ថ្នាំលាបក្រចក ៖ សារៈប្រយោជន៍ និងផលប៉ះពាល់

ស្ដ្រី​ប្រាថ្នា​ចង់បាន​ក្រចក​ស្អាត ព្រោះ​ក្រចក​ស្អាត​គឺជា​ផ្នែក​មួយ​នៃ​សម្រស់​ដៃ។ នៅ​លើ​ទីផ្សារ​មាន​ថ្នាំ​ពណ៌​លាប​ក្រចក​ជា​ច្រើន​ម៉ាក​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​លាប​ដើម្បី​លម្អ​ក្រចក​របស់​សុភាព​នារី។ ថ្នាំ​ក្រចក​ពិត​ជា​ធ្វើ​ឱ្យ​ក្រចក​ស្អាត​នៅ​ពេល​លាប​ប៉ុន្ដែ​​​នារី​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ជ្រាប​ច្បាស់​ទេ​ថា​ការ​ប្រើ​ប្រាស់​ថ្នាំ​ក្រចក​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​ក្រចក​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឱ្យ​ក្រចក​របស់​យើង​បាត់បង់​នូវភាព​ស្រស់​ស្អាត​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្នុង​ទស្សនាវដ្ដី សុខភាព​យើង អ្នកស្រី សោភា ម្ចាស់ហាង​កែសម្ផស្ស​ម៉ា​លីនណា និង​បកស្រាយ​ឱ្យ​ច្បាស់​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំក្រចក រួមទាំង​វិធី​ការពារ​ក្រចក​ផង​ដែរ។

សារៈប្រយោជន៍​នៃការ​ប្រើប្រាស់​ថ្នាំលាប​ក្រចក

ការលាប​ថ្នាំក្រចក​ធ្វើឱ្យ​ក្រចក​ស្អាត ហើយ​មាន​លក្ខណៈ​ក្រាស់​រឹង ឬ​មិន​ទន់។ ហើយ​ប្រសិន​បើ​លោកស្រី​អ្នកនាង​កញ្ញា​ចង់​ឱ្យ​ក្រចក​ល្អ​ស្រស់​ស្អាត ត្រូវ​ឧស្សាហ៍​លាប​ក្រចក​ឱ្យបាន​ញឹកញាប់​ព្រោះ​ថ្នាំលាប​ក្រចក​ធ្វើឱ្យ​ក្រចក​របស់​លោក​ស្រី​អ្នកនាង​កញ្ញា​ក្រាស់ ហើយ​ដុះ​លឿន និង​មិន​បាក់។ ជា​ពិសេស​វា​ធ្វើឱ្យ​ក្រចក​មាន​សោភ័ណភាព​ស្រស់​ស្អាត។ អ្វី​ដែល​កាន់​តែ​ល្អ​នោះ​គឺ​បិទបាំង​ភាព​កខ្វក់​នៅ​ក្នុង​ក្រចក។

ផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​ថ្នាំលាប​ក្រចក

នៅពេល​លោកស្រី​អ្នកនាង​កញ្ញា​ឧស្សាហ៍​លាបថ្នាំ​ក្រចក​ធ្វើឱ្យ​ក្រចក​មាន​ពណ៌​លឿង​ឡើង​ស្និម ស្រអាប់​ជាដើម​ ជា​ពិសេស​នៅពេល​ដែល​លាងថ្នាំ​ក្រចក​ចេញ។ ព្រោះ​ថ្នាំលាប​ក្រចក​ជា​អាវុធ​មុខពីរ ទី​មួយ​ធ្វើឱ្យ​ក្រចក​ស្អាត​នៅ​ពេល​លាប ទីពីរ​​គឺ​ធ្វើ​ឱ្យ​ក្រចក​បាត់បង់​នូវ​សោភ័ណភាព​នៅ​ពេល​លាង​ថ្នាំ​ក្រចក​ចេញ។

វិធី​ថែទាំ​ការពារ​ក្រចក

ក្រចក​ឡើង​លឿង​គឺ​បណ្ដាល​មកពី​ការ​លាប​ក្រចក​ដែល​មាន​ពណ៌​ក្រមៅ​ពេក បញ្ហា​នេះ​អាច​កែ​បាន​នៅពេល​ដែល​យើង​លាង​ក្រចក​ចោល​ហើយ​ទុកឱ្យ​ក្រចក​ដុះឱ្យ​ផុត។ សូម​កុំទុក​ថ្នាំលាប​ក្រចក​ឱ្យនៅ​លើ​ក្រចក​មាន​រយៈពេល​យូរ​លើសពី​៣ទៅ​៥ថ្ងៃ បើ​មិន​ដូច្នេះ​ទេ​ជាតិ​ថ្នាំ​អាច​ធ្វើឱ្យ​ក្រចក​ខូច​បាន។ ត្រូវ​ទទួល​ទាន​ផ្លែឈើ និង​បន្លែ​ឱ្យបាន​ច្រើន ព្រោះ​ផ្លែឈើ និង​បន្លែ​ក៏​ជា​ចំណែក​មួយ​សម្រាប់​ការពារ​ក្រចក ធ្វើឱ្យ​ក្រចក​រឹង និង​មិន​មាន​ភាព​ស្រអាប់ ជា​ពិសេស​ត្រូវ​ទទួលទាន​វីតាមីន និង​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​ជំនួយ​ដល់​ក្រចក។ ក្រចក​មាន​ភាព​ខុសគ្នា​រវាង​ក្រចក​ដៃ និង​ក្រចក​ជើង ដោយ​ក្រចក​ដៃដុះ​លឿន​ជាង​ក្រចក​ជើង​១មីលីម៉ែត្រ​ក្នុង​មួយស​ប្ដាហ៍។

ដំបូន្មាន​របស់​អ្នក​ជំនាញ

ដើម្បី​ឱ្យ​ក្រចក​លោក​ស្រី​អ្នកនាង​កញ្ញា​មាន​ភាព​ស្អាត​មិន​ស្រអាប់​មិន​លឿង ត្រូវ​តែ​សម្អាត​ក្រចក​ឱ្យបាន​ញឹកញាប់ អ្វី​ដែល​សំខាន់​នោះគឺ​នៅពេល​ដែល​លោកស្រី​អ្នកនាង​កញ្ញា​លាប​ក្រចក​មិន​ត្រូវ​ទុក​ឱ្យ​ពណ៌​ថ្នាំ​ក្រចក​នៅយូរ​ពេកទេ ត្រូវ​តែ​ឆាប់លាង​សម្អាត​ចេញ​ដើម្បី​ចៀសវាង​ការ​ខូច​ក្រចក។ ត្រូវ​តែ​ឧស្សាហ៍​សម្អាត​ក្រចក​ដោយ​លាង​ជាមួយ​នឹង​សាប៊ូ ឬ​ទឹក​ក្រូចឆ្មារ​ដើម្បី​សម្លាប់​មេរោគ​ដែល​នៅក្នុង​ក្រចក ដូច​ជា​ធូលី​ដែល​នៅក្នុង​ក្រចក​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែតុលា ឆ្នាំ២០០៩

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *