្ជក់​របស់​ទារក​អាចធ្វើ​ឱ្យការ​ផលិត​ទឹកដោះ​ចាប់ផ្ដើម​ឡើង។ សូមចង​ចាំថា មិនមាន​ម្ដាយ​ណាដែល​គ្មាន ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​កូននោះ​ទេ ព្រោះ​កាលណា​កូនបៅ​កាន់តែ​ច្រើន ការ​ផលិត​ទឹកដោះ​ក៏កាន់តែ​កើនឡើង ដើម្បី​បំពេញ តាម​តម្រូវការ​របស់​ទារក។ ជាមួយ​គ្នានេះ​ផងដែរ ការ​ឆាប់​បំបៅ​ដោះកូន​ក៏អាច​ជួយដល់​ការកន្ដ្រាក់​ស្បូន​របស់ម្ដាយ​ដែលអាច​កាត់ បន្ថយ​ការ​ប្រឈម​នឹងការ​ធ្លាក់ឈាម​ច្រើន ព្រមទាំង​ការ​បង្ក​រោគ​នានា។
  • អ្នកម្ដាយ​ត្រូវថែ​ទាំទងផ្ចិត​ទារក​ឱ្យបាន​ល្អ ត្រូវឱ្យ​ប្រាកដ​ថាមួយ​សប្ដាហ៍​ក្រោយពេល​កើតទងផ្ចិត​ទារក​ត្រូវតែ​ស្អាត
  • អ្នកម្ដាយ​ត្រូវយក​ទារក​ទៅទទួល​ថ្នាំបង្ការ​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់។ ថ្នាំបង្ការ​អាច​ការពារ​ទប់ទល់​នឹង​គ្រោះថ្នាក់​ជាច្រើន។ កុមារ​ដែល​មិនបាន​ទទួល​ការផ្ដល់​ថ្នាំបង្ការ​អាច​រងគ្រោះ​ដោយ​ជម្ងឺ​ជាញឹកញាប់ កុមារ​ខ្លះ​ពិការ​អស់មួយ​ជីវិត ខ្លះ​ទៀត ប្រឈម​មុខនឹង​ជម្ងឺខ្វះ​អាហា​រូបត្ថម្ភ ឬក៏​អាចស្លាប់​ទៀតផង។ ខាងក្រោម​នេះជា​ប្រតិទិន​នៃការ​ចាក់ថ្នាំ​បង្ការ​សម្រាប់​ទារក ៖

ចំនួន​នៃការ​ចាក់ថ្នាំ អាយុ​របស់ទារក ថ្នាំបង្ការ​ដែលត្រូវ​ផ្ដល់ឱ្យ

  • លើក​ទី១ ទើបនឹង​កើត ការពារ​ជម្ងឺ​របេង, ជម្ងឺ​រលាកថ្លើម​ប្រភេទបេ
  • លើក​ទី២ ១ខែ​កន្លះ ការពារ​ជម្ងឺគ្រុនស្វិត​ដៃជើង, ក្អក​មាន់, ខាន់​ស្លាក់, តេតាណូស និង​ជម្ងឺរលាក​ថ្លើម ប្រភេទ​បេ
  • លើក​ទី៣ ២ខែ​កន្លះ ការពារ​ជម្ងឺ​គ្រុនស្វិត​ដៃជើង, ក្អកមាន់, ខាន់ស្លាក់, តេតាណូស និងជម្ងឺ​រលាក​ថ្លើម ប្រភេទ​បេ
  • លើក​ទី៤ ៣ខែ​កន្លះ ការពារ​ជម្ងឺ​គ្រុនស្វិត​ដៃជើង, ក្អកមាន់, ខាន់ស្លាក់, តេតាណូស និងជម្ងឺ​រលាក​ថ្លើម ប្រភេទ​បេ
  • លើក​ទី៥ ៩ខែ ការពារ​ជម្ងឺ​កញ្ជ្រឹល

គ្រប់ស្ដ្រី​ទាំងអស់​គប្បី​ត្រូវ​ចងចាំ​ថាភារៈ​ជាម្ដាយ​ជាការងារ​ធ្ងន់ធ្ងរ តែ​លោកស្រី​អ្នកនាង​ត្រូវ​ទទួល​ដោយ​មិនអាច​គេច​វេស បាន។ ហេតុនេះ​លោកស្រី​អ្នកនាង​គប្បី​ប្រតិបត្ដិ​ឱ្យបាន​ដើម្បី​សុខភាព​ខ្លួនឯង​ផ្ទាល់ ក៏ដូចជា​សុខភាព​របស់​កូនតូច​ជាទី​ស្រឡាញ់​ផង ដែរ។ ព្រោះ​កាលណា​បើកូន​តូចមាន​សុខភាព​មិនល្អ ម្ដាយ​ត្រូវ​ទ្រទ្រង់​ការមើល​ថែទ្វេ​ឡើង ក៏ជា​ហេតុធ្វើ​ឱ្យម្ដាយ​ទ្រុឌទ្រោម​សុខភាព ទៅតាម​នោះដែរ។ (សូម​បន្ដអាន​នៅលេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *