សុបិនល្អ និងសុបិនអាក្រក់ គឺជារឿងរ៉ាវដែលប្រឌិតឡើងតាមរយៈការលង់ក្នុងដំណេករបស់មនុស្សម្នាក់ៗ ដែលក្នុងការ យល់សប្ដិមួយចំនួនជាបញ្ហាជួបប្រទះក្នុងការរស់នៅប្រចាំថ្ងៃ។ មានលោកអ្នកមួយចំនួនសុបិនឃើញរឿងល្អផង និងអាក្រក់ផង ឯអ្នក ខ្លះទៀតតែងតែសុបិនជួបរឿងអាក្រក់រហូត។ បញ្ហាដែលអាចបណ្ដាលមកពីអារម្មណ៍របស់លោកអ្នកគិតច្រើន សប្បាយចិត្ដ រីករាយ នឹងរឿងអ្វីមួយ ពិបាកចិត្ដខ្លាំង និងមានការព្រួយបារម្ភមិនចេះឈប់។
ទស្សនាវដ្ដី សុខភាពយើង បានជួបធ្វើកិច្ចសម្ភាសន៍ជាមួយនឹងវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នកឯកទេសផ្នែកសុខភាពផ្លូវ ចិត្ដនៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ដើម្បីបកស្រាយអំពីបញ្ហាសុបិនអាក្រក់។
ហេតុអ្វីបានមានសុបិនអាក្រក់?
ការយល់សុបិនតែងតែមានទាំងរឿងល្អ និងអាក្រក់ ហើយមានមូលហេតុជាច្រើនដែលបណ្ដាលឱ្យយល់សប្ដិអាក្រក់។ ទាំង នោះគឺជារឿងរ៉ាវទាំងឡាយដែលបានដិតជាប់ក្នុងអារម្មណ៍របស់លោកអ្នកបានកើតឡើងក្នុងរយៈពេលខ្លី ឬយូរមកហើយ។ លោកអ្នក មួយចំនួនបានជួបប្រទះការយល់សប្ដិអាក្រក់ជារឿយៗ ចំណែកលោកអ្នកមួយចំនួនទៀតការយល់សប្ដិអាក្រក់បានរំខានដំណេករបស់ ពួកគេជាញឹកញាប់តែម្ដង។
1 . យល់សប្ដិអាក្រក់ជារឿយៗ ៖ អ្នកប្រាជ្ញចិត្ដវិភាគបាននិយាយថា សុបិនដែលអាក្រក់ក្ដីល្អក្ដី គឺវាឆ្លុះបញ្ចាំងពីរឿងរ៉ាវ នៅក្នុងខួរក្បាលរបស់លោកអ្នកដោយការគិតឃើញមិនល្អ ហើយបានស្ដែងចេញតាមរយៈការយល់សប្ដិ។ ការពិបាកចិត្ដ ហើយមិនអាចនិយាយប្រាប់អ្នកដទៃ ក៏អាចជះឥទ្ធិពលដល់អារម្មណ៍ដែលបណ្ដាលឱ្យសុបិនអាក្រក់។ ការប្រទះឃើញព្រឹត្ដិការណ៍អ្វីមួយដែលតក់ស្លុត ឬភ័យខ្លាចខ្លាំង ក៏អាចឱ្យយល់សប្ដិអាក្រក់ឃើញរឿងរ៉ាវនោះឡើងវិញ។ មិនតែប៉ុណ្ណោះការទទួលទានអាហារក៏មានឥទ្ធិពល ដល់សុបិនផងដែរ ដូចជាពពួកកាហ្វេធ្វើឱ្យគេងមិនលក់ ហើយបណ្ដាលឱ្យសុបិនអាក្រក់ផងដែរ។ ស្រាកាន់តែធ្វើឱ្យមានបញ្ហាថែមទៀត ចំពោះការទទួលទានដំណេក និងប៉ះពាល់ទៅដល់សុបិនផងដែរ។ រីឯថ្នាំមួយចំនួនដូចជាពពួកថ្នាំជម្ងឺបេះដូង ហឺត សួត និងឈឺចុកចាប់សន្លាក់ដៃសន្លាក់ជើង ក៏អាចជះឥទ្ធិពលទៅលើការទទួលទានដំណេក ហើយធ្វើឱ្យប៉ះពាល់ដល់សុបិនផងដែរ។ ការរៀបចំ កន្លែងដំណេកមិនស្រួលក៏អាចធ្វើឱ្យប៉ះពាល់ដល់ការសុបិនផងដែរ ដូចជាការគេងសង្កត់ទៅលើអ្វីមួយ តែបញ្ហានេះវាមិនអាចបណ្ដាល ឱ្យយល់សុបិនអាក្រក់រហូតនោះទេ។ យ៉ាងណាមិញ ចំពោះអ្នកដែលមានជម្ងឺប្រចាំកាយក៏អាចធ្វើឱ្យយល់សុបិនអាក្រក់ម្ដងកាលផងដែរ។ នៅពេលលោកអ្នកមានអារម្មណ៍ស្ដ្រេស្ស ថប់អារម្មណ៍ ពិបាកចិត្ដ ព្រួយបារម្ភខ្លាំង និងខ្វល់ខ្វាយច្រើន បញ្ហាទាំងអស់នេះអាច បណ្ដាលឱ្យសុបិនអាក្រក់ តែមិនញឹកញាប់នោះទេ។
2 . យល់សប្ដិអាក្រក់ញឹកញាប់ ៖ បើការយល់សប្ដិឃើញរឿងអាក្រក់ជាញឹកញាប់ដដែលៗនោះ លោកអ្នកអាចសម្គាល់ទៅលើជម្ងឺមួយ ដែលមានសញ្ញាសុបិនអាក្រក់នេះគឺជម្ងឺបាក់ស្បាត។ អ្នកដែលអាការបែបនេះគឺជាបុគ្គលដែលធ្លាប់ជួបរឿងរ៉ាវ និង ព្រឹត្ដិការណ៍អាក្រក់ចំពោះខ្លួនផ្ទាល់ពីមុន ដូចជាសង្គ្រាម ភ្លើងឆេះផ្ទះ ទឹកជំនន់ ចោរប្លន់ ឬជួបប្រទះឃើញរឿងអាក្រក់ជាដើម ដែលបញ្ហាទាំងនេះមិនអាចដោះស្រាយចេញពីអារម្មណ៍ខ្លួនឯងបានក៏ធ្វើឱ្យខ្លួនទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីការយល់សប្ដិអាក្រក់។ នៅ មានមូលហេតុផ្សេងៗទៀតដែលគ្រូពេទ្យនឹងអាចវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវ នៅពេលដែលលោកអ្នកមានបញ្ហាយល់សប្ដិអាក្រក់ញឹក ញាប់។
ដំណោះស្រាយនៅពេលជួបរឿងយល់សប្ដិអាក្រក់
បើលោកអ្នកជួបប្រទះការយល់សប្ដិអាក្រក់ម្ដងម្កាលនោះទេ លោកអ្នកត្រូវស្វែងរកមូលហេតុដែលបណ្ដាលឱ្យសុបិនអាក្រក់។ មូលហេតុច្រើនតែបណ្ដាលមកពីការគិតច្រើន ភ័យខ្លាច ឬការព្រួយបារម្ភនឹងរឿងអ្វីមួយ។ លោកអ្នកត្រូវដោះស្រាយបញ្ហា ទាំងអស់នោះដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ឱ្យមានភាពល្អប្រសើរ និងឱ្យជ្រះស្រឡះឡើងវិញ។ លោកអ្នកនឹងមិនមានរឿងរ៉ាវដែលត្រូវព្រួយបារម្ភ ពិបាកចិត្ដ និងខ្វល់ខ្វាយច្រើនទៀតនោះទេ ហើយពេលនោះដំណេកក៏ពោរពេញទៅដោយភាពសុខស្រួលពេញមួយយប់។
ផ្ទុយមកវិញ បើលោកអ្នកពិនិត្យឃើញថាបញ្ហាសុបិនអាក្រក់ញឹកញាប់ជាសញ្ញានៃជម្ងឺបាក់ស្បាត ដូចនេះគប្បីត្រូវទៅជួប ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការព្យាបាលឱ្យទាន់ពេលវេលាកុំឱ្យឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរនៃជម្ងឺផ្លូវចិត្ដ។ ដូចនេះ នៅពេលដែលយល់សប្ដិអាក្រក់ញឹកញាប់ ត្រូវរូតរះទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលមានជំនាញ ដើម្បីរកឱ្យឃើញនូវមូលហេតុ ឱ្យកាន់តែច្បាស់ ដែលបណ្ដាលឱ្យមានសុបិនអាក្រក់នេះឡើង។
របៀបការពារមិនឱ្យសុបិន្ដអាក្រក់
ការការពារមិនឱ្យមានសុបិន្ដអាក្រក់នោះ គឺលោកអ្នកគប្បីស្វែងរកឱ្យឃើញពីប្រភេទជម្ងឺដែលសង្ស័យថាកើតមាន។ នៅពេលដែលដឹងថាមានប្រភេទជម្ងឺផ្លូវចិត្ដណាមួយដែលធ្វើឱ្យអ្នកជម្ងឺគេងមិនលក់ ហើយបណ្ដាលឱ្យមានសុបិន្ដអាក្រក់នោះ គឺការការពារមានតែការប្រើប្រាស់ថ្នាំដើម្បីសម្រួលទៅដល់ដំណេករបស់អ្នកជម្ងឺ។ ទន្ទឹមនឹងនោះចំពោះអ្នកដែលមិនមានជម្ងឺផ្លូវចិត្ដក៏ធ្លាប់ ជួបនឹងសុបិន្ដអាក្រក់ម្ដងម្កាលផងដែរ។ ដូចនេះដើម្បីការពារកុំឱ្យយល់សប្ដិអាក្រក់នោះ គឺគប្បីចៀសវាងការមើលរូបភាព ឬ ព្រឹត្ដិការណ៍អ្វីដែលគួរឱ្យតក់ស្លុត។ ព្រោះរឿងរ៉ាវដ៏គួរឱ្យភ័យខ្លាចវានឹងដិតជាប់អារម្មណ៍ ហើយវានឹងទៅរំខានដល់ដំណេករបស់លោក អ្នក។
ដំបូន្មានអ្នកជំនាញ
ការយល់សប្ដិអាក្រក់ជារឿយៗ វានឹងងាយឱ្យជះឥទ្ធិពលដល់ផ្នែកសុខភាពផ្លូវចិត្ដ។ ដូចនេះដើម្បីការពារចំពោះបញ្ហានេះ ត្រូវដោះស្រាយឱ្យទាន់ពេលវេលា។ លោកអ្នកត្រូវព្យាបាលដោយការដោះស្រាយបញ្ហាទាំងឡាយដែលបានកើតឡើងឱ្យអស់ជ្រះ ស្រឡះពីក្នុងអារម្មណ៍ និងចិត្ដគំនិតរបស់ខ្លួន។ យ៉ាងណាមិញការហាត់ប្រាណក៏ជាផ្នែកមួយដែលជួយឱ្យលោកអ្នកធូរស្រាលក្នុងការ គិតច្រើនផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩
Leave a Reply