វីតាមីន(ត) ៖ អត្ដ​សញ្ញាណ និង​វត្ដមាន

លោកអ្នក​បានជ្រាប​ហើយ​អំពី​វីតាមីន​នូវ​និយមន័យ និង​ចំណាត់ថ្នាក់​របស់វា នៅលើ​ទំព័រ​ទស្សនាវដ្ដី សុខភាពយើង លេខមុន​(លេខ០៤៣)។ នៅពេល​នេះ យើងខ្ញុំ​សូមបន្ដ​លើកជូន​នូវ​ព័ត៌មាន និង​ចំណេះដឹង​ផ្សេងៗ​ទៀត​ទាក់ទង​ទៅនឹង​សារធាតុ​វីតាមីន ទាំងនេះ។ ការ​យល់ដឹង​អំពី​វីតាមីន​បានល្អ និងការ​ទទួលទាន​ចំណី​អាហារ​បាន​ត្រឹមត្រូវ នឹង​ផ្ដល់នូវ​សុខភាពល្អ និង​សុភមង្គល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អត្ដ​សញ្ញាណ​ដូចគ្នា​របស់វីតាមីន

វីតាមីន​មាន​រចនាសម្ព័ន្ធ​គីមី​សាស្ដ្រ របៀប​ធ្វើ​សកម្មភាព និង​មុខងារ​របស់វា​ខុសគ្នា​យ៉ាងខ្លាំង​ពីវីតាមីន​មួយ​ទៅវីតាមីន​មួយ ទៀត។ ប៉ុន្ដែ​ជាតិ​វីតាមីន​ទាំងនេះ​មានចំណុច​ពិសេស​ដូចគ្នា​ចំនួន៦​ចំណុចគឺ ៖

1 . ជាតិ​វីតាមីន​មិនផ្ដល់​ថាមពល​កាឡូរី​នោះទេ សូម្បី​បន្ដិចក៏​ទេដែរ

2 . ជាតិ​វីតាមីន​មាន​វត្ដមាន ឬ​ចំណុច​តិចតួច​ប៉ុណ្ណោះ​នៅក្នុង​សព៌ាង្គ​កាយ​មនុស្ស និង​ចំណី​អាហារ

3 . ជាតិ​វីតាមីន​មិនអាច​ផលិត​ឡើងដោយ​ខ្លួនប្រាណ​មនុស្ស​នោះទេ ទោះបី​ជាមនុស្ស​បាន​ទទួលទាន​នូវ​សារធាតុ​ផ្សំ​គ្រប់ យ៉ាង​បែបណា​ក្ដី លើកលែង​តែវីតាមីនដេ​(ឌ) វីតាមីន​កា(គ) និង​វីតាមីន​បេ៣​(ព៣)។

4 . ជាតិ​វីតាមីន​មិនអាច​ផ្លាស់ប្ដូរ ឬ​ប្រែក្លាយ​ពីមួយ​ទៅមួយ ឬអាច​ជំនួសគ្នា​បាន​នោះទេ។ បើមាន​សារធាតុ​វីតាមីន​ណា ខ្វះ​នៅក្នុង​រាងកាយ វា​មិនអាច​ជំនួស​ដោយ​វីតាមីន​ផ្សេង​ដែល​លើស​កម្រិត ហួស ឬ​លើស​តម្រូវការ​នោះទេ។

5 . វីតាមីន​ជាសារធាតុ​ចាំបាច់​សម្រាប់​ដំណើរ​ការ​ប្រព្រឹត្ដ និង​ដំណើរ​ការ​លូតលាស់​នៃសរីរាង្គកាយ​របស់​មនុស្ស។
វីតាមីន នាំឱ្យ​មានការ​បំបែក និង​បន្សំ ជា​អាទិវីតាមីន​បង្ក​សកម្មភាព​អុកស៊ីដ​កម្មនៃ​ចំណី​អាហារ និង​ប្រតិបត្ដិ​ការរបស់​មេតាបូលីស។

6 . កង្វះ​ជាតិ​វីតាមីន​បង្កឱ្យ​មាន​វិបត្ដិ ឬ​ជម្ងឺ​នានា។ នៅក្នុង​ប្រទេស​ក្រីក្រ​មួយចំនួន កង្វះ​វីតាមីន​អាច​បង្កជា​ជម្ងឺ​ពិការ ភាព និង​ជម្ងឺ​ប៉ះពាល់​ដល់​ជីវិត​ទៀតផង។ ប៉ុន្ដែ​នៅ​ប្រទេស​អ្នកមាន​មួយចំនួន ការខ្វះ​ជាតិ​វីតាមីន ឬ​លើសជាតិ​វីតា មីន​អាចបង្ក​ជាវិបត្ដិ​មុខងារ​សព៌ាង្គកាយ​ផងដែរ។

វត្ដមាន​របស់​វីតាមីន

ជាចម្បង​វីតាមីន​មាន​វត្ដមាន​នៅក្នុង​ចំណីអាហារ​ដែលយើង​ទទួលទាន​ជារៀង​រាល់ថ្ងៃ។ ក្រុម​ចំណី​អាហារ​នីមួយៗ​ផ្ដល់វីតាមីន​មួយក្រុម ឬមួយ​ប្រភេទ។ ហេតុនេះ​ហើយ​បានជា​លោកអ្នក​ត្រូវ​ទទួលទាន​ចំណី​អាហារ​សព្វមុខ​ដើម្បី​សុខភាព។ ទាក់ទង​និង​ព័ត៌មាន​លម្អិត​អំពី​ប្រភេទ​វីតាមីន​ទាំងនេះ ទស្សនាវដ្ដី សុខភាពយើង នឹង​លើកមក​ជម្រាប​ជូនបាន​លម្អិត​ម្ដងមួយៗ​នៅលេខ​ក្រោយៗ ទៀត។ ពេលនេះ​សូម​ជម្រាប​ជូនគោលៗ​មួយចំនួន​ដើម្បី​ជាការ​ស្វែងយល់​ខ្លះៗ។

  • សាច់​សត្វ សាច់​បក្សី និង​ស៊ុត ៖ សម្បូរ​ទៅដោយ​វីតាមីន​បេ១ (សាច់ជ្រូក) បេ២ បេ៥ បេ៦ បេ១២ បេ៣
  • សាច់​ត្រី ៖ ដូច​សាច់សត្វ​ដទៃទៀត​ដែរ តែ​នៅក្នុង​សាច់ត្រី សម្បូរ​ទៅដោយ​វីតាមីន អា និង​វីតាមីន ដេ ផង
  • ទឹក​ដោះគោ និង​ផលិតផល​ទឹកដោះ ៖ មាន​វីតាមីនបេ និង​វីតាមីនអា (ជាពិសេស​ពពួក​ទឹកដោះ​គោសុទ្ធ ជាតិ​ប៊រ និង​ជាតិក្រេម)
  • គ្រាប់​ធុញ្ញជាតិ ៖ មាន​វីតាមីនអឺ និងគ្រប់​វីតាមីនបេ ស្ទើរ​គ្រប់​ប្រភេទ
  • បន្លែ ៖ សម្បូរ​ទៅដោយ​វីតាមីនបេ (ជា​ពិសេសបេ៩) បែតាការ៉ូលីន វីតាមីនសេ និង​វីតាមីនបេ ផ្សេងទៀត​(នៅ ក្នុង​ដំឡូង​បារាំង)
  • ផ្លែ​ឈើ ៖ មាន​វីតាមីនសេ បែតាការ៉ូលីន និង​វីតាមីន​បេ៦ (ផ្លែចេក)
  • ប្រេង​រុក្ខជាតិ ៖ មាន​វីតាមីនអឺ។

ក្រៅពី​ចំណី​អាហារ​ដែលបាន​រៀបរាប់​ខាងលើ​មកនេះ​ស្ទើរតែ​គ្មាន​វត្ដមាន​វីតាមីន​នោះទេ។ ជាពិសេស​ពពួក​ចំណី​អាហារ ដែល​សម្អាត និង​កែច្នៃ ដូចជា​នំប៉័ង​ពណ៌ស ម្សៅ​ពណ៌ស អង្ករ​សម្រិត ឬបាយ​ពណ៌ស និង​ទឹកដោះ​គោខាប់ ឬ​ក្រែម ព្រមទាំង​ចំណីអាហារ​ដែល​រៀបចំ​ធ្វើដោយ​គ្មានការ​យកចិត្ដ​ទុកដាក់​(ត្រាំយូរពេក ស្ងោរយូរពេក ឬ​ទឹកបី​យកទឹក​មួយ) ចំណី​អាហារ​សម្លាប់​មេរោគ ឬដោយ​ឆ្លង​កាំរស្មី​ជាមុន។

ជាតិ​ស្ករ ឬបង្អែម​ជាប្រភេទ​សារធាតុ​ដែល​អាក្រក់​ជាងគេ មិន​ត្រឹមតែ​មិនមាន​ផ្ទុក​សារធាតុ​វីតាមីន​នោះទេ ជាពិសេស​ពពួកស្ករ​គ្រប់ប្រភេទ ដូចជា​ស្ករគ្រាប់ នំប្រអប់ និង​នំសព្វ​ប្រភេទ។ ប៉ុន្ដែវា​ថែមទាំង​ធ្វើឱ្យ​ថមថយ​នូវការ​ស្ដុកទុក​សារធាតុ​មួយចំនួន ដូចជា ជាតិ​ម៉ាញ៉េស្យូម ជាតិ​ក្រូម និងជាតិ​វីតាមីន​បេ១ ដើម្បី​រំលាយ​វាទៀត​ផង។ សព្វថ្ងៃ​នេះ ស្ករ ឬបង្អែម​ត្រូវបាន​ចោទ​ប្រកាន់ថា​ជាសារធាតុ​អាក្រក់ និងជា​សត្រូវ​របស់​ចំណី​អាហារ និង​របស់​សព៌ាង្គកាយ​មនុស្ស​ទៀតផង។ (សូម​បន្ដអាន​នៅលេខ​ក្រោយ)
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *