ម៉ាស្សា​បាតជើង

នៅពេល​ដែល​លោកអ្នក​ធ្វើ​ការងារ​ច្រើន មាន​អារម្មណ៍​នឿយហត់​ល្វើយ​ល្ហិតល្ហៃ លោកអ្នក​អាច​ម៉ាស្សា​ខ្លួន សាច់ដុំ ឬ​ម៉ាស្សា​បាតជើង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ឥឡូវនេះ​ការ​ម៉ាស្សា​បាតជើង​ជាការ​ពេញនិយម​មួយ​សម្រាប់​សុភាព​បុរស​មួយ​ចំនួន ដែលជា​រៀងរាល់​ពេល​សម្រាក​ពី​ការងារ ការ​ម៉ាស្សា​បាតជើង​ដើម្បី​ឱ្យមាន​អារម្មណ៍​ធូរស្បើយ​ពី​ការងារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​លោកស្រី ជា ពុទ្ធាសត្យា អ្នក​គ្រប់គ្រង​នៃ​ឡាប៊ែល​ឡាស្ប៉ា និង​សាឡន ដើម្បី​ធ្វើការ​បកស្រាយ​អំពីអត្ថ​ប្រយោជន៍​នៃការ​ម៉ាស្សា​បាតជើង​នេះ ជូន​ប្រិយមិត្ដ​ទាំងឡាយ​ឱ្យបាន​ជ្រាប។

ម៉ាស្សា​បាតជើង​ជាអ្វី?

ការ​ម៉ាស្សា​បាតជើង​គឺជា​វិធីសាស្ដ្រ​មួយនៃ​ការចាប់​សរសៃ ដើម្បី​ជួយ​សម្រួល​ទៅដល់់​សរសៃ​ឈាម សម្រួល​ទៅដល់​សុខភាព និង​ជួយឱ្យ​មាន​អារម្មណ៍​ស្រស់ថ្លា បាត់អស់​នូវ​អារម្មណ៍​ឈឺ​រោគស្ពឹក​ស្រពន់។ ការ​ម៉ាស្សា​បាតជើង​នេះ​ត្រូវការ​រយៈពេល​តែពីរម៉ោង​ប៉ុណ្ណោះ។ ការ​ម៉ាស្សា​បាតជើង​បើសិន​ជាមាន​ការធ្វេស​ប្រហែស ឬគ្មាន​ជំនាញ​ច្បាស់លាស់ អាច​បណ្ដាល​ឱ្យ​លោកអ្នក​ពិការ​ក៏ថាបាន​ដែរ​ដោយសារ​តែចំណុច​បាតជើង​មានផល​ប៉ះពាល់​ច្រើន។ ដូចនេះ​រាល់ការ​ម៉ាស្សា​បាតជើង លោកអ្នក​គប្បី​ស្វែងរក​កន្លែង​ឯកទេស​ត្រឹមត្រូវ​ដើម្បី​ម៉ាស្សា​ជូន​លោកអ្នក។

វិធី​ម៉ាស្សា​បាតជើង

មុននឹង​ឈានទៅ​ដល់ការ​ម៉ាស្សា​បាតជើង ដំបូង​គឺយក​ជើង​ត្រាំទឹក​ផ្កា​ដែលមាន​លាយ​អំបិល ក្រូចសើច ដុសជើង ទើបដាក់​ជើងចូល​ធុងស្ពុង​ជើងដែល​មានដាក់​អំបិល និងខ្ញី។ ក្នុងការ​ស្ពុង​ជើង​គឺប្រើ​រយៈពេល​១៥នាទី​ដើម្បី​ឱ្យបែក​ញើស​ជើង និង​ខ្លួន​រហូត​ដល់​ក្បាល ទើប​ចាប់ផ្ដើម​ម៉ាស្សា​បាតជើង​សម្រួល​សរសៃ​ឈាម​តែម្ដង ដោយ​ទទួល​បានការ​ម៉ាស្សា​ត្រង់​ចំណុច​ក្បាល​ជង្គង់ ជើង ម្រាម​ជើង និង​បាតជើង។

សារៈ​ប្រយោជន៍​នៃការ​ម៉ាស្សា​បាតជើង

ការ​ម៉ាស្សា​បាតជើង​ពិតជា​ផ្ដល់សារៈ​ប្រយោជន៍​ច្រើន ពេល​ដែល​លោកអ្នក​មានក្រិន​បាតជើង ចុក​រោយខ្លួន ស្ពឹកស្រពន់​ជើង ឬ​គេងមិន​សូវលក់។ បញ្ហា​ទាំងអស់​នេះនឹង​អាច​ដោះស្រាយ​បាន​ជាមួយ​ការ​ម៉ាស្សាបាត​ជើងនេះ។ បន្ទាប់​ពីបាន​ទទួល​ការ​ម៉ាស្សាជើង​រួច លោកអ្នក​នឹង​ទទួល​បាននូវ​អារម្មណ៍​ធូរស្រាល ដើរ​មិនសូវ​ឈឺ​បាតជើង ឈាម​រត់ស្រួល ជាពិសេស​អាចកាត់​បន្ថយ​អារម្មណ៍ស្ដ្រេស ទាំងឡាយ​បានទៀត​ផង។ បាតជើង​ជាកន្លែង​ដែល​ប្រមូល​ផ្ដុំ​សរសៃ។ ដូចនេះ​រាល់ពេល​លោកអ្នក​មាន​អារម្មណ៍​ហត់នឿយ អស់​កម្លាំង ឈឺក្បាល រោគខ្នង ចុកជើង ការ​ម៉ាស្សា​បាតជើង​នឹងអាច​បំបាត់​អាការ​ទាំងអស់​នេះបាន​ជូន​លោកអ្នក។

ដំបូន្មាន​អ្នក​ជំនាញ

ការ​ម៉ាស្សា​បាតជើង​ប្រៀប​ដូចជា​ឱសថ​ម្យ៉ាង​សម្រាប់​ជួយ​ទៅដល់​សុខភាព​របស់​លោកអ្នក។ ការ​ម៉ាស្សា​បាតជើង​ជួយ​ឱ្យ លោកអ្នក​មាន​សុខភាព​ល្អ ពិសេស​ជួយ​សម្រួល​ដល់​អារម្មណ៍​ទៀតផង។ ដូចនេះ​បើសិនជា​លោកអ្នក​មានពេល​ទំនេរ លោកអ្នក​អាច ចំណាយ​ពេល​ម៉ាស្សា​ជើង ដើម្បី​ទទួលភាព​ស្រស់ស្រាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *