ស្ដ្រីគ្រប់រូបគួរតែមានគំនិតច្នៃប្រឌិតដ៏ល្អមួយសម្រាប់ការទុកដាក់គ្រឿងសម្អាង។ ការរៀបទុកដាក់គ្រឿងសម្អាងបានត្រឹមត្រូវ នាំមកនូវភាពងាយស្រួលក្នុងការប្រើប្រាស់ដោយពុំបាច់បារម្ភអំពីផលប៉ះពាល់ ហើយអាចធ្វើឱ្យគ្រឿងសម្អាង រក្សាទុកបានយូរទៀតផង។ មិត្ដនារីប្រហែលជាកំពុងគិតថា តើធ្វើដូចម្ដេចដើម្បីឱ្យគ្រឿងសម្អាងរបស់ខ្លួនអាចរក្សាទុកបានល្អ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកស្រី សាពណ៌ នាយិកាសាលាបង្រៀនកែសម្ផស្ស និងអ្នកជំនាញរៀបចំ គេហដ្ឋាន ដើម្បីបកស្រាយអំពីរបៀបទុកដាក់គ្រឿងសម្អាង។
ការកម្ចាត់ចោលគ្រឿងសម្អាងចាស់ៗ
សូមបោះចោលនូវផលិតផលណាដែលមានរយៈពេលយូរឆ្នាំ ចាប់ពី២ឆ្នាំឡើងទៅ។ ត្រូវហិតក្លិនផលិតផល ព្រោះរបស់ ចាស់ក្លិនរបស់វាមិនក្រអូបដូចរបស់ថ្មីនោះទេ។ បើសិនជារបស់ធ្លាក់បែកបាក់ លោកស្រីអ្នកនាងមិនគួរប្រើប្រាស់ទេ ព្រោះពេលដែល ខូចបាក់បែកហើយ ពុំដូចថ្មីឡើយ។ ត្រូវធ្វើការប្រមូលបោះចោលជក់ ឬប៉ុងផាត់មុខណាដែលរបេះចេញពីគ្នា ឬក៏មានក្លិនមិនល្អ ដែលមិនបានប្រើរយៈពេលពី១០ទៅ១២ខែ។ ចំពោះគ្រឿងសម្អាងដែលអស់ពណ៌ឬពណ៌មិនស្រស់ មិនត្រូវយកទៅផាត់មុខទៀតទេ ព្រោះផាត់មិនចូល។ បើសិនជាលោកអ្នកប្រើផលិតផលអ្វីមួយដែលត្រូវនឹងស្បែករបស់លោកអ្នកហើយ គួរណាតែប្រើរហូត កុំផ្លាស់ប្ដូរ ច្រើនម៉ូត ព្រោះនាំឱ្យស្បែកមុខងាយនឹងប្រតិកម្ម។
រយៈពេលដែលប្រើប្រាស់ផលិតផល
ទឹកជូតមុខមានជាតិអាល់កុល និងឡេលាបមុខត្រូវប្រើរយៈពេល១ឆ្នាំ។ ម្សៅទឹក ម្សៅស្អិត និងក្រែមលាបមាត់ប្រើរយៈ ពេល១ឆ្នាំទៅ២ឆ្នាំ។ ម្សៅផាត់ ឬម្សៅហុយប្រើរយៈពេល២ឆ្នាំ ម៉ាស្ការ៉ាពី៧ទៅ៨ខែ ជក់ផាត់បោសសម្អាតតាមការប្រើ១ខែ ២ទៅ៣ដង ប៉ុងផាត់បោកសម្អាតតាមការប្រើ សម្អាតបីដងក្នុងរយៈពេលមួយសប្ដាហ៍។
ដំបូន្មានរបស់អ្នកជំនាញ
ដើម្បីកុំឱ្យផលិតផលរបស់លោកអ្នកឆាប់ខូច ឬរលាយប្រែក្លាយទៅជារបស់ដែលគ្មានប្រសិទ្ធភាពនោះ លោកអ្នកត្រូវតែ រៀបចំទុកដាក់គ្រឿងសម្អាងទាំងនោះ រក្សានៅឆ្ងាយពីទីកន្លែងដែលមានពន្លឺថ្ងៃ មិនត្រូវដាក់នៅកន្លែងក្ដៅ។ មិនត្រូវរក្សាទុកនៅក្នុង ឡានដែលចតចោលនៅហាលថ្ងៃទេ ព្រោះធ្វើឱ្យខូចគុណភាព។ វិធីល្អបំផុតសម្រាប់ស្ដ្រីនោះគឺត្រូវរក្សាគ្រឿងសម្អាងទាំងនោះនៅក្នុង កាបូប ព្រោះពេលខ្លះអាចត្រូវការវាបន្ទាន់។
Leave a Reply