អនាម័យ​ខ្លួនប្រាណ ៖ ទម្លាប់ល្អ

សុខភាព​ជា​រឿង​ដែល​សំខាន់ ព្រោះ​អ្នក​ណាៗ​ក៏ចង់​បាន​ដែរ។ សុខភាព​ល្អ​គឺ​អាស្រ័យ​ទៅ​លើ​លោក​អ្នក​ដែល​ជា​អ្នក​ថែរក្សា​ ដោយ​ខ្លួនឯង ដើម្បី​ឱ្យ​ខ្លួន​ឯង​មាន​សុខភាព​ល្អ។ សុខភាព​ល្អ​គឺ​ផ្ដោត​ទៅ​លើ​ការ​មាន​ទម្លាប់​ល្អ​ចំពោះ​ការ​អនាម័យ​ជា​ចម្បង ដូចជា​អនាម័យ​ចំពោះ​ខ្លួន​ប្រាណ និង​អនាម័យ​ការ​រស់​នៅ​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាព​យើង ជួប​ជា​មួយ​លោក​ស្រី សិព វីរិយ៉ាមន្ដ្រី​សម្រប​សម្រួល​ផ្នែក​ទំនាក់​ទំនង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​សម្ភារៈ​នៃ​សមាគម​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា​(រ៉ាក់) ដើម្បី​ទទួល​បាន​ការ​បកស្រាយ​អំពី​អ្នក​ដែល​មាន​ទម្លាប់​ល្អក្នុង​ការអនាម័យ​ខ្លួនប្រាណ។

ដូចម្ដេច​ដែល​ហៅថា​ទម្លាប់​ល្អ?

ទម្លាប់ល្អ​គឺ​សំដៅ​ទៅលើ​មនុស្ស​ដែល​ឧស្សាហ៍ មិន​ខ្ជិល ធ្វើអ្វីៗ​គឺស្អាត​ជា​និច្ច មិន​ថា​ចំពោះ​ខ្លួន​ប្រាណ និង​ការ​រស់​នៅ គឺ​ត្រូវតែ​ស្អាត និង​មាន​អនាម័យ​ជា​និច្ច។

1. ការ​អនាម័យ​ចំពោះ​ខ្លួន​ប្រាណ ៖ មនុស្ស​ម្នាក់​ត្រូវ​ងូត​ទឹកយ៉ាង​ហោចណាស់​ឱ្យ​បាន​ពី​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ គឺ​ពេល​ព្រឹក ពេល​ថ្ងៃត្រង់ និង​ពេលយប់ ជា​ពិសេស​នៅពេល​ងូតទឹក​ត្រូវ​ធ្វើការ​សម្អាត​ខ្លួន​នឹង​សាប៊ូ ដែល​មាន​សារ​ជាតិ​កម្ចាត់​មេរោគ និង​ជំនួយ​ដល់​ខ្លួនប្រាណ គឺ​ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​ក្រអូប ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ក្លិន​ខ្លួន​មិន​ល្អ​ទៅលើ​អ្នក​ដទៃ។ ជា​មួយគ្នា​នេះ​នៅ​ពេល​ដែល ងូត​ទឹក​ត្រូវ​តែ​សម្អាត​ធ្មេញ ព្រោះ​អាច​ធ្វើ​ឱ្យ​ធ្មេញ​មាន​សោភ័ណភាព និង​មិន​មាន​ក្លិន​មាត់ អាច​​រក្សា​ធ្មេញ​មិន​ឱ្យ​ពុក​ផុយ​បាន​ថែម​ទៀត​ផង។ យ៉ាង​ហោច​ណាស់​ត្រូវ​កក់​សក់​ឱ្យ​បាន​ម្ដង​ក្នុង​មួយ​ថ្ងៃ ឬ​ក៏ពីរ​ថ្ងៃម្ដង​ក៏​បាន ដើម្បី​ការពារ​ការ​កើត​ចៃ និង​អង្គែ​ជា​ដើម។ ម្យ៉ាងទៀត​មិន​ត្រូវ​កក់​សក់​នៅ​ពេល​យប់ទេ ព្រោះ​វាអាច​ធ្វើឱ្យ​សក់​ស្អុយ និង​ងាយ​កើត​ចៃ។ ចំណែក​ក្រចក​ជា​ផ្នែក​មួយ​នៃ​សម្រស់​ដៃ ហើយ​ក៏​ជា​កន្លែង​ប្រមូល​ផ្ដុំ​នៃ​មេរោគ​ផង​ដែរ។ ដូច្នេះ​ដើម្បី​ការពារ​មេរោគ​ទាំង​នោះ លោកអ្នក​ត្រូវ​តែ​ឧស្សាហ៍​សម្អាត​ក្រចក​ដោយ​​លាង ជា​មួយ​នឹង​សាប៊ូ ឬ​ទឹក​ក្រូច​ឆ្មារ ដើម្បី​សម្លាប់​មេរោគ​ដែល​នៅ​ក្នុង​ក្រចក។

2. ការ​អនាម័យ​ចំពោះ​សម្លៀក​បំពាក់ ៖ ការ​អនាម័យ​ចំពោះ​សម្លៀក​បំពាក់​វាជា​រឿង​មួយ​ដែល​សំខាន់ មិន​គួរ​ធ្វេស ប្រហែស​ឡើយ​ព្រោះ​សម្លៀក​បំពាក់​ស្អាត​មាន​ក្លិន​ល្អ​ក៏​ជា​ចំណែក​មួយ​ធ្វើឱ្យ​មាន​សុខភាព​ល្អ។ លោក​អ្នក​គួរ​បោក​ខោអាវ​និង​ហាល​ខោ អាវ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ ព្រោះ​ពន្លឺ​ថ្ងៃ​អាច​សម្លាប់​មេរោគ​បាន។ មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​សើម​នោះទេ ព្រោះ​សម្លៀក​បំពាក់​សើម​ហាល មិន​ស្ងួត​មាន​មេរោគ​ជាច្រើន​ដែល​អាច​ប្រមូល​ផ្ដុំ​នៅ​តាមក្លៀក ចង្កេះ ក្រលៀន និង​កន្លែង​ផ្សេងៗ​ទៀត​នៃរាង​កាយ ដែល​មេរោគ​ទាំង​នេះ​អាចបង្ក​ឱ្យមាន​ក្លិន​ខ្លួន និង​មាន​កើត​រមាស់​ជាដើម។

3. ការ​អនាម័យ​ចំពោះ​កន្លែងរស់​នៅ ៖ ជារឿង​មួយ​ដែល​សំខាន់​ណាស់​សម្រាប់​លោកអ្នក​គ្រប់រូប។ ការ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​​ស្អាត អាច​ធ្វើឱ្យ​មាន​សុខ​ភាពល្អ មិន​មាន​ឆ្លង​មេរោគ អាច​ធ្វើឱ្យ​គ្រួសារ​មាន​សុភមង្គល និង​មានភាព​ថ្លៃថ្នូរ។

លទ្ធផល​ដែលទទួល​បាន​ពី​អនាម័យ​ខ្លួនប្រាណ

ការ​សម្អាត​ខ្លួន​ប្រាណ​បាន​ស្អាត​ធ្វើឱ្យ​លោកអ្នក​មាន​សុខភាព​ល្អ មិន​ងាយ​ឆ្លង​ជម្ងឺ​ផ្សេងៗ ដូចជា​រាករូស កើតចៃ កើតរមាស់​ជាដើម ជា​ពិសេស​អាច​ធ្វើឱ្យ​ខ្លួនប្រាណ​មិន​មាន​ក្លិន​ស្អុយ ឬឆ្អាប​ឡើយ។ នៅពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ អាច​ទទួល​បាន​ពាក្យ​លើក​សរ​សើរ។ អ្វី​ដែល​ប្រសើរ​នោះ​គឺអាច​ធ្វើឱ្យ​គ្រួសារ​មាន​សុភមង្គល និង​មាន​ភាព​ថ្លៃថ្នូរ​នៅក្នុង​សង្គម​ថែម​ទៀត​ផង។

ដំបូន្មាន​អ្នកជំនាញ

សុខភាព​ល្អ​គឺ​អាស្រ័យ​ទៅ​លើការ​ចេះ​ថែ​រក្សា​ខ្លួន​ប្រាណ និង​មាន​អនាម័យ​ចំពោះ​ការ​រស់នៅ។ ដូច្នេះ​ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ​លោក​អ្នក​ត្រូវតែ​មាន​ការ​អនាម័យ និង​ការ​ថែរក្សា​ខ្លួន​ប្រាណ។ សុខភាព​ល្អធ្វើ​ឱ្យ​លោក​អ្នក​មាន​មោទន​ភាព​ចំពោះ​ខ្លួនឯង ធ្វើឱ្យ​ជីវិត​មាន​ន័យ និង​អាច​ធ្វើឱ្យ​គ្រួសារ​មាន​សុភមង្គល​បាន​ទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *