ការ​ប្រើប្រាស់​គ្រាប់ថ្នាំ​ជីវជាតិ​បំប៉ន

សុខភាព​ល្អមិន​ត្រឹមតែ​មាន​ន័យថា​ខ្លួនប្រាណ​របស់​លោកអ្នក​គ្មានជម្ងឺ​ប៉ុណ្ណោះ​ទេ ពោលគឺ​សម្ព័ន្ធ​សរីរាង្គ​ទាំងមូល​ពោរពេញ ទៅ​ដោយ​ថាមពល ទាំងផ្នែក​ចិត្ដ​គំនិត និង​សរីរៈរាង្គ។ ការ​ប្រកប​ការងារ​ប្រចាំថ្ងៃ របប​អាហារ​មិន​គ្រប់គ្រាន់ កង្វះ​ជីវជាតិ និង​ការបំពុល​បរិយាកាស ជា​មូលហេតុ​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​នៃ​រាងកាយ​បាត់បង់ និង​ចុះខ្សោយ​ជាលំដាប់។ លោកអ្នក​ចាំបាច់​ត្រូវ​បន្ថែម សារជាតិ​ដែល​បាត់បង់​នោះមក​វិញ ដើម្បី​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹងការ​បំពុល​ផ្សេងៗ​ដែលមាន​នៅជុំវិញ​ខ្លួនរបស់ លោក​អ្នក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​លើកយក​ពីសារៈ​ប្រយោជន៍​របស់​ជីវជាតិ​បំប៉ន និង​គ្រាប់ថ្នាំ​ជីវជាតិ​បំប៉ន តាមរយៈ​ការ​បកស្រាយ​របស់​លោក អន សុវណ្ណារ៉ា ជាអ្នក​ឯកទេស​ផ្នែក​សេវាកម្ម​សុខភាព ពហុ​កោសិកា​នៅ​មជ្ឈមណ្ឌល​ធៀន៏។

ជីវជាតិ​បំប៉ន ជាអ្វី?

ជីវជាតិ​បំប៉ន​គឺជា​សារធាតុ​សំខាន់ៗ​ដែលខ្លួន​ប្រាណ​មនុស្ស​ត្រូវការ​ជាចាំបាច់ ដូចជា​កាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ វីតាមីន វត្ថុធាតុ​រ៉ែ និងជាតិ​សរសៃ​ដែលមាន​ប្រភព​ចេញពី​បន្លែ គ្រាប់​ធញ្ញជាតិ សាច់ និង​ថ្លើម។ ជីវជាតិ​បំប៉ន​ជាសារធាតុ​ដែលបង្កើន​វត្ថុធាតុ​មូលដ្ឋាន​ជីវិត​មនុស្ស និង​បង្គ្រប់​នូវ​តម្រូវការ​ទ្រទ្រង់​សរីរាង្គ​គ្រប់ផ្នែក ដើម្បី​ទប់ស្កាត់​សារធាតុ​បំពុល​ផ្សេងៗ ហើយ​ដើរតួ​ជាស្បៀង អាហារ​យ៉ាង​សំខាន់​របស់​កងទ័ព​ការពារ​សរីរាង្គ​កាយ។

មូលហេតុ​ដែលត្រូវ​ប្រើប្រាស់​សារធាតុជាតិ​បំប៉ន

សព្វថ្ងៃ​នេះអ្នក​ជំនាញការ​ជីវជាតិ​នៅបណ្ដា​ប្រទេស​នានាបាន​ឯកភាព​យោបល់គ្នា​ថា ៖ ជីវជាតិ និង​ម្ហូបអាហារ​គឺជា​កត្ដា យ៉ាង​សំខាន់​របស់ជម្ងឺ​រ៉ាំរ៉ៃ​ខ្លះ ហើយក៏​ជាមធ្យោយ​បាយ​យ៉ាងសំខាន់​សម្រាប់​ព្យាបាល​ជម្ងឺ​ទាំងនោះ​ផងដែរ។ ម្ហូប​អាហារ​ដែល​លោក អ្នក​បរិភោគ​សព្វថ្ងៃ​សម្បូរ​ទៅ ដោយ​សារធាតុ​គីមី។ ត្រី សាច់ បន្លែ និង​ផ្លែឈើ ត្រូវបាន​ដាក់នូវ​សារធាតុ​គីមី​រួមផ្សំ ជាហេតុ​ធ្វើឱ្យ រូបរាង​កាយ​មិនអាច​ទទួល​បាននូវ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ដើម្បី​ទ្រទ្រង់​រាងកាយ​បាន។ ការទទួល​សារធាតុ​បំប៉ន​មិន​គ្រប់គ្រាន់ ជាហេតុ​ធ្វើឱ្យ​លោកអ្នក​មានជម្ងឺ ដោយ​សារតែ​ការចុះ​ខ្សោយ​ផ្នែកណា​មួយនៃ​ប្រព័ន្ធ​រាងកាយ។ នៅក្នុង​ខ្លួនប្រាណ​របស់​មនុស្សជា​ប្រព័ន្ធច្របូក​ច្របល់​ធំំមួយ​ដែល​ប្រកប​ដោយ​តុល្យភាព។ បើសិន​បាត់បង់​នូវ​សមាសធាតុ​ដែល​ផ្គត់ផ្គង់​សរីរាង្គ​ផ្នែក​ណាមួយ នឹង​ធ្វើឱ្យ សរីរាង្គ​នោះថយ​ចុះ​អានុភាព ហើយ​សរីរាង្គ​ខាងក្នុង​ឯទៀត​ក៏មាន​បញ្ហា​ដែរ ដែល​បណ្ដាលឱ្យ​រាងកាយ​ទាំងមូល​បាត់បង់​តុល្យភាព។ ដូច្នេះ​លោកអ្នក​ត្រូវ​ការពារ និងរក្សា​បរិមាណ​សារធាតុ​ចិញ្ចឹម និង​បំប៉ន​ថែមនូវ​ជីវជាតិ​ទាំងនោះ ដើម្បីបាន​ថាមពល​ប្រឆាំង​ជម្ងឺ និង​ផ្ដល់​អានុភាព​ដល់ខ្លួន​ប្រាណ។ ជាពិសេស​សារធាតុ​បំប៉ន​ផ្ដល់នូវ​ជីវជាតិ​ដែលមាន​តុល្យភាព​សមស្រប​ជាសារធាតុ​ទំនុក​បម្រុង​យ៉ាងសំខាន់​នៃការ​ផ្ដល់​ថាមពល​កម្ដៅ ថែទាំ​សម្ព័ន្ធ​សរីរាង្គ​នានា សម្រួល​មេតា​ប៉ូលិស ជំរុញ​ការ​លូតលាស់​ខ្លួនប្រាណ ទប់ស្កាត់​ការ​អន់ថយ និង​ការពារ​បាក់តេរី ព្រមទាំង​មេរោគ​ដែលអាច​បង្កជា​ជម្ងឺ​ក្នុង​រាងកាយ ដើម្បី​រក្សា​បាននូវ​អានុភាព​សរីរាង្គ​ប្រក្រតី ដែល​ចាំបាច់​ត្រូវ ស្រូបយក​សារធាតុ​ទាំងនោះ​ឱ្យបាន​គ្រប់គ្រាន់​ក្នុងជីវភាព​ប្រចាំ​ថ្ងៃ។

ផល​ប្រយោជន៍​នៃគ្រាប់​ថ្នាំ​សារជាតិ​បំប៉ន

គ្រាប់ថ្នាំ​សារជាតិ​បំប៉ន​គឺជា​វត្ថុធាតុ​ដែលបាន​ចម្រាញ់​ចេញពី​ចំណី​អាហារ​ដែល​ទទួលទាន​ប្រចាំ​ថ្ងៃ ដោយ​ដកយក​ចេញតែ សារធាតុ​សំខាន់​ទាំងប្រាំពីរ​សម្រាប់​ទ្រទ្រង់​សុខភាព និង​បំពេញ​បន្ថែមនូវ​សារធាតុ​ចិញ្ចឹម​ក្នុង​សារពាង្គកាយ​មនុស្ស។ និយាយ​រួមសារធាតុ​នោះមាន​តួនាទី​សំខាន់ៗ​បួន “សម្អាត សម្រួល បំប៉ន និង​ការពារ” ទាំងនេះ​ជាច្បាប់​នៃ​គោលការណ៍​ថែទាំ​សុខភាព និងធ្វើ​ឱ្យ ខ្លួន​ប្រាណមាន​សុខភាព​មាំំមួន។ ព្រមទាំង​ជួយ​បោសសម្អាត​សារធាតុ​ពុល កាកសំណល់​អាហារ​ដែល​រូបរាង​កាយ​មិន​ត្រូវការ ជួយ សម្រួល​ឱ្យមាន​តុល្យភាព​នៃជីពចរ និង​សរសៃ​ឈាម​នៅក្នុង​ខ្លួន ថែមទាំង​មាន​សមត្ថភាព​ក្នុងការ​បំប៉ន​ជីវជាតិ និង​សារធាតុ វីតាមីនកម្រ​ផ្សេងៗ ដែលមាន​ដូចជា​វត្ថុធាតុ​រ៉ែ អង់ស៊ីម ស័ង្កសី​ជាដើម គ្រប់គ្រាន់​ល្មម​នឹងខ្លួន​ប្រាណ​យើង ដើម្បី​ការពារ​សុខភាព​កុំឱ្យ មាន​ជម្ងឺមក​បៀតបៀន និង​អាការ​ឈឺថ្កាត់​ផ្សេងៗ។

ប្រការ​គួរ​ចងចាំ​ទាក់ទង​នឹង​សារធាតុ​បំប៉ន

ការចេះ​ថែរក្សា​សុខភាព​អាចធ្វើ​ឱ្យរាងកាយ​មានការ​លូតលាស់ និង​ពន្យារ​ជរាភាព​បាន ដោយ​គ្រាន់តែ​យល់ដឹង​នូវគន្លឹះ នៃ​ការថែរក្សា​សុខភាព​ផ្សេងៗ​ប៉ុណ្ណោះ។ លោកអ្នក​គប្បី​អនុវត្ដ​នូវ​គោលការណ៍​ដូច​ខាងក្រោម ៖

  • ធ្វើការ​ហាត់ប្រាណ​ជាប្រចាំ​ឱ្យបាន​យ៉ាងហោច​ណាស់​១៥នាទី​ជារៀង​រាល់ថ្ងៃ គួរ​អនុវត្ដ​ការហាត់​នៅពេល​ព្រឹក​ព្រលឹម
  • ទទួលទាន​អាហារ​ដែលមាន​គុណភាព និង​ប្រកប​ទៅដោយ​សារធាតុ​បំប៉ន មិនសម្បូរ​ជាតិ​គីមី ពិសេស​គួរទទួល​ទានផ្លែ ឈើ និង​បន្លែ​បៃតង​ឱ្យបាន​ច្រើន
  • សូម​ចៀសវាង​ឱ្យឆ្ងាយ​ពីការ​ទទួលទាន និងការ​ប្រើប្រាស់​សារធាតុ​បំផ្លាញ​រាងកាយ ឬក៏​ធ្វើឱ្យ​ញៀន
  • គប្បី​ស្វែងយល់​អំពី​បញ្ហា​សុខភាព​រាងកាយ​ឱ្យបាន​ច្រើន និងយក​ទៅអនុវត្ដ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ
  • ថែទាំ​សុខភាព​កុំឱ្យ​មានជម្ងឺ​រ៉ាំរ៉ៃ ឬ​ជម្ងឺ​ផ្សេងៗ
  • វាស់​សម្ពាធ​ឈាម​ឱ្យបាន​ទៀងទាត់​ជាប្រចាំ។

ដំបូន្មាន​អ្នក​ឯកទេស

សុខភាព​គឺជា​មូលដ្ឋាន​នៃជីវិត​យឺនយូរ ជាវត្ថុ​សំខាន់​បំផុត​ដែលមិន​អាចទិញ​ដូរបាន។ ដូចនេះ​លោកអ្នក​ម្នាក់ៗ​គួរ​គប្បី​គិត អំពី​សុខភាព​ជាសំខាន់ កុំ​ព្រងើយ​កន្ដើយ​ឱ្យសោះ។ បើមាន​បញ្ហាមិន​ប្រក្រតី ត្រូវ​ប្រញាប់​ទៅមណ្ឌល​សុខភាព ដើម្បី​ព្យាបាល​ឱ្យបាន ទាន់​ពេលវេលា។ បុព្វជន​នៅបុរាណ​កាលបាន​ពោលថា ៖ កាល​មិនទាន់​មានជម្ងឺ​យើងត្រូវ​ការពារ​កុំឱ្យ​កើត បើមាន​ហើយ​ត្រូវ​ព្យាបាល កុំឱ្យ​សាយភាយ​ទៅជា​ធ្ងន់ធ្ងរ។ អ្នកប៉ិន​ប្រសប់​ថែទាំ​សុខភាព រមែងចេះ​ដោះស្រាយ​ទាន់នូវ​ជម្ងឺបង្កប់​ដែល​មិនទាន់​មានអាការ​ឈឺថ្កាត់ និង​កម្ចាត់​ចោលនូវ​គ្រោះថ្នាក់​ដែលបង្កប់​នៅក្នុង​ខ្លួន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *